សមត្ថកិច្ច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​​ជាង​៤រយ​​នាក់​​ ចេញ​​ពី​​កន្លែង​​បង្ខាំង​ខុស​ច្បាប់

ដោយ មាន ឫទ្ធិ
2022.10.03
Share on WhatsApp
Share on WhatsApp
សមត្ថកិច្ច​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​​ជាង​៤រយ​​នាក់​​ ចេញ​​ពី​​កន្លែង​​បង្ខាំង​ខុស​ច្បាប់ (រូបឯកសារ) ទិដ្ឋភាព​សមត្ថកិច្ច​ឃាត់​ខ្លួនជនជាតិ​ចិន​ចំនួន ៧៤​នាក់ ករណី​បង្ខាំង​ជនជាតិ​ថៃ​ចំនួន ៩៩​នាក់​ដើម្បី​ជំរិត​ទារប្រាក់ នៅផ្ទះ​មួយ​កន្លែង​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១។
រូបភាព៖ បណ្ដាញសង្គម

មន្ត្រី​អង្គការ​ស៊ីវិលរិះគន់​ថា វិធាន​ការ​របស់​រដ្ឋាភិបាល​ឯកបក្ស​ក្នុង​ការ​ទប់​ស្កាត់ និង​បង្ក្រាប​ករណី​ជួញដូរ​មនុស្ស​នា​រយៈពេល​ចុង​ក្រោយ​នេះ​ហាក់​គ្មាន​ប្រសិទ្ធភាព​ឡើយ។ ផ្ទុយ​ទៅ​វិញ ករណី​បង្ខាំង​មនុស្ស ជួញ​​ដូរ​​មនុស្ស ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម បែរ​ជា​កំពុង​កើត​មាន​យ៉ាង​ផុស​ផុល។ ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ជាង ៤រយ​នាក់​ចេញ​ពី​កន្លែង​បង្ខាំង​ខុស​ច្បាប់​នៅ​កម្ពុជា។

ក្រុម​អ្នក​ធ្វើ​ការងារ​លើក​ស្ទួយ​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ព្រួយ​បារម្ភ​ថា បើ​រដ្ឋាភិបាល​នៅ​តែ​គ្មាន​ឆន្ទៈ​ស៊ើប​អង្កេត​ក្រុម​មេខ្លោង​ធំៗ​ដែល​នៅ​ពី​ក្រោយ​មុខ​ជំនួញ​ជួញ​ដូរ​មនុស្ស នោះ​កម្ពុជា​នឹង​កាន់​តែ​ប្រឈម​រង​រិះគន់​ធ្ងន់ៗ​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ​ថា​កម្ពុជា​គឺ​ជា​ប្រទេស​នៃ​សម្បុក​ឧក្រិដ្ឋកម្ម​ជួញ​ដូរ​មនុស្ស។

អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក (ADHOC) លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា វិធាន​ការ​ទប់​ស្កាត់​របស់​សមត្ថកិច្ច​លើ​ករណី​បង្ខាំង​មនុស្ស និង​ជួញ​មនុស្ស​ដែល​ភាគ​ច្រើន​ស្ថិត​ក្រោម​ស្លាក​បន​ល្បែង​កន្លង​មក​នេះ ហាក់​មិន​ទាន់​មាន​ប្រសិទ្ធិ​នៅ​ឡើយ​ទេ។ លោក​យល់​ថា ករណី​បង្ខាំង​មនុស្ស និង​ជួញ​ដូរ​មនុស្ស​នេះ អាច​ទាក់ទង​ការ​បើក​អាជីវកម្ម​បន​ល្បែង​ខុស​ច្បាប់ ក្រោយ​ពី​រដ្ឋាភិបាល​បើក​ដៃ​ឱ្យ​ជន​បរទេស ជាពិសេស​ជន​ជាតិ​ចិន​បើក​អាជីវកម្ម​ល្បែង​អនឡាញ​នា​ពេល​កន្លង​ទៅ៖ «ហើយ​យើង​មាន​ការ​ព្រួយ​បារម្ភ ជន​បរទេស ជាពិសេស​ជន​ជាតិ​ចិន​ហ្នឹង មក​យក​ទីតាំង​នៅ​ក្នុង​ប្រទេស​យើង ទៅ​ប្រព្រឹត្ត​បទល្មើស​ទាំង​អស់​ហ្នឹង ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​រដ្ឋាភិបាល​នៅ​លើ​ឆាក​អន្តរជាតិ។ អាច​អន្តរជាតិ គេ​ចាត់​ទុក​ថា ប្រទេស​យើង​ជា​ទី​កន្លែង គ្រោះថ្នាក់​ដែល​ពិបាក​ក្នុង​ការ​សហការ ប្រកប​នូវ​ជំនួញ​ជួញ​ដូរ ឬ​ក៏​ពាក់​ព័ន្ធ​ទៅ​នឹង​ទំនាក់​ទំនង​នយោបាយ ឬ​ក៏​ទេសចរណ៍​អី​ជា​ដើម​ហ្នឹង គឺ​គេ​មាន​ការ​ប្រុង​ប្រយ័ត្ន»

