ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​ និង​ម្នាក់​រង​បួស​ក្នុង​អំពើ​ចោរកម្ម​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​ម្ចាស់​ផ្ទះ​បាញ់​សម្លាប់ នៅ​ខេត្ត​ព្រះសីហនុ។

ស្នង​ការ​ខេត្ត​ព្រះ​សី​ហនុ​ លោក​ ជួន​ ណារិន​ ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​ថា​ បុរស​ជន​ជាតិ​ចិន​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់ ​និង​បក្ខពួក​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ នៅ​ពេល​ពួក​គេ​​ចូល​គាស់​ទូរ​ដែក​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​ក្នុង​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុង​ព្រះ​សីហនុ។

លោក​ ជួន​ ណារិន អះអាង​ថា ​ម្ចាស់​ផ្ទះ​ បាន​បាញ់​ទៅ​លើ​ជន​ជាតិ​ចិន​ទាំង​ពីរ​នាក់​នោះ នៅ​វេលា​ម៉ោង​១២​យប់​​ថ្ងៃ​ទី​២២​ខែ​ធ្នូ​ បន្ទាប់​ពី​ជន​សង្ស័យ​​​ទាំង​ពីរ​នាក់​នេះ​បាន​ប៉ុន​ប៉ង​វាយ​ប្រហារ​ម្ចាស់​ផ្ទះ​ដោយ​​ដែក​ត្បែង ​​ដើម្បី​គេច​ខ្លួន។

លោក​បញ្ជាក់​​ថា ម្ចាស់​ផ្ទះ​ឈ្មោះ​ លី​ ទី​ ​ជា​មន្ត្រី​នគរ​បាល​ព្រំ​ដែន​ទឹក​ ​បង្ក្រាប​លើ​ផ្ទៃ​សមុទ្រ ខេត្ត​ព្រះ​សីហនុ។ លោក​ថា ​ម្ចាស់​ផ្ទះ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​ ព្រោះ​គាត់​គ្រាន់​តែ​ប្រើ​សិទ្ធិ​ដើម្បី​ការពារ​ខ្លួន​ ព្រោះ​ជន​ល្មើស​ទាំង​ពីរ​ប៉ុន​ប៉ង​សម្លាប់​គាត់។

ទោះ​បី​ជា​យ៉ាង​ណា​ មន្ត្រី​សិទ្ធិ​មនុស្សនៃ ​សមាគម អាដហុក ខេត្ត​ព្រះ​សីហនុ​​ អ្នក​ស្រី​ ជាប សុធារី មាន​ប្រ​សាសន៍​ថា​ ​សមត្ថ​កិច្ច​គួរ​ធ្វើ​ការ​ឃាត់​ខ្លួន​មន្ត្រី​នគរ​បាល​ ដែល​បាន​បាញ់​សម្លាប់​ជន​សង្ស័យ​ ព្រោះ​នេះ​ជា​ការ​ប្រព្រឹត្ត​អំពើ​មនុស្ស​​​​ឃាត។​

អ្នកស្រី​បញ្ជាក់​ថា ​មន្រ្តី​នគរបាល​នោះ​មិន​គួរ​​បាញ់សម្លាប់​​​ជន​សង្ស័យ​ឡើយ ព្រោះ​គាត់​មិន​មាន​កាំ​ភ្លើង​នៅ​ក្នុង​ដៃ។ គាត់​គួរ​តែ​ព្យាយាម​ចាប់​ខ្លួន​ជន​សង្ស័យ ឬ​ត្រឹម​បាញ់​ឱ្យ​របួស ប្រសិន​បើ​ជន​សង្ស័យ​មាន​ឧបករណ៍​ដែល​អាច​ធ្វើ​ឱ្យ​គាត់​គ្រោះថ្នាក់​បាន ដើម្បី​​យក​ពួក​គេ​ទៅ​ផ្ដន្ទាទោស​តាម​ច្បាប់៖ «សិទ្ធិ​ការពារ​ខ្លួន​ស្រប​ច្បាប់​គឺ​ធ្វើ​ដំណើរ​គ្នា​ ហើយ​ឲ្យ​តុល្យភាព​ទៅ​នឹង​កម្លាំង។ អ៊ីចឹង​បើ​សិន​ជន​ប្រព្រឹត្ត​បទ​ល្មើស​ គាត់​អត់​មាន​អាវុធ​ ប៉ុន្តែ​យើង​មាន​អាវុធ​ភ្ជង់​គាត់​ការពារ​អ៊ីចឹង​ទៅ កុំឲ្យ​គាត់​ត​ដៃ​ជា​មួយ​យើង​បាន​ ហើយ​យើង​បាញ់​កន្លែង​ណា​ដែល​គាត់​មិន​អាច​រត់​គេច​ខ្លួន​បាន»

ស្នង​ការ​ខេត្ត​ព្រះ​សីហនុ លោក​ ជួន​ ណារិន ប្រាប់​ថា ​ជន​ជាតិ​ចិន​ម្នាក់​ដែល​បាន​រង​របួស​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ភ្លាមៗ​​ដើម្បី​សង្គ្រោះ។​ ចំណែក​សាក​សព​ម្នាក់​ទៀត​ត្រូវ​បាន​រក្សាទុក​នៅ​ទី​បញ្ជា​ការដ្ឋាន​នគរបាល​ខេត្ត​ ប៉ុន្តែ​​សមត្ថកិច្ច​គ្រោង​នឹង​បញ្ជូន​ទៅ​នាយកដ្ឋាន​បច្ចេកទេស​ក្រុង​ភ្នំ​ពេញ​ដើម្បី​ធ្វើ​កោសល្យ​វិច័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។