អាជ្ញាធររាជធានីភ្នំពេញបន្តចាប់ខ្លួនក្រុមបុគ្គលិកណាហ្កាវើលដ៍បន្ថែមទៀត ដោយប្រើហិង្សារុញច្រានពួកគេបញ្ចូលក្នុងរថយន្តក្រុង ដើម្បីដឹកយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ ខណៈពួកគេចេញធ្វើកូដកម្មដើម្បីទាមទារដំណោះស្រាយការងារពីក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ក្រោយពីអនុវត្តវិធានសុខាភិបាលចប់សព្វគ្រប់។ អ្នកឃ្លាំមើលផ្នែកសិទ្ធិមនុស្សថា វិវាទការងារនៅក្រុមហ៊ុនណាហ្កាវើលដ៍ ប្រែក្លាយទៅជាភាពតានតឹងដាក់គ្នារវាងអាជ្ញាធររដ្ឋ និងក្រុមកម្មករនិយោជិតទៅវិញ។
សមត្ថកិច្ចចម្រុះរាប់សិននាក់ ចាប់ទាញ អូស សែង និងបំពានលើរូបរាងកាយកម្មករណាហ្កាវើលដ៍ ៣៩នាក់ ភាគច្រើនជាស្ត្រី ដោយរុញច្រានពួកគេបញ្ចូលក្នុងរថយន្តក្រុង ដែលត្រៀមរួចជាស្រេច ក្នុងបំណងរាំងខ្ទប់ពួកគេមិនឲ្យធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍។
បុគ្គលិកធ្វើការផ្នែកចែកបៀរម្នាក់ ដែលរងការប្រើហិង្សាពីកម្លាំងសមត្ថកិច្ច កញ្ញា មៀច ស្រីអូន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ កុម្ភៈថា អាជ្ញាធរបានដឹកពួកគាត់តាមរថយន្តក្រុងទៅដាក់ចោលក្នុងមណ្ឌលសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងខណ្ឌព្រែកព្នៅ ដូចនឹងកម្មករណាហ្កាវើលដ៍ ៦០នាក់ ដែលត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីថ្ងៃទី២១ កុម្ភៈដែរ។
កញ្ញា បន្តថា អាជ្ញាធរមិនរកដំណោះស្រាយការងារឲ្យកម្មករ បែរជាមកប្រើហិង្សាដាក់កម្មករបន្ថែមទៀត ខណៈពួកគាត់គ្រាន់តែប្រើសិទ្ធិការងារធ្វើកូដកម្មដោយសន្តិវិធីទាមទារដំណោះស្រាយការងារពីថៅកែបនល្បែងកាស៊ីណូណាហ្គាវើលដ៍។
កញ្ញា មៀច ស្រីអូន ចាត់ទុកទង្វើរបស់អាជ្ញាធរនេះ ថាជាការរំលោភសិទ្ធិការងាររបស់កម្មករនិយោជិត ដែលការពារដោយច្បាប់ និងជារឿងអយុត្តិធម៌សម្រាប់កម្មករខ្មែរ ដែលគ្រាន់ចេញតវ៉ាដំណោះស្រាយការងារ ដើម្បីឆ្នាំងបាយ និងទាមទារឲ្យមានសហជីពនៅកន្លែងការងារ៖ «ចំពោះរូបខ្ញុំ ខ្ញុំមានការឈឺចាប់ខ្លាំងណាស់សម្រាប់ខ្ញុំជាប្រជាជនខ្មែរ និងជាកូដកររបស់ក្រុមហ៊ុនណាហ្កាពិតៗ អត់មានក្លែងបន្លំអីទេ។ នាងខ្ញុំអត់មានឈ្មោះកាត់ទេ ប៉ុន្តែតែដោយសារនាងខ្ញុំឃើញភាពអយុត្តិធម៌មែនទេ ដែលក្រុមហ៊ុនណាហ្កាវើលដ៍ គាត់មានការរំលោភបំពានសិទ្ធិការងារ ជាពិសេសគាត់ចេតនារំលាយសហជីពចោលតែម្ដង។ ហើយពួកខ្ញុំត្រូវការសហជីពចូលធ្វើការវិញ។ អ៊ីចឹង ! ពួកខ្ញុំត្រូវតែតស៊ូទាមទាររកយុត្តិធម៌។ ដរាបណាយុត្តិធម៌មិនទាន់ទទួលបាន គឺពួកខ្ញុំនៅតែបន្តរហូត។ អត់បោះបង់ចោលទេ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី និងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានទេ នៅថ្ងៃទី២២ កុម្ភៈ ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទាក់ទងនឹងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត សង្កេតឃើញថា ការចាប់ខ្លួនក្រុមកម្មករណាហ្កាវើលដ៍រយៈពេល ២ថ្ងៃជាប់គ្នានេះ បង្ហាញថា អាជ្ញាធរមិនបានគោរពតាមវិធានសុខាភិបាលទេ ក្រៅពីការប្រើចំណាត់ការចាប់បង្ខំពួកគេឱ្យឡើងរថយន្តយ៉ាងប្រញាប់ ហើយដឹកចេញឲ្យផុតពីទីតាំងក្បែរក្រុមហ៊ុនណាហ្កាវើលដ៍។
លោកយល់ថា វិវាទការងាររវាងក្រុមកម្មករនិយោជិត និងថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ មិនគួរប្រែក្លាយទៅជាការប្រឈមដាក់គ្នារវាងកម្លាំងអាជ្ញាធររដ្ឋ ជាមួយកម្មករនោះទេ ព្រោះឫសគល់ដំបូងនៃបញ្ហានេះ គឺផ្ដើមចេញពីវិវាទការងារ ដែលតម្រូវឲ្យអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដោះស្រាយបញ្ចប់រឿងនេះ ដោយសន្តិវិធី និងតាមច្បាប់ស្ដីពីការងារ៖ «រូបភាពនៅតែបន្ត អ៊ីចឹងការរិះគន់ គេអត់រិះគន់ទៅលើក្រុមហ៊ុនណាហ្កាវើលដ៍ហ្នឹងទេ ព្រោះក្រុមហ៊ុនណាហ្កាវើលដ៍គឺជាគូវិវាទការងារជាមួយកូដក។ ហើយអ៊ីចឹង ! ភាពតានតឹងវាត្រូវធ្លាក់ទៅលើអាជ្ញាធរ។ អ៊ីចឹង ! គេរិះគន់ទៅលើទង្វើអាជ្ញាធរ ឬរដ្ឋាភិបាល។ យើងជាអង្គការសង្គមស៊ីវិល យើងអត់ចង់ឃើញអ៊ីចឹងទេ។ ចង់ឃើញយ៉ាងម៉េចរួមគ្នា ដោះស្រាយបញ្ហាហ្នឹង ដោយសន្តិវិធីទៅ។ កុំឲ្យមានការរីករាលដាលកាន់តែធំទៅៗ។ ហើយយូរទៅក្រុមហ៊ុនណាហ្កាវើលដ៍ រួចខ្លួន។ ភាពតានតឹង និងការរិះគន់មកប្រឈមដាក់គ្នារវាងអាជ្ញាធរនឹងកូដករទៅវិញនោះ»។
បើទោះបីជារកការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពពីអាជ្ញាធរយ៉ាងណាក៏ដោយ ក្រុមកម្មករណាហ្គាវើលដ៍ អះអាងថា ពួកគេនឹងបន្តចេញធ្វើកូដកម្មនៅថ្ងៃបន្ទាប់ទៀត លុះត្រាតែអាជ្ញាធរដោះលែងតំណាងសហជីពនិងកម្មករ ១១នាក់ ចេញពីពន្ធនាគារ ដោយឥតលក្ខខណ្ឌ ហើយក្រុមហ៊ុនត្រូវទទួលយកកម្មករជាង ៣រយនាក់ចូលធ្វើការវិញ ទើបពួកគេបញ្ឈប់ការតវ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
