កម្មកររោងចក្រដាប់ប៊ែលយូ អេនឌី (W&D) នៅខណ្ឌមានជ័យ ទទូចឱ្យថៅកែអនុវត្តសេចក្ដីប្រកាសរបស់ខ្លួន ទទួលយកកម្មករចូលធ្វើការវិញ បើពុំដូច្នោះទេ កម្មករ នឹងនាំគ្នាដាំបាយហូបមុខរោងចក្រ ដើម្បីបន្តសកម្មភាពតវ៉ារាល់ថ្ងៃ។ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិការងារ យល់ថា បើភាគីថៅកែចេញប្រកាសទទួលយកកម្មករចូលធ្វើការវិញហើយ គួរអនុវត្តឱ្យមានប្រសិទ្ធភាព និងទូទាត់ផលប្រយោជន៍អតីតភាពឱ្យកម្មករវិញ។
កម្មកររោងចក្រ ដាប់ប៊ែលយូ អេនឌី ជាច្រើននាក់ ប្រមូលផ្ដុំគ្នាតវ៉ាជាថ្មីទៀត នៅព្រឹកថ្ងៃទី១២ កុម្ភៈ មុខរោងចក្រ តាមបណ្ដោយផ្លូវលេខ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ។ ការតវ៉ាកើតឡើងទាំងព្រឹកព្រលឹម គឺបន្ទាប់ពីភាគីរោងចក្រ មិនព្រមអនុញ្ញាតឱ្យពួកគេ ចូលធ្វើការវិញ ស្របពេល ថ្ងៃឱសានវាទកំណត់ដោយថៅកែបានមកដល់។
ក្នុងសេចក្ដីប្រកាសមុខរោងចក្រ ថៅកែបានទុកពេល២សប្ដាហ៍ ឱ្យកម្មករជាង ១ពាន់នាក់ ចូលធ្វើការវិញ បើពុំដូច្នោះទេ នឹងត្រូវចាត់ទុកថា បោះបង់ចោលការងារ តាមសាលក្រមរបស់តុលាការ ហើយនឹងត្រូវបាត់បង់ប្រាក់អត្ថប្រយោជន៍អតីតភាពរបស់ខ្លួន។ ថ្ងៃឱសានវាទ ដែលថៅកែតម្រូវឱ្យយ៉ាងយូរបំផុត គឺត្រឹមថ្ងៃទី១២ កុម្ភៈ។
កម្មករ អះអាងថា គ្នីគ្នាមានជាង ១.២០០នាក់ កំពុងតវ៉ាខាងក្រៅរោងចក្រ ហើយសម្រេចចូលធ្វើការវិញ ទាំងបង្ខំ ដើម្បីបញ្ចៀសកុំឱ្យថៅកែមានលេស កាត់លុយអតីតភាពរបស់ពួកគេ។ ប៉ុន្តែ ថៅកែបានបិទទ្វាររោងចក្រមិនព្រមឱ្យពួកគេចូលទេ។ កម្មករព្រមានថា ពួកគេនឹងវេចចាន វេចឆ្នាំង យកមកដាំបាយ តវ៉ានៅមុខរោងចក្ររាល់ថ្ងៃ ដើម្បីកុំឱ្យថៅកែមានលេសផ្សេងទៀត ទម្លាក់កំហុសដាក់កម្មករ៖ « បងណាមានម្ហូប មានអ្វីហ្នឹង យកបន្លិចម្នាក់ៗ មក។ ថ្ងៃហ្នឹង សុំហើយ និយាយមែនទែនមិននិយាយលេងទេណា គឺដាំបាយហូបជុំគ្នាតែម្ដងមក មិនបាច់ទៅផ្ទះទេ។ ឲ្យប្ដីធ្វើការជំនួសមួយថ្ងៃទៅ នរណាមានប្ដីឲ្យប្ដីដាំបាយដាំទឹក ឲ្យប្រពន្ធស៊ីមក។ ប្រពន្ធធ្វើបាតុកម្មនេះ។ នរណា មានប្រពន្ធអ្វី ឲ្យប្ដីដាំមក។ ខ្ញុំប្រាប់ប្ដីរួចហើយ ឲ្យប្ដីដាំបាយបួនប្រាំកំប៉ុងមក » ។
កម្មករបានព្យាយាមឈរលើចិញ្ចើមផ្លូវមុខរោងចក្រ ដើម្បីកុំឱ្យថៅកែមានលេសចោទថា ពួកគេបិទផ្លូវលេខ៣៧១។ ក្នុងការតវ៉ាមួយព្រឹក ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោងប្រហែល ១២ថ្ងៃត្រង់ នៃថ្ងៃទី១២ កុម្ភៈ កម្មករអះអាងថា គ្មានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ ចេញជួយដោះស្រាយឱ្យកម្មករទេ។