ស្រដៀង​គ្នា​​នេះ​ដែរ នាយក​ទទួល​បន្ទុក​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លី​កា​ដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា បើ​ក្នុង​ករណី​ថៅកែ​បនល្បែង​កាស៊ីណូ​ណា​មួយ​បង្ខំ​ឱ្យ​បុគ្គលិក​ធ្វើ​ការ​ច្រើន​ម៉ោង បំបិទ​សិទ្ធិ​សេរីភាព​កម្មករ​មិន​ឱ្យ​ដើរ​ហើរ​មាន​សេរីភាព​នោះ​គឺ​ជា​ការ​បង្ខាំង​ខុស​ច្បាប់។ ទោះ​បី​យ៉ាង​ណា លោក​មើល​ឃើញ​ថា ការ​រក​ឃើញ​នូវ​ក្រុមហ៊ុន ឬ​អគារ​បនល្បែង​ដែល​មាន​ករណី​បង្ខាំង​មនុស្ស​កន្លង​មក​នេះ សមត្ថកិច្ច​មិន​បាន​ស្រាវជ្រាវ​ឱ្យ​បាន​ស៊ី​ជម្រៅ ដើម្បី​រក​អ្នក​ពាក់ព័ន្ធ​ដែល​បណ្តោយ​ក្រុម​ឧក្រិដ្ឋជន​ប្រព្រឹត្ត​អំពើ​ខុស​ច្បាប់​នៅ​ឡើយ​ទេ៖ «ប្រសិន​យើង​មាន​ការ​តាំង​ចិត្ត ការ​ប្ដេជ្ញា និង​ឆន្ទៈ កម្ពុជា​អាច​ធ្វើ​បាន។ ទី​មួយ គឺ​ពង្រឹង​ការ​អនុវត្ត ឬ​ក៏​អំណាច​នៃ​អ្នក​ដែល​អនុវត្ត​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ឱ្យ​មាន​ប្រសិទ្ធិ​ភាព។ អ្នក​ណា​អនុវត្ត​ខុស​ពី​ច្បាប់ ទោះ​បី​ជា​បុគ្គល​ណា​ក៏​ដោយ ត្រូវ​តែ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ គឺ​អ្នក​ទាំង​អស់​ហ្នឹង​ត្រូវ​តែ​នៅ​ឱ្យ​ឆ្ងាយ​ពី​ការ​ជួញដូរ​មនុស្ស ឬ​ក៏​អំពើ​ពុករលួយ​ដែល​កើត​ចេញ​ឱ្យ​មាន​អំពើ​ជួញដូរ​មនុស្ស ឬ​ការ​ឆ្លង​ដែន​មក​កម្ពុជា​ខុស​ច្បាប់»

ប្រតិកម្ម​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជន​រង​ជនជាតិ​បរទេស​រយ​រាប់​នាក់​ចេញ​ពី​កន្លែង​បង្ខាំង​ខុស​ច្បាប់​កាល​ពី​ពេល​ថ្មី​នេះ។

របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី០១ ខែ​តុលា ឆ្នាំ២០២២ សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជន​បរទេស​ជាង ៤រយ​នាក់ (៤១១) ចេញ​ពី​កន្លែង​ជួញ​ដូរ​កម្លាំង​ពលកម្ម និង​បង្ខាំង។ ជា​មួយ​គ្នា​នេះ សមត្ថកិច្ច​ក៏​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជន​ជាតិ​ចិន និង​វៀតណាម​សរុប​ចំនួន ៥៣នាក់។ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃលោក ខៀវ សុភ័គ មិន​បាន​បញ្ជាក់​ឈ្មោះ​ទីតាំង​ភូមិ​សាស្ត្រ ឬ​ក្រុមហ៊ុន​ណា​មួយ ដែល​សមត្ថកិច្ច​បាន​ជួយ​សង្គ្រោះ​ជន​រង​ចេញ​ពី​កន្លែង​បង្ខាំង​ខុស​ច្បាប់​នេះ​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃលោក ខៀវ សុភ័គ ដើម្បី​សុំ​ការ​បញ្ជាក់​អំពី​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី០៣ ខែតុលា។

ទាក់​ទង​នឹង​រឿង​នេះ​ដែរ បុគ្គលិក​ដែល​កំពុង​បម្រើ​ការងារ​នៅ​មជ្ឈមណ្ឌល​ទី​ក្រុងហេង​ហេង នៅ​ក្រុង​បាវិត​ខេត្ត​ស្វាយរៀង ក៏​បាន​ទម្លាយ​ឱ្យ​ដឹង​ដែរ​ថា មាន​ជន​បរទេស​រាប់​ពាន់​នាក់​កំពុង​ត្រូវ​បាន​ថៅកែ​ជន​ជាតិ​ចិន​បង្ខាំង​ធ្វើ​ទារុណកម្ម បង្ខំ​ឱ្យ​ធ្វើ​ការងារ​ឆបោក​តាម​អនឡាញ។ ស្ត្រី​ជន​ជាតិ​វៀតណាម​មួយ​ចំនួន​ទៀត​ត្រូវ​គេ​បង្ខំ​ឱ្យ​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ និង​លក់​ដូរ​ពួកគេ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ។

ថ្មីៗ​នេះ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​សារ​ដ៏​កម្រ​មួយ ដោយ​ណែនាំ​ឱ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ប្ដេជ្ញា​ចិត្ត​ខិត​ខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា។ ទន្ទឹម​នឹង​ការ​ថ្លែង​បែប​នេះ លោក ហ៊ុន សែន ខ្លួន​ឯង​ផ្ទាល់​ព្រម​ទាំង​ក្មួយ​បង្កើត​របស់​លោក​ផង រួម​ទាំង​ក្រុម​ឧកញ៉ា និង​មន្ត្រី​គ្រាក់ៗ​មួយ​ចំនួន កំពុង​រង​ការ​ចោទ​ប្រកាន់​ធ្ងន់ៗ​ថា បាន​ឈរ​ជើង​កាង​ការពារ និង​មាន​ទំនាក់ទំនង​ជា​មួយ​ក្រុម​ឧក្រិដ្ឋជន​ជន​ជាតិ​ចិន​ដែល​កំពុង​ប្រតិបត្តិ​ការ​ចាប់​បង្ខាំង​មនុស្ស និង​ជួញដូរ​មនុស្ស​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។