កម្លាំងនគរបាលខេត្តកណ្ដាល បានឃាត់ខ្លួនជនជាតិចិន ៣នាក់ និងរំដោះជនរងគ្រោះម្នាក់ ក្នុងអំពើចាប់ជំរិតមួយ កាលពីយប់ថ្ងៃទី១១ ខែធ្នូ នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។
ស្នងការនគរបាលខេត្តកណ្ដាលលោក អ៊ាវ ចំរើន ប្រាប់សារព័ត៌មានក្នុងស្រុកនិយាយថា ជនសង្ស័យទាំង ៣នាក់ នេះ បានចាប់ជំរិតជនជាតិចិនដូចគ្នា ហើយបានព្យាយាមបើករថយន្ត ដើម្បីរត់គេចពីសមត្ថកិច្ច ទៅកាន់ទីក្រុងភ្នំពេញដែលជាកន្លែងពួកគេស្នាក់នៅ។
បើតាមលោក អ៊ាវ ចំរើន ឱ្យដឹងថា ជនសង្ស័យទាំងបីនាក់ បានទាមទារប្រាក់ ២០ម៉ឺន ឬប្រមាណជិត (៣ម៉ឺនដុល្លារ) ប៉ុន្តែជនរងគ្រោះបានព្រមព្រៀងប្រគល់លុយ ៥ម៉ឺនយ័ន (ជាង ៧.០០០ដុល្លារ) សម្រាប់ជាថ្នូរនៃការដោះលែង។
លោកថា ការចាប់ខ្លួនជនជាតិចិនទាំង៣នាក់នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីជនរងគ្រោះបង្ហាញទូរស័ព្ទមួយគ្រឿង ដោយមានសរសេរអក្សរចិន បកប្រែជាភាសាខ្មែរ សុំឱ្យសមត្ថកិច្ចជួយគាត់ ព្រោះជនសង្ស័យបានចាប់គាត់ដើម្បីជំរិតទារប្រាក់។
នគរបាលបានប្រមូលភស្តុតាងមួយចំនួនពីជនសង្ស័យ រួមមានរថយន្តHighlander មួយគ្រឿង កាំបិតបុ័ងតោមួយ កូនកាំបិតមួយ កាំបិតមុខពីរចំនួនមួយ កាំបិតកៃចំនួនពីរ លិខិតឆ្លងដែនចំនួនពីរ និងឯកសារមួយចំនួនទៀត។
ជនសង្ស័យទាំង ៣នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចងក្រងសំណុំរឿង បញ្ជូនទៅតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។