តំណាង​កម្មករ​រោងចក្រ W&D ថា ការ​ចរចា​ជាមួយ​អាជ្ញាធរ​គ្មាន​ដំណោះស្រាយ​ទេ បាន​ត្រឹម​តឹង​សរសៃ​ក

0:00 / 0:00

តំណាង​កម្មករ​រោងចក្រ ដាប់បែលយូ អែន​ឌី (W&D (Cambodia) Co.LTD) នៅ​ខណ្ឌ​មានជ័យ ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៦ មីនា អាជ្ញាធរ​បាន​កោះហៅ​ពួកគេ ទៅ​ជជែក​រក​ដំណោះស្រាយ​នៅ​សាលា​ខណ្ឌ។ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ​ទេ​។ មន្ត្រី​ទទួល​ញត្តិ​ប្រាប់​ថា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដោះស្រាយ​។ សហជីព​យល់ថា គួរ​យក​ករណី​នេះ​ទៅ​ដោះស្រាយ​ក្នុង​រោងចក្រ ដោយ​ឱ្យ​គ្រប់​ភាគី​បាន​តទល់​គ្នា ទើប​រក​ដំណោះស្រាយ​ឃើញ។

តំណាង​កម្មករ​ម្នាក់ ក្នុងចំណោម​តំណាង ៦​នាក់ គឺ​អ្នកស្រី ជា សុខា ប្រាប់​ថា មន្ត្រី​ក្រសួង​ការងារ និង​អាជ្ញាធរ​ខណ្ឌ​មានជ័យ គឺ​អភិបាលរង លោក ឌី រ័ត្នខេមរុន បាន​ហៅ​តំណាង និង​ក្រុម​កម្មករ​មក​ចរចា​គ្នា​នៅ​សាលា​ខណ្ឌ ប៉ុន្តែ​ការចរចា​មួយថ្ងៃ​ពេញ រហូតដល់​ម៉ោង​ខ្ទង់​៦​ល្ងាច​ហើយ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ ក្រៅពី​ការដំឡើង​សរសៃ​ក​ដាក់គ្នា៖ «តែ​ឱ្យ​ខាង​ក្រសួង​មក​សម្របសម្រួល​។ មួយ​ឆ្នាំ​ទៀត មិន​ត្រូវ​គ្នា​ផង ព្រោះ​ខាង​ភាគី​ក្រុមហ៊ុន​ហ្នឹង នៅតែ​ចោទ​ខាង​កម្មករ​ខុស​។ អ៊ីចឹង បាន​ខ្ញុំ​សួរ​ពួកគាត់ អំបាញ់មិញ​តាំង​សរសៃ​ក ដែរ ថា ចោទ​ហ្នឹង ចោទ​ពី​អ្វី​គេ​ ? យក​ភស្តុតាង​មក ហើយ​ពួក​ខ្ញុំ​ក៏​មាន​ភស្តុតាង​ដាក់​ទៅវិញ​ដែរ​។ មកទល់​មុខ​គ្នា​មក»។

វិវាទ​ការងារ​រវាង​ថៅកែ និង​កម្មករ​រោងចក្រ ដាប់ប៊ែលយូរ អែន​ឌី (W&D (Cambodia) Co.,Ltd) អូស​បន្លាយ​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ គឺ​ក្រោយពេល​កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​បំណាច់​មុន​ឆ្នាំ​២០១៩។ ក្រោយមក​ភាគី​ថៅកែ​រោងចក្រ​បណ្ដេញ​កម្មករ​ជាង​១​ពាន់ ៧​រយ (១.៧០០) នាក់​ចេញ និង​ក្រោយ​ការចរចា​ថៅកែ​ទទួលយក​កម្មករ​ជាង​១​ពាន់​នាក់​ចូល​ធ្វើការ​វិញ ប៉ុន្តែ​រក្សា​ជំហរ​មិន​ទទួលយក​កម្មករ​១២៧​នាក់ ដោយ​ចោទ​ថា ពួកគេ​ជា​ក្រុម​ញុះញង់​ឱ្យ​កម្មករ​ផ្សេងទៀត​ចេញ​តវ៉ា។

វិវាទ​ចេះតែ​អូស​បន្លាយ ជាង​២​ខែ​មកនេះ ក្រុម​កម្មករ​អះអាង​ថា ក្រៅពី​ការ​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ ក្រុម​កម្មករ​បាន​នាំគ្នា​ស្វែងរក​ដំណោះស្រាយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផង។

កាលពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ក្រុម​កម្មករ​បាន​ហែ​ញត្តិ​ថ្មើរជើង ពី​រោងចក្រ​នៅ​ខណ្ឌ​មានជ័យ ដើរ​ដល់​មុខ​ក្រសួង​ការងារ ដើម្បី​ទាមទារ​ដំណោះស្រាយ។ មន្ត្រី​ក្រសួង​ការងារ បាន​កោះហៅ​តំណាង​កម្មករ ចូល​ទៅ​ដាក់​ញត្តិ ដោយមាន​តំណាង​អ្នកទទួល​ញត្តិ​មក​ពី សាលា​រាជធានី​ភ្នំពេញ ក្រុម​ទទួល​ញត្តិ​មុខ​ភូមិគ្រឹះ​លោក ហ៊ុន សែន និង​មន្ត្រី​ក្រសួង​ការងារ​ជា​ដើរ។ កម្មករ​អះអាង​ថា ពេល​នោះ ក្រុម​មន្ត្រី បាន​សន្យា​ឱ្យ​កម្មករ​រង់ចាំ ដល់​ថ្ងៃ​ទី៦ មីនា ដើម្បី​ទុក​ពេល​ឱ្យ​មន្ត្រី​ចរចា​ជាមួយ​ភាគី​ថៅកែ​រោងចក្រ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី៦ មីនា អាជ្ញាធរ​ស្រាប់តែ​កោះហៅ ក្រុម​កម្មករ​ទៅ​ចរចា​នៅ​សាលា​ខណ្ឌ​មានជ័យ និង​គ្មាន​ដំណោះស្រាយ​ឱ្យ​កម្មករ​ទេ។

សមាជិក​ក្រុមការងារ​ទទួល​ញត្តិ​ពី​ពលរដ្ឋ មុខ​ភូមិគ្រឹះ លោក ហ៊ុន សែន គឺ លោក និន វណ្ណៈ ប្រាប់​អាស៊ីសេរី នៅ​ព្រលប់​ថ្ងៃ​ទី​៦ មីនា ថា មក​ដល់​ពេល​នេះ ក្រុម​ការងារ និង​មន្ត្រី​កំពុង​ធ្វើការ​ជាមួយ​ភាគី​ថៅកែ​នៅឡើយ និង​មិន​បាន​បញ្ជាក់​ពេលវេលា​ណា ចរចា​ចប់​ជាមួយ​ភាគី​ថៅកែ​ទេ៖ «សម្រាប់​ការ​ដោះស្រាយ​ (​ វិវាទ​ ) បងប្អូន​កម្មករ​នៅ ក្រុមហ៊ុន W&D ក្ដី ដែល​បងប្អូន​បាន​ហែ​មកកាន់​ក្រសួង​ដើម្បី​ធ្វើការ​ដោះស្រាយ រួម​ទាំង​បងប្អូន​បាន​ហែ​ទៅកាន់​ក្រុមការងារ​នៅ​ភូមិគ្រឹះ​សម្ដេច​តេជោ ឥឡូវនេះ យើង​កំពុង​ធ្វើ​ការ​ងារ​ដោះស្រាយ។ សូម​ជម្រាប​ចម្លើយ​ប៉ុន​ហ្នឹង កំពុង​ធ្វើ​ការ​ដោះស្រាយ ណាស់​។ អរគុណ»។

រោងចក្រ​កាត់ដេរ ដាប់ប៊ែលយូ អែនឌី (W&D (Cambodia) Co.,Ltd) មាន​កម្មករ​សរុប​ជាង ១​ពាន់ ៨​រយ (១.៨០០)​នាក់ មាន​ថៅកែ ជា​ជន​ជាតិ​ចិន និង​ផលិត​ម៉ាក​ខោរ​អាវ​ល្បីៗ ដូចជា ម៉ាក 511, CARRAT និង​ម៉ាក​មិនសូវ​ល្បឺ​ឈ្មោះ M&S។ ចំណែក​ម៉ាក H&M រោងចក្រ​នេះ មាន​ទទួល​ផលិត​យូរៗ​ម្ដង។

ទោះ មន្ត្រី​ទទួល​ញត្តិ​​អះអាង​ថា កំពុង​ចរចា​ជាមួយ​ភាគី​ថៅកែ​រក​ដំណោះស្រាយ​ឱ្យ​កម្មករ​រោងចក្រ​W&D ក៏​ខាង​ភាគី​ថៅកែ ដែល​តំណាង​ដោយ​សមាគម​កាត់ដេរ​នៅ​កម្ពុជា អះអាង​ថា មិន​ចរចា​ជាមួយ​កម្មករ​ទេ។ អគ្គលេខាធិការ សមាគម​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ ប្រាប់​អាស៊ីសេរី កាលពី​ចុងខែ​មករា ថា សំណុំរឿង​វិវាទ​ការងារ​នៅ​រោងចក្រ W&D បាន​ឡើង​ដល់​ដំណាក់ការ​តុលាការ​ហើយ ដូច្នេ​គ្មាន​ការចរចា​ក្រៅ​ប្រព័ន្ធ​តុលាការ​ទេ។

មន្ត្រី​ច្បាប់​នៃ​សហព័ន្ធ​សហជីព​ស៊ីខៅឌូ លោក ស៊ាង យ៉ូត យល់ថា អាជ្ញាធរ​គួរ​បើកឱកាស ឱ្យ​គ្រប់​ភាគី បាន​ជួប​ចរចា​គ្នា ដោយ​ផ្ទាល់​នៅ​ក្នុង​រោងចក្រ ជាជាង​ដើរ​តួនាទី​ជា​អ្នកនាំពាក្យ​ឱ្យ​ថៅកែ ព្រោះ​ចំណាត់ការ​របស់​ថៅកែ ជា​លក្ខខណ្ឌ​ចរចា​ជាមួយ​កម្មករ នឹង​មិន​អាច​ធ្វើ​ឱ្យ​កម្មករ​សុខចិត្ត​ទេ៖ «តតាំង​ទល់មុខ​គ្នា​។ បានន័យ​ថា បើ​គាត់​មាន​បញ្ហា ឬ​ជំហរ​រៀងៗ​ខ្លួន​អ្វី គឺ​យើង​ងាយស្រួល​ជជែក​គ្នា ក្នុង​ការ​បង្ហាញ​ហេតុផល​រៀងៗ​ខ្លួន ហើយ​ដល់ពេល​មក​តែ​ខាង​កម្មករ ហើយ​អវត្តមាន​ខាង​ភាគី​ក្រុមហ៊ុន ស្ដាប់​តែ​ហេតុផល​កម្មករ ហើយ​យក​ជំហរ​របស់​ក្រុមហ៊ុន​នៅតែ​ដដែល អ៊ីចឹង វា​អត់​មាន​អ្វី​ជា​ការ​ត្រូវរ៉ូវ​គ្នា​ទេ»។

តំណាង​កម្មករ អ្នកស្រី ជា សុខា ចាត់ទុកថា ការ​ចោទ​ប្រកាន់​ថា កម្មករ​ជាង ១០០​នាក់ ជា​មេ​ញុះញង់​ជា​រឿង​អយុត្តិធម៌ សម្រាប់​ពួកគេ ព្រោះ​នៅ​ពេល​មាន​វិវាទ អាជ្ញាធរ និង​ថៅកែ ប្រកាស​ឱ្យ​កម្មករ​រើស​អ្នកធ្វើ​តំណាង​ដើម្បី​ចរចា ហើយ​ពេល​ចរចា​មិន​ត្រូវរ៉ូវ​គ្នា បែរ​ចោទ​ពួកគេ​ជា​ក្រុម​ញុះញង់​ទៅវិញ​។ កម្មករ​ព្រមាន​ថា ពួកគេ នៅតែ​បន្ត​ការ​តវ៉ា និង​បន្ត​ហែ​ញត្តិ​ដាក់​តាម​ស្ថាប័នរដ្ឋ​តទៅទៀត បើ​មិន​អនុញ្ញាត​ឱ្យ​កម្មករ និង​សហជីព​ស៊ីខៅឌូ បាន​ចរចា​ជាមួយ​ថៅកែ​រោងចក្រ W&D ដោយ​ផ្ទាល់​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។