អាជ្ញាធរ​ខេត្ត​សុរិន្ទ​របស់​ថៃ​ប្រកាស​ហាម​ពលករ​ខ្មែរ​ឆ្លងកាត់​ខេត្ត​នេះ​ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ-១៩

ដោយ ខែ សុណង
2020.04.11
ពលករ​ខ្មែរ ពី​ថៃ ៩២២ ទិដ្ឋភាព​ពលករ​ខ្មែរ​ត្រឡប់​ពី​ប្រទេស​តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ ឡើង​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ​វិញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២០។
រូបភាព​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍

អាជ្ញាធរ​ខេត្ត​សុរិន្ទ​របស់​ថៃ​ប្រកាស​ហាម​រថយន្ត​គ្រប់​ប្រភេទ​ដឹក​ពលករ​ខ្មែរ​ឆ្លងកាត់​ខេត្ត​នេះ ទៅ​ព្រំដែន​កម្ពុជា​ថៃ ដើម្បី​ការពារ​កុំ​ឱ្យ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩។ ទោះជា​បែបនេះ​ក្ដី ក៏​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​នៅតែ​បន្ត​ឆ្លងដែន​ទៅ​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​ដែរ។

អាជ្ញាធរ​ខេត្ត​សុរិន្ទ​ដែល​មាន​ព្រំដែន​ជាប់​ខេត្ត​ឧត្ដរមានជ័យ​របស់​កម្ពុជា បាន​ចេញ​សេចក្ដីប្រកាស​នៅ​ថ្ងៃ​ទី​៩​ មេសា ហាមឃាត់​រថយន្ត​ដឹក​ពលករ​បរទេស​គ្រប់​ប្រភេទ​ឆ្លងកាត់​ខេត្ត​មួយ​នេះ ចាប់ពី​ថ្ងៃ​ទី​១០ មេសា​តទៅ។

អាជ្ញាធរ​ថៃ​ថា ប្រសិនបើ​ជន​ណា​ល្មើស​នឹង​បម្រាម​នេះ ត្រូវ​មានទោស​ជាប់គុក ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ ១០​ម៉ឺន​បាត ឬ​ប្រមាណ ៣​ពាន់​ដុល្លារ​អាមេរិក​។ ប្រភព​ដដែល​បន្ត​ថា ការ​ហាម​ឃាត់​មិន​ឱ្យ​ពលករ​បរទេស​ឆ្លងកាត់​ខេត្ត​នេះ គឺជា​វិធានការ​មួយ​ក្នុងចំណោម​វិធានការ​ដទៃ ដើម្បី​ការពារ​កុំ​ឱ្យ​រាតត្បាត​ជំងឺ​កូវីដ-១៩​ចូល​មក​ក្នុង​ខេត្ត​នេះ ពីព្រោះ​មួយ​រយៈ​នេះ​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​បាន​សម្រុក​ឆ្លងដែន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ហើយ​ឆ្លងកាត់​និង​ស្នាក់​នៅ​ក្នុង​ខេត្ត​សុរិន្ទ​ជា​រៀងរាល់​ថ្ងៃ។ ក្នុង​នោះ​ពលករ​មួយ​ចំនួន​មិនបាន​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ថៃ ដើម្បី​ការពារ​ឆ្លង​ជំងឺ​កូវីដ​១៩​នោះ​ឡើយ។

កាលពី​ថ្ងៃ​ទី​៥ មេសា ថ្មីៗ​ នេះ អាជ្ញាធរ​ខេត្ត​ស្រះកែវ​របស់​ថៃ​ក៏​បាន​ហាមឃាត់​រថយន្ត​ដឹក​ពលករ​ខ្មែរ​ឆ្លងកាត់​ខេត្ត​នេះ​ដែរ និង​មាន​ពលករ​ខ្មែរ​ជាច្រើន​នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយសារតែ​ពួកគេ​ល្មើស​​នឹង​បម្រាម​នេះ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក ទទួលបន្ទុក​ផ្នែក​ពលករ​ខ្មែរ លោក កឹម ចំរើន និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ​នៅ​ថ្ងៃ​ទី​១០ មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ​គេហទំព័រ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ចុះផ្សាយ​នៅ​ថ្ងៃ​ទី​១០ មេសា​ថា ដោយ​បច្ចុប្បន្ន​ប្រទេស​ថៃ​ស្ថិត​ក្នុង​គ្រាអាសន្ន និង​មាន​បម្រាម​គោចរ ដូចនេះ​ស្ថានទូត​ស្នើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ មេត្តា​សហការ​ជាមួយ​អាជ្ញាធរ​ថៃ និង​ចូលរួម​អនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩។

ទោះជា​យ៉ាង​នេះ​ក្ដី ក៏​មាន​ពលករ​ខ្មែរ​រាប់​រយ​នាក់​នៅតែ​បន្ត​ឆ្លងដែន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ដដែល ដោយសារ​ពួកគេ​មិន​មាន​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ។

