របាយការណ៍បឋមរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ឲ្យដឹងថា ក្នុងថ្ងៃទីពីរ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺថ្ងៃទី១៥ មេសានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ចំនួន ២៤ករណី កើតមានឡើងនៅទូទាំងប្រទេស ក្នុងនោះបណ្តាលឲ្យពលរដ្ឋ ១៣នាក់ស្លាប់ របួសធ្ងន់ ២៨នាក់ និងរបួសស្រាល ៦នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំងនេះ កើតមានឡើងភាគច្រើននៅខេត្តកែប កំពង់ចាម កំពង់ធំ កំពត ក្រចេះ តាកែវ ព្រះវិហារ បាត់ដំបង និងខេត្តកំពង់ស្ពឺ ដោយសារការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិបើកបរ ការប្រជែងគ្នា ឥទ្ធិពលគ្រឿងស្រវឹង និងការបើកបរមិនប្រកាន់ស្តាំ ជាដើម។
ដោយឡែក សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំខ្មែរ គឺថ្ងៃទី១៤ មេសា មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៤លើក កើតមានឡើងនៅទូទាំងប្រទេស ក្នុងនោះ បានបណ្តាលឲ្យ ពលរដ្ឋ ៦នាក់ស្លាប់ រងរបួសធ្ងន់១១នាក់ និងរងរបួសស្រាល ១៤នាក់។ ករណីគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំនេះ កើតមាននៅខេត្តបន្ទាយមានជ័យ ព្រះវិហារ តាកែវ និងខេត្តត្បូងឃ្មុំ។
តួលេខបឋមសរុប សម្រាប់រយៈពេលពីរថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ មេសានេះ មានពលរដ្ឋយ៉ាងហោចណាស់ ១៩នាក់ បានស្លាប់ និង ៥៩នាក់រងរបួស នៅទូទាំងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
