សមត្ថកិច្ចខណ្ឌដូនពេញ បានចាប់ខ្លួនយុវជនមានសតិមិនគ្រប់ម្នាក់ កាលពីម៉ោងជាង ២ទាបភ្លឺ ថ្ងៃទី៨ មករា ដោយសារយុវជនរូបនោះ បានយកដុំថ្មជាច្រើនដុំ គប់ចូលក្នុងភូមិគ្រឹះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ម្ដាយរបស់យុវជន ទទូចឱ្យដោះលែងកូនប្រុសរបស់គាត់វិញ ដោយសារគាត់មានបញ្ហាវិបល្លាសស្មារតីធ្ងន់ធ្ងរ ជាង ២ខែមកហើយ និងតែងតែលេបថ្នាំជាប្រចាំ។
យុវជន ដែលសមត្ថកិច្ចចាប់ខ្លួន ក្រោយគប់ដុំថ្មតូចធំជាច្រើនដុំ ចូលក្នុងភូមិគ្រឹះរបស់លោក ហ៊ុន សែន ឈ្មោះ រុំ ពិសិដ្ឋ អាយុ ៣១ឆ្នាំ ជាអ្នកស្រុកកោះធំ ខេត្តកណ្ដាល។ ម្ដាយរបស់យុវជន រុំ ពិសិដ្ឋ លោកស្រី ហ៊ាន ទៀង អះអាងថា កូនប្រុសមានបញ្ហាសតិមិនល្អ ជាង ២ឆ្នាំហើយ គឺតាំងពីកំឡុងឆ្នាំ២០១៧។ ក្រោយមក លោក រុំ ពិសិដ្ឋ បានលេបថ្នាំព្យាបាលផ្លូវចិត្តបានធូរស្រាលវិញ ហើយទើបតែជំងឺរើឡើងធ្ងន់ធ្ងរម្ដងទៀត នៅ ២ខែមុននេះ។
លោកស្រីបន្តថា នៅយប់កើតហេតុ កូនប្រុសបានលួចជិះម៉ូតូឡើងមកភ្នំពេញ តែម្នាក់ឯង នៅម៉ោងប្រមាណ ១០យប់ ហើយធ្វើសកម្មភាពគប់ភូមិគ្រឹះលោកនាយករដ្ឋមន្ត្រីតែម្នាក់ឯង។ លោកស្រីបន្តថា ប៉ូលិសខណ្ឌដូនពេញ បានទូរស័ព្ទហៅលោកស្រីមកសាកសួរនៅព្រឹកថ្ងៃទី៨ មករា។ ប៉ូលិសបានសួរនាំដោយសង្ស័យថា កូនប្រុសជាសកម្មជនបក្សប្រឆាំង ឬត្រូវបានគេជួលឱ្យធ្វើសកម្មភាពគប់ផ្ទះលោក ហ៊ុន សែន។ លោកស្រីអះអាងថា កូនប្រុសរបស់លោកស្រី មិនមែនជាសកម្មជនបក្សប្រឆាំង ឬមានគេជួលទេ គឺដោយសារគាត់មានជំងឺសតិមិនគ្រប់។
លោកស្រីមានប្រសាសន៍ថា សមត្ថកិច្ចបានឱ្យលោកស្រីជួបកូនប្រុសបានបន្តិច ក្រោយការសួរនាំ និងត្រៀមបញ្ជូនខ្លួនទៅតុលាការ។ លោកស្រី ហ៊ាន ទៀង ស្នើសុំឱ្យសមត្ថកិច្ចដោះលែង លោក រុំ ពិសិដ្ឋ វិញ ដើម្បីមានឱកាសយកកូនប្រុសទៅមើលថែ នៅស្រុកកំណើតវិញ៖ «ជួយសំណូមពរដល់សម្ដេច ជួយដោះលែងកូនខ្ញុំទៅ ព្រោះកូនខ្ញុំវាមានជំងឺអ៊ីចឹងមែន។ សុំឱ្យលើកលែងទោសទៅ មានតែប៉ិនហ្នឹង សំណូមពរ ហើយទៅមុខទៀតហ្នឹង ក៏គ្មានលទ្ធភាព ( សង ) ដែរ។ ដឹងតែពីដើរតាមកូន ហើយបើទៅដល់ត្រឹមហ្នឹង ( ផ្ទះ លោក ហ៊ុន សែន ) ក៏មិនដឹងធ្វើម្ដេច អ្វីម្ដេចដែរ»។