ជម្លោះកម្មករ និងថៅកែនៅរោងចក្រ ដាប់ប៊ែលយូ អេនឌី កើតឡើង នៅកំឡុងចុងខែធ្នូ ឆ្នាំ២០១៨ គឺក្រោយពេលកម្មករ ទាមទារឱ្យថៅកែ សម្របសម្រួលផ្ដល់ប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ឱ្យពួកគេ។ រោងចក្រនេះ មានកម្មករជាង ១.៨០០នាក់។ ប៉ុន្តែថៅកែបានបញ្ឈប់អស់ជាង ១.៧០០នាក់។
កាលពីថ្ងៃទី២៦ មករា សមាគមថៅកែរោងចក្រ បានប្រកាស ឱ្យកម្មករទាំងអស់ចូលធ្វើការវិញ។ ក្រុមកម្មករ និងសហភាពការងារកម្ពុជា ដែលកម្មករផ្ទេរសិទ្ធិឱ្យជួយ អះអាងថា យ៉ាងហោចណាស់ កម្មករជាង ១.២០០នាក់ មិនទាន់ត្រូវបានថៅកែរោងចក្រ ដាប់ប៊ែលយូ អេនឌី អនុញ្ញាតឱ្យចូលធ្វើការវិញទេ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺ ពីអគ្គលេខាធិការសមាគមថៅកែរោងចក្រ លោក ខេន លូ បានទេ នៅថ្ងៃទី១២ កុម្ភៈ ដោយសារមិនលើកទូរស័ព្ទ។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ជំរុញឱ្យភាគីនិយោជក ឬថៅកែរោងចក្រ គួរផ្ដល់លក្ខណៈងាយស្រួល ឱ្យកម្មករបានត្រឡប់ចូលធ្វើការវិញ ព្រោះទាំងភាគីថៅកែរោងចក្រ និងសមាគមថៅកែ សុទ្ធតែចេញលិខិតទទួលយកកម្មករចូលធ្វើការវិញ។
លោក ឃុន ថារ៉ូ យល់ថា ក្នុងករណីដល់ថ្ងៃឱសានវាទ ឬផុតថ្ងៃឱសានវាទ ដែលថៅកែកំណត់បែបនេះ ភាគីថៅកែ ត្រូវបន្តឆន្ទៈសម្របសម្រួលគ្រប់វិធី ជាមួយកម្មករដើម្បីធ្វើយ៉ាងណា ឱ្យកម្មករទាំងអស់ បានចូលធ្វើការវិញ។ សង្គមស៊ីវិលរូបនេះ យល់ថា ប្រសិនបើក្រុមហ៊ុន គ្មានឆន្ទៈ ទទួលយកកម្មករចូលធ្វើការវិញទេ វាធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រយោជន៍អតីតភាពរបស់កម្មករ៖ «ក្រុមហ៊ុនហ្នឹង សម្រួលនូវនីតិវិធីណាមួយ ដើម្បីជួយសម្របសម្រួលឱ្យកម្មករ គាត់ចូលធ្វើការវិញ ខ្ញុំគិតថា នៅតែមានពេលវេលាទេ ពីព្រោះថា កម្មករ ១ពាន់ ២រយនាក់ ១ពាន់ ៣រយនាក់ យើងមិនអាចថា យកចូលធ្វើការក្នុងពេលមួយថ្ងៃអស់បានទេ។ វាត្រូវមានកិច្ចសន្យា នីតិវិធីរដ្ឋបាលមួយចំនួន ហើយត្រូវមានការឯកភាពគ្នា កម្មករ និងនិយោជិក ពីព្រោះថា កិច្ចសន្យារវាងកម្មករ និងនិយោជកហ្នឹង ត្រូវមានការឯកភាពគ្នា ហើយកម្មករហ្នឹង គាត់អាចទទួលយកនូវលក្ខខណ្ឌហ្នឹង ថា តើលក្ខខណ្ឌហ្នឹង គាត់អាចទទួលយកបាន ឬអត់ ?»។
បន្ថែមពីការព្រមាននាំគ្នាវេចចានឆ្នាំង ដាំបាយតវ៉ាមុខរោងចក្រ កម្មករអះអាងថា ពួកគេនឹងលើកគ្នាទៅដាក់ញត្តិជាថ្មីទៀត នៅតាមស្ថាប័នរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ។ កម្មករប្ដេជ្ញាថា ពួកគេនឹងមិនព្រមឱ្យថៅកែរោងចក្រ ដាប់ប៊ែលយូ អែន ឌី បំបាត់ប្រាក់អតីតភាពការងាររបស់ពួកគេដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
