លោក អាត់​ ធន់ ថា លោកនាយក​រដ្ឋមន្ត្រី​មាន​ការ​យល់​ច្រឡំ អំពី​​ក្រុម​កម្មករ​រោងចក្រ W&D ឈរ​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ផ្ទះ​របស់​លោក​

2019-03-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​​​រោងចក្រ​W&D ជាង​៥០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ក្រុង​ភ្នំពេញ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ជាថ្មី​ទៀត នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៩។
កម្មករ​​​រោងចក្រ​W&D ជាង​៥០០​នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ក្រុង​ភ្នំពេញ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ជាថ្មី​ទៀត នៅ​ថ្ងៃ​ទី១៨ ខែ​មីនា ឆ្នាំ​២០១៩។
Photo courtesy of CCAWDU

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ហៅ​ការ​ទាមទារ​រក​ដំណោះស្រាយ​របស់​ក្រុម​កម្មករ​ជាច្រើន​រយ​នាក់​ នៅ​ក្បែរ​ផ្ទះ​របស់​លោក​ ជិត​វិមាន​ឯករាជ្យ​​ថា ​ជា​រឿង​ខុសច្បាប់ ទាក់ទង​នឹង​ការ​ទាមទារ​បើក​ប្រាក់​​អតីតភាព​ការងារ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា លោក ហ៊ុន សែន​ ថ្លែង​ជា​សាធារណៈ ទៅ​មេដឹកនាំ​សហជីព លោក អាត់​ ធន់ ឲ្យ​បញ្ឈប់​សកម្មភាព​ដឹកនាំ​កម្មករ​ដែល​ធ្វើ​ការ​តវ៉ា​នេះ។ ចំណែក​លោក អាត់ ធន់ យល់ថា ការ​ផ្ដល់​ព័ត៌មាន​មិន​បាន​ជាក់​លាក់ ពី​សំណាក់​មន្ត្រី​ក្រសួង​ការងារ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ហើយ​បន្ត​ទៅ​នាយករដ្ឋមន្ត្រី​ អាច​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​អំពី​ការ​ទាមទារ​ពិតប្រាកដ​របស់​កម្មករ។

ទាក់​ទង​នឹង​វិវាទ​ការ​ងារ​រវាង​ក្រុម​កម្មករ​និង​ថៅកែ​រោងចក្រ W&D ក្នុង​ក្រុង​ភ្នំពេញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា លោក មិន​អាច​ដោះស្រាយ​ឲ្យ​បាន​ទេ ជុំវិញ​ការ​ចង់​បាន​ក្រុម​កម្មករ​ជាង​១០០​នាក់​ រឿង​បើក​ប្រាក់​អតីតភាព​ការងារ​ពី​ថៅកែ​រោងចក្រ ក្រោយ​ពី​លោក​ទទួល​ព័ត៌មាន​នោះ ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អិត សំហេង។ លោក ហ៊ុន សែន​ បញ្ជាក់​ថា ប្រាក់​ខែ​របស់​កម្មករ​មិន​បាត់​បង់​ទេ តែ​ត្រូវ​ធ្វើ​ទៅ​តាម​ច្បាប់​ការងារ ដោយ​បើក​ប្រាក់​អតីតភាព​ការងារ​រាល់​៦ខែ​ម្ដង។ ក្រៅ​ពី​នេះ លោក ហ៊ុន ស្នើ​ឲ្យ​កម្មករ​ឈប់​ជឿ​តាម​ការ​ញុះញង់​របស់​អ្នក​ដទៃ៖ «រោងចក្រ​មួយ​ហ្នឹង​ប៉ុន្មាន​រយ​នាក់ ប៉ុន្មាន​ពាន់​នាក់? ២០០០នាក់! ២​ពាន់​នាក់​ ឥឡូវ​នៅ​សល់​តែ​១០០​នាក់​ទេ ប៉ុន្មាន​ទៀត​គេ​ចូល​ធ្វើ​ការ​វិញ​ហើយ។ ទទួល​នៅ​ការ​ពន្យល់​ហើយ ប៉ុន្តែ​នៅ​សល់​តែ​១រយ​នាក់ នៅ​មុខ​ហ្នឹង​ទៅ។ ហើយ​បើ​ពូ​ទៅ​ជួប​ក៏​ពូ​មិន​អាច​ដោះស្រាយ​បាន​ដែរ។​ ហើយ​បើ​ដោះស្រាយ​វិវាទ​នោះ គឺ​ត្រូវ​ដោះស្រាយ​ឲ្យ​កម្មករ​ទូទាំង​ប្រទេស។ អ៊ីចឹង! ពួក​ថៅកែ​ត្រូវ​ចេញ​ថវិកា​អស់​ម្ដង សរុប​ទៅ​ប្រមាណ​ជាង​២ពាន់​លាន​។ ដោះស្រាយ​រួច​ហើយ​ដើរ​ចេញ​តែ​ម្ដង ហើយ​អ៊ីចឹង​ យើង​អត់​ការងារ​មួយ​ប្រទេស​ទៅ​អី​យ៉ាង​មិច​? អ៊ីចឹង!​សូម​ក្មួយ​ឲ្យ​យោគ​យល់​អំពី​បញ្ហា​នេះ»

