ស្ត្រី​កម្មករ​រោងចក្រ ចាកា ស៊ូ JACKA SHOES ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ​ដាក់​ពាក្យ​ប្ដឹង​ទៅ​មន្ទីរ​ការងារ

0:00 / 0:00

ស្ត្រី​ជា​កម្មករ​រោងចក្រ​ដេរ​ស្បែក​ជើង ចាកា ស៊ូ (JACKA SHOES) ម្នាក់​ដែល​ត្រូវ​ថៅកែ​រោងចក្រ​បញ្ឈប់​ការងារ​បន្ទាប់​ពី​ចូលរួម​សកម្មភាព​ជាមួយ​សហជីព​សម្រេច​ដាក់​បណ្ដឹង​ទៅ​មន្ទីរ​ការងារ​ខេត្ត​កំពង់ស្ពឺ ដើម្បី​សុំ​អន្តរាគមន៍​រក​ដំណោះ​ស្រាយ។ មន្ត្រី​សហជីព​ថា ការ​ដាក់​ពាក្យ​ប្ដឹង​នេះ គឺ​ស្រប​តាម​ច្បាប់​ការងារ​ហើយ​ក្នុង​ករណី​សាមី​ខ្លួន​មិន​ពេញ​ចិត្ត​នឹង​ដំណោះស្រាយ​ដែល​មន្ទីរ​ការងារ​ផ្ដល់​ឲ្យ​នោះ​ទេ កម្មករ​អាច​ប្ដឹង​ទៅ​ក្រសួង​ការងារ​និង​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល។

ការ​ស្វែង​រក​អន្តរាគមន៍​ពី​មន្ទីរ​ការងារ​នៅ​ពេល​នេះ ​ក្រោយ​ពី​ កម្មការិនី រោងចក្រ​ដេរ​ស្បែក​ជើង ចាកា ស៊ូ (JACKA SHOES) លោកស្រី ឈន សម្ផស្ស ព្យាយាម​សម្របសម្រួល​ជា​ភាគី​រោងចក្រ​ប៉ុន្តែ​មិន​ទទួល​លទ្ធផល​ដោយ​ថៅកែ​នៅ​តែ​មិន​ព្រម​ទទួល​យក​លោក​ស្រី​​ចូល​ធ្វើ​ការ​វិញ។ លោកស្រី​ឲ្យ​អាស៊ី​សេរី​ដឹង​ថា​ ភាគី​រោងចក្រ​​​​មិន​បាន​ស្ដាប់​ហេតុ​ផល​​ដែល​នាង​លើក​ឡើង​នោះ​ទេ ហើយក៏​មិន​បញ្ជាក់​ពី​មូលហេតុ​ជាក់​លាក់​នៃ​ការ​បញ្ឈប់​នេះ​ដែរ៖ «មិន​ឥឡូវ​ពាក្យ​បណ្ដឹង​ខ្ញុំ​ក៏​យក​ទៅ​ដាក់​មន្ទីរ​ដែរ​ប៉ុន្តែ​មិន​ដឹង​ថា​​ខាង​មន្ទីរ​គាត់​ជួយ​​ខ្ញុំ​អត់​ព្រោះ​អី​ ខាង​មន្ទីរ​ចូល​មក​ដោះ​ស្រាយ​នៅ​រោងចក្រ​កាល​ពី​ខែ​មីនា​ពេល​កម្មករ​ធ្វើ​កូដកម្ម​​គាត់​ដោះស្រាយ​ទៅ​មកៗ គាត់​និយាយ​តាម​ខាង​រដ្ឋបាល​ដដែល »

កម្មការិនី​រោងចក្រ​ដែល​បាន​ធ្វើ​ការ​នៅ​រោងចក្រ​ជិត ៦ឆ្នាំ​រូប​នេះ ​ស្នើ​ទៅ​សហជីព និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ឃ្លាំ​មើល​ករណី​នាង​ផង​ដើម្បី​កុំ​ឲ្យ​ថៅកែ​បន្ត​បញ្ឈប់​កម្មករ​តាម​ទំនើង​ចិត្ត​បន្ត​ទៀត។ លោកស្រី​ ឈន សម្ផស្ស ឲ្យ​ដឹង​ទៀត​ថា​ រហូត​មក​ដល់​ពេល​នេះ​ថៅកែ​រោងចក្រ ចាកា ស៊ូ បាន​បញ្ឈប់​កម្មករ​ប្រមាណ ២០០​នាក់​ហើយ។

