ប្រពន្ធជនរងគ្រោះដែលត្រូវរថយន្តរបស់មន្ត្រីយោធា បុកបណ្ដាលឲ្យស្លាប់កាលពីសប្ដាហ៍មុននោះ ទាមទារយុត្តិធម៌ ដោយសារតែជនសង្ស័យកំពុងរត់គេចខ្លួន។ អង្គការសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរស្វែងរកជនបង្កដែលមានតួនាទីជាមន្ត្រីយោធារូបនោះ មកផ្ដន្ទាទោសតាមច្បាប់ ដើម្បីជាគំរូល្អនៅក្នុងសង្គម និងបង្ហាញពីការពង្រឹងការអនុវត្តច្បាប់។
ភរិយាជនរងគ្រោះ គឺលោកស្រី សិន ថា ប្រាប់អាស៊ីសេរីថា គ្រួសារជនបង្កដែលបើករថយន្តបុកប្តីរបស់លោកស្រីបណ្ដាលឲ្យស្លាប់នោះ បានចេញមុខទៅចូលរួមបុណ្យពិធីបុណ្យសព និងបានចរចា ពីរឿងផ្ដល់សំណងខ្លះដែរ ប៉ុន្តែមិនទាន់ត្រូវរ៉ូវគ្នានៅឡើយ ហើយជនបង្កនៅតែបន្តគេចខ្លួន ដោយ បដិសេធមិនទទួលខុសត្រូវតាមផ្លូវច្បាប់នោះទេ។
លោកស្រី សិន ថា ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ ដូចជាបង្គាប់ឲ្យជនបង្កផ្ដល់សំណង សមរម្យ និងផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៖ « សូមអំពាវនាវដល់អាជ្ញាធរជួយរកយុត្តិធម៌ដល់ខ្ញុំផង ព្រោះខ្ញុំមិនដឹងថាពឹងអី ព្រោះកូនពីរនាក់នៅតូចៗ ពិបាកចិញ្ចឹមដែរ។ ខ្ញុំធ្លាប់ពឹងតែប្ដីដល់ពេលអត់ពីប្តី ដែលជាបង្គោលគ្រួសារទៅ មិនដឹងថា មានអីទ្រទ្រង់ទៀតទេ។ និយាយទៅខ្ញុំសុំតែសំណងសមរម្យ ហើយឲ្យមានយុត្តិធម៌ទៅ ព្រោះអីប្ដីខ្ញុំ ដូចជា ស្លាប់អយុត្តិធម៌ពេក » ។
កាលពីយប់ថ្ងៃទី២៥ ខែមេសា រថយន្តម៉ាក់ហ្វត(Ford) មួយគ្រឿងពាក់ស្លាកលេខ ខេមរភូមិន្ទ បានបើកបុកនឹងម៉ូតូមួយគ្រឿងបើកបរដោយបុរសម្នាក់ នៅកណ្ដាលមេឃភ្លៀង នៅតាមបណ្ដោយផ្លូវ២០០៤ ខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់បាត់បង់ជីវិត។ វីដេអូឃ្លិបដែលថតបាននៅកន្លែងកើតហេតុ និងត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ចែកចាយនោះ បង្ហាញថា នៅពេលកើតហេតុនោះ ម្ចាស់រថយន្ត បានចុះមកទាញម៉ូតូចេញពីមុខឡាន រួចបើកគេចចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព ដោយមិនខ្វាយខ្វល់ពីជនរងគ្រោះ ឬហៅឡាន ពេទ្យទៅជួយសង្គ្រោះនោះទេ ទុកឲ្យជនរងគ្រោះដេកស្ដូកស្ដឹងក្រោមដំណក់ទឹកភ្លៀង រហូតដល់ស្លាប់។
ជនរងគ្រោះ ដែលស្លាប់នោះមានឈ្មោះ វង រដ្ឋា អាយុ ៣០ឆ្នាំ ជាកម្មកររោងចក្រ នៅសង្កាត់ចោម ចៅ ក្រុងភ្នំពេញ ប៉ុន្តែមានស្រុកកំណើតនៅភូមិថ្មី ឃុំ ពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍ថា ម្ចាស់រថយន្តដែលជាជនបង្កនោះ ត្រូវបានសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ គឺគាត់ជាមន្ត្រីយោធាពាក់ស័ក្តិ៥ ឈ្មោះ ឈុន សារ៉េត