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ (CCAWDU) លោក អាត់ ធន់ យល់​ថា ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សែន​ ចំពោះ​ការ​តវ៉ា​របស់​ក្រុម​កម្មករ​នេះ អាច​ជា​ការ​យល់​ច្រឡំ​ច្រើន​ជាង ​ដោយសារ​ការ​ផ្ដល់​ព័ត៌មាន​មិន​បាន​ត្រឹម​ត្រូវ​ពី​ថ្នាក់​មន្ត្រី​ការងារ។ លោក អាត់ ធន់ ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ ចំនួន​កម្មករ​ដែល​នៅ​បន្ត​ធ្វើ​កូដកម្ម​មុខ​រោង​ចក្រW&D មិន​មែន ១០០នាក់​ទេ គឺ​មាន​ជាង ១ពាន់​នាក់ (.២២៨នាក់) ក្នុង​ចំណោម​កម្មករ​ទាំង​អស់ ១ពាន់ ៨រយ​នាក់។ លោក អាត់ ធន់ បញ្ជាក់​ថា រាល់​ពេល​ចរចា​រក​ដំណោះស្រាយ​ជាមួយ​ក្រសួង​ការងារ​អំពី​វិវាទ​ការងារ​រវាង​កម្មករ ​និង​ថៅកែ​រោងចក្រW&Dនេះ លោក​មិន​បាន​ទាមទារ​បើក​ប្រាក់​អតីតភាព​ការងារ​ឲ្យ​កម្មករ​នោះ​ទេ៖ «ពីរ​បី​ខែ​ហ្នឹង គឺ​ខ្ញុំ​បាន​ដោះស្រាយ​នៅ​ក្រសួង​ហ្នឹង យើង​មិន​ដែល​ទាមទារ​ឲ្យ​គិត​លុយ​សរុប​ទេ។ មាន​ន័យ​ថា ឲ្យ​បាន​ចូល​ធ្វើ​ការ​វិញ​នៅ​កន្លែង​ដើម និង​រក្សា​ការងារ​កន្លែង​ដើម​ហ្នឹង​ឡើង​វិញ​បាន​ហើយ​តាម​ច្បាប់​របស់​ក្រសួង​ហ្នឹង​។ អ៊ីចឹង! ខ្ញុំ​គិត​ថា ករណី​នៅ​ក្នុង​រោងចក្រ​នេះ គឺ​មាន​ពីរ​នាក់ គឺ​ឯកឧត្ដម​ ហ៊ឹម ហឿន មួយ និង​ឯកឧត្ដម​ ប្រាក់ ចាន់ធឿន មួយ​អ្នក​ធ្វើ​ការ​រឿង​ហ្នឹង ប្រហែល​ជា​គាត់​រាយការណ៍​ទៅ​ឯកឧត្ដម​រដ្ឋមន្ត្រី​ខុស ហើយ​ឯកឧត្ដម​រដ្ឋមន្ត្រី​គាត់​រាយការណ៍​ទៅ​សម្ដេច​នាយករដ្ឋមន្ត្រី​ខុស បាន​ជា​គាត់​លើក​ឡើង​អ៊ីចឹង។ តាម​ពិត​ទៅ​ពីរ​ចំណុច​ហ្នឹង​ អត់​ទេ។ គិត​លុយ​អតីត​ភាព​ការងារ គឺ​យើង​អត់​បាន​ឯកភាព ហើយ​កម្មករ​ក៏​ឯកភាព​លែង​ទារ​ដែរ។ គ្រាន់​តែ​ពួកគាត់​ចូល​ធ្វើ​ការ​ទេ»

