របប​ក្រុង​ភ្នំពេញ​រៀបចំ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ព្រះ​បាទ នរោត្តម សីហនុ គម្រប់​ខួប ៦​ឆ្នាំ

ដោយ សេក បណ្ឌិត
2018-10-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​គោរព​វិញ្ញាណក្ខន្ធ​ព្រះបរម​រតនកោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ គម្រប់​ខួប ៦​ឆ្នាំ នា​សួន​វិមាន​ឯករាជ្យ  នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ ២០១៨។ រូប៖ រដ្ឋបាល​រាជថានី​ភ្នំពេញ
មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​គោរព​វិញ្ញាណក្ខន្ធ​ព្រះបរម​រតនកោដ្ឋ សម្ដេច​ព្រះ នរោត្តម សីហនុ គម្រប់​ខួប ៦​ឆ្នាំ នា​សួន​វិមាន​ឯករាជ្យ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ ២០១៨។ រូប៖ រដ្ឋបាល​រាជថានី​ភ្នំពេញ
រូប៖ រដ្ឋបាល​រាជធានី​ភ្នំពេញ

របបក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែតុលា បានរៀបចំប្រារព្ធ​ពិ​ធី​​រម្លឹកព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ ព្រះបាទនរោត្តម សីហនុ គម្រប់​ខួប ៦​ឆ្នាំ។ អ្នក​នយោបាយ​ទាំងពីរគណបក្ស​ដែលកំពុងមានជម្លោះ និង​គ្នាបានសរសេរ​នៅលើ​ហ្វេសប៊ុក​ខ្លួន​ដោយ​រម្លឹក​ពី​ព្រះរាជបណ្តាំ និងការលះបង់របស់សម្តេចព្រះ នរោត្តម សីហនុ ចំពោះ​ជាតិ​មាតុភូមិ។

ចាប់ពីម៉ោង៧កន្លះព្រឹកតំណាងស្ថាប័នជាតិបាននាំគ្នាយកយកកម្រងផ្កាទៅដាក់នៅព្រះបរម រូបព្រះបាទនរោត្តម សីហនុ ដែលឋិតនៅក្បែរវិមានឯករាជ្យអមដោយសំឡេងត្រែលាន់ទ្រ​ហឹង ពេញ​កន្លែងប្រារព្ធពិធី៖ «អត់​មាន​រៀបចំ ឬ​អនុវត្តន៍​យន្តការ​ដែល​មាន​ស្រាប់ ដើម្បី​ផ្សះផ្សារ​ជាតិ ឬ​បង្រួបបង្រួម​ជាតិ​តាម​គន្លង​ព្រះអង្គ ដែល​លោក​បាន​ត្រួសត្រាយ​នោះ​ទេ»

ប៉ុន្តែពុំមាន ព្រះវត្តមានព្រះមហាក្សត្រ ប្រធាន​ព្រឹទ្ធសភា រដ្ឋសភា និង​ប្រមុខ​របប​ក្រុង​ភ្នំ ពេញ​នៅ​ទី​គោរព​ព្រះវិញ្ញាណក្ខន្ធ​ព្រះបរម​រតនកោដ្ឋ​ទេ ព្រោះ​ព្រះមហាក្សត្រ និង​ប្រមុខ​ស្ថាប័ន​មួយ​ចំនួន ត្រូវ​ធ្វើ​ពិធី​សាសនា ថ្វាយ​ព្រះរាជ​កុសល​ដល់ ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតនកោដ្ឋ​នៅ​ព្រះវិហារ​​​ព្រះកែវ​មរកត​ក្នុង​ព្រះបរម​រាជវាំង។

មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន បាន​សរសេរ​នៅ​ហ្វេសប៊ុក​របស់​លោក​ថា នៅ​ថ្ងៃ​នេះ ប្រជា​រាស្រ្ត​ទូទាំង​ប្រទេស ព្រម​ទាំង​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ជាន់​ថ្នាក់ សូម​សម្តែង​នូវ​ការ​គោរព​ដឹង​គុណ​ដ៏​ខ្ពង់ខ្ពស់​បំផុត ថ្វាយ​ចំពោះ​ព្រះបរម​រតនកោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់ និង​បូជា​ព្រះកាយពល​ដ៏​ធំធេង ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា។

