ពលរដ្ឋនៅតែចងចាំស្នាព្រះហស្តរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋដដែល បើទោះជាពេលនេះ ព្រះអង្គបានចាកឆ្ងាយមិនត្រឡប់វិញ អស់រយៈពេល ៦ឆ្នាំទៅហើយក្តី។ ក្រុមពលរដ្ឋរម្លឹកពីព្រះអង្គនៅពេលនេះ ខណៈប្រជាជាតិកម្ពុជាកំពុងរៀបចំពិធីរម្លឹកការយាងសោយទិវង្គតរបស់ព្រះអង្គ នៅថ្ងៃទី១៥ ខែតុលា។
ពលរដ្ឋលើកឡើងស្រដៀងៗ គ្នាថា មូលហេតុដែលពួកគេនៅតែនឹកស្តាយស្រណោះសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រោះទ្រង់ជាក្សតដែលបានដឹកនាំប្រទេសកម្ពុជាឲ្យមានការរីកចម្រើន និងធ្វើជាតិមានសុខសន្តិភាព។ ពលរដ្ឋក៏ចង់ឃើញអ្នកដឹកនាំសព្វថ្ងៃយកគំរូតាមព្រះអង្គ គឺយកប្រយោជន៍ជាតិធំជាងប្រយោជន៍បក្ស និងក្រុមខ្លួន។
ពលរដ្ឋម្នាក់លោក ខែម ភារម្យ និយាយថា សម្តេចព្រះ នរោត្តម សីហនុ ជាក្សត្រឆ្នើមមួយព្រះអង្គកាលពីទ្រង់នៅមានព្រះជន្ម។ ពលរដ្ឋរូបនេះរម្លឹកថា អ្វីដែលធ្វើឲ្យលោកមិនអាចបំភ្លេចទ្រង់បាននោះ គឺទ្រង់បានទាមទាមឯករាជ្យពីបារាំង និងបានដឹកនាំប្រទេសកម្ពុជាឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់៖«ខ្ញុំនឹកស្រណោះអាល័យព្រះអង្គដែរ ព្រោះខ្ញុំនឹកពីអនុស្សាវរីយ៍ដែលព្រះអង្គដឹកនាំមានការរីកចម្រើន របស់ប្រើប្រាស់យើងអាចផលិតបានសព្វបែបសព្វយ៉ាង»។.
ពលរដ្ឋម្នាក់ទៀត លោក ហង្ស ស៊ីសុវត្ថិ លើកឡើងដែរថា សម្តេចព្រះ នរោត្តម សីហនុ ជាក្សត្រ ឈ្លាសវៃមួយអង្គ ព្រោះទ្រង់បានដឹកនាំប្រទេសជាតិបានយ៉ាងល្អ ដែលធ្វើឲ្យប្រទេសជិតខាងមិនហ៊ានរំលោភបំពានទឹកដីកម្ពុជា។ ពលរដ្ឋរូបនេះ ចង់ឃើញព្រះមហាក្សត្រសព្វថ្ងៃ ដែលជាព្រះរាជបុត្រារបស់សម្តេច សីហនុ ដឹកនាំប្រទេសដោយម៉ឺងម៉ាត់ដូចសម្តេចឪ និងជួយរកយុត្តិធម៌ជូនពលរដ្ឋស្លូតត្រង់ដែលកំពុងរងគ្រោះ៖ «សូមឲ្យទ្រង់ម៉ឺងម៉ាត់ក្លាហាន ហ៊ាន សម្រេច អាកាត់ដំណោះស្រាយជាតិឲ្យមានលទ្ធិប្រជាធិបតេយ្យ មានការគោរពសិទ្ធិមនុស្ស ហើយរកយុត្តិធម៌ជូនពលរដ្ឋក្រីក្រ ដែលកំពុងរងគ្រោះព្រោះបញ្ហាដីធ្លី ដែលត្រូវអាជ្ញាធរ ក៏ដូចមន្រ្តីមានអំណាចកំពុងធ្វើបាបរាស្រ្ត»។
ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ បានសោយទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ នៅទីក្រុងប៉េកាំង ប្រទេសចិន ដោយរោគគាំងបេះដូង ក្នុងព្រះជន្ម ៩០ព្រះវស្សា។ ថ្ងៃទី១៥ ខែតុលា ឆ្នាំនេះ ក៏មានការរៀបចំពិធីរម្លឹកព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ គម្រប់ខួប ៦ឆ្នាំទូទាំងប្រទេស និងតាមទីកន្លែងផ្សេងៗ គ្នាផងដែរ។
ពលរដ្ឋរស់នៅក្រុងភ្នំពេញលោកស្រី រិន គីម និយាយថា លោកស្រីចង់ឃើញអ្នកដឹកនាំប្រទេសសព្វ ថ្ងៃមានស្មារតីបង្រួបបង្រួមជាតិ និងចេះការពារទឹកដីដូចសម្តេច សីហនុ។ ពលរដ្ឋរូបនេះនិយាយទៀតថា លោកស្រីមិនចង់ឃើញអ្នកនយោបាយឈ្លោះទាស់ទែងគ្នាដូចសព្វថ្ងៃនេះទេ ព្រោះ មិនចំណេញដល់ជាតិឡើយ៖ «ខ្ញុំចង់ឲ្យវីរជនកូនខ្មែរទាំងអស់ចេះស្រឡាញ់ជាតិមាតុភូមិដូចហ្លួងជាម្ចាស់ស្រលាញ់ ចេះមើលជាតិ មើលទឹកដី គោរពច្បាប់»។
លោកស្រី រិន គីម អះអាងថា កាលពីសម័យសម្តេច សីហនុ ដឹកនាំ ប្រទេសកម្ពុជាមានការរីក ចម្រើនស្ទើរគ្រប់វិស័យ។ ពលរដ្ឋរូបនេះ ចង់ឃើញអ្នកដឹកនាំប្រទេសសព្វថ្ងៃដឹកនាំប្រទេសឲ្យការរីកចម្រើនដូចកាលពីទ្រង់ដឹកនាំប្រទេស៖ «»
ចំណែកអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកភាគច្រើនបានបង្ហោះឆាយាល័ក្ខណ៍សម្តេច សីហនុ និងវីដេអូស្តីពីព្រះរាជសកម្មភាពរបស់ទ្រង់ កាលពីព្រះអង្គនៅមានព្រះជន្ម។ អ្នកខ្លះទៀត ក៏បង្ហោះវីដេអូព្រះសូរសៀងចម្រៀងរបស់ព្រះអង្គផងដែរ៖ «ឃើញព្រះអង្គលោកដឹកនាំល្អ ដូចថា កាលពីលោកនៅក្មេងរីកចម្រើន មានតាំងពីរោងចក្រស៊ីម៉ង់ តាំងពីមន្ទីរពេទ្យ ថាសព្វបែបសព្វយ៉ាងទាំងអស់ខ្ញុំរាប់រៀបមិនអស់ទេ ច្រើនពេក»។
អ្នកជំនួញផ្នែកវិស័យកសិកម្មលោក ម៉ុង ឬទ្ធី បានបង្ហោះរូប របស់លោកដែលបានថតជាមួយសម្តេច សីហនុ និងបានសរសេរនៅលើហ្វេសប៊ុករបស់លោកថា កូនចៅ ប្រជានុរាស្រ្តគ្រប់ៗ រូបសូមថ្វាយមហាព្រះរាជកុសលថ្វាយដួងព្រះវិញ្ញាណក្ខន្ធទ្រង់ សូមស្តេចយាងសោយសុខ ក្នុងឋានបរមសុខកុំបីឃ្លាងឃ្លៀតឡើយ។
ស្នាព្រះហស្តសំខាន់ៗ របស់សម្ដេចព្រះ នរោត្ដម សីហនុ ដែលបានចារទុកក្នុងប្រវត្តិសាស្រ្ត រួមមាន ការទាមទារឯករាជ្យពីបារាំង ការទាមទារប្រាសាទព្រះវិហារពីប្រទេសថៃ និងការធ្វើឲ្យសេដ្ឋកិច្ចប្រទេសមានភាពរីកចម្រើនខ្លាំងក្នុងពេលព្រះអង្គដឹកនាំប្រទេស ព្រមទាំងចូលរួមផ្តួចផ្តើមសន្ធិសញ្ញាកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលាជាដើម។ ទោះជាបែបនេះក្តី ព្រះអង្គក៏មានជាប់ពាក់ព័ន្ធក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបមួយធ្វើឲ្យកម្ពុជាធ្លាក់ដល់ចំណុចសូន្យ និងបានធ្វើឲ្យពលរដ្ឋខ្មែររាប់លាននាក់ បានបាត់បង់ជីវិតនៅក្នុងរបបនោះ។
ទន្ទឹមនឹងការរម្លឹកពីការសោយទិវង្គតរបស់សម្ដេចព្រះ នរោត្តម សីហនុ របបក្រុងភ្នំពេញឆ្នាំនេះ ប្រកាសថា នឹងរៀបចំប្រារព្ធខួប ៦ឆ្នាំនៃការយាងសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋ នៅថ្ងៃទី១៥ ខែតុលា ដោយតម្រូវឲ្យតំណាងមន្រ្តីរាជការគ្រប់ស្ថាប័ន នាំគ្នាទៅដាក់កម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះអង្គនៅទីតាំងតម្កល់ព្រះបរមរូប ដែលឋិតនៅជិតវិមានឯករាជ្យ ព្រមទាំងបានណែនាំដល់អាជ្ញាធរថ្នាក់ខេត្ត និងគ្រប់វត្តអារាម ត្រូវរៀបចំពិធីគោរព និងឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធព្រះរបមរតនកោដ្ឋផងដែរ។
រីឯព្រះបរមរាជវាំង ក៏បានណែនាំសាលាក្រុងភ្នំពេញ និងបណ្តាខេត្តនៅទូទាំងប្រទេសឲ្យដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ព្រះបរមរតនកោដ្ឋ ដោយប្រើប្រាស់ព្រះបរមឆាយាល័ក្ខណ៍ថ្មី មានសោភ័ណភាពលម្អដោយភ្លើងពណ៌។ នៅតាមបណ្តាមន្ទីរ អង្គភាព ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន ត្រូវតុបតែងលម្អទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ និងបដាពាក្យស្លោក ហើយអាជ្ញាធរមូលដ្ឋាន ត្រូវណែនាំពលរដ្ឋឲ្យចងទង់ជាតិនៅមុខផ្ទះ។
ការណែនាំរបស់ស្ថាប័នព្រះរាជវាំងស្តីពីការរៀបចំប្រារព្ធខួប ៦ឆ្នាំនៃការយាងសោយទិវង្គតព្រះ នរោត្តម សីហនុ នៅពេលនេះ គឺបន្ទាប់ពីមានការរិះគន់ពីពលរដ្ឋ និងអតីតមន្រ្តីនៅព្រះរាជវាំងថា ការរៀបចំប្រារព្ធខួបនៃការយាងសោយទិវង្គតរបស់សម្តេច សីហនុកន្លងទៅ សាលាក្រុងភ្នំពេញមិនបានយកចិត្តទុករៀបចំសោភណ្ឌភាពក្នុងទីក្រុង និងមិនបានដាក់តាំងឆាយាល័ក្ខណ៍សម្តេច សីហនុ ឲ្យបានល្អត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។