កម្មករ​រោងចក្រ​ធី.វ៉ាយ​នៅ​ខេត្ត​ស្វាយរៀង ចំនួន​៤៩​នាក់ ដួល​សន្លប់​២​ថ្ងៃ​ជាប់​គ្នា

កម្មការិនី​រោងចក្រ​ផលិត​ឧបករណ៍​អគ្គិសនី​ឈ្មោះ ធី.វ៉ាយ អ៊ីឡិកត្រិក (T.Y ELECTRIC CO., LTD.) នៅ​ខេត្ត​ស្វាយរៀង ចំនួន​៤៩​នាក់ បាន​ដួល​សន្លប់ រយៈពេល​២​ថ្ងៃ​ជាប់​គ្នា គឺ​នៅ​ថ្ងៃ​ទី​០៥ និង​ទី​០៦ មិថុនា។

ប្រធាន​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ស្វាយរៀង លោក អ៊ូ សុខឿន ឱ្យ​អាស៊ីសេរី​ដឹង​ថា កម្មករ​ដួល​សន្លប់​ថ្ងៃទី​០៥ ចំនួន​៤៣​នាក់ មាន​ស្ថានភាព​ធូរស្រាល និង​បាន​ចេញពី​មន្ទីរពេទ្យ​អស់​ហើយ​។ តែ​កម្មករ​ចំនួន​៦​នាក់ បាន​បន្ត​ដួល​សន្លប់ នៅ​ព្រឹក​ថ្ងៃ​ទី​០៦ មិថុនា និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នៅ​ឡើយ។

លោក​បន្ត​ថា មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​បាន​ចុះ​ត្រួតពិនិត្យ​ដល់​ទីតាំង​រោងចក្រ​ហើយ តែ​រក​មិនទាន់​ឃើញ​មូលហេតុ​បណ្ដាល​ឱ្យ​កម្មករ​ដួល​សន្លប់​ទេ។ ប៉ុន្តែ​ខាង​មន្ទីរ​បាន​អនុញ្ញាត​ឱ្យ​កម្មករ​ទាំងអស់​របស់​រោងចក្រ​ដែល​មាន ជាង ១.៦០០​នាក់ ឈប់សម្រាក​អស់ហើយ ដោយ​ត្រូវ​ចូល​ធ្វើ​ការ​វិញ នៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ។

ប្រធាន​មន្ទីរ​ការងារ​ខេត្ត​រូប​នេះ ប្រាប់​ថា នេះ​ជា​លើក​ទី​១​ដែល​មាន​កម្មការិនី​ក្នុង​រោងចក្រ​ធី.វ៉ាយ ដួល​សន្លប់​ក្នុង​ម៉ោង​ការងារ​។ រោងចក្រ ធី​.​វ៉ា​យ មាន​ថៅកែ ជា​ជនជាតិ​ចិន​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ហ្គីហ្គា រីសស៍ ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប។

