ក្រុមហ៊ុន​ចិន​បោះ​ទុន​រកស៊ី​ផ្នែក​អគ្គីភ័យ​នៅ​កម្ពុជា

0:00 / 0:00

សង្គម​ស៊ីវិល​វិញ​បារម្ភ​ថា ការប្រើប្រាស់​ផលិតផល​របស់​ចិន​ដែល​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​និង​បង្ការ​អគ្គីភ័យ ព្រោះ​ឧបករណ៍​និង​សម្ភារ​:​ទាំងនេះ​មិន​សូវ​មាន​គុណភាព​។ ការ​លើកឡើង​ដោយសារតែ កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​ចំនួន បណ្តាក់​ទុន​លក់​ឧបករណ៍​ទប់ស្កាត់​អគ្គីភ័យ​នៅ​កម្ពុជា។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព​លោក យង់ គឹមអេង បារម្ភ​ចំពោះ​ការ​នាំចូល​ឧបករណ៍​ និង​សម្ភារ​:​របស់​ចិន ព្រោះ​សម្ភារៈ​ទាំងនោះ មិន​សូវ​មាន​គុណភាព ​ដែល​អាច​ទុក​​ចិត្ត​បាន តែ​ក្រុមហ៊ុន​ចិន​ទាំងនេះ​អាច​នឹង​លក់​ផលិតផល​របស់​ខ្លួន ទៅ​ឱ្យ​រដ្ឋ​ដោយសារ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ល្អ ទាំង​ផ្នែក​កា​ទូត នយោបាយ​និង​ពាណិជ្ជកម្ម៖ «ខ្ញុំ​គិត​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន​អាច​នឹង​ជោគជ័យ ព្រោះ​គេ​រកស៊ី​ជាមួយ​រដ្ឋ ហើយ​បើ​រកស៊ី​ជាមួយ​ប្រជាជន​ទើប​បាន​មាន​បញ្ហា ដោយសារ​រកស៊ី​ជាមួយ​រដ្ឋ​អ៊ីចឹង គេ​អាច​គិត​អំពី​អគ្គីភ័យ​នៅ​តាម​ខណ្ឌ ស្រុក ខេត្ត គឺ​តម្រូវ​ឱ្យ​មាន​ឧបករណ៍​អគ្គីភ័យ ឱ្យ​មាន​សម្ភារ​ :​ សម្រាប់​បង្ការ​អគ្គីភ័យ​ហូរហែ»។

លោក​បន្ត​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន មិន​ប្រាកដ​ថា បាន​ជោគជ័យ​ទេ បើសិនជា​ពួកគេ​រកស៊ី​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ព្រោះ​ប្រជាពលរដ្ឋ​ភាគច្រើន​និយម​ប្រើប្រាស់​ផលិតផល​ដែល​នាំចូល​ពី​ប្រទេស​ជប៉ុន ឬ​បណ្ដា​ប្រទេស​ខាងលិច​។ ក្តី​បារម្ភ​នេះ ក្រោយ​មាន​ក្រុមហ៊ុន​ចិន​មួយ​ចំនួន មាន​ចំណង​ចង់​លក់​សម្ភារៈ ពន្លត់ភ្លើង​នៅ​កម្ពុជា។

ប្រធាន​នាយកដ្ឋាន​បង្ការ និង​ពន្លត់​អគ្គីភ័យ​លោក នេត វន្ថា បាន​ប្រាប់​អាស៊ីសេរី​ថា ឆ្នាំ​២០១៩​នេះ​មាន​ក្រុមហ៊ុន​ចិន​ជាច្រើន បាន​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​ដើម្បី​ពង្រឹង​វិស័យ​បង្ការ​ពន្លត់​អគ្គីភ័យ ហើយ​ក្រុមហ៊ុន​ទាំងនេះ​នឹង​ធ្វើ​ការ​នាំ​ចូល​ឧបករណ៍ សម្ភារ​: ដើម្បី​បំពាក់ នឹង​រៀបចំ​ប្លង់​នៃ​ប្រព័ន្ធ​អគ្គិសនី តាម​គោលដៅ​របស់​នគរបាល​ពន្លត់​អគ្គីភ័យ។

