នគរបាលឃាត់ជនជាតិចិន២នាក់ពីបទលួច

សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន២នាក់​ បន្ទាប់ពី​បាន​ធ្វើសកម្មភាព​លួច​នៅ​ខេត្តសៀមរាប​ ហើយ​បើក​រត់គេច​ខ្លួន​មក​ទីក្រុង​ភ្នំពេញ​។

នាយ​កា​រិយា​យល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​ ខេង​ ម៉េ​ងឈាង​ បាន​ប្រាប់​គេហទំព័រ​ និង​ព័ត៌មាន​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ថា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នេះ​ក្នុង​ខណ​:បើក​បរ​ម៉ូ​តូ​មួយ​គ្រឿង​ឆ្ពោះ​មក​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១៨​ ខែវិច្ឆិកា​ នៅ​លើ​ផ្លូវជាតិ​លេខ៦​ ស្រុក​ពញាឮ​ ខេត្ត​កណ្ដាល​។

សមត្ថកិច្ច​ដកហូត​បាន​ ម៉ូតូ​ ១គ្រឿង​ ដែល​ជា​របស់​ជនរងគ្រោះ​ និង​ សោ​កាច់ក​ម៉ូតូ​ ចំនួន​ ៣គ្រាប់​ និង​ឧបករណ៍​ ប្រើ​សម្រាប់​គាស់​ផ្ទះ​ និង​សម្ភារៈ មួយចំនួន​ទៀត​។

លោ​កខេង​ ម៉េ​ងឈាង​ សន្និដ្ឋាន​ថា​ជន​ជនសង្ស័យ​ទាំងពីរ​នេះ​បាន​កាច់ក​ម៉ូតូ​ ធ្វើសកម្មភាព​គាស់​ផ្ទះ​ និង​លួច​រថយន្ត​ផង​ដែរ​។

បន្ទាប់ពី​បញ្ចប់​ការ​សួរនាំ​ ជនសង្ស័យ​ទាំងពីរ​ត្រូវ​បាន​ប្រគល់​ជូន​ កម្លាំង​ជំនាញ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ដែល​ជា​ម្ចាស់​ករណី​ដើម្បី​ចាត់ការ​បន្ដ​៕