«សម្រាល​កូន​នៅ​ក្នុង​ពេល​បិទ​ខ្ទប់ ​គឺជា​បទពិសោធន៍​ដ៏​តក់ស្លុត និង​មិនអាច​បំភ្លេច​បាន​ពេញ​មួយ​ជីវិត»

0:00 / 0:00

គ្រួសារ​ស្រ្តី​ដែលសម្រាល​កូន​នៅ​ខាង​មុខ​បន្ទប់​ជួល​សំណូមពរ​ឱ្យ​អាជ្ញាធរ​យកចិត្ត​ទុក​ដាក់​ជួយ​ដល់​ស្រ្តី​មាន​ផ្ទៃពោះ​ជិត​សម្រាល​ ឱ្យ​បាន​ពេញលេញ​ចៀសវាង​កើតមាន​ហេតុការណ៍​តក់​ស្លុត ប្រឈម​នឹង​គ្រោះថ្នាក់​ដូច​ករណីដែល​គ្រួសារ​នេះ​បាន​ជួប​ប្រទះ។

លោក សុខ ប៊ុនលីន ជា​ប្ដី​ មាន​មុខ​របរ​ជា​ជំនួយការ​ចុងភៅ​នៅ​ភោជនីយដ្ឋាន​ជប៉ុន​មួយ​កន្លែង​អោយ​ដឹង​ថា លោក​នៅ​តែ​ចងចាំ​ភាព​ភ័យ​តក់ស្លុត​នៅ​ថ្ងៃ​កើតហេតុ​នៅ​ឡើយ បើ​ទោះ​ជា​បាន​រំលង​ទៅ​ជាច្រើន​ថ្ងៃ​មក​ហើយ៖ « និយាយ​ទៅ​ព្រឺសម្បុរ​ហ្មង​បង គឺ​ទី១​ញ័រ​ដៃ​ញ័រ​ជើង មួយទៀត​តឿន​ដល់​អាជ្ញាធរ​ហ្នឹង​ថា ឱ្យ​គាត់​ជួយ​ផង។ ឱ្យ​គាត់​ប្រញាប់​ហៅ​ឡាន​ហៅ​អី​ម៉ោ ព្រោះ​ប្រពន្ធ​​ខ្ញុំ​កើតកូន ​ហើយណាមួយ​ខ្ញុំ​ប្រុស ខ្ញុំ​អត់​ដឹង​ធ្វើ​ម៉េច អត់ដែល​ទទួល​រូបភាព​នៅ​ពេល​កូន​កើត​មក​គាត់​ស្រែក​រក​ខ្ញុំ ហើយ​ខ្ញុំ​ទៅ​ទ្រ​កូន​ចឹង។ ពេល​ហ្នុង​ខ្ញុំ​គិត​អី​អត់ចេញ។ ខ្ញុំ​មិន​ដឹង​ធ្វើម៉េច​របៀប​សង្រ្គោះ​បឋម ជួយ​របៀបម៉េច​អី ខ្ញុំ​គិត​តែ​ពីកាន់កូន។ ខ្ញុំ​លែង​មាត់​ហើយ​បង របៀប​ដូច​បាត់​ម្ចាស់​ការខ្លួនឯង ភ័យ​ប្រពន្ធ​ផង​អី​ផង»

កាល​ពីថ្ងៃទី២៤ ខែមេសា នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​មាន​ការចែក​រម្លែក​វីដេអូ​ខ្លី ដែល​បង្ហាញ​ពី​ស្រ្តី​វ័យ​ប្រមាណ​៣០ឆ្នាំ​ម្នាក់​បាន​សម្រាល​កូន​នៅ​ខាង​មុខ​បន្ទប់​ជួល។ ស្រ្តី​ជាម្ដាយ​បាន​ដេក​ស្ដូកស្ដឹង​នៅ​លើ​កម្រាល​ខាង​មុខ​បន្ទប់ ដោយ​មាន​កូន​ទើប​នឹង​កើត​នៅ​លើ​ថ្នក់​សំពត់​នៅ​ចន្លោះភ្លៅរបស់​នាង។ បើ​តាម​ការរៀបរាប់​នៅ​ក្នុង​វីដេអូនោះ​ គឺ​ស្រ្តី​ជា​ម្ដាយ​បាន​សម្រាល​កូន​នៅ​លើ​កៅអី​ មុនពេល​ប្ដី​បាន​ដាក់​នាង​ទៅ​លើ​កម្រាល៖ « មើល​ឈឺ​ពោះ​គ្នា​កើត​ហើយ។ មុនដំបូង​គ្នាកើត​អង្គុយ​ទេ ទើប​តែ​លើក​យក​មក​ដាក់​ក្រោម ហើយ​បើ​ឡាន​ពេទ្យ​វិញ​គ្នាចាំៗ​ឡើង​ស្ងួត​កូន​អស់​ហើយ»

ស្រ្តី​ដែល​បាន​សម្រាល​កូន​នៅ​ពេល​នោះ​ គឺ​លោកស្រី ហែម ប៊ុនធា ជាកម្មករ​នៅ​រោង​ចក្រ​ម៉ូតូ ហុងដា ( Honda )។ លោកស្រី​ថា​ សម្រាលកូន​លើកនេះ​មិនមែន​ជា​លើក​ដំបូង​ទេ​ គឺលោកស្រី​សម្រាល​កូន​ទី៣​ហើយ។ លោកស្រី​រៀបរាប់​ថា​ ពេល​នោះ​លោកស្រី​ល្វើយ​ខ្លាំង លែងមាន​កំលាំង​កំហែង​អ្វី​ទាំងអស់ ​គឺ​ស្ទើតែ​លែង​ចាំ​បាន​ថា​ មាន​រឿង​អ្វី​កើត​ឡើង​ខ្លះ​នៅ​ក្រោយ​ពេល ដែល​កូន​បាន​កើតមក។ លោកស្រី​ថា​ ម៉្យាង​ដោយសារ​តែ​ឈឺពោះ​យូរ​ម៉ោង​ពេក ម្យ៉ាង​ទៀត​ដោយសារ​ភិតភ័យ ព្រោះ​មិនធ្លាប់​បាន​ជួប​ប្រទះ​បទ​ពិសោធន៍​បែប​នេះ​ពី​មុន​មក៖ « គិតអី​ក៏​អត់​ឃើញ​វា​ដូច​ជា​វិល​ទៅៗ។ ភ្នែក​ដូច​ជា​ចង់​តែ​បិទ​ទៅៗ។ តែ​បាន​បង​គាត់​ឈរ​ច្របាច់​ហើយ​គាត់​ចេះ​តែប្រាប់​ថា បងឯង​ទ្រាំ​តិចទៅ​ពេទ្យ​មក​ដល់​ហើយ តែ​គាត់​ពាក់​អាច​ពាក់​អី។ គាត់​ចេះ​តែ​ដាស់តឿន​យើង និយាយ​ជាមួយ​យើង​រហូត គាត់​ឱ្យ​សម្រួល​អារម្មណ៍ និយាយ​ជាមួយ​យើង​រហូត។ គាត់ចេះ​តែ​និយាយ​ទៅ​កុំ​ឱ្យ​យើង​ស្ងាត់ពេក​អាច​នឹង​សន្លប់ ឬ​ក៏​យ៉ាង​ម៉េច​ចឹង​ទៅ​ណាស់​បង»

វីដេអូ​ដែល​បង្ហោះ​តាម​បណ្ដាញ​សង្គម​បង្ហាញ​អោយ​ឃើញ​បុរស​ ២ នាក់​នៅ​ក្បែរ​លោកស្រី ប៊ុនធា នៅ​ពេល​សម្រាល​នោះ​ ម្នាក់​ជួយ​គក់​ច្របាច់​ដៃ​លោកស្រី និង​ម្នាក់​ទៀត​កំពុង​ទ្រទារក​ដែល​ទើប​នឹង​កើត​ទាំង​មិនទាន់​កាត់ទងផ្ចិត​នៅ​ឡើយ។

លោក សុខ ប៊ុនលីន រៀបរាប់​ថា ​ប្រពន្ធ​របស់​លោក​បាន​ឈឺពោះ​សម្រាល​កូន​តាំង​ពី​ពេល​ទាបភ្លឺ​នៅ​ក្នុង​បន្ទប់​ជួល​ស្ថិត​នៅ​ភូមិ​អូរបែកក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ គឺ​ចំពេល​ដែល​តំបន់​នោះ​ត្រូវ​អាជ្ញាធរ​បិទខ្ទប់ ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺ​កូវីដ-១៩។ លោក​បន្តថា ​ប្ដី​ប្រពន្ធ ដែល​នៅ​ក្បែរ​បន្ទប់​បាន​ជួយ​យក​អាសារ​ប្រពន្ធ​របស់​លោក​នៅ​ពេល​នោះ។ លោក​បាន​ផ្ដល់​ដំណឹង​ទៅ​មេភូមិ​អោយ​ជួយ​រក​មធ្យោបាយ ដើម្បី​បាន​បញ្ជូន​ប្រពន្ធ​ទៅ​ឆ្លង​ទន្លេ​នៅ​មន្ទីរ​ពេទ្យ ប៉ុន្តែ​ដោយ​ការរង់ចាំ​ច្រើន​ម៉ោង​ពេក​ទើប​ធ្វើ​អោយ​ប្រពន្ធ​របស់​លោក​មិនអាច​រង់ចាំ​បាន ​គឺ​ត្រូវ​សម្រាល​ដោយ​ខ្លួន​ឯង៖ « ពេល​ដែល​កូន​ខ្ញុំ​កើត​ហ្នឹង​គឺ​អំឡុង​ពេល​ដូច​ជា​មួយ​ម៉ោង​កន្លះ​ហើយ ដែល​ឡាន​ពេទ្យ​បាន​មកដល់ អ៊ីញ្ចឹង​កូន​ឡើង​ចង់​ស្ងួត​ហើយ​ហ្នឹង។ ខ្ញុំ​បាន​យក​សារុង​ទៅ​រុំ។ ខ្ញុំ​ចេះតែ​តាម​បង​អ្នកនៅ​ក្បែរ​ផ្ទះ​ហ្នុង​គាត់ថា​ឱ្យ​យក​សារុង​អី​ទៅរុំ​ទៅ​កុំឱ្យ​ស្ងួត​អស់​អាទឹកភ្លោះ ទឹក​អី​ចឹង​ទៅ​ណាស់»

តែ​ទោះជាយ៉ាងណា ​អ្នកស្រី​ជា​មេភូមិ​អូរបែក​ក្អម​ប្រាប់​អាស៊ីសេរី​ថា ​អាជ្ញាធរ​បាន​ជួយ​សម្របសម្រួល​ហៅ​ពេទ្យ​ពី​មណ្ឌល​សុខភាព​ទឹកថ្លា​នោះ​ភ្លាមៗ​ក្រោយ​ទទួល​បាន​ដំណឹង​ពី​គ្រួសារ។ អ្នកស្រី​អះអាង​ថា ​ពុំមាន​ការពន្យារពេល​យូរ​ទេ ប៉ុន្តែ​អាច​មាន​ភាព​យឺតយ៉ាវ​ខ្លះ​ដោយសារ​ក្រុម​គ្រូពេទ្យ​ត្រូវ​ចំណាយ​ពេល​ក្នុង​ការស្លៀកពាក់​តាម​បច្ចេកទេស​វេជ្ជសាស្រ្ដ​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូវីដ-១៩៖ «កាលហ្នឹង​បើ​និយាយ​ឱ្យចំ​យើង​បាន​ប្រាប់​ទៅថ្នាក់លើ​ក៏​ប្រាប់ ប៉ុន្តែ​យើង​ក៏​តេ (ទូរស័ព្ទ) ទៅ​គ្រូពេទ្យ​ផ្ទាល់​ក៏​ប្រាប់​ទៀត គឺ​ត្រូវ​អោយ​ដឹង​ចឹង។ ហើយ​គ្រូពេទ្យ​គាត់ប្រាប់​ថា ​គាត់​ឈឺពោះ​ហ្នុង​រាង​លឿន​ដែរ។ ឡានពេទ្យ​ប្រាប់ភ្លាម​យើងរាយការណ៍​ភ្លាម ប៉ុន្តែ​គាត់​មក​ដល់ មិនទាន់ទេ​គាត់​សម្រាល​ហើយ។ ពេលគាត់មក​ដល់​គាត់​ត្រូវ​ស្លៀកពាក់ ព្រោះ​គាត់​នៅ​ក្នុង​ចត្តាឡីស័ក​ចឹង​ពេទ្យ​មិន​អាច​លឿនៗ។ ពេលពេទ្យ​ទៅ​ដល់​បែប​គាត់ (ស្រ្តី​ជា​ម្តាយ) រាង​ខ្សោយ​ដែរ​បាន​គេ​បញ្ជូន​ទៅ​ពេទ្យ​ជប៉ុន»

បើតាម​វីដេអូខ្លី ដែល​គេចែកចាយ​តាម​ហ្វេសប៊ុក​នៅ​ពេល​គ្រូពេទ្យ​ទៅ​ដល់​ហើយ​ចាប់​ផ្ដើម​ស្លៀកពាក់​នោះ ​គឺ​នៅ​ក្រោយ​ពេល​ដែល​ស្រ្តី​ជាម្ដាយ​បាន​សម្រាល​កូន​រួចរាល់​ទៅ​ហើយ៖ « អាណិត​ណាស់ ហើយ​ពេទ្យ​នៅ​ស្លៀក​ពាក់​ខោអាវ អត់​ទាន់​ហើយ​ទេ​ពេទ្យ។ ប្រហែល​ជា​កាត់​ទងផ្ចិត​នៅ​ផ្ទះ​ហ្នុង​តែ​ម្ដង​តាម​មើល»

អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន​សរសេរ​សារ​ពី​ការអាណិត​អាសូរ​ស្រ្តី​ជាម្ដាយ។ អ្នកខ្លះ​បាន​ផ្ដល់​ជំនួយ​ជាសម្ភារៈ និង​ថវិកា​ដល់​គ្រួសារ​នេះ​ថែម​ទៀត។ ប៉ុន្តែ​ក៏​មាន​​អ្នករិះគន់​ដែរ​ថា​ អាជ្ញាធរ​បាន​ធ្វេសប្រហែស​មិន​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ជួយ​សង្រ្គោះស្រ្តី​មាន​ផ្ទៃពោះ​ដែល​ត្រូវ​ដល់​ថ្ងៃ​សម្រាល។

មិនខុស​គ្នា​នេះ​ដែរ អតីត​រដ្ឋមន្រ្តី​ក្រសួង​កិច្ចការនារី និង​ជាអនុ​ប្រធាន​​គណបក្ស​សង្រ្គោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងប្រាប់​អាស៊ីសេរី​ថា​ ការបណ្ដែត​បណ្ដោយ​អោយ​មាន​ករណី​ស្រ្តី​សម្រាល​កូន​ដោយខ្លួនឯង​បែប​នេះ ​បង្ហាញ​អោយ​ឃើញ​ថា​ វិស័យ​សុខាភិបាល​នៅ​មិន​ទាន់​បាន​ឆ្លើយ​តប​អោយ​បានត្រឹមត្រូវ​តាម​គោល​ការណ៍​​សិទ្ធិមនុស្ស ដែលធានា​ការពារ​ជីវិត ឬ​សិទ្ធិរស់​រាន​របស់​ពលរដ្ឋ​គ្រប់រូប៖« យើង​ត្រូវ​តែ​​យល់​ថា សិទ្ធិ​ទទួល​បាន​សេវា​សុខភាព​ជា​សិទ្ធិមនុស្ស ជាសិទ្ធិ​ពលរដ្ឋ មិនថា​អ្នកមាន​មិនថា​អ្នកក្រ​ទេ»