ហើយមានមុខរបររកស៊ីក្រៅផ្នែកខួងបុកគ្រឹះ។ លោកអះអាងថា បច្ចុប្បន្នជនបង្ករូបនេះ កំពុងគេចខ្លួន ប៉ុន្តែបានឲ្យក្រុមគ្រួសារ ចូលទៅជួបជាមួយសមត្ថកិច្ច ដើម្បីធ្វើ កំណត់ហេតុរួចហើយ។ ទោះជាយ៉ាងណា លោក ឆាយ គឹមខឿន សុំមិនធ្វើអត្ថាធិប្បាយករណីគ្រួសាររបស់ជនសង្ស័យ ដែលបានព្យាយាមចរចាបញ្ចប់រឿងក្រៅប្រពន្ធតុលាការ ដោយផ្ដល់សំណង់ដល់គ្រួសារជនរងគ្រោះចំនួន ៣ពាន់ដុល្លារនោះទេ៖ « ទី១ យើងឲ្យគាត់ចូលខ្លួន ព្រោះគាត់មានអង្គភាពច្បាស់លាស់ ហើយគាត់ជាកងកម្លាំង ដូច្នេះព្យាយាមឲ្យគាត់ចូលខ្លួនមក ហើយទី២ បើគាត់មិន ចូលខ្លួនគឺយូរ និងឆាប់ក៏គេរកឃើញដែរ រត់ទៅណាបើគេមានអាសយដ្ឋាន មានអត្តសញ្ញាណច្បាស់លាស់អ៊ីចេះហើយ ហើយជនបង្កគ្រោះថ្នាក់ចរាចរណ៍ ក៏អត់មានទោសឧក្រិដ្ឋណា » ។
ទាក់ទងនឹងករណីនេះ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោក គង់ រតនៈ លើក ឡើងថា ជារឿងគួរឲ្យសោកស្ដាយ ដែលមន្ត្រីរាជការមានតួនាទីអនុវត្តច្បាប់ ប៉ុន្តែបែរជាបើកបុកប្រជាពលរដ្ឋបណ្ដាលឲ្យស្លាប់ ហើយរត់គេចពីការទទួលខុសត្រូវតាមផ្លូវច្បាប់ទៅវិញ។ លោក ស្នើសុំឲ្យ ជនបង្ករូបនោះ ចេញមុខទទួលខុសត្រូវករណីនេះតាមច្បាប់ ហើយសមត្ថកិច្ចគួរតែពង្រឹងការ អនុវត្តច្បាប់បន្ថែមទៀត ព្រោះលោកយល់ថា ករណីបុកហើយរត់នេះ កើតឡើងដោយសារតែការអនុវត្តច្បាប់នៅទន់ខ្សោយ៖ « បើសិនជាច្បាប់បានបង្ហាញអំពីតម្លាភាព សម្រាប់ប្រជាពលរដ្ឋទូទៅនោះ ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋច្បាស់ជាគោរព ហើយអ្នកដែលល្មើស ក៏អត់ហ៊ានគេចវេះដែរ ប៉ុន្តែគាត់ហ៊ានគេចវេះដោយសារគាត់គិតថា នៅមានចន្លោះសម្រាប់គាត់គេចវេះ។ ខ្ញុំសូមសំណូមពរដល់ស្ថាប័នរាជរដ្ឋាភិបាលពង្រឹងការអនុវត្តច្បាប់ឲ្យមានតម្លាភាព និងស្មើភាពគ្នា ទោះបីគាត់ជាមន្ត្រីរាជការក៏ដោយ ជាកងកម្លាំងក៏ដោយ គាត់ត្រូវតែទទួលខុសត្រូវ ហើយការទទួលខុសត្រូវនោះ គឺត្រូវតែស្របទៅតាមច្បាប់ ហើយនឹងអាចទទួលយកបានពីគ្រួសារជនរងគ្រោះ និងប្រជាពលរដ្ឋទូទៅដែរ » ។
មាត្រា៨៥ នៃច្បាប់ចរាចរណ៍ថ្មីចែងថាជនណាបើកបរដោយធ្វេសប្រហែលខ្ចីខ្ជា មិនប្រុងប្រយ័ត្នបណ្ដាលឱ្យអ្នកដទៃស្លាប់ ត្រូវផ្ដន្ទាទោសពី ១ឆ្នាំទៅ ៣ឆ្នាំនិងពិន័យជាប្រាក់ ៤លានរៀលទៅ ១០លានរៀល។ ករណីជនបង្កបើកបរដោយគ្មានប័ណ្ណបើកបរនិងបើកបរក្នុងស្ថានភាពស្រវឹងហើយបណ្ដាលឱ្យស្លាប់ច្រើននាក់ ឬបើករត់គេចពីកន្លែងកើតហេតុដើម្បីគេចពីការទទួលខុសត្រូវ គឺត្រូវផ្ដន្ទាទោសពី ២ឆ្នាំទៅ ៥ឆ្នាំនិងពិន័យជាប្រាក់ពី ១០លានរៀលទៅ ២៥លានរៀល ព្រមទាំងហាមបើកបររយៈពេល ៥ឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។