តុលាការ​ខេត្ត​ព្រះសីហនុ​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​១៦​នាក់​ក្រោយ​ពី​ប៉ះទង្គិច​ដោយ​អាវុធ​ជាមួយ​ពលរដ្ឋ​ខ្មែរ

ដោយ ហេង រស្មី
2020.05.22
តុលាការ ព្រះសីហនុ ៦២២ សាលា​ដំបូង និង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៥
RFA

តុលាការ​ខេត្ត​ព្រះសីហនុ​បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​ចិន​ចំនួន ១៦​នាក់ ក្រោយ​ពី​បាន​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​កោះរុង។ មន្ត្រី​សិទ្ធិមនុស្ស​បាន​សំដែង​ការ​ព្រួយ​បារម្ភ​ពី​ករណី​អសន្តិសុខ​នៅ​ពេល​មាន​វត្តមាន​ជនជាតិ​ចិន​ឡើងវិញ​នៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ។

មន្ត្រី​ជាន់ខ្ពស់​អគ្គស្នងការ​នគរបាល​ជាតិ​ឱ្យ​ដឹង​ថា តុលាការ​ខេត្ត​ព្រះសីហនុ បាន​សម្រេច​ឃុំខ្លួន​ជនជាតិ​ចំនួន ១៦​នាក់ ក្រោយ​ពី​បាន​ផ្ទះ​អាវុធ​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង នៅ​កោះរុង កាល​ពី​ថ្ងៃ​ទី១៤ ខែ​ឧសភា​កន្លង​ទៅ​នេះ តែ​មិន​បណ្ដាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ទេ។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន បញ្ជាក់​ថា អាជ្ញាធរ​ក៏​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនជាតិ​ខ្មែរ​ចំនួន​៣​នាក់​ផ្សេងទៀត​ក្នុង​នោះ មាន​មេបញ្ជាការ​រង​កងទ័ព​ជើង​ទឹក​គឺ​លោក ហាស់ សុភា ដែល​កំពុង​រត់​គេច​ខ្លួន​ក្រោយ​ពី​មាន​ជម្លោះ​ប្រដាប់​អាវុធ​កើត​ឡើង។

លោក​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៤ កន្លង​ទៅ​នេះ ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កោះរុង មានការ​ឈ្លោះប្រកែក​គ្នា​មួយ​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ​ដែល​ឈាន​រហូតដល់​ការ​ផ្ទុះ​អាវុធ​បាន​កើត​ឡើង តែ​លោក​មិនទាន់​បញ្ជាក់​ថា ភាគី​ណា​ជា​អ្នក​បង្ក​ហេតុ​មុន​នោះ​ទេ។

លោក​និយាយ​ថា ក្រោយ​ពី​កើតហេតុ​ក្រុម​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ២៥​នាក់ និង​ជនជាតិ​ខ្មែរ​ចំនួន ៦​នាក់។ ក្រោយ​ពី​បាន​សាកសួរ​សមត្ថកិច្ច​ក៏​សម្រេច​ដោះលែង​ជនជាតិ​ខ្មែរ​ទាំង ៦​នាក់​នោះ​ឱ្យ​មាន​សេរីភាព​វិញ​តែ​ក្នុងចំណោម​នោះ​មាន​២​នាក់​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​តែ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​តុលាការ។

លោក​បញ្ជាក់​ថា ចំណែក​ជនជាតិ​ចិន​ទាំង ២៥​នាក់ មានតែ ១៦​នាក់​ប៉ុណ្ណោះ​ជា​ជន​សង្ស័យ​ថា បាន​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង ចំណែក​អ្នក​ផ្សេងទៀត​មិន​ជាប់​ពាក់ព័ន្ធ​ទេ។

អគ្គ​មេបញ្ជាការ​កងទ័ព​ជើង​ទឹក លោក ទៀ វិន ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ទាន់​បាន​ដឹក​ពី​ព័ត៌មាន​នេះ​នៅឡើយ​ដោយ​លោក​កំពុង​បំពេញ​បេសកកម្ម​មក​ទីក្រុង​ភ្នំពេញ។

ជម្លោះ​ប្រដាប់​អាវុធ​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ខ្មែរ នៅ​តំបន់​កោះរុង​នេះ​បាន​បង្ក​ឱ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​អសន្តិសុខ​ដែល​បាន​កើតមានឡើង​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ។

អ្នក​សម្របសម្រួល​សមាគម​សិទ្ធិមនុស្ស​អាដហុក (Adhoc) អ្នកស្រី ជាប សុធារី មាន​ប្រសាសន៍​ថា នៅ​ក្នុង​អំឡុង​ខែ​ឧសភា នេះ​មាន​អំពើ​ហិង្សា​បាន​កើតមានឡើង​ចំនួន ៣​ករណី ហើយ​ដែល​បង្កឡើង​ដោយ​ជនជាតិ​ចិន។

អ្នកស្រី​បញ្ជាក់​ថា ជម្លោះ​ភាគច្រើន​គឺ​បាន​កើតមានឡើង​រវាង​ជនជាតិ​ចិន​គ្នាឯង ហើយ​ចុង​ក្រោយនេះ​គឺ​កើតឡើង​រវាង​ជនជាតិ​ខ្មែរ និង​ជនជាតិ​ចិន​។​អ្នកស្រី​បារម្ភ​ថា បញ្ហា​អសន្តិសុខ​អាច​នឹង​កម្រើក​ឡើងវិញ​នៅ​ពេល​ដែល​ជនជាតិ​ចិន​បាន​វិល​ត្រឡប់​មក​ខេត្ត​ព្រះសីហនុ៖ «យើង​ឃើញ​មាន​បទល្មើស​នៅ​ក្នុង​ដើមខែ​ឧសភា​ហ្នឹង ឃើញ​មាន​បទល្មើស​ជា​បន្តបន្ទាប់​ដែរ។ ប៉ុន្តែ​កាល​មុន​នៅ​ក្នុង​ខែ​បី ខែ​បួន​ហ្នឹង​រាង​ស្ងាត់​តែ​ឥឡូវ​ហ្នឹង​វា​ចាប់ផ្ដើម​កើតមានឡើង​ហើយ​យើង​មិន​ដឹង​ថា វា​ទៅ​មុខ​ទៀត វា​យ៉ាងម៉េច​ដែរ»

អ្នកស្រី ជាប សុធារី បាន​បញ្ជាក់​ថា ដើមខែ​ឧសភា​នេះ ខេត្ត​ព្រះសីហនុ​ចាប់ផ្ដើម​មាន​វត្តមាន​ជនជាតិ​ចិន​ឡើងវិញ​ហើយ ក្រោយពី​ពួកគេ​បាន​វិលត្រឡប់​ទៅ​ស្រុកកំណើត​មួយ​រយៈ​ចាប់​តាំង​ពី​ជំងឺ​កូវីដ១៩ បាន​ផ្ទុះឡើង​កាល​ពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។