អាជ្ញាធរ​ខេត្ត​ឧត្ដរមានជ័យ​បាន​បញ្ចេញ​រថយន្ត​ទាហាន​ជាច្រើន​គ្រឿង​ដឹក​ពលករ​ខ្មែរ​ពី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូស្មាច់​ទៅតាម​បណ្ដា​ខេត្ត​រៀងៗ​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មេសា។ គេហទំព័រ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ពិនិត្យ​សុខភាព​ពលករ​ទាំងនោះ​រួចហើយ​ទើប​អនុញ្ញាត​ឱ្យ​ពួកគេ​ឡើង​រថយន្ត​ត្រឡប់​ទៅ​ផ្ទះ។

ទាក់ទង​បញ្ហា​នេះ​មន្ត្រី​អង្គការ​សង់ត្រាល់ ទទួលបន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ដែល​ត្រឡប់​ទៅ​កម្ពុជា​វិញ​នោះ ភាគច្រើន​ធ្វើការ​ក្រៅ​ប្រព័ន្ធ ដែល​ពុំ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ៥០​ភាគរយ​ពី​រដ្ឋាភិបាល​ថៃ ក្នុងពេលដែល​ថៅកែ​របស់​ពួកគេ​ផ្អាក​ការងារ​មួយ​រយៈ​នោះ​ទេ​។ ​លោក​បន្ថែម​ថា ប្រសិនបើ​វិបត្តិ​ជំងឺ​កូវីដ​១៩​ នៅតែ​បន្ត​អូស​បន្លាយ​ទៅ​មុខ​ទៀត នោះ​នឹង​ធ្វើ​ឱ្យ​ពលករ​ខ្មែរ​កាន់តែ​ច្រើន​បន្ថែម​ទៀត​នាំគ្នា​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ ដោយសារ​ពួកគេ​គ្មាន​ប្រាក់​ចាយវាយ​ប្រចាំថ្ងៃ​នៅ​ក្រៅ​ប្រទេស​៖ «ហើយ​មួយទៀត​ពាក់ព័ន្ធ​នឹង​ស្ថាន​ភាព​វឹកវរ នៃ​ការ​រាតត្បាត​រោគ​អីចឹង​ជម្រើស​របស់​គាត់ គឺ​ធ្វើ​ម៉េច​ឱ្យ​មក​ដល់​ផ្ទះ​សិន ព្រោះ​គាត់​នៅ​ស្រុក​គេ​វា​ហេលហាល ទីមួយ​អត់​មាន​លុយ​ចិញ្ចឹម​ជីវភាព បង់ថ្លៃ​បន្ទប់​នៅ​ថ្លៃ​ហូបចុក បារម្ភ​ពី​ការ​រីក​រាលដាល​មេរោគ​ហ្នឹង ធ្វើ​ឱ្យ​គាត់​អត់​អាច​ទៅ​ណា​បាន ប្រសិនបើ​គាត់​មក​ផ្ទះ គាត់​ដើរ​តែ​រាវ​ក្ដាម រាវ​ខ្យង​ក៏​អាច​រស់​បាន​ដែរ។ ហើយ​ជា​ធម្មតា​មនុស្ស​បើ​អត់​មានអី​ចិញ្ចឹម​ក្រពះ​ទោះបីជា​ច្បាប់​ហ្នឹង​អាច​តឹង​ជាង​ហ្នឹង​ក៏​មិន​អាច​ឃាត់ឃាំង​ពួកគាត់​បាន​ដែរ បើ​តាម​យើង​មើល​សន្ទុះ​របស់​ពលករ​សព្វថ្ងៃ»

លោក ឌី ថេហូយ៉ា បន្ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ គួរតែ​សហការ​គ្នា​ផ្ដល់​ស្បៀង​អាហារ និង​ប្រាក់​បង់​ថ្ងៃ​បន្ទប់​ជួល​ដល់​ពួកគេ ដើម្បី​ឱ្យ​បាន​ស្នាក់នៅ​ប្រទេស​ថៃ​បន្ត​ទៀត។ របាយការណ៍​អង្គ​ការ​សង់ត្រាល់​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ធ្វើការ​ខុសច្បាប់​ និង​ស្របច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ មាន​ប្រមាណ ២​លាន​នាក់។ ថ្មីៗ​ នេះ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​​ថា មាន​ពលករ​ខ្មែរ​ជាង​ ៦​ម៉ឺន ​(៦០.០០០) នាក់​ហើយ ដែល​បាន​ត្រឡប់​ទៅដល់​ស្រុកកំណើត​វិញ អំឡុង​ពេល​ជំងឺ​កូវីដ​១៩ ​រាតត្បាត​នៅ​លើ​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។