សហជីពប្រចាំក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) រៀបចំការបោះឆ្នោតស្ទង់មតិ ដើម្បីឈានទៅធ្វើបាតុកម្មតវ៉ាឱ្យក្រុមហ៊ុន កាស៊ីណូ ដ៏ធំមួយនេះ ទទួលយកប្រធានសហជីពម្នាក់ ឱ្យចូលធ្វើការវិញ និងដំឡើងប្រាក់ឈ្នួលសមរម្យដល់បុគ្គលិក។ សហជីព និងបុគ្គលិកឱ្យដឹងថា ការសម្រេចបោះឆ្នោតស្ទង់មតិធ្វើបាតុកម្មនេះ បន្ទាប់ពីក្រុមហ៊ុន និងក្រសួងការងារ មិនមានឆន្ទៈដោះស្រាយ ដោយយុត្តិធម៌។
សហជីព និងបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គា វើលដ៍ អះអាងថា ពួកគេគ្មានជម្រើសផ្សេងៗ ក្រៅពី ធ្វើបាតុកម្មនោះទេ ព្រោះសហជីព បានព្យាយាមស្វែងរកដំណោះស្រាយតាមនីតិវិធីច្បាប់គ្រប់បែប យ៉ាងទាំងជាមួយក្រុមហ៊ុនផ្ទាល់ ទាំងជាមួយក្រសួងការងារ និងរហូតដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ប៉ុន្តែនៅតែគ្មានដំណោះស្រាយ។
អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គា វើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់អាស៊ីសេរីថា ដោយសារតែសហជីពបានដើរចប់នីតិវិធីច្បាប់ ហើយនៅតែគ្មានដំណោះ ស្រាយ ទើបសហជីពជួបជាមួយបុគ្គលិកទាំងអស់ ធ្វើការបោះឆ្នោតស្ទង់មតិនៅថ្ងៃទី១២ ខែធ្នូ ដើម្បី សម្រេចថា តើបុគ្គលិកភាគច្រើនចង់ឱ្យធ្វើបាតុកម្ម ឬចង់ប្តឹងបន្តទៅតុលាការ។ អ្នកស្រីបញ្ជាក់ថា ក្រោយបោះឆ្នោត និងរាប់សន្លឹកឆ្នោតរួច សហជីពនឹងប្រកាសលទ្ធផលជាផ្លូវការ ហើយនឹងជូនដំណឹងទៅក្រុមហ៊ុន ក្រសួងការងារ និងភាគីពាក់ព័ន្ធ អំពីការកំណត់ថ្ងៃជាក់លាក់ និងគោលបំណង នៃការចេញធ្វើបាតុកម្ម។ អ្នកស្រីសង្កេតឃើញថា ទឹកចិត្តរបស់បុគ្គលិកភាគច្រើន គឺពួកគេចង់ធ្វើ បាតុកម្ម៖ «អំឡុងពេលដែលយើងបញ្ជូនលិខិតទៅក្រុមហ៊ុន ឬខាងក្រសួង ហើយបើមានការចរចាណាមួយដែលបុគ្គលិកទាំងអស់គ្នាអាចទទួលយកបាន ដូច្នេះបាតុកម្មនេះ ក៏មិនកើតឡើងដែរ។អ្វីដែលយើងកំពុងធ្វើនេះគឺចង់បង្ហាញពីកម្លាំងសាមគ្គីរបស់យើងថា ក្រុមហ៊ុនមិនអាចចេះតែធ្វើអីតាមទំនើងចិត្តរបស់ខ្លួនបានទេ»។
វិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ នេះ កើតឡើង បន្ទាប់ពីក្រុមហ៊ុន បានព្យួរការងារ ប្រធានសហជីព គឺកញ្ញា ឈឹម ស៊ីថរ ចាប់តាំងពីយប់ថ្ងៃទី២០ ខែកញ្ញា ។ ការព្យួរការងារនេះ ដោយ សារតែស្ត្រីសហជីពវ័យក្មេងរូបនេះ បានតាមសួរនាំហេតុផលរឿងសន្តិសុខក្រុមហ៊ុន ឆែកកាបូបបុគ្គលិកម្នាក់ ហើយបានឃើញ និងបានដកហូតអាវយឺតដែលមានសរសេរថា «ក្រុមហ៊ុនរីកចម្រើន បុគ្គលិកត្រូវការប្រាក់ខែរស់នៅសមរម្យ»។ ក្រុមហ៊ុនចោទកញ្ញាថា ជាមេខ្លោងនាំបុគ្គលិកពាក់អាវយឺតធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួល។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា សហជីព និងបុគ្គលិក មានសិទ្ធិធ្វើបាតុកម្មដោយ សន្តិវិធី ដើម្បីបន្តរកដំណោះស្រាយ។ លោកថ្លែងថា វិវាទការងារក្នុងក្រុមហ៊ុន ណាហ្គា វើលដ៍ នេះ មិនពិបាកដោះស្រាយនោះទេ ប្រសិនបើក្រុមហ៊ុននិងក្រសួងការងារ មានឆន្ទៈដោះស្រាយពិត ប្រាកដ។ លោកមើលឃើញថា ក្រុមហ៊ុនមានចេតនាគំរាមកំហែងបំបាក់ស្មារតីបុគ្គលិក និងថ្នាក់ ដឹកនាំសហជីព ដើម្បីកុំឱ្យពួកគេរួមកម្លាំងគ្នាធ្វើចលនាទាមទារប្រាក់ឈ្នួល និងលក្ខខណ្ឌការងារល្អ ប្រសើរនៅកន្លែងការងារ៖ «ក្រុមហ៊ុនគួរតែព្យាយាមដោះស្រាយក្នុងដំណោះស្រាយក្នុងដំណាក់កាលមួយនេះ ព្រោះបើក្រុមហ៊ុនមិនដោះស្រាយទេ គឺនឹងជះឥទ្ធិពលផលប៉ះពាល់ដល់ក្រុម ហ៊ុន និងបុគ្គលិកដូចគ្នា»។
អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីប្រធានគ្រប់គ្រងផ្នែកទំនាក់ទំនងបុគ្គលិករបស់ក្រុមហ៊ុន កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) អ្នកស្រី ឌី សីហា និងអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ ព្រមទាំងអនុប្រធាននាយកដ្ឋានវិវាទការងារលោក ខៀវ សាវុធ បានទេ នៅថ្ងៃទី១២ ខែធ្នូ ដោយសារទូរស័ព្ទចូល តែគ្មានអ្នកទទួល។
គោលបំណងនៃការធ្វើបាតុកម្មខាងមុខនេះ គឺបុគ្គលិក និងសហជីព ទាមទារឱ្យក្រុមហ៊ុនទទួលយកកញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញដោយឥតលក្ខខណ្ឌ អនុញ្ញាតឱ្យកម្មករឈប់សម្រាកតាមគោលការណ៍ស្ម័គ្រចិត្តនៅថ្ងៃបុណ្យជាតិ បញ្ឈប់ប្រធានប្រតិបត្តិការផ្នែកកាស៊ីណូជាជនបរទេសម្នាក់ដែលមានចរិតមិនល្អ និងដំឡើងប្រាក់ឈ្នួលឱ្យបាន ៣០០ដុល្លារសម្រាប់បុគ្គលិកផ្នែកសណ្ឋាគារ និង ៥០០ដុល្លារ សម្រាប់បុគ្គលិកផ្នែកកាស៊ីណូ ព្រមទាំងទាមទារលក្ខខណ្ឌមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។