កម្មករ​ជាង​៥០​នាក់​ទាមទារ​ឲ្យ​មេការ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​សង​ថ្លៃ​ពលកម្ម

ដោយ ម៉ែន សុធីរ
2017.08.08
តំណាង​កម្មករ​ទំនប់​វារីអគ្គិសនី​សេសាន អ៊ុច ផាន ២០១៧ ១៤៤០ តំណាង​កម្មករ​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុច ផាន ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Men Sothyr

កម្មករ​ជាង ៥០​នាក់ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ជួយ​ដោះស្រាយ និង​ស្វែងរក​អ្នក​ម៉ៅការ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ទទួល​ខុស​ត្រូវ​សង​ប្រាក់​ថ្លៃ​កម្លាំង​ពលកម្ម។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មេការ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ៣​នាក់ បាន​គេច​ខ្លួន​ទាំង​មិន​ទាន់​សង​ប្រាក់​ឈ្នួល​ឲ្យ​ក្រុម​កម្មករ​នៅ​ឡើយ​ទេ។

កម្មករ​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ៧​នាក់​តំណាង​ឲ្យ​កម្មករ​ជាង ៥០​នាក់ បាន​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឃុំ​ស្រែគរ រឿង​មេការ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មិន​ទាន់​ទូទាត់​ថ្លៃ​ប្រាក់​ឈ្នួល​ឲ្យ​ពួក​គាត់​នៅ​ឡើយ។

តំណាង​កម្មករ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មក​ពី​ខែត្រ​ព្រៃវែង លោក អ៊ុច ផាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ សីហា ថា កម្មករ​ច្រើន​ក្រុម​ជាង ៥០​នាក់ បាន​ចាកចេញ​ពី​ស្រុក​កំណើត​មក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ តាំង​ពី​ខែ​មករា ឆ្នាំ​២០១៧ រហូត​បច្ចុប្បន្ន ពុំ​ទាន់​បើក​ប្រាក់​ឈ្នួល​ថ្លៃ​កម្លាំង​ពលកម្ម​នៅ​ឡើយ​ទេ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពួក​គាត់​ធ្ងន់ធ្ងរ។

លោក​ថា កម្មករ​ខ្លះ​មក​ពី​ខែត្រ​ព្រៃវែង ស្វាយរៀង កំពត និង​ខែត្រ​កំពង់ចាម ជាដើម មក​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ចាប់​ពី ៤​ម៉ឺន​ដល់ ៥​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ។ លោក​ថា ពួក​គាត់​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ស្រែគរ ជាង​ពីរ​សប្ដាហ៍​មក​ហើយ។ មក​ទល់​ពេល​នេះ ពុំ​ទាន់​ឃើញ​មាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ។ លោក​កត់​សម្គាល់​ថា មេការ​ក្រុមហ៊ុន​ឈ្មោះ អាត់ សំអន ញ៉េស សំអាត និង នង វណ្ណា ដែល​នាំ​ពួក​គាត់​ធ្វើ​ជា​កម្មករ​សង់​ផ្ទះ​នៅ​ភូមិ​ស្រែគរថ្មី ច្រើន​ខែ​មក​ហើយ។

លោក​ថា ក្រុម​កម្មករ​បាន​ទាក់ទង​ទៅ​តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឲ្យ​ដោះស្រាយ​រឿង​នេះ តែ​តំណាង​ក្រុមហ៊ុន​ឆ្លើយ​ថា ពួក​គេ​បាន​សង​ប្រាក់​តាម​រយៈ​មេការ​ក្រុមហ៊ុន​រួច​រាល់​ហើយ៖ «ខ្ញុំ​ទៅ​ជម្រាប​ខាង​ក្រុមហ៊ុន​ដែរ តែ​ក្រុមហ៊ុន​គេ​ថា គេ​បាន​ឲ្យ​រួច​រាល់អស់​ហើយខ្ញុំ​ថា​មេការ​គោ​ឆបោក​យើង គេ​យក​លុយ​យើង​ទៅ​ចាយ វា​បោក​កម្លាំង​យើង​អត់​ឲ្យ​យើង។ ខ្ញុំ​អត់​ឲ្យ​ផ្ទះ​ហ្នឹង ខ្ញុំ​នៅ​ទាល់​តែ​គេ​យក​លុយ​មក​សង​ខ្ញុំ​មក បាន​ខ្ញុំ​ចុះ​ចេញ»