អាស៊ី​សេរី មិន​អាច​សុំ​ការ​បកស្រាយ​រឿង​នេះ​ ពី​អគ្គ​លេខាធិការ​នៃ​គណៈកម្មការ​ដោះ​ស្រាយ​កូដកម្ម​ បាតុកម្ម​គ្រប់​មុខ​សញ្ញា​នៃ​ក្រសួង​ការងារ លោក ប្រាក់ ចាន់ធឿន បាន​នៅ​ឡើយ​ទេ​ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​មិន​មាន​អ្នក​ទទួល។

ខណៈ លោក ហ៊ុន សែន ថ្លែង​សុន្ទរកថា នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ជាង ១.៧០០នាក់​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ មាន​កម្មករ​​រោងចក្រW&D ជាង ៥០០នាក់ ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្បែរ​ផ្ទះ​របស់​លោក ជិត​វិមាន​ឯករាជ្យ ក្នុង​ក្រុង​ភ្នំពេញ ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ជាថ្មី បន្ទាប់​ពី​ពួក​គាត់​មិន​ឃើញ​មាន​ដំណោះស្រាយ​ណាមួយ​ពី​ក្រសួង​ការងារ ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​ឲ្យ​ថៅកែ​រោង​ចក្រ​ទទួល​យក​ពួកគេ​ជាង ១.២០០នាក់ ត្រលប់​ចូល​ធ្វើ​ការងារ​វិញ​បាន។ ការ​តវ៉ា​របស់​កម្មករ ដែល​ភាគ​ច្រើន​ជា​ស្ត្រី​ធ្វើ​ឡើង​ក្រោយ​ពី​ពួក​គេ​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​ខុទ្ទកាល័យ​លោក ហ៊ុន សែន ជិត ១ខែ​កន្លង​មក។ កម្មករ​ឲ្យ​ដឹង​ថា មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ ក្រុម​នគរបាល​បង្ក្រាប​បាតុកម្ម​ប្រដាប់​ដោយ​ខែល និង​ដំបង​ឆក់ កង​រាជ​អាវុធ​ហត្ថ និង​កង​សន្តិសុខ​ខណ្ឌ​ដូន​ពេញ សរុប​ប្រមាណ ៣០០នាក់ ដាក់​ពង្រាយ​ព័ទ្ធ​ជុំ​វិញ​កម្មករ នៅ​ក្បែរ​រូប​សំណាក់​ព្រះបាទ នរោត្ដម សីហនុ ក្បែរ​វិមាន​ឯករាជ្យ។

តំណាង​កម្មករ​រោង​ចក្រ​កាត់​ដេរ W&D លោក ផាត សាមុត យល់​ថា ​ការ​ដាក់​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​ អាច​ជា​ការ​គំរាម​កំហែង​ដល់​កម្មករ​ ខណៈ​ពួក​គាត់​ទាមទារ​រក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​។ លោក ផាត សាមុត ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​រក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​មាន​មន្ត្រី​ការងារ និង​អាជ្ញាធរ​ចុះ​មក​សម្របសម្រួល​ ហើយ​ប្រាប់​ឲ្យ​ទៅ​ដោះ​ស្រាយ​នៅ​ក្រសួង​ការងារ​វិញ ប៉ុន្តែ​ក្រុម​កម្មករ​មិន​ព្រម ដោយ​សារ​គ្មាន​ចេញ​លិខិត​ស្នាម​ច្បាស់លាស់៖ «ខាង​កម្មករ និង​តំណាង​កម្មករ​ស្នើ​សុំ​ឲ្យ​មន្ត្រី​ពាក់​ព័ន្ធ​ទាំង​អស់​ហ្នឹង​ចេញ​ក្រដាស​បញ្ជាក់​ឲ្យ​បាន​គ្រប់​គ្រាន់​មក ទៅ​ដោះស្រាយ​នៅ​ក្រសួង​ការងារ​ថ្ងៃ​នេះ​ម៉ោង ២។ ប៉ុន្តែ​ខាង​ក្រសួង​ការងារ ឬ​មន្ត្រី​ពាក់ព័ន្ធ​ថា មិន​ចាំ​ក្រដាស​អី​ទេ ឲ្យ​តែ​មក​ម៉ោង៣ គឺ​គាត់​ដោះស្រាយ​ហើយ មិន​ចាំ​បាច់​រក​ក្រដាស​បញ្ជាក់​ទេ។ មូល​ហេតុ​កន្លង​មក ការ​និយាយ​អ៊ីចឹង! គឺ​កម្មករ​តែង​ទុក​ពេល​ឲ្យ​រហូត មិន​ថា ២ថ្ងៃ ៣ថ្ងៃ ឬ​មួយ​សប្ដាហ៍​ទេ។ ដល់​ទុក​ពេលៗ ទៅ ដល់​ថ្ងៃ​គាត់​ថា អាណា​អ្នក​និយាយ​ អាណា​អ្នក​​ប្រាប់​ឯង។ មាន​ពេល​ខ្លះ​មាន​ក្រដាស​អញ្ជើញ​ហើយ អត់​មាន​ដោះស្រាយ​ជូន​កម្មករ​ទៀត»

