កម្មករ​រោងចក្រ ​ស្យុង យិន នៅសង្កាត់​សិត្បូ ​ក្រុង​តាខ្មៅ ​ទាមទារ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​ និង​ប្រាក់​​រំលឹក​អតីត​ភាព

0:00 / 0:00

កម្មករ​នៅ​រោងចក្រ​ស្យុង យិន (Zhong Yin Cambodia B Textile Co.LTD) នៅ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ នាំ​គ្នា​ផ្ដិត​មេដៃ ដើម្បី​ដាក់​​ទៅ​ក្រសួង​ពាក់ព័ន្ធ សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​។ កម្មករ​ថា បើ​គ្មាន​ដំណោះស្រាយ​ទេ កម្មករ​នឹង​ប្ដឹង​ទៅ​តុលាការ​​ទៀត ព្រោះ​ថៅកែ​ជនជាតិ​ចិន​មិន​គោរព​ច្បាប់​​ការងារ កេង​ប្រវ័ញ្ច​ប្រាក់​កម្មករ។

កម្មករ​រោងចក្រ​ ស្យុង យិន ប្រាប់​ថា ពួក​គេ​រង​ការ​បញ្ឈប់​​​ពី​ថៅកែ​ជា​បន្ត​បន្ទាប់​រាល់​ថ្ងៃ ​ចាប់​តាំង​ពី​ចុង​ខែ​កញ្ញា ឆ្នាំ​២០១៩ មក ហើយ​ថៅកែ​មិន​ទាន់​បើក​ឈ្នួល ប្រាក់​អត្ថ​ប្រយោជន៍ ប្រាក់​​លំហែ​​មាតុភាព និង​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​ឲ្យ​កម្មករ​ទេ។

កម្មការិនី​ផ្នែក​ឆែក​អាវ និង​កត់​បុង​ម្នាក់ គឺ​លោកស្រី វណ្ណ សុផា និយាយ​ថា ថៅកែ​មិន​ទាន់​បញ្ឈប់​​លោកស្រី​ទេ ដោយសារ​លោកស្រី​ជាប់​ឈប់​សម្រាក​សម្រាល​កូន​ខ្ចី។ ប៉ុន្តែ លោកស្រី​ ថា ក្រុមហ៊ុន មិន​ទាន់​បើក​​ប្រាក់​ឈ្នួល​​ខែ​វិច្ឆិកា​ឲ្យ​គ្រប់​ចំនួន​ មិន​ទាន់​ទទួល​បាន​ប្រាក់​រំលឹក​អតីត​ភាព​ការងារ​​ពេញ​មួយ​ ឆ្នាំ​២០១៩ និង​​មិន​ទទួល​បាន​ប្រាក់​លំហែ​មាតុភាព​ពេល​សម្រាល​កូន​នេះ។ លោកស្រី​អះអាង​ថា ប្រាក់​ឈ្នួល​សម្រាប់​ខែ​ធ្នូ ក៏​មិន​ទាន់​បាន​បើក​ដែរ។ កម្មការិនី​រូប​នេះ ​រំលឹក​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ថៅកែ​តែង​កុហក​កម្មករ និង​លើក​ពេល​វេរ​លុយ ប្រាក់​ឈ្នួល​ប្រចាំ​ខែ​ចូល​គណនី​កម្មករ​រហូត ហើយ​បញ្ឈប់​កម្មករ​ជា​បន្តបន្ទាប់​រាល់​ថ្ងៃ៖ « ប្រាក់​រំលឹក​រយៈ​ពេល​១​ឆ្នាំ​ហើយ បង​អត់​ទាន់​បើក​ឲ្យ​​ពួក​ខ្ញុំ​ទេ។ ម្ដង​ថា ខែ​នេះ ម្ដង​ថា ខែ​នោះ ហើយ​ខាង​សហជីព​សុំ​ជួប​ក៏​អត់​ជួប។ សុំ​ណាត់​ជួប​ថ្ងៃ​នេះ ដល់​ថ្ងៃ​ហ្នុង លើក​វិញ​ ថា រវល់ អត់​ជួប​វិញ រហូត​រយៈ​ពេល​១​ឆ្នាំ ហើយ​បង គឺ​ពួក​ខ្ញុំ​អត់​ទាន់​បាន​លុយ​ហ្នឹង​ទេ»

រោងចក្រ ​ស្យុង ​យិន ស្ថិត​នៅ​ភូមិ ​ព្រែក​តា​ព្រឿង សង្កាត់​សិត្បូ ក្រុង​តាខ្មៅ។ បុគ្គលិក​សហជីព​ស៊ីខៅឌូ ​ប្រចាំ​រោងចក្រ​ ស្យុង ​យិន ឲ្យ​ដឹង​ថា រោងចក្រ​នេះ​មាន​កម្មករ​សរុប​ជិត ៦រយ (៥៩២) ​នាក់ ថៅកែ​ជា​ជនជាតិ​ចិន និង​ធ្លាប់​ដេរ​សំលៀក​បំពាក់ យី​ហោ H&M និង​ម៉ាក​ផ្សេង​ទៀត។

អគ្គ​លេខាធិការ​សហជីព​ ស៊ីខៅឌូ ប្រចាំ​រោងចក្រ​ ស្យុង ​យិន លោក សំរ៉ុង បូរី ប្រាប់​ថា ថៅកែ​បាន​​បញ្ចប់​កិច្ច​សន្យា​របស់​កម្មករ​​ជា​បណ្ដើរ​ៗ​ តាំង​ពី​កញ្ញា ហើយ​ដល់​ខែ​វិច្ឆិកា កម្មករ​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា។ លោក​ថា ការ​តវ៉ា​ច្រើន​ខែ​មក​នេះ ឃើញ​មាន​មន្ត្រី​នៃ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​ មក​អន្តរាគមន៍​ដែរ តែ​មិន​ទាន់​មាន​ដំណោះស្រាយ​ទេ។ លោក​ប្រាប់​ទៀត​ថា កម្មករ​កំពុង​ប្រមូល​ស្នាម​មេដៃ ធ្វើ​ញត្តិ​ដាក់​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ​ដើម្បី​ស្នើសុំ​ឲ្យ​មាន​ការ​ពន្លឿន​ដំណោះស្រាយ និង​​មាន​គម្រោង​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ​ ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ៖ « សមាជិក​ខ្ញុំ​ឥឡូវ សល់​ ២៥៩​នាក់។ អ៊ីចឹង ឥឡូវ​ប្រហែល​ផ្ដិត​បាន​២រយ​នាក់​ជាង ដោយសារ​ អ្នក​ផ្សេង​គាត់​ទៅ​តាម​ខេត្ត នៅ​តាម​ខេត្ត​ឆ្ងាយៗ គាត់​អត់​ទាន់​បាន​មក​ផ្ដិត​ទេ។ អ្នក​ផ្សេង​ទៀត គាត់​ឆ្លង​ទន្លេ ជាប់​សម្រាក ​ ( កូន ) អ៊ីចឹង​​ទៅ​ណា»

ក្នុង​ញត្តិ​របស់​កម្មករ​ ត្រៀម​ដាក់​ជូន​ស្ថាប័ន​ពាក់ព័ន្ធ​ មាន​ ៦​ចំណុច គឺ​ទាមទារ​ឲ្យ​និយោជក​បើក​ប្រាក់​រំលឹក​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ជូន​កម្មករ និយោជិត។ ទាមទារ​ឲ្យ​សង​ប្រាក់​ឈ្នួល​ និង​ប្រាក់​អត្ថប្រយោជន៍​ជូន​កម្មករ ដែល​រង​ការ​ព្យួរ​ការងារ​ដោយ​​មិន​ត្រឹម​ត្រូវ​ និង​គ្មាន​ការ​អនុញ្ញាត​ពី​ក្រុម​អធិការ​កិច្ច​របស់​ក្រសួង​ការងារ។ ទាមទារ​ឲ្យ​និយោជក​ទទួល​យក​សមាជិក​​របស់​សហជីព​ប្រជាធិបតេយ្យ​កម្មករ​ ឬ​សហជីព​ ស៊ីខៅឌូ ចូល​ធ្វើការ​វិញ និង​សង​ប្រាក់​រំលឹក​ ប្រាក់​ឈ្នួល និង​ប្រាក់​អត្ថប្រយោជន៍ ចាប់​ពី​ថ្ងៃ​បញ្ឈប់​កម្មករ​ទាំង​នោះ។

ជុំវិញ​ករណី​នេះ អាស៊ី​សេរី គ្មាន​ប្រភព​សុំ​ការ​បញ្ជាក់​ពី​ខាង​ភាគី​រោងចក្រ ​ស្យុង យិន ​ទេ។ ចំណែក​អគ្គ​លេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​បាតុកម្ម​នៅ​តាម​គ្រប់​មុខ​សញ្ញា និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ លោក​ ទេស រុក្ខា​ផល មិន​ទទួល​ទូរស័ព្ទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។