សមត្ថកិច្ច​ឃាត់​ជនជាតិ​ចិន​៣​នាក់ និង​តាម​ចាប់ ៣​នាក់​ផ្សេងទៀត ពី​បទ​ប្លន់ និង​ផលិត​គ្រឿងញៀន

0:00 / 0:00

កម្លាំង​នគរបាល​កម្ពុជា​បាន​ឃាត់​ជន​ជាតិ​ចិន​មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​អំពើ​ប្លន់​ដោយ​ប្រដាប់​អាវុធ នៅ​ខេត្ត​ព្រះសីហនុ និង​ផលិត​គ្រឿងញៀន នៅ​ទីក្រុង​ភ្នំពេញ​។ សមត្ថកិច្ច គ្រោង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។

កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ម្នាក់ និង​តាម​ចាប់ខ្លួន​បក្ខពួក​៣​នាក់​ទៀត នៅ​ពេល​ជនសង្ស័យ​ទាំងនេះ បាន​ជិះ​ក្នុង​រថយន្ត​មួយ​គ្រឿង បម្រុង​ធ្វើ​សកម្មភាព​ប្លន់​យប់​ថ្ងៃ​ទី​១០​មករា​នៅ​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។

ស្នងការ​នគរបាល​ខេត្ត លោក ជួន ណារិន្ទ ប្រាប់​អាស៊ីសេរី​ថា ជនសង្ស័យ​មាន​គ្នា​៤​នាក់ បាន​ជិះ​ក្នុង​រថយន្ត​តាកូម៉ា (Takoma) មួយ​គ្រឿង ហើយ​ពួកគេ​បាន​យក​ថង់​ប្លាស្ទិក​ពណ៌​ខ្មៅ​បិទ​ផ្លាក​លេខ ហើយ​នៅ​ពេល​នោះ​សមត្ថកិច្ច​ដែល​បាន​ចេញ​ល្បាត​តាម​ដង​ផ្លូវ​មានការ​សង្ស័យ ហើយ​បាន​បើក​តាម​ពីក្រោយ​ដើម្បី​តាមដាន។

លោក ជួន ណារិន្ទ និយាយ​ថា ជនសង្ស័យ​បាន​បើក​រថយន្ត​យ៉ាង​លឿន​បម្រុង​គេចខ្លួន តែ​រថយន្ត​បាន​ក្រឡាប់ ហើយ​សមត្ថកិច្ច​បាន​ឃាត់​ជនជាតិ​ចិន​ម្នាក់ ហើយ​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​ក្បែរ​នោះ៖ «ទាំងអស់​៤​នាក់ ប៉ុន្តែ​យើង​ចាប់​បាន​១​នាក់​។ ពួកវា​ចេញ​បម្រុង​ធ្វើ​សកម្មភាព​ប្លន់​"​។ យើង​កំពុងតែ​ស្រាវជ្រាវ​ចាប់​បន្ត​ទៀត យើង​មិន​ឱ្យ​រួចខ្លួន​ទេ»។

សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​មួយ​គ្រឿង កាំភ្លើងខ្លី​មួយ​ដើម​និង​គ្រាប់​ចំនួន​៥​គ្រាប់​ពី​ជនសង្ស័យ ហើយ​គ្រោង​បញ្ជូន​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃស្អែក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​ចំណែក​នៅ​ទីក្រុង​ភ្នំពេញ​វិញ នគរបាល​ខណ្ឌ​សែនសុខ បាន​បញ្ជូន​ជនជាតិ​ចិន​តៃវ៉ាន់​ចំនួន ២ នាក់ ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​៩ ខែ​មករា បន្ទាប់ពី​បាន​រក​ឃើញ​ថា ជនសង្ស័យ​ទាំងនេះ​បាន​ផលិត​គ្រឿងញៀន និង​ប្រើប្រាស់​អាវុធ​ខុសច្បាប់។

ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ​លោក សុង លី និយាយ​ថា ជនសង្ស័យ​ទាំងពីរ​នាក់​នេះ ត្រូវ​បាន​ឃាត់ខ្លួន កាល​ពី​យប់​ថ្ងៃ​ទី​៥ ខែ​មករា ដោយសារ​ពួកគេ​បាន​រក្សាទុក​សារធាតុ​ផ្សំ​គីមី​កែច្នៃ នៅ​ផ្ទះ​ជួល​របស់​ខ្លួន​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី។

លោក​ថា តុលាការ​មិន​ទាន់​បាន​ចោទប្រកាន់​ជនសង្ស័យ​នៅឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​៩​ខែ​មករា​នេះ ព្រោះ​ចៅក្រម​នៅ​បន្ត​សាកសួរ​នៅឡើយ។

លោក​ថា ជនសង្ស័យ​ទាំងពីរ​នេះ​ត្រូវ​បាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែនសុខ ហើយ​គ្រោង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​បន្ត​ការសាកសួរ​នៅ​ព្រឹក​ថ្ងៃ​សុក្រ នេះ៖ «គេ​ឱ្យ​ផ្ញើ​ទុក​សិន ចាំ​ស្អែក​គេ​បន្ត​នីតិវិធី​ទៀត»។

អាស៊ីសេរី​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​ស្នងការ​រង​លោក សុង លី និង​អធិការ​ខណ្ឌ​សែនសុខ លោក ហួ ម៉េង​វ៉ាង នៅ​ថ្ងៃ​សុក្រ​ទី​១០ ខែ​មករា​នេះ ប៉ុន្តែ​ទូរស័ព្ទ​ចូល​មិន​មាន​អ្នកទទួល។

សមត្ថកិច្ច​​ខណ្ឌ​សែនសុខ បាន​ដកហូត​កាំភ្លើងខ្លី​ចំនួន​ពីរ​ដើម គ្រាប់កាំភ្លើង​ចំនួន​ពីរ​បង់ និង​សំបក​គ្រាប់កាំភ្លើង​ចំនួន ៣៥​គ្រាប់ ព្រមទាំង​លិខិតឆ្លងដែន​ចំនួន ៤​ក្បាល​។ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ម្សៅ​ពណ៌​ស​ថ្លា ម្សៅ​ម៉ត់​ពណ៌​ស និង​ថ្នាំ​គ្រាប់​ពណ៌​ក្រហម ព្រមទាំង​ម្សៅ​សម្រាប់​ផលិត​គ្រឿងញៀន​ជាច្រើន​ទៀត។

កាល​ពី​ខែ​តុលា និង​ខែ​វិច្ឆិកា​កន្លង​មក​នេះ សមត្ថកិច្ច​កម្ពុជា​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន ៣១ នាក់ ទាក់ទង​នឹង​ករណី ធ្វើ​ទារុណកម្ម ក្នុង​អំពើ​ជំរិត​ទារ​លុយ និង​អំពើ​ប្លន់។

រដ្ឋាភិបាល​កម្ពុជា និង​ចិន​បាន​ចុះ​អនុសារណៈ​យោគយល់​មួយ (MoU) ដើម្បី​បង្កើត​ការិយាល័យ​សម្របសម្រួល​អនុវត្ត​ច្បាប់ កាលពី​ខែ​មករា ឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​ស៊ើបអង្កេត និង​ចាប់ខ្លួន​ជនជាតិ​ចិន​ដែល​បង្ក​អសន្តិសុខ ហើយ​បាន​បង្ក​ការភ័យខ្លាច​ដល់​ជនជាតិ​ចិន និង​អ្នកវិនិយោគទុន​ចិន​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា។

កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន ៩០៦​នាក់ ទៅ​ប្រទេស​ចិន​វិញ​នៅ​ឆ្នាំ​២០១៩ ក្នុង​នោះ​ស្រី​១៧២​នាក់​។ ចំណែក​ស្ថានទូត​ចិន​បាន​អះអាង​ថា ខ្លួន​បាន​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ចាប់ខ្លួន​ជនជាតិ​ចិន​ដែល​បង្ក​អសន្តិសុខ​នៅ​កម្ពុជា ហើយ​ខ្លួន​បាន​បញ្ជូន​ជនជាតិ​ចិន​ចំនួន​ជាង ១ពាន់​នាក់​ទៅ​ប្រទេស​ចិន​វិញ។

ជនល្មើស​មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន ហើយ​បាន​មក​លាក់ខ្លួន​នៅ​ប្រទេស​កម្ពុជា និង​មួយ​ចំនួន​ទៀត​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​ល្បែងភ្នាល់​គ្នា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខុសច្បាប់ និង​មួយ​ចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​បទ​ដែល​ក្លែងបន្លំ​ឆបោក​តាមរយៈ​ទូរគមនាគមន៍​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។