ពលរដ្ឋប្រកបរបរដាល់អំបុកលក់តាមដងផ្លូវជាតិលេខ៦ ក្នុងខេត្តកំពង់ធំអះអាងថា ពួកគាត់លក់អំបុកដាច់ខ្លាំងក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលអាចបង្កើនប្រាក់ចំណូលបន្ថែម បន្ទាប់ពីធ្វើស្រែចម្ការ។
បើគេធ្វើដំណើរតាមផ្លូវជាតិលេខ៦ ដល់ចំណុចឃុំសាន់គរ ខេត្តកំពង់ធំ គេនឹងប្រទះឃើញអ្នកស្រុកជាង ២០គ្រួសារកំពុងមមាញឹកដាល់អំបុកលក់ឱ្យអ្នកដំណើរនៅអមសងខាងផ្លូវជាតិ។
ពួកគាត់កំពុងតែផលិតអំបុកឱ្យបានច្រើនដើម្បីបំពេញតម្រូវការភ្ញៀវស្ទើរតែគ្មានពេលសម្រាកចាប់តាំងពីព្រលឹមរហូតដល់យប់។
កសិករកំពុងដាល់អំបុកលោកស្រី ព្រីង ស្រីពៅ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១២ វិច្ឆិកាថាកំឡុងពេលបុណ្យអុំទូកឆ្នាំនេះលោកស្រីលក់អំបុកដាច់ខ្លាំងទទួលបានប្រាក់ចំណូលពី៥០ម៉ឺនរៀលទៅ៦០ម៉ឺនរៀលក្នុងមួយថ្ងៃ។
លោកស្រីថា ទោះបីលក់ដាច់ក្តី ក៏លោកស្រីត្រូវចំណាយកម្លាំងពលកម្មច្រើន ដើម្បីផលិតអំបុកឱ្យមានរសជាតិឆ្ងាញ់រួមផ្សំស្រូវទើបច្រូតកាត់ថ្មីៗផង ធ្វើឱ្យអំបុកមានគុណភាពខ្ពស់។
លោកស្រី ព្រីង ស្រីពៅ៖«គេកុម្ម៉ង់ច្រើនហើយតាមផ្លូវក៏មានភ្ញៀវទិញច្រើនដែរ។នៅពេលលក់ដាច់ខ្លាំងក៏ដោយសារយើងលីងបានល្អហើយស្រូវថ្មីជាប្រភេទស្រូវទុំខៀវយកមកលីងហើយលេងបុក»។
កសិករឱ្យដឹងថារបរដាល់អំបុកលក់នេះពឹងអាស្រ័យលើការប្រមូលផលស្រូវដែរពោលគឺក្នុងកំឡុងពេលរដូវច្រូតកាត់មកដល់កសិករសម្រុកដាល់អំបុក។
រដូវដែលកសិករនិយមដាល់អំបុកច្រើនគឺចាប់ពីចុងខែតុលារហូតដល់ចុងខែវិច្ឆិកា។ពលរដ្ឋថា ក្នុងពិធីបុណ្យអុំទូកអកអំបុកនិងសំពះព្រះខែពលរដ្ឋដែលប្រកបរបរដាល់អំបុកអាចរកបានប្រាក់ចំណូលច្រើនជាងរាល់ដង។
កសិករដាល់អំបុកម្នាក់ទៀត លោកស្រី ហា សុខលី និយាយថាលោកស្រីជ្រើសរើសពូជស្រូវផ្ការំដួល ម្លិះ និងស្រូវដំណើប ជាដើម ដើម្បីផលិតអំបុកមានរសជាតិស្រួយនិងក្រអូប។
លោកស្រីថាមុខរបរនេះជាប្រពៃណីទំនៀមទម្លាប់ខ្មែរបន្សល់តាំងពីបុរាណកាលមកដែលអាចរកប្រាក់ចំណូលបានច្រើនតែក្នុងកំឡុងពេលបុណ្យអុំទូកប៉ុណ្ណោះ។
លោកស្រី ហា សុខលី៖«ដើម្បីបានអំបុកឆ្ងាញ់ការធ្វើមានច្រើនដំណាក់កាលយើងយកវាមកត្រាំហើយលីងរួចបុករែងយកកម្ទេចចេញឱ្យស្អាតខ្ញុំយកប្រភេទស្រូវដំណើបមកធ្វើ»។
មន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលរៀបចំឱ្យមានអ្នកវិនិយោគដើម្បីបង្កើតសង្វាក់ផលិតកម្មកែច្នៃអំបុកវេចខ្ចប់ដែលអាចផ្គត់ផ្គង់អំបុកក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស។ប្រការនេះនឹងជួយកសិករអាចផលិតអំបុកលក់ដាច់គ្រប់រដូវកាលដើម្បីបង្កើនប្រាក់ចំណូលសហគមន៍។
ប្រធានសហគមន៍បណ្ដាញកសិករ លោក សៀក ចំណាប់ យល់ថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ជំរុញឱ្យកសិករបង្កបង្កើនផលស្រូវជាអាទិភាពទើបអាចផលិតអំបុកបានគ្រប់រដូវនិងមានគុណភាពល្អ។
លោក សៀក ចំណាប់៖«ការធ្វើអំបុកនេះគឺយើងអាចយកមកកែច្នៃវេចខ្ចប់បានគឺទាមទារបច្ចេកទេសហើយប្រសិនបើជាអាជ្ញាធរគាត់ច្បាស់ពីបច្ចេកទេសធ្វើបានច្រើនពលរដ្ឋក៏បានប្រាក់ចំណូលច្រើនតាមនោះដែរ។អាជ្ញាធរគួរតែព្យាយាមរកវិធីសាស្ត្រជួយពលរដ្ឋផលិតស្រូវឱ្យបានគ្រប់រដូវទើបពួកគាត់អាចធ្វើអំបុកបានជាប្រចាំ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ និងកញ្ញា អ៊ឹម រចនា បាននៅឡើយទេ នៅថ្ងៃទី១២ វិច្ឆិកាដោយសារទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ទោះជាយ៉ាងណា លោក សៀក ចំណាប់ យល់ថារបរដាល់អំបុកលក់អាចផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋនៅគ្រប់រដូវកាលបាន លុះត្រាតែកសិករអាចធ្វើស្រែបានគ្រប់រដូវដែរហើយដើម្បីឱ្យកសិករអាចធ្វើស្រែបានគ្រប់រដូវលុះត្រាតែរដ្ឋាភិបាលបង្កើតឱ្យមានប្រព័ន្ធធារាសាស្ត្រគ្រប់គ្រាន់ដើម្បីស្រោចស្រពស្រូវកសិកម្ម។
របាយការណ៍របស់ក្រសួងព័ត៌មានឱ្យដឹងថា ក្នុងឆ្នាំ២០២១ "អំបុកកំពង់ធំ" មានឈ្មោះល្បីល្បាញទូទាំងប្រទេស និងមានគុណភាពខ្ពស់ ដែលមានពលរដ្ឋប្រកបមុខរបរនេះសរុបជិត ១០០គ្រួសារ រស់នៅក្នុងភូមិចំនួន៥ ក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