រីឯអនុប្រធានគណបក្សសង្រ្គោះ​ជាតិ​លោក អេង ឆៃអ៊ាង ដែល​កំពុង​និរទេសខ្លួន​នៅ​ក្រៅ​ប្រទេស​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​រម្លឹក​ពី​ព្រះរាជ​បណ្តាំ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ចំនួន​បី​ចំណុច​សំខាន់ៗ គឺ​របស់​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ជាតិ គឺ "ឯករាជ្យ"

កត្តា​សំខាន់​សម្រាប់​កសាង ការពារ​ឯករាជ្យ គឺ "ការ​រួបរួម​គ្នា​ជា​ធ្លុង​មួយ" និង​ចំណុច​ចុង​ក្រោយ "រួបរួម​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ស្រោចស្រង់​ប្រទេស​យើង ឯករាជ្យ​ជាតិ​យើង​ឱ្យ ឆ្លង​ផុត​ពី​គ្រោះថ្នាក់​នានា”។

ទាក់ទងការលើកឡើងពីព្រះរាជបណ្តាំ និង​វីរភាព​របស់​សម្តេច​ព្រះ នរោត្តម សីហនុ របស់​អ្នក​នយោបាយ​បែប​នេះ ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​បណ្ឌិត ឡៅ ម៉ុងហៃ យល់​ថា នេះ ជា​ការ​បក​ស្រាយ និង​ការ​ចងចាំ​ស្នាព្រះហស្ត​របស់​សម្តេច​ព្រះ នរោត្តម សីហនុ តាម​ការ​យល់​ឃើញ​របស់​អ្នក​នយោបាយ​ទាំង​នោះ។

ប៉ុន្តែ​លោក​បណ្ឌិត​ថា អ្នក​នយោបាយ​ខកខាន​មិន​បាន​យក​ព្រះរាជ​បណ្តាំ​របស់​សម្តេច សីហនុ មក​ដោះ​ស្រាយ​បញ្ហា ដែល​កំពុង​កើត​មាន​នា​សព្វថ្ងៃ​នេះ៖ «អត់​ត្រូវ​សោះ ចោទ​ប្រកាន់​គ្នា​ជា​សត្រូវ ក្បត់​ជាតិ អ្នក​នេះ​ទៅ​ថា ក្រុម​នេះ​ក្បត់​ជាតិ ក្រុម​នោះ​ថា ក្បត់​ជាតិ ដល់​យូរ​ទៅ​បូក​សរុប​ទៅ​ខ្មែរ​សុទ្ធតែ​ក្បត់​ជាតិ​ទាំង​អស់​គ្នា»

អ្នកវិភាគនយោបាយជើងចាស់​រូប​នេះ​យល់​ថា ចាប់​តាំង​ពី​សម្តេច នរោត្តម សីហនុ សោយ​ទិវង្គត​មក គឺ​ប្រទេស​កម្ពុជា​បាត់បង់​អ្នក​ផ្សះផ្សារ និង​បង្រួបបង្រួម​ជាតិ​ ខណៈ​ដែល​មិន​ទាន់​មាន​អ្នក​ណា​អាច​ជំនួស​ទ្រង់​បាន។

ចំពោះវិបត្តិនយោបាយសព្វថ្ងៃនេះ​លោក​បណ្ឌិត​យល់​ថា ដើម្បី​ឲ្យ​អ្នក​នយោបាយ​ឯកភាព​ជាតិ​ឡើង​វិញ​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត និង​មជ្ឈដ្ឋាន​អន្តរជាតិ គឺ​ពួក​គេ​ត្រូវ​ឈប់​លាប​ពណ៌​គ្នា​ថា​ជា​ជន​ក្បត់​ជាតិ ឬ​ជា​អាយ៉ង​បរទេស។

ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម សីហនុ បាន​សោយ​ទិវង្គត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០១២ នៅទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ដោយ​រោគ​គាំង​បេះដូង ក្នុង​ព្រះជន្ម៩០​ព្រះវស្សា។ ពលរដ្ឋចង់​ឃើញ​ព្រះមហាក្សត្រ​សព្វថ្ងៃ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ដូច​ព្រះបិតា​ទ្រង់ ដើម្បី​ឲ្យ​អ្នក​នយោបាយ​កម្ពុជា​មាន​ឯកភាព​ជាតិ​ឡើង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល