សង្គម​ស៊ីវិល​ស្នើ​ឲ្យ​របប​ក្រុងភ្នំពេញ​ជួប​ជជែក​ជាមួយ​ភាគី​ថៃ​ករណី​ថៃ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ

ដោយ សន ចាន់រដ្ឋា
2018-11-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

សង្គម​ស៊ីវិល​ធ្វើ​ការងារ​ទាក់ទង​នឹង​ពលរដ្ឋ​ចំណាកស្រុក​ស្នើ​ទៅ​របប​ក្រុងភ្នំពេញ​ឲ្យ​ជួប​ជជែក​ជាមួយ​ភាគី​ថៃ​រក​ដំណោះស្រាយ​លើ​បញ្ហា​សមត្ថកិច្ច​ថៃ ចុះ​ចាប់​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការ​ខុសច្បាប់។ សង្គម​ស៊ីវិល​លើកឡើង​បែបនេះ ដោយសារ​តែ សមត្ថកិច្ច​ប្រទេស​ថៃ​កំពុង​សម្រុក​ចុះ​ចាប់​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​ជា​រៀងរាល់ថ្ងៃ​បញ្ជូន​មក​កម្ពុជា​វិញ។

ក្រុម​សង្គម​ស៊ីវិល​យល់ថា បើ​ជំនួប​ទ្វេភាគី​កម្ពុជា​-​ថៃ​បន្ត​អូស​បន្លាយ​ទៀត​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ដែល​ធ្វើ​ការងារ​នៅ​ប្រទេស​នេះ​រងគ្រោះ ព្រោះ​ការ​ចាប់​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​សមត្ថកិច្ច ថៃ​នឹង​ធ្វើ​ឲ្យ​ពលករ​ទាំងនោះ​ជួបប្រទះ​បញ្ហា​ជីវភាព​គ្រួសារ​ធ្ងន់ធ្ងរ។

មន្ត្រី​កម្មវិធី​សិទ្ធិ​ការងារ​នៃ​អង្គការ​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ លោក ឌី ថេហូយ៉ា និយាយ​ថា ភាគី​កម្ពុជា​-​ថៃ​គួរតែ​ពិចារណា​ពី​ដំណោះស្រាយ​ការ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ពី​សំណាក​អាជ្ញាធរ​ថៃ។ លោក​បន្ត​ថា បើ​គ្មាន​ការ​អន្តរាគមន៍​ទាន់​ពេល​វេលា​ទេ ក្រុម​ពលករ​ទាំងនោះ​នឹង​រង​គ្រោះ​កាន់តែ​ខ្លាំង​ថែមទៀត៖ «រដ្ឋាភិបាល​គួរ​យកចិត្ត​និង​តាមដាន​ឲ្យ​មែនទែន​ទៅលើ​ករណី​ចាប់​បញ្ជូន​ដោយ​អាច​ថា មាន​កា​រំលោភ​សិទ្ធិ​មនុស្ស​អីចឹង យើង​ដឹង​ហើយ​ថា​ថៃ​គាត់​ពិន័យ​ជា​ប្រាក់​ឬ​ចាប់​ដាក់​គុក​ជាដើម»

មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ទាក់ទង​នឹង​ពលករ​ចំណាកស្រុក​រូប​នេះ​ប្រាប់​ថា បញ្ហា​ចំណាក​ស្រុក​របស់​ពលករ​ខ្មែរ​មិន​អាច​ទប់ស្កាត់​បាន​នោះ​ទេ ដូច្នេះ​ភាគី​កម្ពុជា​គួរ​ធ្វើ​ផែនការ​ទទួល​ពលករ​ទាំងនោះ ដោយ​រៀបចំ​ឯកសារ​ស្របច្បាប់​ដល់​ពួកគេ ខណៈ​សំណើ​បំពេញ​ឯកសារ​នេះ​មាន​លក្ខណៈ​ស្មុគស្មាញ៖ «គួរ​មាន​គម្រោង​ច្បាស់លាស់​ទាក់ទង​ទៅ​រឿង​ការ​ធ្វើ​ឯកសារ ហើយ​រយៈពេល​នៃ​ការ​ផ្ដល់​ភាព​ស្របច្បាប់​កុំ​អោយ​រង់ចាំ​រយៈពេល​វែង​ពេក និង​កុំ​ឲ្យ​មាន​ភាព​ស្មុគស្មាញ​នៃ​ដំណើរ​ដាក់ពាក្យ​ស្នើសុំ»

សមត្ថកិច្ច​អន្តោប្រវេសន៍​ថៃ​រាប់​ពាន់​នាក់​បាន​ចុះ​ឆែកឆេរ និង​ចាប់ខ្លួន​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ និង​រស់នៅ​ខុសច្បាប់​លើទឹក​ដី​ថៃ​ដល់​កន្លែង​ពួកគេ​ស្នាក់​នៅ​តែម្ដង។ ពលករ​ខ្មែរ​និយាយ​ថា សូម្បីតែ​អ្នកមាន​ឯកសារ​ក៏​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ខ្លួន​ទៅ​សួរនាំ​ដែរ។

ការ​ចាប់​បញ្ជូន​នេះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ហៅថា​ជា​យុទ្ធនា​ការណ៍​បោសសំអាត​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដើម្បី​សេចក្ដី​សុខ​ពលរដ្ឋ​ថៃ។

អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន និង អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក កេត សោផាន់ បានទេ ដោយ​ទូរស័ព្ទ​រោទ៍​ជា​ច្រើនដង គ្មាន​អ្នក​ទទួល។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ មាន​ប្រសាសន៍​ថា លោក​ចង់​ឃើញ​ភាគី​កម្ពុជា និង​ថៃ រក​ដំណោះស្រាយ​មួយ​ដែល​ក្នុងនាម​ជា​ប្រទេសជិតខាង​ក្នុង​ក្របខ័ណ្ឌ​មនុស្សធម៌។ លោក​បន្ត​ថា បើ​សិន​គ្មាន​ដំណោះស្រាយ​បន្ទាន់​ទេ ពលករ​នឹង​ត្រូវ​បាត់បង់​ការងារ និង​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​ពី​ថៅកែ​ហើយ ថែមទាំង​ត្រូវ​សមត្ថកិច្ច​ថៃ​ជំរិត​ទារ​លុយ​ពួកគេ​ថែម​ទៀត​ផង៖ «រដ្ឋាភិបាល​ទាំងពីរ​គួរ​ជជែក​គ្នា​រក​ដំណោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ទាំង​នៅ​ប្រទេស​ថៃ​ទទួល​បាន​ភាព​ស្របច្បាប់ កាល​ពី​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​គឺ​ពិបាក»

របាយការណ៍ ៦​ខែ នៃ​ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​បង្ហាញ​ថា យ៉ាងហោចណាស់​ពលករ​ខ្មែរ​ជិត ២​ម៉ឺន​នាក់​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ចំនួន ១៨​ចាប់​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ។

រីឯ​របាយការណ៍​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ​២០១៨​នេះ ពលករ​ខ្មែរ ១​លាន ៥​ម៉ឺន​នាក់ កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ថៃ ក្នុង​នោះ​មាន​ពលករ​ស្របច្បាប់​ជិត​៥៥​ម៉ឺន​នាក់(៥៤៨ ៤៧០​នាក់)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល