មន្ត្រីក្រសួងការងារបានកោះហៅតំណាងកម្មករទៅប្រជុំនៅក្រសួងការងារ ជាបន្ទាន់នៅថ្ងៃទី១៣ កុម្ភៈ គឺក្រោយពេលថៅកែរោងចក្រ ដាប់ប៊ែលយូ អែនឌី (W&D) នៅខណ្ឌមានជ័យ បានសម្រេចមិនទទួលយកកម្មករ ចំនួន ១២៧នាក់ ក្នុងចំណោមកម្មករជាង ១.៧០០នាក់ ដែលបានធ្វើកូដកម្ម កន្លងមក។ មន្ត្រីសហជីពជំរុញឱ្យភាគីថៅកែរោងចក្រទទួលយកកម្មករទាំងអស់ចូលធ្វើការវិញ ដោយកុំមានការរើសអើង ឬចោទប្រកាន់ ទើបអាចបិទបញ្ចប់ជម្លោះក្រុមកម្មករបដិសេធថា ពួកគេមិនបានញុះញង់កម្មករឱ្យធ្វើកូដកម្មទេ។ គឺពួកគេនាំគ្នាចេញមកធ្វើកូដកម្ម ទាមទារប្រាក់អតីតភាពទាំងអស់គ្នា។
កម្មករម្នាក់ ក្នុងចំណោមកម្មករ ១២៧នាក់ ដែលថៅកែរោងចក្រ ដាប់ប៊ែលយូ អែនឌី សម្រេចបញ្ឈប់ មិនទទួលយកធ្វើការវិញនោះគឺ លោក ផាន់ សាមុត ប្រាប់នៅថ្ងៃទី១២ កុម្ភៈ ថា ថៅកែរោងចក្របានបិទសេចក្ដីប្រកាសជូនដំណឹងឱ្យកម្មករចូលធ្វើការជាលើកទី២ ដោយបន្តឱសានវាទ ៣ថ្ងៃបន្ថែមទៀត។ ប៉ុន្តែ ភាគីរោងចក្រ មិនទទួលយកកម្មករចំនួន ១២៧នាក់ទេ ដោយភាគីថៅកែរោងចក្រចាត់ទុកថាជាក្រុមញុះញង់ឱ្យកម្មករជាង ១ពាន់នាក់ផ្សេងទៀត ប្រឆាំងនឹងរោងចក្រ។
ថ្លែងប្រាប់អាស៊ីសេរី ពីក្នុងអគារប្រជុំ នៃក្រសួងការងារ នៅព្រលប់ថ្ងៃទី១៣ កុម្ភៈ លោក ផាន់ សាមុត រៀបរាប់ថា ក្រោយកើតហេតុក្រុមកម្មករជាង១ពាន់នាក់ នាំគ្នាមិនចូលធ្វើការ ដូចកម្មករ១២៧នាក់ ដែលថៅកែបញ្ឈប់ដែរ ហើយបន្តកូដកម្ម នៅមុខរោងចក្រដដែល។ លោកបន្តថា មួយសន្ទុះក្រោយមក មន្ត្រីនៅក្រសួងការងារទៅសម្របសម្រួលជាមួយកម្មករ ឱ្យផ្អាកកូដកម្មសិន៖ «ព្រឹកមិញ ពួកខ្ញុំ ទៅធ្វើការតវ៉ានៅខាងមុខរោងចក្រ។ ប៉ុន្តែខាងក្រសួងការងារ និងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក គាត់ថា ឱ្យពួកខ្ញុំហ្នឹងផ្អាកកូដកម្មមួយថ្ងៃកន្លះ គឺគិតចាប់ពីថ្ងៃហ្នឹង និងថ្ងៃស្អែកមួយថ្ងៃទៀត ដើម្បីរង់ចាំដំណោះស្រាយ ពីក្រសួងការងារ ហើយថ្ងៃនេះដែរ ខ្ញុំបានមកដល់ក្រសួងការងារ កំពុងប្រជុំ។ អង្គប្រជុំនេះ និយាយ សាកសួរព័ត៌មានពីតំណាងកម្មករ។ ខ្ញុំមិនទាន់បានជួបចរចាជាមួយភាគីរោងចក្រទេ»។
រោងចក្រ ដាប់ប៊ែលយូ អេនឌី ស្ថិតតាមបណ្ដោយផ្លូវលេខ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ។ជម្លោះកម្មករ និងថៅកែនៅរោងចក្រ ដាប់ប៊ែលយូ អេនឌី អូសបន្លាយជិត២ខែហើយ ក្រោយពេលកម្មករទាមទារឱ្យថៅកែរោងចក្រ សម្របសម្រួលផ្ដល់ប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ឱ្យពួកគេ។
រោងចក្រនេះ មានកម្មករជាង ១.៨០០នាក់ ប៉ុន្តែថៅកែបានបញ្ឈប់អស់ជាង ១.៧០០នាក់។ កាលពីថ្ងៃទី២៦ មករា សមាគមថៅកែរោងចក្រ បានប្រកាសឱ្យកម្មករទាំងអស់ចូលធ្វើការវិញ។ ក្រុមកម្មករ និងសហភាពការងារកម្ពុជា ដែលកម្មករបានផ្ទេរសិទ្ធិឱ្យជួយនោះ អះអាងថា យ៉ាងហោចណាស់ កម្មករជាង ១.២០០នាក់ មិនទាន់ត្រូវបានថៅកែរោងចក្រ ដាប់ប៊ែលយូ អេនឌី អនុញ្ញាតឱ្យចូលធ្វើការវិញទេ។ អាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់ ពីអគ្គលេខាធិការសមាគមថៅកែរោងចក្រលោក ខេន លូ ជាច្រើនថ្ងៃហើយ ប៉ុន្តែមិនលើកទូរស័ព្ទ។
កម្មករ លោក ផាន់ សាមុត អះអាងថា មកដល់ថ្ងៃទី១៣ កុម្ភៈ ចំនួនកម្មករនៅតែជាង ១ពាន់ ២រយនាក់ មិនព្រមចូលធ្វើការទេ។ លោកថា កម្មកររង់ចាំឱ្យរោងចក្រ ធ្វើកិច្ចសន្យាលាយលក្ខណ៍អក្សរជាមួយខាងសហជីពស៊ីខៅឌូ ឬសហភាពការងារកម្ពុជា ដែលជាតំណាងកម្មករសិន ទើបពួកគេ ព្រមបញ្ឈប់កូដកម្ម និងវិលចូលធ្វើការងារវិញ។
មន្ត្រីផ្នែកច្បាប់ នៃសម្ព័ន្ធសហជីពស៊ីខៅឌូ និងជាតំណាងដោះស្រាយវិវាទសម្រាប់រោងចក្រ ដាប់ប៊ែលយូ អែនឌី (W&D) លោក ស៊ាង យ៉ូត ប្រាប់ថា កិច្ចប្រជុំមួយល្ងាច នៅក្រសួងការងារ គឺមន្ត្រីនៃក្រសូងការងារមិនទាន់សម្រេចបែបណាទេ ដោយគ្រាន់តែសាកសួរព័ត៌មានពីកម្មករ និងអះអាងបន្តនីតិវិធីបន្តទៀត ជាមួយភាគីពាក់ព័ន្ធ។ លោក ស៊ាង យ៉ូត ឱ្យដឹងថា ក្នុងកិច្ចប្រជុំ សហជីព និងភាគីកម្មករ ទាមទារឱ្យក្រសួងការងារបញ្ជូនសំណុំរឿងជម្លោះនៅរោងចក្រ W&D ទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល ព្រោះក្រសួងការងារបានអនុវត្តនីតិវិធីផ្សះផ្សា ជិតមួយខែហើយ តាំងពីថ្ងៃទី១៨ មករាមក តែមិនទាន់មានប្រសិទ្ធភាព៖ «អត់មានការញុះញង់ទេ គឺការស្ម័គ្រចិត្តរបស់គាត់។ គាត់ ( កម្មករ ) ចង់បានកិច្ចព្រមព្រៀងមួយ ជាលាយលក្ខណ៍អក្សរ ជាមួយភាគីក្រុមហ៊ុន ព្រោះថាកន្លងមក មានបញ្ហាដដែលៗ។ គ្មានលាយលក្ខណ៍អក្សរ គឺបាតដៃ ខ្នងដៃ។ អ៊ីចឹង ធ្វើឱ្យជំនឿ ទុកចិត្តក្រុមហ៊ុន គាត់ ( កម្មករ ) អត់មានទំនុកចិត្ត។ គាត់ចង់បានកិច្ចព្រមព្រៀងមួយ។ សម្រាប់រឿងកម្មករមិនចូល ( ធ្វើការ ) ដោយសាររោងចក្រ បញ្ឈប់កម្មករមួយផ្នែក មួយចំនួន»។
កម្មករ ថាក្រោយពេលប្រជុំនៅរសៀលថ្ងៃទី១៣ កុម្ភៈរួច ពួកគេ នឹងរង់ចាំមើលចំណាត់ការ របស់មន្ត្រីក្រសួងការងារ ប៉ុន្តែពួកគេនឹងបន្តការតវ៉ានៅមុខរោងចក្រ W&D រាល់ថ្ងៃ ទាល់តែមានដំណោះស្រាយ។ កម្មករក៏គ្រោងលើកគ្នាទៅ ដាក់ញត្តិម្ដងទៀត នៅខុទ្ទកាល័យមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។