ជនជាតិ​ចិន​ជាង​១រយ​នាក់​បន្ថែម​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​ពាក់ព័ន្ធ​ករណី​ជំរិត​ទារ​ប្រាក់​តាម​អនឡាញ

សមត្ថកិច្ច​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាប់​ជនជាតិ​ចិន​១២៧​នាក់ បន្ថែម​ទៀត​នៅ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​១៤ ខែ​សីហា។

សមត្ថកិច្ច​ប្រាប់​ថា ជនជាតិ​ចិន​ទាំងនេះ មាន​ជាប់​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក អ៊ី សុខឃី ប្រាប់​កាសែត​ក្នុងស្រុក​ថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​នៅ​ទីតាំង​ពីរ​ផ្សេងគ្នា ដោយ​ទី​តាំងទី​១ នៅ​អាគារ​ជាន់​ទី​៥ ស្ថិត​ក្នុង​សង្កាត់​៤ ក្រុង​ព្រះសីហនុ ដោយ​រក​ឃើញ​ជនជាតិ​ចិន​១១៧​នាក់​។ ទីតាំង​ទី​២ គេ​រក​ឃើញ​វីឡា​តឿ​រ៉ូយ៉ាល់ ព្រីន សេស ស្ថិត​ក្នុង​សង្កាត់​២ ក្រុង​ព្រះសីហនុ មាន​ចំនួន ១៥នាក់។

សមត្ថកិច្ច​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាង ១​រយ​នាក់​នេះ កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី។

កាលពី​ចុង​ខែ​មិថុនា សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​ជនជាតិ​ចិន ៦៣​នាក់​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​ខុសច្បាប់ និង​ប្រព្រឹត្តិ​បទល្មើស​ឆបោក តាម​ប្រព័ន្ធ​បច្ចេកវិទ្យា បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ។របាយការណ៍​របស់​សមត្ថកិច្ច បង្ហាញ​ថា ជនជាតិ​ចិន គឺ​ជា​ជនបរទេស ដែល​បង្ក​បទល្មើស​ច្រើន​ជាង​គេ នៅ​ទូទាំង​ប្រទេស​កម្ពុជា និង​នៅ​ខេត្ត​ព្រះសីហនុ។ ក្នុង​ត្រីមាស​ទី​១ នៃ​ឆ្នាំ​២០១៩ គិត​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ ២០១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៩ សមត្ថកិច្ច​ចាប់​បាន​ជនជាតិ​ចិន​ចំនួន ២៤១​នាក់ ក្រោម​បទល្មើស​ផ្សេងៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។