ក្រុមហ៊ុនលោក សុខ គង់ ត្រូវបានអនុញ្ញាតឲ្យសង់សណ្ឋាគារលើដីអាជ្ញាធរអប្សរា
2014.04.30

ក្រុមហ៊ុនសុខាអូតែល បានចំណាយប្រាក់ជាច្រើនលានដុល្លារអាមេរិក ក្នុងការចាប់ផ្ដើមសាងសង់សណ្ឋាគារថ្មីមួយទៀតនៅក្នុងទីក្រុងសៀមរាប ដើម្បីស្រូបយកចំណូលពីវិស័យទេសចរណ៍។ សណ្ឋាគារលំដាប់ប្រណីតថ្មីមួយដែលមានឈ្មោះថា រមណីយដ្ឋានសុខាសៀមរាប ត្រូវបានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាដំណើរការសាងសង់ កាលពីព្រឹកថ្ងៃពុធ ទី៣០ ខែមេសា។
អនុប្រធានក្រុមហ៊ុនសុខាអូតែល គឺលោក ហ៊ឺ ហេង។ លោកបានថ្លែងក្នុងពិធីបើកការដ្ឋាននោះថា រមណីយដ្ឋានសុខាសៀមរាប គឺជាសណ្ឋាគារខ្នាតប្រណីត ដែលសាងសង់លើផ្ទៃដីទំហំ ១៤ហិកតារ ក្នុងចំណោមផ្ទៃដីសរុបចំនួន ២៤ហិកតារ។ រមណីយដ្ឋាននេះ សម្រាប់បម្រើសេវាកម្មទេសចរណ៍ជាច្រើនផ្នែក ដូចជា មានបន្ទប់ស្នាក់នៅ មានមណ្ឌលកម្សាន្ត និងសាលមហោស្រព ជាដើម។
លោក ហ៊ឺ ហេង៖ «នៅឆ្នាំ២០១៤ នេះ អាជ្ញាធរអប្សរាបានអនុញ្ញាតឱ្យក្រុមហ៊ុនយើងខ្ញុំសាងសង់រមណីយដ្ឋានសុខាសៀមរាប ក្នុងខេត្តសៀមរាប។ ដោយយោងតាមការអនុញ្ញាតជាផ្លូវការនេះ យើងខ្ញុំបានរៀបចំពិធីក្រុងពាលី បញ្ចុះបឋមសិលា។ នេះជាការដ្ឋានទី៦ហើយ។ រមណីយដ្ឋានសុខាសៀមរាប ដែលត្រូវចាប់ផ្ដើមដំណើរការសាងសង់នៅថ្ងៃនេះ ត្រូវបានរៀបចំប្លង់ស្ថាបត្យកម្ម និងការតុបតែងទៅតាមរចនាបថខ្មែរ ដោយគួបផ្សំទៅតាមរចនាបថបែបទំនើបខ្លះ ដើម្បីធ្វើឱ្យសោភ័ណភាពកាន់តែមានភាពប្រណីត»។
ទោះយ៉ាងណា ការដ្ឋានសណ្ឋាគារថ្មីមួយដែលចាប់ផ្ដើមសាងសង់នៅទល់មុខអង្គរឃ្យុងយូ ដែលជាតំបន់អាជ្ញាធរអប្សរាហាមឃាត់ និងធ្លាប់បានដកហូតយកដីជាច្រើនកន្លែង ដោយទិញក្នុងតម្លៃថោកពីប្រជាពលរដ្ឋ។ មានមតិខ្លះរិះគន់ថា ហេតុអ្វីបានជារដ្ឋាភិបាលមិនអនុញ្ញាតឱ្យប្រជាពលរដ្ឋរស់នៅលើដីទាំងនោះបាន ក៏ប៉ុន្តែបែរជាអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ លោកឧកញ៉ា សុខ គង់ មានសិទ្ធិយ៉ាងពេញលេញ រហូតដល់សាងសង់សណ្ឋាគារទៅទៀតនោះ?