បើ​ទោះ​អាជ្ញាធរ​អះអាង​មិនទាន់​រក​ឃើញ​មូលហេតុ នៃ​កម្មករ​ដួល​សន្លប់​ត​គ្នា​នេះ​ក្តី តែ​សារព័ត៌មាន​ក្នុង​ស្រុក ចុះផ្សាយ​ថា មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ បណ្ដាល​មក​ពី​ធំ​ក្លិនស្អុយ​ថ្នាំ នៅ​ជាប់​ខ្សែភ្លើង និង​ខ្វះ​ខ្យល់​អុកស៊ីហ្សែន នៅ​កន្លែងធ្វើការ បង្ក​ឱ្យ​កម្មការិនី​ណែន​ទ្រូង ពិបាក​ដកដង្ហើម​។ ជុំវិញ​ករណី​កម្មករ​ដួល​សន្លប់​នេះ អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មូលហេតុ​នៃ​ជំងឺ​ពី​ខាង​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ត​ស្វាយរៀង លោក កែរ រដ្ឋា បានទេ នៅ​ថ្ងៃ​ទី​០៦ មិថុនា ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ជាទូទៅ​កម្មករ​តែងតែ​ដួល​សន្លប់​ភាគច្រើន​បណ្ដាល​មកពី​ពួកគេ​ធ្វើការ​ច្រើន​ម៉ោង​ក្នុង​បរិយាកាស​មិនល្អ ដូចជា ក្លិន​ភាយ​ចេញពី​សម្ភារៈ ឬ​ឧបករណ៍ ដែល​ពួកគេ​ធ្វើការ និង​ដោយសារ​ខ្វះ​ខ្យល់​ចេញចូល ឬ​អុកស៊ីហ្សែន​ព្រមទាំង​អាកាសធាតុ​ក្ដៅ​ខ្លាំង​ជាដើម​។ លោក​ជំរុញ​ឱ្យ​ក្រសួង​ការងារ ជាពិសេស​នាយកដ្ឋាន​សន្តិសុខ​សង្គម ត្រូវ​ចុះ​ពិនិត្យ​មើល​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​ឱ្យ​បាន​ច្បាស់ ដើម្បី​បញ្ចៀស​កុំ​ឱ្យ​ករណី​បែប​នេះ កើត​ឡើង​បន្ត​ទៀត៖ « ត្រូវ​ចុះទៅ​ពិនិត្យមើល​ផល​ប៉ះពាល់​ហ្នឹង​វា​អាច​មក​ពី​ផ្សែង មក​ពី​ជ័រ ឬក៏​វា​អាច​មក​​ពី​សម្ភារៈ​វត្ថុធាតុដើម​មួយ​ចំនួន​ដែល​គេ​ផ្គុំ​ជាមួយ​សារធាតុ​គីមី គឺ​វា​ធំ​ក្លិន​ខ្លាំង​។ បើ​សិន​មាន​បញ្ហា​ហ្នឹង គឺ​គេ​អាច​ដោះស្រាយ​អាហ្នឹង​សម្អាត​ហើយ ឱ្យ​កម្មករ​ឈប់​មួយ​រយៈ​សិន​ទៅ អាច​ដោះស្រាយ​បាន​ហើយ អាហ្នឹង​ដំណោះស្រាយ​បន្ទាន់។ ប៉ុន្តែ រឿង​រយៈពេល​យូរ​ខ្ញុំ​គិត​ថា គួរតែ​ពិនិត្យមើល​ក្រុមហ៊ុន​ហ្នឹង​តើ​បាន​សាងសង់​ទៅតាម​សុវត្ថិភាព​ស្តង់ដារ ដែល​ច្បាប់​កំណត់​ឬ​អត់​ ? ក្នុង​នោះ តើ​កម្ដៅ​ខែ​ក្ដៅ​សល់​ប៉ុន្មាន​ ? ព្រោះ​ឥឡូវនេះ ជិត​៤០​សង្អារ​វិញ​ហើយ​។ ត្រូវ​មើល​ក្នុង​រោងចក្រ​ហ្នឹង​ទៀត​សោត ថា តើ​មាន​អា​ប្រព័ន្ធ​បូម​ខ្យល់​ចេញចូល​បាន​ល្អ ឬ​អត់ ? »

លោក អាត់ ធន់ កត់សម្គាល់​ថា ក្នុង​មួយ​នាំៗ មាន​កម្មករ​លើស​ពី​មួយ​ពាន់​នាក់​បាន​ដួល​សន្លប់​។ របាយការណ៍​ស្រាវជ្រាវ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ឆ្នាំ​២០១៧ បង្ហាញ​ថា ការ​ដួល​សន្លប់​របស់​កម្មករ​-​កម្មការិនី បណ្ដាលមកពី​បញ្ហា​ក្លិន​គីមី​នៅ​ក្នុង​រោងចក្រ ទីតាំង​រោងចក្រ​មិន​មាន​បរិយាកាស​ល្អ ចង្អៀត ផ្នែក​ចិត្តសាស្ត្រ​សង្គម ករណី​កម្មករ​ស្លុត ដួល​តាម​គ្នា បញ្ហា​មេកានិច​ស្រប​ពេល​សុខភាព​កម្មករ​មាន​សភាព​ទន់ខ្សោយ ដោយសារ​ការ​សម្រាក​មិន​បាន​គ្រប់គ្រាន់ ការ​ហូប​អាហារ​មិន​ទៀងទាត់ និង​គ្មាន​ជីវជាតិ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។