ការដ្ឋាន​សំណង់​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​ផ្អាក​ក្រោយ​សង្ស័យ​ថា រំលោភ​ដី​ចំណី​អូរ

0:00 / 0:00

ក្រុមការងារ​ប្រព័ន្ធ​លូ អូរ ប្រឡាយ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម នៃ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចុះ​ផ្អាក​ការដ្ឋាន​សំណង់​មួយ​កន្លែង​ជា​បណ្ដោះអាសន្ន ជា​របស់​អ្នកវិនិយោគទុន​ចិន មាន​ទីតាំងនៅ​ម្តុំ​ឆ្នេរ​អូរត្រេះ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ដែល​សង្ស័យ​ថា បាន​ដឹក​ដី​ចាក់​រំលោភ​យក​ដី​ចំណី​អូរ​ធម្មជាតិ ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់។

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន មាន​ប្រសាសន៍​ថា ក្រុមការងារ​គ្រប់គ្រង​ប្រព័ន្ធ​លូ អូរ ប្រឡាយ និង​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម នៃ​រដ្ឋបាល​ខេត្ត​នេះ បាន​ចុះ​ដល់​ទីតាំង​សំណង់​សង់ ១​កន្លែង ហើយ​ផ្អាក​ជា​បណ្ដោះអាសន្ន​សិន ព្រោះ​សង្ស័យ​បាន​សង់​រំលោភ​លើ​ដី​ចំណី​អូរ​ធម្មជាតិ សម្រាប់​រំដោះ​ទឹក​ចេញពី​មូលដ្ឋាន​ក្រុងព្រះសីហនុ។

លោក ព្រហ្ម សេង អនុប្រធាន​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម ខេត្ត​ព្រះសីហនុ ដែល​ដឹកនាំ​ក្រុម​ការងារ​ចុះ​ផ្អាក​សំណង់​ដែល​សង្ស័យ​ថា សង់​រំលោភ​ដី​ចំណី​អូរ​បង្ហូរទឹក នៅ​ម្តុំ​ឆ្នេរ​អូរត្រេះ នោះ​មាន​ប្រសាសន៍​ថា ក្រុមការងារ​សម្រេច​ផ្អាក​ការសាងសង់​នោះ ជា​បណ្ដោះអាសន្ន នៅ​រសៀល​ថ្ងៃ​ទី​៦ ខែ​មីនា ដោយ​តម្រូវ​ឱ្យ​ម្ចាស់​ការដ្ឋាន​សំណង់​ខាង​លើ​នេះ ត្រូវ​រក​ព្រំ​អូរ ឬ​ព្រំ​ដី​កម្មសិទ្ធិ និង​ឯកសារ​ពាក់ព័ន្ធ យក​មក​បង្ហាញ​ដល់​ក្រុមការងារ ឱ្យ​បាន​ត្រឹមត្រូវ​ជាមុន​សិន ទើប​រដ្ឋបាល​ខេត្ត​អនុញ្ញាត​ឱ្យ​សង់​សំណង់​នេះ​បន្ត​ទៀត។

អ្នក​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សំណូមពរ​ថា សូម​ឱ្យ ក្រុមការងារ​រដ្ឋបាល​ខេត្ត​នេះ ត្រូវ​ពង្រឹង​អនុវត្ត​ច្បាប់​ទប់ស្កាត់​ការទន្ទ្រាន​យក​ដី​ចំណី​អូរ ប្រឡាយ និង​លូ​បង្ហូរ ទឹក​នេះ ឱ្យ​បាន​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​។ ព្រោះថា រាល់ថ្ងៃ​នេះ តម្លៃ​ហាងឆេង​ដី​នៅ​មូលដ្ឋាន ខេត្ត​ព្រះសីហនុ មាន​តម្លៃ​ខ្ពស់ និង​មានការ​រំលោភ​យ៉ាង​អនាធិបតេយ្យ​ទៅ​លើ​ដី​ចំណី​អូរ លូ​បង្ហូរ​ទឹក និង​ប្រឡាយ​ធម្មជាតិ​ជាដើម។ «»

អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បញ្ជាក់​ថា ចាប់​ពី​ពេល​នេះ​តទៅ រដ្ឋបាល​ខេត្ត​នេះ នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព​ដឹក​ដី​ចាក់​លុប ឬ​រំលោភ​ដី​ចំណី​មាត់​អូរ និង​លូ​បង្ហូរទឹក ធ្វើ​កម្មសិទ្ធិ​ខុសច្បាប់​ទៀត​ទេ​។ ជាង​នេះ​ទៀត សម្រាប់​សំណង់ ដែល​កន្លងមក​បាន​សង់​រំលោភ​ទៅលើ​ដី​មាត់​អូរ និង​លូ​បង្ហូរទឹក ក៏​ត្រូវ​សើ​រើ​ឡើងវិញ​ដែរ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ចុះ គេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​ក្រុងព្រះសីហនុ​អនុវត្ត​ច្បាប់​ដោយ​កន្លែង។ ដូចជា​៖ អាជ្ញាធរ​ក្រុងព្រះសីហនុ មិនបាន​ចាត់វិធានការ​លើ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​បាន​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង ត្រង់​ភូមិសាស្ត្រ ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ​ទេ។ ក្រុមហ៊ុន​ដែល​ចាក់​ដី​លុប​ឆ្នេរ​ព្រែកត្រែង​នោះ ត្រូវ​បាន​គេ​ដឹង​ថា ជា​របស់​អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ភរិយា​របស់​លោក​ឧកញ៉ា ឡាវ ម៉េងឃីន ម្ចាស់​ក្រុមហ៊ុន ស៊ូកាកូ អ៊ី​ន (Shukaku Inc) ដែល​បាន​ចាក់​ដី​លុប​តំបន់​បឹងកក់​កណ្ដាល​ក្រុងភ្នំពេញ​ដ៏​ចម្រូងចម្រាស កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក​បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​តំបន់​ឆ្នេរ លោក ជា សុផារ៉ា កាយ​ដី​ដែល​ក្រុមហ៊ុន​បាន​ចាក់​លុប​ឆ្នេរ​ព្រែកត្រែង​នោះ​ចេញ​វិញ ដើម្បី​រក្សា​ឆ្នេរ​ធម្មជាតិ​ឱ្យ​បាន​ដូចដើម។ ប៉ុន្តែ​លោក ជា សុផារ៉ា បាន​ត្រឹមតែ​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន មិន​ឱ្យ​ដឹក​ដី​ចាក់​លុប​ឆ្នេរ​ថែមទៀត រីឯ​សកម្មភាព​កាយ​ដី​ចេញពី​ឆ្នេរ​ឱ្យ​ដូចដើម​វិញ​នោះ មិន​មាន​សោះឡើយ។ ប្រការ​ដែល​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​មិន​ត្រូវ​បាន​គោរព​តាម​នេះ ស​បញ្ជាក់​ថា អ្នកស្រី ជឹង សុភាព ហៅ​យាយ​ភូ ម្ចាស់​ក្រុមហ៊ុន​ដែល​បាន​ដឹក​ដី​លុប​ឆ្នេរសមុទ្រ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​នោះ មាន​ឥទ្ធិពល​លើ​នាយករដ្ឋមន្ត្រី​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។