ប៉ូលិស​ខេត្ត​ឧត្ដរមានជ័យ​​ឃាត់​ខ្លួន​មេ​ខ្យល់ ២នាក់​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុស​ច្បាប់

ប៉ូលិស​ខេត្ត​ឧត្ដរមានជ័យ​​ឃាត់​ខ្លួន​មេខ្យល់ ២នាក់ ដែល​ជា​មេ​ក្លោង​នាំ​ពលករ​ខ្មែរ​ទៅ​ធ្វើ​​ការងារ​​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​តាម​ច្រក​របៀង​​តំបន់​ព្រំដែន​សង្កាត់​អូរស្មាច់ ​​កាល​ពី​រសៀល​ថ្ងៃ​ទី១១ មិថុនា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​​​ទទូច​ឱ្យ​សមត្ថកិច្ច​​ផ្ដន្ទាទោស​​មេខ្យល់​​ទាំង​នោះ​ឱ្យ​បាន​ធ្ងន់ធ្ងរ​ ដើម្បី​កុំ​ឱ្យ​អ្នក​ដទៃ​នាំ​ពលករ​​ឆ្លង​ដែន​ខុស​ច្បាប់​បន្ត​ទៀត។

អធិការ​នគរបាល​ក្រុង​សំរោង លោក ហម ភិរម្យ ឱ្យ​អាស៊ី​សេរី​​ដឹង​នៅ​​រសៀល​ថ្ងៃ​ទី​១២​ មិថុនា​ថា ​​មេ​ខ្យល់​ជនជាតិ​ខ្មែរ​​ប្រុស​ម្នាក់​ឈ្មោះ គង់ សារឿន អាយុ ៥០​ឆ្នាំ និង​ស្រី​ម្នាក់ទៀត​ គឺ​​​ឈ្មោះ​ ទិត្យ​ កុយ​ អាយុ ៥១ឆ្នាំ រស់​នៅ​ខេត្ត​ឧត្ដរមានជ័យ ត្រូវ​បាន​ចាប់​ខ្លួន ​ខណៈ​ពួកគេ​កំពុង​នាំ​ពលករ​​ខ្មែរ​ចំនួន ​២៧​នាក់​ឆ្លង​ដែន​តាម​ច្រក​របៀង​​​ក្បែរ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូស្មាច់​ ដើម្បី​ទៅ​ធ្វើ​ការ​នៅ​​ទីក្រុង​បាងកក​ និង​នៅ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ ​ដោយ​​ខុស​ច្បាប់​។​ លោក​បញ្ជាក់​ថា ​មេ​ខ្យល់​ទាំង​២​នាក់​នេះ​ ​បាន​យក​ប្រាក់​ពី​​ពលករ​ម្នាក់​​ជិត ​២ពាន់​បាត ​​(១.៧៥០) ស្មើ​នឹង​ជិត ​៦០ដុល្លារ​អាមេរិក ដើម្បី​​ជាថ្នូរ​​នាំ​ពួក​​គេឆ្លង​ដែន​ទៅ​ដល់​ដី​ថៃ៖ «មួយ​ចំនួន​គាត់​បាន​នាំ​ឆ្លង​ដែន​ផុត​ទៅ​ហើយ​ត្រូវ​បាន​ថៃ​ចាប់​បញ្ជូន​ត្រឡប់​មក​វិញ មួយ​ចំនួន​នៅ​ក្រវាត់​ព្រំដែន​​ត្រូវ​បាន​​នគរបាល​ការពារ​ព្រំដែន​ឃាត់​តាម​ច្រក​ព្រំដែន​​ខាង​ត្បូង​ខ្លាឃ្មុំ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​អូស្មាច់​។ មិន​មាន​ច្រើន​ទេ​ ដោយសារ​ការ​យក​ចិត្ត​ដាក់​ពី​​អភិបាល​ខេត្ត​​បាន​ផ្សព្វផ្សាយ​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឱ្យ​​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​ព្រោះ​វា​​អាច​បង្ក​ឱ្យ​មាន​ការ​គ្រោះ​ថ្នាក់​ ហើយ​ហានិភ័យ​នឹង​ការ​ឆ្លង​ជំងឺ​កូវិដ​១៩ »

លោក​បន្ត​ថា​ ប៉ូលិស​បាន​បញ្ជូន​​មេ​ខ្យល់​ទាំង ២នាក់ ទៅ​សាលា​ដំបូង​ខេត្ត​ឧត្ដរមានជ័យ​ដើម្បី​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី១២ មិថុនា។ ចំណែក​ក្រុម​ពលករ​ទាំង ២៧នាក់ ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​​ភ្លាម​ៗ​​​ នៅ​​ក្រោយ​ពេល​ឃាត់​ខ្លួន។

នេះ​ជា​លើក​ទី១ ហើយ ក្នុង​ឆ្នាំ២០២០ ដែល​ប៉ូលិស​​ខេត្ត​ឧត្ដរមានជ័យ​ចាប់​បាន​មេ​ក្លោង​​នាំ​ពលករ​​ខ្មែរ​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​នោះ។

ទោះ​ជា​យ៉ាង​ណា ​​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុកឋ (Adhoc) ខេត្ត​ឧត្ដរមានជ័យ​ លោក​ ស្រី ណារ៉េន​ ​មាន​ប្រសាសន៍​ថា ​ការ​ចាប់​មេ​ខ្យល់​តែ​ ២នាក់​ មិន​ទាន់​គ្រប់​គ្រាន់​​​​នោះ​ទេ​ ពីព្រោះ​​រឿង​​នេះ​​អាច​មាន​អ្នក​ពាក់ព័ន្ធ​​ជា​ច្រើនទៀត​​​ទើប​អាច​​​​ដើរ​ប្រមូល​​ប្រជា​ពលរដ្ឋ​​មក​ពី​​​ខេត្ត​​ឆ្ងាយ​ៗ​ បាន​​ច្រើន​បែប​នេះ​។​ លោក​អំពាវនាវ​​ឱ្យ​អាជ្ញាធរ​ស្រាវជ្រាវ​​រក​ចាប់​​មេ​​ខ្យល់​ដទៃ​មក​​ ផ្ដន្ទាទោស​​តាម​ច្បាប់​ ដើម្បី​ទប់​ស្កាត់​កុំ​ឱ្យ​ពួកគេ​នាំ​ពលករ​ឆ្លង​ដែន​​​​ដោយ​ប្រថុយប្រថាន​បន្ត​ទៀត​។​ លោក​បញ្ជាក់​ថា ការ​ឆ្លងដែន​​អំឡុង​​ពេល​នេះ​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​ ដោយសារ​​​រដ្ឋាភិបាល​ថៃ​​បាន​ដាក់​ប្រទេស​​​របស់​គេ​ក្នុង​គ្រា​មាន​អាសន្ន ដោយ​​​មាន​សមត្ថកិច្ច​ថៃ​យាម​ការពារ​តឹងតែង​នៅ​តាម​ព្រំដែន៖ «ពីព្រោះ​ច្បាប់​បាន​ហាម​ឃាត់​ហើយ​ គាត់​នៅ​តែ​ប្រព្រឹត្ត​អីចឹង​។ ជា​ពិសេស​មែន​ទែន​សុំ​ខាង​តុលាការ​អី​ឱ្យ​ដាក់​ទោស​ឱ្យ​ធ្ងន់​ទៅ​ពីព្រោះ​ដើម្បី​បង្ហាញ​ថា​ ការ​អនុវត្ត​ច្បាប់​ចំពោះ​ជន​ប្រព្រឹត្ត​បទល្មើស​ហ្នឹង​ឱ្យ​វា​រាងចាល​លើ​អ្នក​ដែល​ចង់​ប្រកប​មុខរបរ​ហ្នឹង​​បន្ត​ទៀត​។ សម័យ​ជំងឺ​កូវីដ១៩ បែប​ហ្នឹង​ហើយ នៅ​តែ​មាន​មេខ្យល់​នាំ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ទៅ​ក្រៅ​ប្រទេស​អីចឹង​​យើង​​យល់​រឿង​នេះ​ជា​បញ្ហា​មួយ​ដែល​រដ្ឋ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​មែន​ទែន​ចំពោះ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ ព្រោះ​រដ្ឋ​មាន​កាតព្វកិច្ច​មួយ​ជួយ​ការពារ​បំពេញ​ឱ្យ​ប្រជាពលរដ្ឋ »

រដ្ឋាភិបាល​ថៃ​បាន​បិទ​ព្រំដែន​ជាប់​កម្ពុជា​តាំង​ពី​ថ្ងៃ​ទី២៣ មីនា ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី ហើយ​មក​ទល់​ថ្ងៃ​ទី១២ មិថុនា​មិន​ទាន់​បើក​​ឡើង​វិញ​នៅ​ឡើយ​ទេ។

អំឡុង​ពេល​អាជ្ញាធរ​ថៃ​បិទ​ព្រំដែន​នេះ​ មាន​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​បាន​លួច​​​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់​ ដោយសារ​ពួកគាត់​គ្មាន​ការងារ​នៅ​ក្នុង​ស្រុក ហើយ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ជា​បន្តបន្ទាប់។ កាល​ពី​ខែ​ឧសភា មាន​ពលករ​ខ្មែរ​ជាង ២០០ (ពីរ​រយ​នាក់) ត្រូវ​បាន​ទាហាន​ថៃ​ចាប់​ខ្លួន​នៅ​​ខេត្ត​ស្រះ​កែវ ប៉ុន្តែ​ក្រោយ​មក​អាជ្ញាធរ​ថៃ​​បាន​បញ្ជូន​​​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ តាម​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។