អាស៊ីសេរី​មិនអាច​សុំការឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៅ​ឡើយ​ទេ។ សារព័ត៌មាន​ក្នុង​ស្រុក​មួយចំនួន​បាន​រាយការណ៍​ថា ​មាន​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ខណ្ឌ សង្កាត់​ជា​ដើម​ បាន​នាំ​អំណោយ​ទៅ​ឱ្យ​ស្រ្តី​ជាម្ដាយ និង​ទារក​ទើប​នឹង​កើត ប៉ុន្តែ​ពុំ​មាន​សេចក្ដី​រាយការណ៍​ពី​ការឆ្លើយ​តប​រឿង​នេះ​ពី​ក្រសួង​សុខាភិបាល​ឡើយ។

អ្នកសិក្សា​ការអភិវឌ្ឍ​សង្គមលោកបណ្ឌិត សេង សារី មើល​ឃើញ​ថា​ ទាំងនេះ​បង្ហាញ​អោយ​ឃើញ​ថា ​ផ្នែក​សុខាភិបាល​មិន​បាន​ត្រៀម​ខ្លួន​ឆ្លើយ​តប​នឹង​ការបិទខ្ទប់​ពលរដ្ឋ ដែល​ជា​បទពិសោធន៍​សម្រាប់​ក្រសួង​សុខាភិបាល​យក​មក​កែលម្អ​ចំណុច​ខ្វះខាត​របស់​ខ្លួន៖ «មិនទាន់​ហួស​ពេល​ទេ​នៅក្នុង​ការឆ្លើយតបនេះ ហើយ​សង្ឃឹម​ថា​រឿង​កូវីដ- ១៩​នេះ​នឹង​ក្លាយ​ទៅ​ជា​បទពិសោធន៍​ដ៏សំខាន់​មួយ នៅ​ក្នុង​ការរៀបចំ​ប្រព័ន្ធ​សុខាភិបាល​ឡើងវិញ​បាទ»

បើទោះជាយ៉ាងនេះ​ក្ដី​មិន​បាន​ប៉ុន្មាន​ថ្ងៃ​រំលង​ពី​ករណី​ស្រ្តី​សម្រាល​កូន​នៅ​ខាង​មុខ​បន្ទប់​ជួល​នេះផង​ ក៏​មាន​ករណី​ស្រ្តី​ម្នាក់​ទៀត​បាន​ឆ្លង​ទន្លេ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ជួល​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​នេះ​ដែរ។

ចំពោះ​លោកស្រី ហែម ប៊ុនធា ដែល​ឆ្លង​កាត់​បទពិសោធន៍​សម្រាល​កូន​ដោយ​ខ្លួនឯង​នេះ​សំណូម​ពរ​ដល់​អាជ្ញាធរ​ឱ្យ​ដោះស្រាយ​បញ្ហានេះ​ព្រោះ​ស្ថានភាព​នេះ​ពិត​ជាគ្រោះ​ថ្នាក់ និង​អោយ​ភ័យខ្លាច​សម្រាប់​ស្រ្តី​ជាម្ដាយ៖ «នៅ​ពេល​យើង​មាន​សុខភាព​មាំទាំ​ដែរ ទម្រាំ​ឆ្លង​ផុត​ការរង់ចាំ ( ឡាន​ពេទ្យ ) របស់​គាត់។ ប្រសិនបើ​អ្នក​ផ្សេង​ខ្ញុំ​អត់​អាច​ថា ​បាន​ទេ​ព្រោះ​អី​ពេល​ហ្នុង​ខ្ញុំ​ដល់​កម្រិត​ថា​ស្លេកស្លាំង​ខ្លាំង គឺ​អស់​ល្បឿន​តែ​ម្ដង»

កម្ពុជា​បាន​កាត់​បន្ថយ​អត្រា​មរណ​ភាពស្ត្រី​ពេល​សម្រាល​កូន​យ៉ាង​តិច ​៧៥ ​ភាគ​រយ ​នៅ​ឆ្នាំ​២០១៥ ទៅតាម​គោលដៅ​កំណត់​របស់​អង្គការ​សហប្រជាជតិ ក្នុង​នោះ​អត្រា​មរណ​ភាពស្ត្រី​បាន​ធ្លាក់​ចុះ​ ៨៤​ ភាគរយ​ នៅ​ចន្លោះ​ឆ្នាំ​១៩៩០ ​និង​ឆ្នាំ​២០១៥៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។