អ្នកឃ្លាំមើលបញ្ហាសង្គម មានមន្ទិលថា អាជ្ញាធរមានសមត្ថកិច្ច នឹងមិនហ៊ានបើកការស៊ើបអង្កេតឱ្យបានទូលំទូលាយដើម្បីចាប់ខ្លួនអ្នកនៅពីក្រោយខ្នង ពាក់ព័ន្ធនឹងគ្រឿងញៀនជាង ៥០គីឡូក្រាម ដែលគេរកឃើញនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ (Rock) របស់លោកឧកញ៉ា គិត ធាង នោះទេ។ ពួកគាត់ថា ដោយសារករណីគ្រឿងញៀននេះ មានជាប់ពាក់ព័ន្ធនឹងអ្នកមានទ្រព្យសម្បត្តិជាមនុស្សដែលស្និទ្ធនឹងគណបក្សគ្រប់គ្រងអំណាច។
អ្នកនាំពាក្យរបបក្រុងភ្នំពេញបញ្ជាក់ថា សមត្ថកិច្ចត្រូវការពេលវេលាបន្ថែមទៀតដើម្បីស៊ើបអង្កេតជុំវិញរឿងនេះ។
បទល្មើសគ្រឿងញៀនជាង ៥០គីឡូក្រាមដែលគេរកឃើញនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ថ្មីៗនេះ គេមិនទាន់រកឃើញអ្នកនៅពីក្រោយខ្នងករណីនេះនៅឡើយរហូតមកដល់ពេលនេះ ។ បើទោះបីជាគេដឹងថា ម្ចាស់ក្លឹបកម្សាន្តនោះជារបស់លោកឧកញ៉ា គិត ធាង ជាបងប្រុស របស់លោក ឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីស្រុកខ្មែរក៏ដោយ។
អស់រយៈពេលជិតមួយសប្ដាហ៍មកហើយ ក្រោយពីកងកម្លាំងមានសមត្ថកិច្ចបានឆ្មក់ចូលបង្ក្រាបបទល្មើសគ្រឿងញៀន នៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និឃាត់ខ្លួនមនុស្សចំនួនជាង ៣០០នាក់ រឹបអូសថ្នាំញៀនបានជាង ៥០គីឡូក្រាមរួចមក។
កាលពីថ្ងៃទី២៧ កុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហោះសារនៅតាមបណ្ដាញសង្គមហ្វេសប៊ុកថា លោកឧកញ៉ា គិត ម៉េង ប្អូនប្រុសលោក ឧកញ៉ា គិត ធាង គ្មានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់នោះទេ។
ការចេញមុខការពារលោកឧកញ៉ាដែលមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ និងជាមនុស្សស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជា នេះបានធ្វើឱ្យអ្នកតាមដានបញ្ហាសង្គមសង្ស័យថា សមត្ថកិច្ចមិនហ៊ានចាប់ខ្លួនអ្នកនៅពីក្រោយខ្នងយកមកកាត់ទោសតាមច្បាប់ទេ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ បញ្ជាក់ថា ដោយសារឥទ្ធិពលឈ្មួញរកស៊ី និងស្និទ្ធជាមួយគណបក្សគ្រប់គ្រងអំណាច សមត្ថកិច្ចមិនហ៊ានចាប់ពួកគេយកមកកាត់ទោសទេ។
លោកនិយាយថា តាមផ្លូវច្បាប់ម្ចាស់ទីតាំងអគារ ផ្អែកតាមផ្លូវច្បាប់ពិតជាមានឈ្មោះតំណាងឱ្យនីតិបុគ្គល តុលាការគួរតែមានការស៊ើបអង្កេតថា តើមជ្ឈមណ្ឌលកម្សាន្តរ៉ក់នេះជារបស់អ្នកណា មិនត្រូវនៅស្ងៀមហើយបិទការស៊ើបអង្កេតនោះទេ៖ «គឺមានតែអាជ្ញាធររដ្ឋទេ ហើយឆន្ទៈនៃការបង្ក្រាបគ្រឿងញៀនពិតប្រាកដ ឬក៏មិនពិតប្រាកដគេកំពុងតែសម្លឹងមើលករណីនៅក្លឹបកម្សាន្តរ៉ក់នេះ ដែលជាអ្វីមួយដែលគេចងចាំបំផុតសម្រាប់ឆ្នាំ២០១៩នេះ»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា បញ្ជាក់ថា បើចង់ឱ្យមានការអនុវត្តច្បាប់ត្រឹមត្រូវហើយតុលាការមានភាពឯករាជ្យពិតប្រាកដ ទាល់តែកម្ពុជារៀបចំការបោះឆ្នោតមួយដោយឯករាជ្យហើយរៀបចំរដ្ឋាភិបាលថ្មីដែលកើតចេញពីឆន្ទៈពិតប្រាកដទើបកម្ពុជាមាននីតិរដ្ឋត្រឹមត្រូវ។
លោកបញ្ជាក់ថា យុត្តិធម៌រវាងអ្នកមានអំណាច និងប្រជាពលរដ្ឋសាមញ្ញមានភាពខុសប្លែកគ្នាឆ្ងាយណាស់៖ «តុល្យភាពអំណាចរវាងគណបក្សនយោបាយក្តី នៅក្នុងស្ថាប័នជាតិសំខាន់ៗក្តីហ្នឹង គឺអត់មានតុល្យភាពអំណាចទេ។ គឺមានន័យថាអំណាចទាំងអស់ហ្នឹងគឺស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សនយោបាយតែមួយ»។
ឆ្លើយតបនឹងការលើកឡើងនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បញ្ជាក់ថា កម្ពុជាកំពុងពង្រឹង នីតិរដ្ឋដើម្បីឆ្លើយតបនឹងបរិបទសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ហើយលោកបានបដិសេធថា ច្បាប់នៅកម្ពុជាមិនមានភាពលម្អៀងនោះទេ។ លោកបញ្ជាក់ថា ចំពោះករណីបង្ក្រាបគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ សមត្ថកិច្ចត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើការស៊ើបអង្កេត៖ «យើងចាប់បានអ្នកប្រព្រឹត្តិផ្ទាល់ អាហ្នឹងជាករណីអត្ថិភាពត្រូវចាប់ បន្ទាប់មកបានបើកការស៊ើបអង្កេតអ្នកណានៅពីក្រោយខ្នង។ ការស៊ើបអង្កេតហ្នឹងគឺមានការចូលសហការរវាងអ្នកដែលបានចាប់លើកទី១រួចស្រេចទៅហើយ ដូច្នេះការងារហ្នឹងយើងត្រូវពង្រឹងការស្រាវជ្រាវបន្តទៅទៀត»។
កាលពីយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ កុម្ភៈ សមត្ថកិច្ចរាជធានីភ្នំពេញ ឆ្មក់ចូលចាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ដោយបានឃាត់ខ្លួនមនុស្សជាង៣០០នាក់។ សមត្ថកិច្ចបានដកហូតបានគ្រឿងញៀន ជាង ៥០គីឡូក្រាមទេ ក្នុងនោះ យ៉ាងហោចណាស់ សារធាតុញៀនជាទឹក ជិត ១០គីឡូក្រាម ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន១២ និងកាំភ្លើងខ្លី ចំនួន ១ដើម។
ក្រុមសមត្ថកិច្ចបានដោះលែងមនុស្សជាង ៣០០នាក់ឱ្យត្រឡប់ទៅលំនៅឋានវិញលើកលែងតែមនុស្សចំនួន១០នាក់ប៉ុណ្ណោះ ដែលពិនិត្យទឹកនោមមានសារធាតុគ្រឿងញៀនច្រើនទើបសមត្ថកិច្ចសម្រេចបញ្ចូលទៅតុលាការ។ ក៏ប៉ុន្តែអ្នកនៅពីក្រោយខ្នងជួញដូរថ្នាំញៀននៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់មិនទាន់ឃាត់ខ្លួនយកមកផ្ដន្ទាទោសនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