របាយការណ៍​មេ​ឃុំ​ស្រែគរ ឲ្យ​ដឹង​ថា ប្រាក់​ថ្លៃ​កម្លាំង​ពលកម្ម​ដែល​កម្មករ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​មាន​ចំនួន​ជាង ១​ម៉ឺន​ដុល្លារ។ ប្រាក់​ទាំងនេះ​គឺ​ជា​ថ្លៃ​ឈ្នួល​ធ្វើ​ផ្ទះ​នៅ​សេសសល់​ចុង​ក្រោយ​ជាង ៣០​ខ្នង ដែល​ក្រុមហ៊ុន​ផ្តល់​សំណង​ជូន​ពលរដ្ឋ​រង​ផល​ប៉ះពាល់​នៅ​ឃុំ​ស្រែគរ។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង និង​តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​៨ សីហា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ពុំ​មាន​អ្នក​ទទួល។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​រឿង​នេះ​ហើយ និង​បាន​រាយការណ៍​ទៅ​អាជ្ញាធរ​ខែត្រ​ឲ្យ​អន្តរាគមន៍​ដោះស្រាយ តែ​ពុំ​ទាន់​មាន​លទ្ធផល​នៅ​ឡើយ។ លោក​ថា អាជ្ញាធរ​ខែត្រ​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​មួយ​ចំណែក ពាក់ព័ន្ធ​ការ​សាងសង់​លំនៅឋាន​ជូន​ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ជាមួយ​ក្រុមហ៊ុន ក៏ប៉ុន្តែ​កម្មករ​បែរ​ជា​ថ្ងូរ​មិន​ទាន់​បើក​ប្រាក់​ពី​មេការ​ទៅ​វិញ។ បញ្ហា​នេះ លោក​ជឿជាក់​ថា អាជ្ញាធរ​ខែត្រ និង​ក្រុមហ៊ុន ប្រាកដ​ជា​ស្គាល់ និង​កំណត់​មុខ​សញ្ញា​មេការ​ក្រុមហ៊ុន ធ្វើ​យ៉ាង​ណា​រក​មធ្យោបាយ​ស្វែងរក​អ្នក​ម៉ៅការ​ឲ្យ​ទទួល​ខុស​ត្រូវ៖ «ធម្មតា​ម៉ៅការ​ទាំងមូល យើង​ត្រូវ​យក​មេការ​ណា​ដែល​ទុក​ចិត្ត។ ដល់​ចឹង​ឯកឧត្តម ជា ថាវរិទ្ធ ត្រូវ​ដឹង​មេការ​នៅ​ឯណា? មេការ​ទាំងអស់​ហ្នឹង​រឹងរូស​ទាំងអស់ ដោយសារ​តែ​អះអាង​ថា​មេការ​ឲ្យ​ឯកឧត្តម​ថ្នាក់​ខែត្រ។ យើង​សុំ​ជម្រាប​ថា យើង​នឹង​ខំ​ប្រឹង​ដោះស្រាយ​ឲ្យ​គាត់»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខែត្រ​ស្ទឹងត្រែង លោក ហូ សំអុល យល់​ថា បញ្ហា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អ្នក​ម៉ៅការ ច្រើន​ជាង​ក្រុមហ៊ុន។ ហេតុ​នេះ អាជ្ញាធរ​គួរ​តែ​ប្រញាប់​ស្វែងរក​អ្នក​ម៉ៅការ​ឲ្យ​មក​ទទួល​ខុស​ត្រូវ​សង​ប្រាក់​ថ្លៃ​កម្លាំង​ពលកម្ម។ លោក​បញ្ជាក់​ថា តំណាង​កម្មករ​មាន​សិទ្ធិ​ប្ដឹង​អ្នក​ម៉ៅការ​ទៅ​នគរបាល និង​តំណាង​អយ្យការ​ពី​បទ​ឆបោក​ដើម្បី​ស្វែងរក​យុត្តិធម៌ ហើយ​សមាគម​អាដហុក បាន​ត្រៀម​ប្រឹក្សា​ផ្នែក​ច្បាប់​ជូន​ក្រុម​កម្មករ​ទាំងនោះ៖ «នៅ​ក្នុងករណី​នេះ ខ្ញុំ​ជឿ​ថា​ខាង​ក្រុមហ៊ុន ឬ​មួយ​លោក​អភិបាល​ខែត្រ ដូច​ខាង​មេ​ឃុំ​និយាយ​ចឹង គាត់​ប្រាកដ​ជា​មាន​ឥទ្ធិពល​ខ្លះ​ទៅ​លើ​មេការ​ហ្នឹង​ហើយ»

មក​ទល់​ពេល​នេះ ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ និង​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង បាន​សាងសង់​លំនៅឋាន​ផ្តល់​ជូន​ពលរដ្ឋ​យល់ព្រម​ទទួល​សំណង​នៅ​ឃុំ​ស្រែគរ បាន​ជាង ៤០០​ខ្នង​ផ្ទះ​រួច​រាល់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។