ការវិភាគ​របស់​លោក កែម ឡី អំពី​បញ្ហា​សង្គម និង​នយោបាយ​ ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត ដែល​កើត​មាន​ឡើង​ក្រោយ​ពេល​ឃាតក​បាញ់​សម្លាប់​លោក

ដោយ ទីន ហ្សាការីយ៉ា
2019.07.12
កែម ឡី ៣០៥ វាគ្មិន​កិត្តិយស​ដែល​ចូល​រួម​ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី លោក​បណ្ឌិត កែម ឡី។
Photo: RFA

លោក បណ្ឌិត កែម ឡី គឺ​ជា​អ្នក​វិភាគ​ពី​បញ្ហា​សង្គម និង​នយោបាយ​ដ៏​មាន​ប្រជាប្រិយភាព មុន​ពេល​ឃាតក​បាញ់​សម្លាប់ ដែល​មហាជន​បាន​ស្គាល់ និង​គោរព​ស្រលាញ់។ ថ្វី​ដ្បិត​តែ​រូប​កាយ​លោក​បាន​ឃ្លាត​ឆ្ងាយ គ្មាន​ថ្ងៃ​វិល​ត្រឡប់​មក​វិញ​ក្ដី ក៏​ទស្សនទាន និង​រាល់​ការ​វិភាគ​របស់​លោក នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នីមួយៗ មិន​រសាត់​ឆ្ងាយ​បាត់​ទៅ​ណា​ឡើយ។

ការវិភាគ​របស់​លោក អំពី​បញ្ហា​សេដ្ឋកិច្ច សង្គម នយោបាយ សិទ្ធិ​មនុស្ស ដីធ្លី និង បញ្ហា​ជន​អន្តោប្រវេសន៍​ជា​ដើម បាន​វិវត្ត​ពី​មួយ​ដំណាក់​កាល​ទៅ​មួយ​ដំណាក់​កាល ដូច​ដែល​លោក​បាន​ព្យាករ​ទុក​ដូច្នោះ​ដែរ។

តើ​ការ​វិភាគ​របស់​លោក​បណ្ឌិត កែម ឡី កាល​ពី​មុន​ពេល​លោក​ស្លាប់ ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត កើត​ឡើង​នា​ពេល​បច្ចុប្បន្ន​នេះ មាន​អ្វី​ខ្លះ ហើយ​បញ្ហា​អ្វី​ខ្លះ ដែល​នឹង​កើត​ឡើង​នៅ​ពេល​ខាង​មុខ ដូច​ដែល​លោក​បាន​ព្យាករ​ទុក​នោះ?

លោក បណ្ឌិត កែម ឡី ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ស្គាល់​ថា ជា​អ្នក​វិភាគ​អំពី​បញ្ហា​សង្គម និង​នយោបាយ​ឥត​សំចៃ​មាត់ ឥត​ខ្លាច​រអា និង​បាន​យក​អាយុ​ជីវិត​របស់​លោក​មក​ដោះ​ដូរ​ការពិត តាម​រយៈ​ការ​លាត​ត្រដាង​ជា​សាធារណៈ ហើយ​រាល់​ការ​វិភាគ​របស់​លោក​ម្ដងៗ ធ្វើ​ឲ្យ​ជន​ខិល​ខូច​ដែល​មាន​ខ្លួន មិន​សប្បាយ​ចិត្ត​ឡើយ។

ទោះ​បី​ជា​លោក​ប្រឈម​នឹង​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​យ៉ាង​ណា​ក្ដី ក៏​លោក​មិន​ដែល​រា​ថយ ចំពោះ​ការ​វិភាគ​របស់​លោក​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ណា​មួយ​នោះ​ឡើយ។ បណ្ឌិត កែម ឡី បាន​ប្រកាន់​ជំហរ​ថា បើ​ក្រុម​បញ្ញវន្ត រួម​ទាំង​លោក​ផង​ភ័យ​ខ្លាច និង​មិន​ហ៊ាន​និយាយ​ពី​ការ​ពិត​នោះ តើ​ពេល​ណា​ទើប​ពលរដ្ឋ បាន​ដឹង​រឿង​ពិត ដែល​នៅ​ពី​ក្រោយ​ការ​បិទ​បាំង​របស់​អ្នក​នយោបាយ ឬ​មេ​ដឹក​នាំ បង្កើត​រឿង​សិប្បនិម្មិត​ជា​ច្រើន ដែល​ពលរដ្ឋ​មិន​បាន​ដឹង​នោះ?

. ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​យូរ​អង្វែង

បញ្ហា​នយោបាយ រវាង​គណបក្ស​ប្រឆាំង និង​គណបក្ស​កាន់​អំណាច នៅ​ចន្លោះ​ឆ្នាំ២០១៥ និង ២០១៦ មុន​ពេល​ឃាតក​បាញ់​ប្រហារ​លោក លោក បណ្ឌិត កែម ឡី។ លោក​តែង​និយាយ​ជា​រឿយៗ ជំរុញ​ឲ្យ​អ្នក​នយោបាយ ធ្វើ​នយោបាយ ដើម្បី​ពលរដ្ឋ មិន​មែន​ធ្វើ​នយោបាយ ចង់​យក​ឈ្នះ​ចាញ់​គ្នា ប្រើ​កង​កម្លាំង ចោទ​ប្រកាន់ និង​ចាប់​ចង​ដៃគូ​ប្រកួត​ដាក់​ពន្ធនាគារ​នោះ​ទេ។

ការ​លើក​ឡើង​របស់​បណ្ឌិត កែម ឡី នៅ​ពេល​នោះ នៅ​ស្រប​ពេល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កាល​ពី​អាណត្តិ​ទី៥ គឺ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ចាប់​ផ្ដើម​មាន​ជម្លោះ​នឹង​គ្នា ហើយ​បោះ​បង់​វប្បធម៌​សន្ទនា​ចោល​វិញ។

ទាក់ទង​នឹង​វប្បធម៌​សន្ទនា​នេះ បណ្ឌិត កែម ឡី បាន​ព្យាករ​តាំង​ពី ៥ឆ្នាំ​មុន​នៅ​កំឡុង​ឆ្នាំ២០១៤ គឺ​មុន​ពេល​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវរ៉ូវ​គ្នា​បង្កើត​វប្បធម៌​សន្ទនា​មក​ម្ល៉េះ។ លោក​អះអាង​នៅ​ពេល​នោះ​ថា ការ​បង្កើត​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កាល​នោះ មិន​បាន​យូរ​អង្វែង​ទេ ព្រោះ​វា​មិន​មែន​ជា​ច្បាប់ គឺ​គ្រាន់​តែ​ជា​កិច្ច​ព្រមព្រៀង​នយោបាយ ដើម្បី​ដោះ​ទ័ល​នយោបាយ​មួយ​ពេល​តែ​ប៉ុណ្ណោះ៖ «»

ការប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ មិន​បាន​មួយ​ឆ្នាំ​ស្រួលបួល​ផង ស្រាប់​តែ​គណបក្ស​ប្រជាជន​កម្ពុជា បោះបង់ចោល​វិញ ទោះ​ជា​លោក ហ៊ុន សែន ធ្លាប់​បាន​អះអាង​ថា លោក និង លោក សម រង្ស៊ី ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​វប្បធម៌​សន្ទនា ដែល​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​ក្ដី។ លោក បណ្ឌិត កែម ឡី ពន្យល់​ថា ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​នេះ គឺ​គណបក្ស​កាន់អំណាច ប្រើ​យុទ្ធសាស្ត្រ ចាប់​ត្រី​ស្អុយ​របស់​ខ្លួន ដាក់​ក្នុង​កន្ត្រក​អ្នក​ដទៃ តាម​រយៈ​ការ​បញ្ចុះបញ្ចូល​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ក្នុង​គោល​បំណង​កែប្រែ​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់ ស្ដីពី​រៀបចំ​ការ​បោះឆ្នោត​ឲ្យ​ទៅ​ជា​ច្បាប់​ដ៏​អាក្រក់​តែ​ប៉ុណ្ណោះ។ ហើយ​ត្រី​ស្អុយ​នេះ បាន​បន្ត​ធ្វើ​វិសោធនកម្ម ច្បាប់​ស្ដីពី ការ​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ច្បាប់បោះឆ្នោត ដែល​កាល​ណោះ លោក ចង់​សំដៅ​ទៅ​លើ​ការ​កែប្រែ​ខ្លឹមសារ​ច្បាប់​បោះ​ឆ្នោត ដែល​ថា ប្រធាន​បក្ស​ធ្វើ​ខុស គឺ​ត្រូវ​រំលាយ​គណបក្ស​នោះ​ចោល។

