នាយក​វិទ្យាល័យ​គាស់ក្រឡ​ខេត្ត​បាត់ដំបង​រង​ការ​ចោទ​ថា​ប្រព្រឹត្ត​អំពើ​ពុក​រលួយ

ដោយ ហ៊ុំ ចំរើន
2017-08-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
វិទ្យាល័យ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
វិទ្យាល័យ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៧ ខែ​សីហា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

គ្រូបង្រៀន​មួយ​ចំនួន​នៅ​វិទ្យាល័យ​គាស់ក្រឡ ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង បាក់​ទឹក​ចិត្ត​ក្នុង​ការ​បង្រៀន​សិស្ស ដោយសារ​នាយក​សាលា​នេះ​ចាយវាយ​ថវិកា ភី.ប៊ី (PB) គ្មាន​តម្លាភាព។ ពួក​គាត់​អះអាង​ថា កន្លង​ទៅ ពួក​គាត់​បាន​ស្នើ​ឲ្យ​នាយក​សាលា​នេះ​បង្ហាញ​ពី​ការ​ចាយវាយ​ឲ្យ​មាន​តម្លាភាព​ជាច្រើន​លើក​ហើយ តែ​គ្មាន​ដំណោះស្រាយ។ នាយក​វិទ្យាល័យ​គាស់ក្រឡ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​គាស់ក្រឡ ទទូច​ឲ្យ​នាយក​សាលា​មួយ​នេះ​ប្រើប្រាស់​ថវិកា ភី.ប៊ី (PB) ឲ្យ​មាន​តម្លាភាព ដើម្បី​អភិវឌ្ឍ​សាលា​ឲ្យ​បាន​រីក​ចម្រើន​ទៅ​មុខ។

ក្រុម​គ្រូបង្រៀន​នៅ​វិទ្យាល័យ​គាស់ក្រឡ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៧ សីហា ដោយ​ចោទ​ប្រកាន់​នាយក​សាលា លោក សឿន សុភាព ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ប្រាក់ ភី.ប៊ី (PB) ដើម្បី​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន។

ប្រាក់ ភី.ប៊ី (PB) ជា​ថវិកា​ឧបត្ថម្ភ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រចាំ​ឆ្នាំ សម្រាប់​ទិញ​ឧបករណ៍​បង្រៀន និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​សាលា។ ថវិកា​នេះ​បាន​តិច ឬ​ច្រើន ទៅ​តាម​ចំនួន​សិស្ស​នៃ​សាលា​នីមួយៗ។ ក្រុម​គ្រូបង្រៀន​អះអាង​ថា ប្រាក់ ភី.ប៊ី (PB) ដែល​នាយក​សាលា​ចាយវាយ​គ្មាន​តម្លាភាព​នោះ​សរុប ២១​លាន​រៀល៖ «គាត់​អត់​ធ្វើ​ការ​ប្រជុំ​ទេ គាត់​ចាយវាយ​តែ​ខ្លួន​គាត់ សូម្បី​តែ​នាយក​រង​ក៏​គាត់​មិន​ប្រាប់​ដែរ។ ខ្ញុំ​ពិបាក​បង្រៀន​ណាស់ ព្រោះ​គ្មាន​ឧបករណ៍​បង្រៀន​សិស្ស ហើយ​សុំ​គេ​មិន​បាន ធ្វើ​ឲ្យ​ខ្ញុំ​បាក់​ទឹក​ចិត្ត ហើយ​ការ​បង្រៀន​មិន​បាន​ដិតដល់​ដូច​ពេល​មុន​ទេ»

ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយក​វិទ្យាល័យ​គាស់ក្រឡ លោក សឿន សុភាព មាន​ប្រសាសន៍​ថា បញ្ហា​នេះ​គឺ​ជា​រឿង​មិន​ពិត​ឡើយ ដែល​ជា​ចេតនា​របស់​គ្រូបង្រៀន​មួយ​ក្រុម​តូច​មិន​ពេញ​ចិត្ត​នឹង​លោក​ធ្វើ​ជា​នាយក​សាលា៖ «បាន​ន័យ​ថា​នាយក​រង​ក្រោម​បង្គាប់​ខ្ញុំ គាត់​បង្កើត​ក្រុម​មួយ ហើយ​គ្រូបង្រៀន​ក្រោម​បង្គាប់​ប្រហែល ៦​នាក់ បង្ក​ទំនាស់​ផ្ទៃក្នុង​បំបែក​សាមគ្គីភាព​បុគ្គលិក​ជាមួយ​សិស្ស។ ចំណែក​ខ្ញុំ​មាន​គ្រូបង្រៀន​ចំនួន ២៧​នាក់​គាំទ្រ​ជួយ​ទប់ស្កាត់​គ្រូ​មួយ​ក្ដាប់​តូច​នោះ»

ទោះ​ជា​យ៉ាង​នេះ​ក្ដី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ប្រចាំ​ខេត្ត​បាត់ដំបង លោក ម៉ែន សុខធៃ មាន​ប្រសាសន៍​ថា បញ្ហា​នេះ​លោក​បាន​ដឹង​ខ្លះៗ​ដែរ​តាម​រយៈ​ក្រុម​គ្រូបង្រៀន គឺ​ជា​ចេតនា​របស់​នាយក​សាលា​ប្រើប្រាស់​ថវិកា​គ្មាន​តម្លាភាព។ លោក​បន្ថែម​ថា កន្លង​ទៅ ក្រុម​គ្រូបង្រៀន​បាន​ប្ដឹង​ទៅ​មន្ទីរ​អប់រំ​ខេត្ត​បាត់ដំបង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ខាង​មន្ទីរ​មិន​បាន​ដោះស្រាយ​នោះ​ទេ៖ «ខ្ញុំ​គិត​មើល​ទៅ​ការ​ឆ្លើយតប​របស់​លោក​នាយក​សាលា គឺ​ជា​រឿង​មិន​សម​ហេតុ​សម​ផល ព្រោះ​ខ្ញុំ​ធ្លាប់​ជួយ​នៅ​សាលា​ដទៃ ដូចជា​នៅ​វិទ្យាល័យ នាយក​ភាគច្រើន​គេ​តែង​យក​របាយការណ៍​ទាំងអស់ ហើយ​គេ​សរសេរ​ប្រាប់​លោកគ្រូ​អ្នកគ្រូ ហើយ​គេ​មិន​កាន់​លុយ​នោះ​ទេ ដោយ​មាន​ក្រុម​គណៈកម្មការ​គេ​ចាយវាយ​លុយ ភី.ប៊ី នេះ។ តែ​លោក​នាយក​វិទ្យាល័យ​គាស់ក្រឡ បែរ​ជា​គាត់​យក​លុយ​ទៅ​ក្ដោប​ក្ដាប់​តែ​ក្រុម​គ្នា​ទៅ​វិញ»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៧ សីហា។

វិទ្យាល័យ​គាស់ក្រឡ ជា​សាលា​ស្ថិត​នៅ​តំបន់​ដាច់ស្រយាល ដែល​មាន​ចម្ងាយ​ប្រមាណ ៦០​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង។ សព្វថ្ងៃ វិទ្យាល័យ​មួយ​នេះ​មាន​សិស្ស​កំពុង​សិក្សា​ជាង ៧០០​នាក់ ក្នុង​នោះ​សិស្ស​ដែល​ត្រៀម​ប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧ នេះ​មាន​ជាង ១០០​នាក់ និង​មាន​គ្រូបង្រៀន​ចំនួន ៤០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល