ប៉ូលិស​កម្ពុជា​ត្រៀម​បញ្ជូន​បុរស​អាមេរិកាំង​ម្នាក់​ចេញ​​ពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​បំពាន​ផ្លូវ​ភេទ​កុមារ

សមត្ថកិច្ច​កម្ពុ​ជា កំពុង​បន្ត​នីតិវិធី​បញ្ជូន​បុរស​ម្នាក់​​ឈ្មោះ ខាល់ វ៉ុន ប៊ននីងហៅសេន (Karl Von Boenninghausen) អាយុ ៥៦ឆ្នាំ ជា​ជន​ជាតិ​អាមេរិក ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​ បញ្ជូន​ចេញ​ពី​កម្ពុជា។

គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី២៦ សីហា​ថា ប៉ូលិស​កម្ពុជា បាន​សហការ​ជាមួយ​​​កង​​កម្លាំង​នៃ​ការិយាល័យ​សន្តិសុខ​ប្រចាំ​តំបន់​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ចាប់​ខ្លួន​ បុរស​ឈ្មោះ Karl Von Boenninghausen កាល​ពី​ថ្ងៃ​​ទី២៥ ខែ​សីហា ពី​បទ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​របស់​តុលាការ​រដ្ឋ​កាលីហ្វ័រញ៉ា (California)។

នាយ​ការិយាល័យ​ការពារ​អនីតិជន លោក លៅ លីន ​​​ប្រាប់​គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ថា កម្លាំង​នាយកដ្ឋាន​ស៊ើប​ការ​ខាង​ក្រៅ និង​បច្ចេកទេស បាន​ឃាត់​ខ្លួន​ជន​ល្មើស ឈ្មោះ Karl Von Boenninghausen នៅ​ផ្ទះ​សំណាក់ យីហោ​ happy ស្ថិត​នៅ​ក្បែរ​វត្ត​សារាវ័ន្ត ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ ការ​ចាប់​ខ្លួន​បុរស​ជនជាតិ​អាមេរិក​នេះ សមត្ថកិច្ច​ដក​ហូត​បាន​លិខិត​ឆ្លង​ដែន ​ (PASSPORT) ចំនួន ៣ក្បាល ដោយ ១ក្បាល ជា​លិខិត​ឆ្លង​ដែន​ថ្មី និង ២ក្បាល​ទៀត ជា​លិខិត​ឆ្លង​ដែន​ប្រើ​អស់​សន្លឹក​ ព្រម​ទាំង​ដក​ហូត​បាន​របស់របរ​មួយ​ចំនួន​ទៀត។

សម្ភារៈ​ដក​ហូត​បាន​ទាំង​អស់​នេះ ក៏​នឹង​ត្រូវ​បញ្ជូន​ចេញ​ពី​កម្ពុជា​ជាមួយ​បុរស​អាមេរិកាំង​រូប​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។