សហគមន៍ខ្មែរនៅក្រុងអាឡាន់តា (Atlanta) នៃរដ្ឋចចា (Georgia) សហរដ្ឋអាមេរិក កំពុងរៀបចំក្បួនព្យុហយាត្រាលើកទីមួយដើម្បីអបអរការទទួលស្គាល់ជាផ្លូវការនៃការបង្កើតទីក្រុងខ្មែរ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ។
សភាតំណាងរាស្ត្រនៃរដ្ឋចចា បានទទួលស្គាល់ឲ្យមានការបង្កើតទីក្រុងខ្មែរនៅទីនោះកាលពីខែកុម្ភៈ ឆ្នាំ២០១៥ កន្លងទៅ។ យ៉ាងហោចណាស់ក៏មានពលរដ្ឋខ្មែរជាង ១ម៉ឺននាក់រស់នៅក្នុងរដ្ឋនេះ។ ពលរដ្ឋខ្មែរនៅទីនោះបានកសាងវត្តប្រាំ បង្កើតសមាគមខ្មែរ៤ និងមានហាងលក់ទំនិញជាច្រើនទៀត។
ស្ថាបនិកទីក្រុងខ្មែរម្នាក់ លោក ណែម ឈើង អំពាវនាវឲ្យពលរដ្ឋខ្មែរយកទង់ជាតិ និងរបស់របរដែលបង្ហាញពីអត្តសញ្ញាណខ្មែរ រួមមានឧបករណ៍ភ្លេង រូបចម្លាក់ ក្រមា ឬរូបគំនូរផ្សេងជាដើម ដើម្បីដាក់ចូលរួមនៅថ្ងៃដើរព្យុហយាត្រានោះ។ ជាងនេះទៅទៀត លោក ណែម ឈើង ក៏បានជំរុញឲ្យពលរដ្ឋខ្មែរទាំងអស់នៅក្នុងរដ្ឋនេះចេះសាមគ្គីគ្នាជាធ្លុងមួយដើម្បីធ្វើឲ្យសហគមន៍របស់ខ្លួនកាន់តែមានភាពរីកចម្រើន៖ «ខ្ញុំសូមឲ្យខ្មែរយើងគិតអំពីការរួបរួមគ្នានៅក្នុងសហគមន៍ ហើយគិតថា នេះគឺជាការកសាងផ្ទះសម្រាប់កូន សម្រាប់ចៅយើង។ ម្ល៉ោះហើយការមកចូលរួមនេះជាការបង្ហាញនូវភាពសាមគ្គីមួយដែលយើងកសាងគ្រឹះសម្រាប់កូន សម្រាប់ចៅយើងទៅថ្ងៃក្រោយ ហើយជាកន្លែងមួយដែលយើងមានមោទនភាពក្នុងការបង្ហាញទៅដល់រដ្ឋាភិបាលរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក នេះថា យើងគឺជាជនជាតិមួយដែលរស់នៅក្នុងទីក្រុងអាឡាន់តា នៃរដ្ឋចចា នេះ ក៏មានមុខមានមាត់មានអរិយធម៌ មានវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់របស់ខ្លួនក្នុងការបង្ហាញទៅពិភពលោកផងដែរ»។
ក្បួនព្យុហយាត្រានៅថ្ងៃទី២៥ ខែមិថុនា ខាងមុខនេះនឹងមានការចូលរួមពីសំណាក់សមាជិករដ្ឋសភាសមាជិកព្រឹទ្ធសភា និងអាជ្ញាធរដែនដីប្រចាំទីក្រុងអាឡាន់តា ហើយ អាចនឹងមានមនុស្សប្រមាណពី៣០០ ទៅ ៥០០នាក់ចូលរួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