លោក​បញ្ជាក់​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១៥ មកដល់ពេលនេះ មាន​ក្រុមហ៊ុន​ចិន​ចំនួន ៦​ក្រុមហ៊ុន​ហើយ បាន​ចុះ​អនុស្សារណៈយោគយល់​គ្នា​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា ហើយ​ចុង​ក្រោយនេះ​ត្រូវ​បាន​ធ្វើឡើង​ កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ នៅ​ទីក្រុង​ភ្នំពេញ ជាមួយ​ក្រុមហ៊ុន Zhong Guo Yi Zhou Investment Co., Ltd ដែល​មាន​ជំនាញ​លើ​ការគ្រប់គ្រង​ផ្នែក​បង្ការ និង​ពន្លត់​អគ្គីភ័យ។

លោ​កថា​ក្រុមហ៊ុន​ទាំង ៦​នេះ បាន​សន្យា​ថា ជួយ​បណ្ដុះបណ្ដាល​ក្រុម​អគ្គីភ័យ​កម្ពុជា ក្នុង​ការរៀបចំ​ប្រព័ន្ធ​ប្លង់ ពន្លត់​អគ្គីភ័យ និង​បង្រៀន​ដល់​ក្រុម​វិស្វករ​ដែល​នៅ​មាន​កម្រិត ដើម្បី​ឱ្យ​យល់ដឹង​បន្ថែម​ទៀត​ទៅលើ Design ប្លង់ ហើយ​និង​មាន​គម្រោង​បំពាក់​ប្រព័ន្ធ​ពន្លត់​អគ្គីភ័យ​ផង​ដែរ៖ «ក្រុមហ៊ុន​មក​ដាក់​ទុន​រកស៊ី​ផង និង​ជួយ​ការងារ​ដល់​អង្គភាព​អគ្គីភ័យ ក្នុង​គោលបំណង​កាត់បន្ថយ​អគ្គីភ័យ​ដែល​អាច​កើតឡើង ព្រោះ​ជារឿយៗ​ក្នុង​មួយឆ្នាំៗ​នៅតែ​កើន​ឡើង​ដដែល​អ៊ីចឹង។ ក្រុមហ៊ុន​មាន​ផែនការ​បណ្ដុះបណ្ដាល​ដល់​នគរបាល​អគ្គីភ័យ​ទូទាំង​ប្រទេស​ពី​១០០ ដល់​១៥០​នាក់​ក្នុង​មួយឆ្នាំៗ»។

លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ចិន​ទាំង​៦​នោះ​មាន​ដូចជា​ក្រុមហ៊ុន ថប់ហ្វៃអ័រ (Top Fire) ក្រុមហ៊ុន​ឥន្ទ្រីមាស (Golden Eagle) ក្រុមហ៊ុន​អានស៊ូ (An Zshou) ក្រុមហ៊ុន​យូរ៉ក (Yurok) ក្រុមហ៊ុន​ហ្វែវីន (Fare Win Enterprise Co., Ltd) និង ក្រុមហ៊ុន Zhong Guo Yi Zhou Investment Co., Ltd។

ក្នុង​ឆ្នាំ​២០១៩ ​កន្លង​មក​នេះ មាន​អគ្គីភ័យ​កើតឡើង​ទូទាំង​ប្រទេស​ចំនួន ៧១៧​លើក បើ​ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំមុន កើន​ចំនួន​ ១៨៣​លើក។ អគ្គីភ័យ​បាន​សម្លាប់​មនុស្ស​ចំនួន ១៧នាក់ និង​របួស​ជាង ៨០​នាក់​ក្នុង​ឆ្នាំ​២០១៩ បើ​ប្រៀប​ទៅ​ឆ្នាំ​២០១៨ មាន​​ចំនួន​​អ្នក​​ស្លាប់​​ដូច​គ្នា និង​​រង​​របួស​​ចំនួន ៥៨​នាក់​​ក្នុង​​ហេតុការណ៍​​អគ្គីភ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។