លោក កែម ឡី ក៏​បញ្ជាក់​ដែរ​ថា ការណ៍​ដែល​គណបក្ស​កាន់​អំណាច​ប្រើ​យុទ្ធសាស្ត្រ​បែប​នេះ ដោយ​សារ​តែ​គណបក្ស​នេះ បាន​ធ្លាក់​ចុះ​ប្រជាប្រិយភាព​ខ្លាំង ដែល​ពិបាក​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​នៅ​ឆ្នាំ២០១៧ និង​បោះ​ឆ្នោត​សាកល​នៅ​ឆ្នាំ២០១៨ ដោយសារ​តែ​របប​លោក ហ៊ុន សែន បរាជ័យ​លើ​ការ​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ស្រប​ពេល​ដែល​លោក ហ៊ុន សែន បាន​ដឹង​ខ្លួន​រួច​ទៅ​ហើយ​ថា បើ​មិន​ធ្វើ​កំណែ​ទម្រង់​ទេ​នឹង​ស្លាប់ គឺ​សំដៅ​លើ​ការ​បាត់បង់​បង់​អំណាច។

. ការ​ប្រើប្រាស់​តុលាការ និង ..ប ដើម្បី​រំលាយ​បក្ស​ប្រឆាំង

ការ​ធ្វើ​កំណែ​ទម្រង់​របស់​របប​លោក ហ៊ុន សែន នេះ បណ្ឌិត កែម ឡី ក៏​វិភាគ​មិន​ខុស​ដែរ។ លោក​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច មិន​អាច​ធ្វើ​កំណែ​ទម្រង់​បាន​ទេ ពិសេស​ការ​ដុះ​ក្អែល​គ្រួសារ​និយម បក្ខពួក​និយម​តាម​ក្រសួង​នានា​នោះ។ ផ្ទុយទៅវិញ លោក​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​កំណែ​ទម្រង់ ដើម្បី​ត្រួតត្រា​គេ​ទៅ​វិញ​ទេ ហើយ​ដើម្បី​ត្រួតត្រា​បាន​នៅ​ដំណាក់​កាល​ណា​មួយ​នោះ គឺ​មាន​តែ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចោល​តែ​ម្ដង៖ «»

ការ​វិភាគ​របស់​បណ្ឌិត កែម ឡី នេះ ហាក់​ដូច​ជា​លោក​មើល​ឃើញ​ពី​ផែនការ​សម្ងាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន រួច​ជា​មុន​ទៅ​ហើយ អំពី​ការ​រំលាយ​បក្ស​ប្រឆាំង គឺ​តាម​រយៈ ការ​ត្រួតត្រា​ស្ថាប័នជាតិ​ទំាង​មូល ដែល​មិន​អាច​ឈរ​ជា​ស្ថាប័ន​ឯករាជ្យ​បាន រួម​មាន រដ្ឋសភា តុលាការ គ. . ប និង ព្រះ​បរម​រាជ​វាំង​ជា​ដើម ដើម្បី​សម្រេច​ពី​ផែនការ​របស់​ខ្លួន​នោះ។

ស្ថាប័ន​តុលាការ សភា គ. . ប គឺ ជា​ស្ថាប័ន​ដ៏​សំខាន់ ដែល​គណបក្ស​កាន់​អំណាច​ប្រើប្រាស់ ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន។ ស្ថាប័ន​តុលាការ គឺ​ជា​ស្ថាប័ន​សម្រេច​ក្ដី ដែល​គេ​មើល​ឃើញ​ថា សម្រេច​ទៅ​តាម​ទំនោរ​ចង់​បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​លោក ហ៊ុន សែន ដូច​ជា ការ​ចាប់​ខ្លួន​លោក កឹម សុខា ការ​កាត់​សេចក្ដី​រំលាយ​បក្ស​ប្រឆាំង ការ​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​បក្ស​ប្រឆាំង រាប់​ទាំង​សកម្មជន តំណាង​រាស្ត្រ ដែល​ចំនួន​នេះ កើន​ឡើង​រាប់​រយ​នាក់​មក​ដល់​បច្ចុប្បន្ន។

រីឯ​សភា​វិញ គឺ​ជា​ស្ថាប័ន​ចាំ​តែ​ប្រថាប់ត្រា តាម​រយៈ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត និង​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត ហើយ​ចុង​ក្រោយ ចំពោះ​ស្ថាប័ន​ព្រះមហាក្សត្រ​វិញ ដូច​ដែល​បណ្ឌិត កែម ឡី វិភាគ​ដូច្នោះ​ដែរ គឺ​ក្រោយ​ពី​របប​ឯក​បក្ស​រៀបចំ​ការ​បោះ​ឆ្នោត​ដ៏​ចម្រូងចម្រាស​នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ ដែល​សហគមន៍​អន្តរជាតិ​មិន​ទទួល​ស្គាល់​ផង​នោះ ព្រះមហាក្សត្រ​ក៏​ចេញ​ព្រះភ័ក្ត្រ មក​ប្រកាស​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត និង​ទទួល​ស្គាល់​ការ​បង្កើត​រដ្ឋាភិបាល​ថ្មីថ្មោង​នៃ​របប​លោក ហ៊ុន សែន។

. ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​គំរាមកំហែង

បណ្ឌិត កែម ឡី បាន​និយាយ​ជា​ហូរហែ​ដែរ​ថា អ្នក​នយោបាយ​បក្ស​កាន់​អំណាច ធ្វើ​នយោបាយ​មិន​មែន ដើម្បី​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ​នោះ​ទេ គឺ​ធ្វើ​នយោបាយ ដើម្បី​បំភិតបំភ័យ និង​ប្រើប្រាស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​បម្រើ​នយោបាយ​មហិច្ឆតា​របស់​ខ្លួន។ រីឯ​អ្នក​រិះគន់ មិន​ដើរ​តាម​មាគ៌ា​បក្ស​កាន់​អំណាច រិះគន់​នោះ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ និង​ស្លាប់​ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ​នោះ​ទេ។ បណ្ឌិត កែម ឡី បន្ថែម​ថា របប​លោក ហ៊ុន សែន ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ទាមទារ​សិទ្ធិ​សេរីភាព ដែល​ប្រមូល​ផ្ដុំ​គ្នា​នោះ​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌។ បណ្ឌិត កែម ឡី បន្ថែម​ថា ការ​លាប​ពណ៌​នេះ គឺ​ជា​កម្អែល​របស់​ខ្មែរ​ក្រហម ដែល​របប​លោក ហ៊ុន សែន យក​មក​ប្រើប្រាស់ ដើម្បី​ជា​លេស​បង្ក្រាប​ទៅ​វិញ​ទេ៖ «»

លំនាំ​អ្នក​នយោបាយ​ខ្មែរ ធ្វើ​នយោបាយ​ផ្ដួល​រលំ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ហើយ​ពលរដ្ឋ​តែងតែ​រងគ្រោះ ដោយសារ​តែ​អ្នក​នយោបាយ ពិសេស​គណបក្ស​កាន់​អំណាច​របស់​លោក ហ៊ុន សែន បាន​ក្ដោបក្ដាប់​អំណាច​ទាំង​ស្រុង​នៅ​ក្នុង​ដៃ ហើយ​ចាប់​ផ្ដើម​រឹតត្បិត​សព្វ​បែប​យ៉ាង ពិសេស គិតចាប់ពីឆ្នាំ២០១៧ ក្រោយ​ពី​របប​លោក ហ៊ុន សែន រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក ហើយ​មនុស្ស​មួយ​ចំនួន រត់​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស និង​មនុស្ស​មួយ​ចំនួន​ទៀត ត្រូវ​បាន​ចាប់​ខ្លួន។

សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ និង​លទ្ធិ​ប្រជាធិបតេយ្យ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ប្រែប្រួល​ទៅ​តាម​ស្ថានការណ៍​នយោបាយ​ដូច្នោះ​ដែរ ទោះ​ជា​កម្ពុជា​បាន​ហែល​ឆ្លង​របប​ផ្ដាច់​ការ​កាប់​សម្លាប់​ធ្វើឲ្យ​ពលរដ្ឋ​ស្លាប់​រាប់​លាន​នាក់ និង​គ្រប់គ្រង​ប្រព័ន្ធ​សេដ្ឋកិច្ច​ផែនការ ហើយ​ក្រោយ​មក កម្ពុជា​ផ្លាស់​ប្ដូរ​របប​ថ្មី គឺ​ចាប់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស គិត​ចាប់​តាំង​ពី​ឆ្នាំ១៩៩៣ ក៏​ដោយ ក៏​របត់​នយោបាយ និង​កម្អែល​ផ្ដាច់ការ មិន​រសាត់​ទៅ​ណា​ឆ្ងាយ​ពី​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នា​សម័យ​បច្ចុប្បន្ន​នេះ​ឡើយ។ ការ​កាប់​សម្លាប់ អំពើ​ហិង្សា ការ​ចាប់ចង ការ​ជម្លៀស​ចេញ​ព្រាត់ប្រាស​ក្រុម​គ្រួសារ​នៅ​ក្នុង​ស្រទាប់​អ្នក​នយោបាយ​ខ្មែរ តែង​តែ​កើត​មាន​នៅ​ដំណាក់កាល​នីមួយៗ ឧទាហរណ៍​ដូច​ជា ព្រឹត្តិការណ៍​រដ្ឋប្រហារ​បង្ហូរ​ឈាម​គ្នា ថ្ងៃ​ទី៥ ថ្ងៃ​ទី៦ ខែ​កក្កដា ឆ្នាំ១៩៩៧ មន្ត្រី​ហ៊្វុនស៊ិនប៉ិច ជា​ច្រើន ត្រូវ​គេ​យក​ទៅ​សម្លាប់ និង​មួយ​ចំនួន​ទៀត និរទេស​ខ្លួន រួម​ទាំង​មេ​បក្ស សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ផង។

លោក បណ្ឌិត កែម ឡី មានប្រសាសន៍ថា ដើម្បី​បន្ត​អំណាច​ទៅ​មុខ អ្នក​នយោបាយ​ទុច្ចរិត បាន​បណ្ដុះ​នយោបាយ​ហិង្សា ល្បិចកល​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទីបំផុត​ទៅ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​ប្រទេស​ភ័យ​ខ្លាច និង​អសកម្ម​នៅ​ក្នុង​ការ​ចូល​រួម​នយោបាយ ដោយ​សារ​តែ​ការ​ភ័យ​ខ្លាច។ លោក បណ្ឌិត កែម ឡី មិន​ត្រឹម​តែ​ហ៊ាន​និយាយ​ការ​ពិត​ចំពោះ​វប្បធម៌​នៃ​អ្នក​នយោបាយ​សម័យ​បច្ចុប្បន្ន​ទេ លោក​ក៏​មិន​ញញើត​ក្នុង​ការ​រិះគន់​ទស្សនៈ​ចាស់​បុរាណ​ខ្មែរ​មួយ​ចំនួន​ផង​ដែរ ដែល​តែង​តែ​អប់រំ​កូន​ចៅ​ឱ្យ​យក​សុខ​តែ​ឯង​នោះ​ដូច​ជា៖ បាន​ប៉ុណ្ណឹង​ហើយ​ចង់​បាន​អី​ទៀត នៅ​មិន​នៅ កុំ​យក​ជ័រ​ព្នៅ​ត្បៀត​ក្លៀក បើ​មិន​និយាយ គេ​មិន​ថា​គ​ទេ ត្រី​កំភ្លាញ​ងាប់​ព្រោះ​មាត់ ធ្វើ​គរ​ធ្វើ​ថ្លង់​ទៅ​រស់​បាន​យួរ ពង​មាន់​កុំ​ជល់​ជា​មួយ​ថ្ម កុំ​ព្យាយាម​ទូល​ភ្នំ​ម្នាក់​ឯង ខណៈ​ក្រុម​បញ្ញាវ័ន្ត​មួយ​ចំនួន​សម្ងំ​យក​សុខ និង​មួយ​ចំនួន​ទៀត ទទួល​បាន​ផល​ប្រយោជន៍​ពី​តួនាទី​នៅ​តាម​ស្ថាប័ន​រដ្ឋ ឯកជន អង្គការក្រៅរដ្ឋាភិបាល លែង​មើល​ឃើញ​ពី​ភាព​អវិជ្ជមាន​ក្នុង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន«»

. លំហូរ​ជន​អន្តោប្រវេសន៍​ចូល​មក​កម្ពុជា បង្ក​ភាព​អសន្តិសុខ​សង្គម

បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា អ្វី​ដែល​ពលរដ្ឋ​កម្ពុជា​ត្រូវ​ព្រួយ​បារម្ភ​នោះ គឺ​មិន​មែន​ព្រួយ​បារម្ភ​តែ​ពី​ការ​បាត់​បង់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​នោះ​ទេ តែ​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង​នោះ គឺ​លំហូរ​ជន​អន្តោប្រវេសន៍​មក​កម្ពុជា។ លោក​បញ្ជាក់​ថា ការគ្រប់គ្រង​ជន​អន្តោប្រវេសន៍​ធូរ​រលុង និង​ការ​អនុវត្ត​ច្បាប់​ឲ្យ មិន​បាន​ត្រឹម​ត្រូវ​នោះ ជន​អន្តោប្រវេសន៍​នឹង​មក​កម្ពុជា កាន់​តែ​ច្រើន បង្ក​អសន្តិសុខ​នៅ​ក្នុង​សង្គម​ជា​ដើម។ លោក​បញ្ជាក់​ថា បើ​សិន​ជា​ការ​អនុវត្ត​ច្បាប់​ធូរ​រលុង កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អានាធិបតេយ្យ ហើយ​កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​ដែល​ជន​ជាតិ​ចិន និង​វៀតណាម​ពុះ​ច្រៀក​ដណ្ដើម​គ្នា ដែល​លោក​ហៅ​ថា ជា​ការ​ធ្វើ​អាណានិគម​បែប​សម័យ​សម័យ​ថ្មី ហើយ​នៅ​ពេល​នោះ ពលរដ្ឋ​ខ្មែរ​ជា​អ្នក​រង​គ្រោះ៖«»

ការ​លើក​ឡើង​របស់​លោក បណ្ឌិត កែម ឡី បាន​កន្លង​ហួស​ទៅ ៤ឆ្នាំ​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ហេតុ​ការណ៍​នេះ បាន​ស្ដែង​ឡើង​នៅ​សម័យ​បច្ចុប្បន្ន។ ជា​ការ​ពិត​ណាស់ ជនជាតិ​ចិន និង​វៀតណាម​កំពុង​បង្ក​អសន្តិសុខ​សង្គម​យ៉ាង​សេរី ដោយ​មាន​ការ​ការពារ​ដោយ​សមត្ថកិច្ច​កម្ពុជា​ទៀត​ផង។ ជនជាតិ​វៀតណាម​ចង់​កាប់​ជួញដូរ​ឈើ នេសាទ​ខុស​ច្បាប់ និង​បញ្ហា​ផ្សេង​ទៀត រីឯ​ជន​ជាតិ​ចិន​វិញ ចង់​មក​ដណ្ដើម​សេដ្ឋកិច្ច​ពលរដ្ឋ​ខ្មែរ បំផ្លាញ​ធនធាន​ធម្មជាតិ និង​សាងសង់​អគារ​ខុស​ច្បាប់ គ្មាន​គុណភាព បាក់​សង្កត់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជិត ៣០នាក់ និង​របួស​ជាង ២០នាក់ទៀត នៅ​ទីក្រុង​ព្រះសីហនុ​កាល​ពី​ពេល​ថ្មីៗ នេះ ក៏​គ្មាន​បញ្ហា​អ្វី​ដែរ។

. របប​លោក ហ៊ុន សែន ខ្លាច​ស្រមោល​ខ្លួន​ឯង​បង្ក្រាប​អ្នក​រិះគន់

ការ​លើក​ឡើង​របស់​លោក បណ្ឌិត កែម ឡី ទាំង​អម្បាល​មាន រួម​មាន​ទាំង​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍ ការ​រឹតត្បិត​សិទ្ធិ​សិទ្ធិ​សេរីភាព និង​ការ​ប្រើប្រាស់​អំណាច​ផ្ដាច់​ការ ដើម្បី​វាយ​បំបាក់​អ្នក​រិះគន់ និង​រំលាយ​គណបក្ស​ប្រឆាំង ហាក់​មិន​ខុស ពី​អ្វី​ដែល​បាន​កើត​ឡើង​ឡើយ នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។ កុំថាឡើយ ការ​ជួប​ជុំ​គ្នា​ដង្ហែ​ក្បួន​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ ដូច​កាល​ពី​មុន សូម្បី​ពលរដ្ឋ ឬ អ្នក​គាំទ្រ​បក្ស​ប្រឆាំង​ជួបជុំគ្នា ពិសា​នំ​បញ្ចុក​សាមគ្គី​នៅ​ផ្ទះ​របស់​ខ្លួន​ក៏​មិន​បាន​ផង។ ការ​ជួបជុំ​គ្នា​បរិភោគ​នំ​បញ្ចុក មក​ទល់​ពេល​នេះ គឺ​មាន​មនុស្ស​ជិត ១៥០នាក់​នាក់ ហើយ ដែល​សមត្ថកិច្ច និង​តុលាការ​កោះ​ហៅ​ទៅ​សួរ​នាំ និង​ចោទ​ចោទ​ប្រកាន់។ ការ​លាប​ពណ៌​ថា ជា​ក្រុម​បដិវត្តន៍​ពណ៌ ការ​ចាប់​ចង ធ្វើ​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​សភាព​ភ័យ​ខ្លាច អ្នក​ខ្លះ​បាន​ត្រឹម​ខ្សឹបខ្សៀវ​គ្នា​អំពី​រឿង​នយោបាយ នៅ​តាម​តុ​កាហ្វេ សំដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ជា​ដើម ។

លោក បណ្ឌិត កែម ឡី តែង​តែ​លើក​ដែរ​ឡើង​ថា បើ​សិន​ជា​ពលរដ្ឋ​ខ្មែរ​មិន​ធ្វើ​ជា​ពលរដ្ឋ​សកម្ម​នៅ​ក្នុង​កិច្ចការ​សង្គម​ទេ ហើយ​អ្នក​នយោបាយ​ខ្មែរ​នៅ​តែ​ធ្វើ​នយោបាយ​ប្រជែង​គ្នា​យក​ឈ្នះ​ចាញ់​គ្មាន​ទី​បញ្ចប់​ទេ​នោះ កម្ពុជា​ទាំង​មូល​នឹង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ក្រុម​គ្រួសារ​បក្ខ​ពួក​របស់​លោក ហ៊ុន សែន ផ្ដាច់មុខ គួបផ្សំ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​មិន​ឯករាជ្យ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អនាធិបតេយ្យ ដែល​បរទេស​ងាយ​ចូល​លុកលុយ ហើយ​ពលរដ្ឋ​រស់​នៅ​ក្នុង​សភាព​ដូច​នៅ​ក្នុង​គុក​ឥត​ជញ្ជាំង មិន​ហ៊ាន​ធ្វើ​ចលនា​អ្វី​ទាំង​អស់ ដែល​ជា​ការ​ជួយ​សម្រេច​គោលដៅ​របស់​មេ​ដឹក​នាំ​ផ្ដាច់ការ ដែល​ចង់​ឲ្យ​ពលរដ្ឋ​រស់​នៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ និង​ភ័យ​ខ្លាច។ សិទ្ធិ​សេរីភាព​ត្រូវ​បាន​បាត់បង់ ការ​ចាប់ចង និង​រឹតត្បិត​បន្តិច​ម្ដងៗ នេះ លោក បណ្ឌិត កែម ឡី មានប្រសាសន៍ថា មូលហេតុ​ចំបង គឺ​របប​លោក ហ៊ុន សែន ខ្លាច​ស្រមោល​ខ្លួន​ឯង៖ «»

ជា​សរុប​សេចក្ដី​ទៅ​បណ្ឌិត កែម ឡី វិភាគ​មិន​ខុស​ឡើយ។ ឥឡូវ​នេះ កុំថាឡើយ ពលរដ្ឋ​នាំ​គ្នា “ប្រមូល​ផ្ដុំ​គ្នា ងើប​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព និង​យុត្តិធម៌​សង្គម” សូម្បីតែ ការ​រៀប​ពិធី​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត នៅ ស្ដារម៉ាត កាល់តិច (Star Mart Caltex) ក្បែរ​ស្តុប​បូកគោ ក៏​របប​លោក ហ៊ុន សែន ពង្រាយ​កង​កម្លាំង​លើស​លប់​មិន​ឲ្យ​គោរព​វិញ្ញាណក្ខន្ធ ដឹង​គុណ​លោក​ទេ។ ពិសេស​ទៅ​ទៀត​នោះ អាជ្ញាធរ​ខ្លាច​ទាំង​ពលរដ្ឋ​ស្លៀក​ពាក់​អាវ ដែល​មាន​រូបថត​លោក​បណ្ឌិត ទៀត​ផង គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​ពាក់​ឡើយ។ រីឯ​ពាក្យ​ស្លោក​របស់​បណ្ឌិត ដែល​សរសេរ​ថា “ បើ​អ្នក​មិន​ធ្វើ​អ្វី​ទាល់​តែ​សោះ ក៏​គង់​នឹង​រង​គ្រោះ​ដែរ គ្រាន់​តែ​មិន​ទាន់​ដល់​វេន​អ្នក​ប៉ុណ្ណោះ” ក៏​អាជ្ញាធរ​មិន​ឲ្យ​ផ្សព្វផ្សាយ​ដែរ។

ឥឡូវ​នេះ​តុលាការ​របប លោក ហ៊ុន សែន បាន​ចាប់​ខ្លួន​យុវជន​ពីរ​នាក់​គឺ សួង នាគព័ន្ធ និង គង់ រ៉ៃយ៉ា គោរព​ស្រលាញ់​លោក បណ្ឌិត កែម ឡី នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​គម្រប់​ខួប ៣ឆ្នំា​នៃ​ថ្ងៃ​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត ដោយ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​បង្ក​ឲ្យ​ប្រព្រឹត្តិ​បទ​ល្មើស​ជា​អាទិ៍ និង ចែក​ខិត្តប័ណ្ណ​បង្ក​ឲ្យ​មាន​ចលាចល​សង្គម​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។