ទាក់ទង​បញ្ហា​នេះ​ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​រោងចក្រ ចាកា ស៊ូ នៅ​ថ្ងៃ​ទី១៨ ខែ​ឧសភា ប៉ុន្តែ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​គ្មាន​អ្នក​ទទួល។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក​ ហេង​ សួរ​ ក៏​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ដែរ​ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ​ឲ្យ​ដឹង​ថា ប្រសិនបើ​កម្មករ​រូប​នេះ​​ត្រូវ​ការ​ជំនួយ​ផ្នែក​ច្បាប់ ការ​ប្រឹក្សា​យោបល់ ឬ​ត្រូវ​ការ​សហជីព​របស់​លោក​ជួយ​អន្តរាគមន៍​​អាច​ទាក់ទង​មក​ក្រុម​ការងារ​លោក​បាន។ លោក​ថា តាម​ច្បាប់​ការងារ​មិន​បាន​ហាម​ឃាត់​កម្មករ​មិន​ឲ្យ​ចូល​រួម​សកម្មភាព​ជាមួយ​សហជីព​ទេ​ ហើយ​បើ​ថៅកែ​បញ្ឈប់​កម្មករ​ព្រោះ​មាន​ការ​ចូល​រួម​ជាមួយ​សហជីព គឺ​ជា​ការ​រំលោភ​សិទ្ធិ​កម្មករ​យ៉ាង​ធ្ងន់ធ្ងរ៖ «សហភាព​សហជីព​កម្ពុជា​ខ្ញុំ​ស្វាគមន៍​ប្រសិន​មាន​ការ​រើស​អើង​អ៊ីចឹង​មែន​​យើង​ស្វាគមន៍​យើង​អាច​ជួយ​ដោះស្រាយ​គាត់​បាន »

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា នេះ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​កម្មករ​ធ្ងន់ធ្ងរ​ដែល​ត្រូវ​ការពារ​ដោយ​ច្បាប់។ លោក​បន្ត​ថា ថៅកែ​រោង​ចក្រ​មួយ​ចំនួន​តែង​បញ្ឈប់​កម្មករ​ពី​ការងារ​នៅ​ពេល​ដឹង​ថា​មាន​កម្មករ​រូប​ណា​ចូលរួម​សកម្មភាព​ជាមួយ​សហជីព​ដោយ​មិន​ចង់​ឲ្យ​មាន​សហជីព​នៅ​ក្នុង​រោង​ចក្រ​ទេ​ ត្បិត​ថៅកែ​ដឹង​ថា​នៅ​ពេល​រោងចក្រ​មាន​សហជីព គឺ​គេ​ពិបាក​កេង​ប្រវ័ញ្ច​កម្មករ៖ «ច្បាប់​ការងារ វា​កើត​មាន​ជា​ហូរហែ​កើត​មាន​ច្រើន​ប៉ុន្តែ​យើង​ក៏​ធ្លាប់​តស៊ូ​មតិ​ជាមួយ​ក្រសួង​អី​ហ្នឹង​ច្រើន ប៉ុន្តែ​អ្វីៗ នៅ​តែ​កើត​មាន ព្រោះ​អី​យើង​ដឹង​ហើយ​នៅ​តាម​រោងចក្រ​នីមួយៗ និយោជក​គេ​មិន​ឲ្យ​សហជីព​ទេ »

ច្បាប់​ការងារ​ចែង​ថា​ការ​បញ្ឈប់​កម្មករ​និយោជក​ត្រូវ​ផ្ដល់​ទៅ​ឲ្យ​កម្មករ​និយោជិក​នូវ​ប្រាក់បំណាច់​បណ្ដេញ​ចេញ​ពី​ការងារ​និង​ត្រូវ​ជូន​ដំណឹង​ជា​ផ្លូវ​ការ​យ៉ាង​ហោច​ណាស់​មុន​មួយ​ខែ។ ប៉ុន្តែ​ករណី​លោកស្រី ឈន សម្ផស្ស​ ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ គឺ​ភាគី​ថៅកែ​មិន​បាន​ជូន​ដំណឹង​លោកស្រី​ទេ គឺ​ហៅ​ទៅ​បញ្ឈប់​តែ​ម្ដង​ដោយ​គ្រាន់​តែ​ប្រាប់​ថា រោងចក្រ​នេះ​អស់​និស្ស័យ​នឹង​លោកស្រី​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។