លោកស្រី ហ៊ាន ទៀង អះអាងថា ក្រៅពីមានលិខិតអះអាងពីគ្រូពេទ្យរោគចិត្ត អាជ្ញាធរមូលដ្ឋាន គឺមានមេភូមិក្បាលកោះទៀវ និងមេឃុំសំពៅពូន នៃស្រុកកោះធំ សុទ្ធតែអាចបញ្ជាក់ថា យុវជនរូបនេះ មានជំងឺសរសៃប្រសាទពិតមែន។ គិតត្រឹមម៉ោង ១រសៀល ថ្ងៃទី៩ មករា លោកស្រី ហ៊ាន ទៀង ប្រាប់ថា នគរបាលអធិការដ្ឋានខណ្ឌដូនពេញ មិនទាន់បញ្ជូនកូនប្រុសរបស់លោកស្រីទៅតុលាការទេ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ព័ត៌មានបន្ថែមពីអធិការខណ្ឌដូនពេញ លោក ទៀង ច័ន្ទសារ នៅថ្ងៃទី៩ មករា ដោយសារអ្នកលើកទូរស័ព្ទប្រាប់ថា លោកអធិការខណ្ឌរវល់ធ្វើធ្មេញ។ ចំណែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន មិនទទួលទូរស័ព្ទ។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា យល់ថា សមត្ថកិច្ចគួរដោះលែងយុវជននោះវិញ ក្រោយសាកសួររួច មិនត្រូវបញ្ជូនទៅតុលាការទេ ដោយសារច្បាប់ចែងមិនឱ្យដាក់ទោសទណ្ឌព្រហ្មទណ្ឌលើជនមានវិបល្លាសស្មារតីឡើយ។ លោកថា ជារឿងអយុត្តិធម៌ បើសិនជាដាក់ទោសយុវជន រុំ ពិសិដ្ឋ ព្រោះមន្ត្រីនគរបាល និងកូនអ្នកធំ កូនអ្នកមានកន្លងមក បានប្រព្រឹត្តិបទល្មើសលួចទូរស័ព្ទទំនើប និងបើកឡានបុកមនុស្សស្លាប់ ហើយគ្មានលិខិតបញ្ជាក់ពីគ្រូពេទ្យថា មានជំងឺវិបល្លាសស្មារតីផង នៅតែទទួលបានការដោះលែង ក្រោយការផ្ដល់ហេតុផលថា អ្នកទាំងនោះមានជំងឺស្លុត ឬមានសតិមិនល្អ៖ «បើសិនជាយើងពិនិត្យទំហំរឿងនេះ ពិបាកហ្នឹងប្រៀបធៀបណាស់ ព្រោះអ្នកដែលគាត់ត្រូវបានចាប់ខ្លួននេះ ត្រូវបានម្ដាយអះអាងថា ប្រើប្រាស់ថ្នាំជាប្រចាំទៅហើយ។ ឯអ្នកផ្សេងទៀត បើយើងពិនិត្យប្រវត្តិហាក់បីដូចជាអត់មានការសំអាងបែបនេះទេ។ អ៊ីចឹង បើយើងពិនិត្យឃើញបែបនេះ គាត់មានវិបល្លាសស្មារតីបែបហ្នឹងហើយ យើងនៅតែបន្តធ្វើការចាត់វិធានការ វាផ្ដល់នូវភាពអយុត្តិធម៌ ទៅលើក្រុមគ្រួសាររបស់ពួកគាត់»។
មាត្រា៣១ នៃក្រមព្រហ្មទណ្ឌ ចែងក្នុងន័យថា ជនវិកលចរិត មិនទទួលខុសត្រូវចំពោះបទល្មើសព្រហ្មទណ្ឌទេ ដោយគ្រាន់តែតម្រូវឱ្យឪពុកម្ដាយ ឬអាណាព្យាបាល បង់សំណងរដ្ឋប្បវេណី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។