វិវាទ​ការងារ​រវាង​ថៅកែ និង​កម្មករ​រោងចក្រ ដាប់ប៊ែលយូរ អែនឌី​ (W&D (Cambodia) Co.,Ltd) ដែល​អូស​បន្លាយ​ជាង ២ខែ​មកនេះ ​ដោយ​សារ​ភាគី​ថៅកែ​រោងចក្រ​រក្សា​ជំហរ​ មិន​ទទួល​យក​កម្មករ​ជាង ១០០នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ទេ ដោយ​ចោទ​ថា ពួកគេ​ជា​ក្រុម​ញុះញង់​ឲ្យ​កម្មករ​ជាង ១.៧០០នាក់​ផ្សេង​ទៀត ក្នុង​ចំណោម​កម្មករ​ជាង ១.៨០០រយ​នាក់​ចេញ​តវ៉ា។ កម្មករ​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ថៅកែ​អំពាវនាវ​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ តាម​ការ​សម្របសម្រួល​ពី​ក្រសួង​ការងារ​នោះ មាន​កម្មករ​ខ្លះ​ព្រម​ចូល​ធ្វើ​ការ​វិញ និង​មាន​កម្ម​ករ​ខ្លះ មិន​ព្រម​ចូល​ធ្វើការ​វិញ​ទេ។ កម្មករ​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ កម្មករ​ដែល​មិន​ព្រម​ចូល​ធ្វើការ​វិញ នៅតែ​មាន​ចំនួន​ជាង ១ពាន់​នាក់។ ចំណែក​​សមាគម​ថៅកែ​រោងចក្រ​ ប្រកាស​កាល​ពី​ចុង​ខែ​មករា​ថា កម្មករ​ភាគ​ច្រើន បាន​ត្រលប់​ចូល​ធ្វើការ​តាម​ការ​អំពាវនាវ​ហើយ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​មិន​ទទួល​យក​កម្មករ​ ដែល​ជា​ក្រុម​ញុះញង់​ដាច់ខាត។

ក្រុម​កម្មករ​ប្រកាន់​ជំហរ​ថា ពួក​គេ​នៅ​តែ​បន្ត​ធ្វើ​កូដ​មុខ​រោងចក្រ និង​ដើរ​ហែ​ក្បួន​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ផ្សេង​ទៀត ប្រសិន​បើ​នៅ​តែ​មិន​មាន​ដំណោះ​ស្រាយ ដោយ​តម្រូវ​ឲ្យ​ថៅកែ​រោង​ចក្រ​ព្រម​ទទួល​យក​កម្មករ​ជាង ១០០នាក់ ​ចូល​ធ្វើ​ការ​វិញ​នោះ។ កម្មករ​ថា ការ​តវ៉ា​របស់​ពួក​គេ​ពេល​នេះ គ្រាន់​តែ​ដើម្បី​បាន​ចូល​ធ្វើ​ការងារ​ក្នុង​រោងចក្រ​វិញ រក​ប្រាក់​កម្រៃ​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ និង​ផ្គត់ផ្គង់​ក្មេង ចាស់​ជរា​ក្នុង​បន្ទុក​ប៉ុណ្ណោះ។

រោងចក្រ​កាត់ដេរ ដាប់ប៊ែលយូរ អែនឌី​ (W&D (Cambodia) Co.,Ltd) ស្ថិត​នៅ​ខណ្ឌ​មានជ័យ ដែល​មាន​ថៅកែ​ជា​ជន​ជាតិ​ចិន ផលិត​ម៉ាក​ខោរ​អាវ​ល្បី​ៗ ដូចជា ម៉ាក 511, CARRAT និង​ម៉ាក M&S ។ កម្មករ​ឲ្យ​ដឹង​ថា ម៉ាក​ទាំង​បី​នេះ រោងចក្រ​ដាប់​ប៊ែលយូរ អែន​ឌី (W&D (Cambodia) Co.,Ltd) ផលិត​ច្រើន​ជាង​គេ ចំណែក​ម៉ាក H&M​ មាន​ទទួល​ផលិត​យូរៗ​ម្ដង

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល