អាជ្ញាធរជាតិអប្សរាគ្រោងចុះបញ្ជីបច្ចេកទេស និងរៀបចំសំណើបញ្ជូនបំណែកវត្ថុបុរាណចំនួន ៥ ទៅរក្សាទុកនៅក្នុងសារមន្ទីរ ព្រះនរោត្តមសីហនុ អង្គរ ក្នុងខេត្តសៀមរាប។ គេហទំព័ររបស់អាជ្ញាធរជាតិអប្សរា ផ្សាយនៅថ្ងៃទី២២ ខែសីហា បានឱ្យដឹងថា បំណែកវត្ថុបុរាណទាំងប្រាំនេះរួមមាន បំណែកដងខ្លួនព្រះពុទ្ធរូប បំណែកកញ្ចាំង បំណែកភ្នែនទេវរូប និងកុលាលភាជន៍ចំនួនពីរ។ បំណែកទាំងបីសុទ្ធតែធ្វើឡើងពីថ្មភក់ ចំណែកកុលាលភាជន៍ដែលធ្វើជាថូ និងខួច ធ្វើឡើងពីដីដុត។
អាជ្ញាធរជាតិអប្សរាឱ្យដឹងបន្ថែមថា បំណែកវត្ថុបុរាណទាំងនេះគឺទទួលបានពីពលរដ្ឋដែលបានប្រទះឃើញបំណែកវត្ថុបុរាណទាំងនេះនៅក្បែរតំបន់ដែលពួកគាត់រស់នៅ និងបានរាយការណ៍ទៅអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ដើម្បីប្រមូលបំណែកវត្ថុបុរាណទាំងនេះទុក។
អាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់ពលរដ្ឋ និងស្ថាប័នពាក់ព័ន្ធដែលបានរួមចំណែកការពារសម្បត្តិបេតិកភណ្ឌរបស់ជាតិ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ពលរដ្ឋឱ្យចូលរួមរាយការណ៍ដល់អាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរជាតិអប្សរាក្នុងករណីបានជួបប្រទះនូវបុរាណវត្ថុទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។