នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការនគរបាលជាតិ បានឃាត់ជនជាតិចិន២នាក់ បន្ទាប់ពីបានរកឃើញជនជាតិចិនម្នាក់ទៀតស្លាប់នៅក្នុងឃ្លុប ខាងក្រោយរថយន្តរបស់ពួកគេនៅរសៀលថ្ងៃទី២១ ខែមករា ឃុំចោមចៅ ខណ្ឌពោធិសែនជ័យ ក្រុងភ្នំពេញ។
អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិលោក អ៊ិន បូរ៉ា ប្រាប់អាស៊ីសេរីថា ជនសង្ស័យទាំងពីរនាក់នេះបានព្យាយាមបើករថយន្ត Lexus ៤៧០ បម្រុងគេចខ្លួន បន្ទាប់ពីចាប់ជំរិតជនជាតិចិនដូចគ្នា នៅស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយពួកគេបានធ្វើទារុណកម្មទៅលើជនរងគ្រោះរហូតដល់ស្លាប់។
លោកនិយាយថា ជនសង្ស័យទាំងពីរនាក់ត្រូវបានឃុំខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃនៅឡើយ ហើយសមត្ថកិច្ចគ្រោងនិងប្រគល់ទៅឱ្យនគរបាលខេត្តកណ្តាល បន្ទាប់ពីបញ្ចប់ការសាកសួរនៅថ្ងៃស្អែក។
សមត្ថកិច្ចកម្ពុជាបានឃាត់ខ្លួនជនជាតិចិនចំនួន ៤១នាក់ ហើយក្នុងរយ:ពេល៣ខែចុងក្រោយនេះ ទាក់ទងនឹងករណីធ្វើទារុណកម្ម ក្នុងអំពើចាប់ជំរិត និងពីបទប្លន់ដោយប្រដាប់អាវុធ ដែលភាគច្រើនកើតនៅក្នុងខេត្តព្រះសីហនុ និងទីក្រុងភ្នំពេញ។
កាលពីសប្ដាហ៍មុន នគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ជនជាតិចិនតៃវ៉ាន់ម្នាក់ពីបទប៉ុនប៉ងមនុស្សឃាត បន្ទាប់ពីរកឃើញស្ត្រីខ្មែរម្នាក់ក្នុងស្ថានភាពសន្លប់ ក្នុងឃ្លុបរថយន្តរបស់គាត់នៅផ្ទះសំណាក់មួយកន្លែង នៅសង្កាត់ព្រែកលៀប ក្រុងភ្នំពេញ។
អធិការនគរបាលខណ្ឌជ្រោយចង្វារលោក សៀម សុត្ថាវុធ បានប្រាប់អាស៊ីសេរី ថា បុរសជនជាតិចិនម្នាក់នេះ បានបីស្ត្រីខ្មែរយកទៅដាក់ក្នុងឃ្លុបរថយន្តតូយូតា កាមារី (Toyota Camry) ហើយបម្រុងបើកចេញពីម្ចាស់ផ្ទះសំណាក់មហាលាភ។
បើតាមចម្លើយរបស់ជនជាតិចិនបានឱ្យនគរបាលដឹងថា គាត់និងស្ត្រីខ្មែរម្នាក់នេះគឺជាសង្សារនឹងគ្នា រយ:ពេល៥ខែមកហើយ ប៉ុន្តែជម្លោះបានកើតឡើងហើយបានវាយដុំគ្នាទៅវិញទៅមក បន្ទាប់ពីគាត់បានសុំបែកផ្លូវគ្នា។
លោក សៀម សុត្ថាវុធ និយាយថា ជនសង្ស័យបានសារភាពថា គាត់បានជ្រុលដៃវាយស្ត្រីឱ្យសន្លប់ ហើយបានរុំជាមួយភួយ ដាក់ចូលទៅក្នុងឃ្លុបរថយន្ត បម្រុងបើកចេញ ដើម្បីយកទៅព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែរឿងហេតុយ៉ាងណានោះមិនទាន់ដឹងនៅទេ ព្រោះជនរងគ្រោះនៅសន្លប់នៅមន្ទីរពេទ្យកាល់ម៉ែត្រនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។