ពលករ​ខ្មែរ​ធ្វើការ​លើ​ទូក​នេសាទ​ថៃ ២​នាក់​លិច​ទូក​ស្លាប់ និង​ ១០​នាក់​ត្រូវ​បាន​សង្គ្រោះ

ដោយ ទីន ហ្សាការីយ៉ា
2019-06-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សព​ពលករ​ខ្មែរ​ក្រោយ​ពេល​សមត្ថកិច្ច​ស្រង់​ចេញ​ពី​ទឹក​សមុទ្រ​ដោយសារ​លិច​ទូក​នៅ​ប្រទេស​ថៃ។ រូបថត​កាល​​ពី​ថ្ងៃ​ទី​១៩ មិថុនា ២០១៩។
សព​ពលករ​ខ្មែរ​ក្រោយ​ពេល​សមត្ថកិច្ច​ស្រង់​ចេញ​ពី​ទឹក​សមុទ្រ​ដោយសារ​លិច​ទូក​នៅ​ប្រទេស​ថៃ។ រូបថត​កាល​​ពី​ថ្ងៃ​ទី​១៩ មិថុនា ២០១៩។
Photo courtesy

សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ ២​នាក់​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យ បន្ទាប់​ពី​លិច​ទូក​ស្លាប់​នៅ​ខេត្ត​ត្រាត (Trat) ប្រទេស​ថៃ កាលពី​រសៀល​ថ្ងៃ​ទី​១៨ មិថុនា។

អ្នកបកប្រែ​ប្រចាំ​នៅ​អង្គការ​លើកកម្ពស់​គុណ​ភាព​ពលករ (LPN) ​ប្រចាំ​នៅ​ខេត្ត​សមុទ្រសាខន (Samut Sakhon) ប្រទេស​ថៃ លោក ប្រាក់ ភត្ត្រា ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី​២០ មិថុនា​ថា ជនរងគ្រោះ​ជា​បុរស​ទាំងអស់ រួម​មាន​ឈ្មោះ ណេង នី អាយុ ២២​ឆ្នាំ និង​ឈ្មោះ កៅ ប៊ុនថៃ អាយុ​ ២៤​ឆ្នាំ បាន​លិច​ទូក​ស្លាប់​នៅ​ក្នុង​ទឹកសមុទ្រ​នៅ​ស្រុក​កោះកូត ខេត្ត​ត្រាត​ (Trat)។ លោក​បន្ត​ថា នៅ​លើក​ទូក​នេសាទ​នោះ មាន​កម្មករ​ចំនួន​ ១៥​នាក់ គឺ​ពលករ​ខ្មែរ​ចំនួន​១២ និង​ថៃ​ ៣​នាក់ ក្នុង​នោះ​ខ្មែរ​ ២​នាក់​ និង​ថៃ​ម្នាក់​​បាន​ស្លាប់​នៅ​ក្នុង​ទឹកសមុទ្រ។ លោក​បន្ថែម​ថា នៅ​ថ្ងៃ​ទី​១៩ មិថុនា កងទ័ពជើងទឹក​របស់​ថៃ​បាន​រក​ឃើញ​សាកសព​អ្នក​ទាំង​២ និង​បាន​ជួយសង្គ្រោះ​មនុស្ស​ចំនួន ១២​នាក់​រួច​ពី​គ្រោះ​ថ្នាក់៖ «បាទ​ទាំងអស់ ១៥​នាក់ ដោយ​ខាង​ទាហានជើងទឹក​ថៃ​គេ​ជួយ​អន្តរាគមន៍​បាន​ ១២​នាក់ ទូក​ភាគច្រើន​ដែល​គ្រោះថ្នាក់​ដោយសារ​បើកបរ​នៅ​ពេល​យប់ ដូចជា​វា​ទៅ​បុក​ថ្ម និង​ទៅ​ជល​គ្នា​ជាមួយ​ទូក​គេ​ផ្សេងទៀត ព្រោះ​អី​ករណី​កន្លង​មក វា​មាន​កប៉ាល់​ផ្សេង​បុក​លិច​ច្រើន​លិច​ជា​ច្រើនដង​មក​ហើយ ដោយឡែក​ករណី​នេះ វា​អត់​មានអី​ទេ ប្រហែលជា​គ្រោះថ្នាក់​ដោយ​ចៃដន្យ»

លោក​បន្ត​ថា សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​មូលហេតុ​ពី​ការ​លិច​ទូក​នេះ​នៅឡើយ​ទេ តែ​សន្និដ្ឋាន​ថា អាច​បណ្ដាល​មកពី​បើក​បុក​ថ្ម​ក្រឡាប់។ លោក​បន្ត​ថា សមត្ថកិច្ច​ថៃ​បាន​បញ្ជូន​សាកសព​ពលករ​ខ្មែរ​ទៅ​ធ្វើ​កោសល្យវិច័យ​នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​ក្លងយ៉ៃ (Khlong Yai) ខេត្ត​ត្រាត​របស់​ថៃ ហើយ​មកទល់​ព្រឹក​ថ្ងៃ​ទី​២០ ​មិថុនា ខាង​ថៃ​មិនទាន់​ប្រគល់​សាកសព​ទៅ​ឱ្យ​សាច់ញាតិ​នៅ​កម្ពុជា​យក​ទៅ​ធ្វើបុណ្យ​នៅ​ឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល