អាជ្ញាធរ​បន្ត​ស្វែង​រក​ចាប់​ខ្លួន​ជនសង្ស័យ​បន្ថែម​ទៀត​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូច​ថ្នាំ​ញៀន​ជាមួយ​ជនជាតិ​ចិន​

0:00 / 0:00

អាជ្ញាធរ​ខ្មែរ​បន្ត​ស្វែង​រក​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន​ទៀត​ដែល​សង្ស័យ​ថា​ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ជួញ​ដូរ​ថ្នាំ​ញៀន​ជាមួយ​ជន​ជាតិ​ចិន​ចំនួន​ ៤​នាក់​។ ​ចំណែក​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ឯ​ណោះ​វិញ​ ជនរងគ្រោះ​​គ្រោង​​នឹង​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ ក្រោយ​ពី​បាន​រំដោះ​ពី​ការ​ចាប់​ជំរិត​ទារ​ប្រាក់​ពី​ជនជាតិ​ចិន​ដូច​គ្នាកាល​ពី​សប្ដាហ៍​មុន​​។​​

អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​ប្រឆាំង​គ្រឿង​ញៀន​ លោក​ ម៉ក់ ជីតូ​ ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​មាន​តម្រុយ​ខ្លះ​ៗ ​ទាក់​ទិន​ទៅ​នឹង​ជន​សង្ស័យ​មួយ​ចំនួន​ទៀត ​ដែល​បាន​រក​ស៊ី​ជួញ​ដូរ​ថ្នាំ​ញៀន​ជាមួយ​ជន​ជាតិ​ចិន​ ៤​នាក់។​

លោក​មិន​បាន​បញ្ជាក់ថា​ តើ​នឹង​មាន​ជនសង្ស័យ​ប៉ុន្មាន​នាក់​ទេ​ដែល​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​សំណុំ​រឿង​ជួញ​ដូរ​គ្រឿង​ញៀន​នេះ។​ លោក​គ្រាន់​តែ​បាន​និយាយថា​ ក្នុង​ចំណោម​ជនសង្ស័យ​នោះ​ លោក​មាន​ជំនឿថា​ អាច​នឹង​មាន​ជនជាតិ​ខ្មែរ​ផង​ដែរ៖ «​មាន​ពាក់​ព័ន្ធ​ចិន​ និង​ខ្មែរ​យើង​ដែរ​។​គ្រាន់​ថា​យើង​មិន​ទាន់​ច្បាស់​ពី​ព្រោះថា ​ស្អីៗ​ ទាល់​តែ​មាន​ភស្តុតាង​ច្បាស់​លាស់​បាន​យើង​ចោទ​ប្រកាន់​គេ​បាន​»។

​ កម្លាំង​មាន​សមត្ថកិច្ច​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​ចាប់​ខ្លួន​ជនជាតិ​ចិន​ចំនួន ​៤​នាក់​កាល​ពី​ថ្ងៃទី​៥ ​មិថុនា​កន្លង​ទៅ​នេះ​ និង​បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន​ចំនួន​ជាង ​៧​គីឡូ​ក្រាម និង​សម្ភារៈ​កែច្នែ​ប្រមាណ​ជាង ​១០០​គីឡូក្រាម​​ទៀត ក្នុង​ខណៈ​ដែល​ជន​សង្ស័យ​កំពុង​បើក​បរ​រថយន្ត​នៅ​តាម​ផ្លូវ និង​បាន​រក​ឃើញ​ថា​ បាន​លាក់​ទុក​នៅ​​នៅ​ផ្ទះ​ជួល​មួយ​ក្នុង​​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់ក្រុង​ភ្នំពេញ​​។​

សមត្ថកិច្ច​ក៏​បាន​រក​រឹប​អូស​សម្ភារៈ​កែ​ច្នៃ​ និង​ គ្រឿង​សម្រាប់​ផ្សំ​សារធាតុ​គ្រឿង​ញៀង​ជាង ​១០០​គីឡូក្រាម​ ហើយ​កាល​ពី​​ថ្ងៃទី​០៩​ មិថុនា បាន​​បញ្ជូន​ទៅ​តុលាការ​ដើម្បី​រង​ចាំ​ជំនុំ​ជម្រះ​ទោស​ពី​បទ​ជួញ​ដូរ​ និង​កែ​ច្នៃ​សារធាតុ​ញៀន​ដោយ​ខុស​ច្បាប់។

ព្រះ​រាជអាជ្ញារង​និង​ជា​អ្នក​នាំ​ពាក្យ​តុលាការ​ក្រុង​ភ្នំពេញ​លោក​ គុជ គឹម​ឡុង​ មាន​ប្រសាសន៍​ថា​ តុលាការ​មិន​ទាន់​បញ្ចប់​នីតិវិធី​ស៊ើប​សួរ​នៅ​ឡើយ​ទេ​ ហើយ​នៅ​ថ្ងៃទី​១០ ខែ​​មិថុនា​នេះ​នឹង​បន្ត​ស៊ើប​សួរ​បន្ថែម​ទៀត។​

សំឡេង«​សំណុំ​រឿង​នេះ​សមត្ថកិច្ច​កំពុង​សាកសួរហើយ​នឹង​បញ្ជូន​មក​តុលាការ​នៅ​ស្អែក។​អញ្ចឹង​ចាំមាន​ព័ត៌មាន​អ្វី​បន្ថែម​ទៀត​ខ្ញុំ​នឹង​ជម្រាប​ជូន»។​

ក្នុង​រយៈ​ពេល​ ៦​ខែ​ដើម​ឆ្នាំ​នេះ ​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជនបរទេស​ចំនួន​ជាង ​២០០​នាក់ ​ដែល​មាន​ជាង ​២០​សញ្ជាតិ ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រត់ពន្ធ​ថ្នាំ​ញៀន។ ក្នុង​ចំណោម​ជនបរទេស​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​រួម​​មាន​ជនជាតិ​ចិន​ វៀតណាម​ កូរ៉េ​ខាង​ត្បូង​ នីហ្សើរីយ៉ា​ ជនជាតិ​អង់​គ្លេស​ ជាដើម​។​

ចំណែក​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ឯណោះ​វិញ​ ជនរងគ្រោះ​គ្រោង​នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​​វិញ​ក្រោយ​ពី​បាន​រំដោះ​ពី​ការ​ចាប់​​បង្ខាំង​​ជំរិត​ទារ​ប្រាក់​មិន​បាន​សម្រេច​ពី​ជនជាតិ​ចិន​ដូច​គ្នាកាល​ពី​សប្ដាហ៍​មុន។​

ស្នងការ​នគរ​បាល​ខេត្ត​ព្រះសីហនុ​លោក​ ជូន​ ណារិន​ មាន​ប្រសាសន៍​ថា​ ជនរងគ្រោះ​ក្រោយ​ពី​ជា​សះស្បើយ​ពី​ស្នាម​របួស​គ្រោង​នឹង​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​។ លោក​បញ្ជាក់​ថា​ ជន​រងគ្រោះ​ត្រូវ​បាន​​ជន​​សង្ស័យ​ធ្វើ​ទារុណ​កម្ម​រហូត​ដល់​ជាំ​ភ្នែក​ និង​មាន​អាការៈ​ស្លុត​បាត់​បង​ស្មារតី​នៅ​ឡើយ៖ «​តាម​ពិត​គាត់​ចូល​មក​ដោយ​ស្រប​ច្បាប់​។​អញ្ចឹង​យើង​មិន​បាច់​បញ្ជូន​ទេ​សម្រេច​លើ​គាត់​។​ប្រហែល​ជា​គាត់​នឹង​ចាក​ចេញ​ ពី​ព្រោះ​គាត់​ចូល​មក​ដោយ​ស្រប​ច្បាប់​។​ អត់​ទាន់​ដឹង​ទេ​ ពី​ព្រោះ​យើង​ស្នើ​សុំ​ឲ្យ​គាត់​នៅ​ជា​មួយ​នឹង​យើង ​ដើម្បី​ផ្តល់​ព័ត៌មាន​លំអិត​ថែម​ទៀត ​អំពី​ដំណើរ​ដើម​ទង​អោយ​អស់​ក្នុង​នីតិវិធី​ ដែល​យើង​​ធ្វើ»។​​

​លោក​ ជូន​ ណារិន​បញ្ជាក់ថា​ កាល​ពី​ថ្ងៃទី​៥​ មិថុនា​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​មួយ​ពី​ជនជាតិ​ចិន​ម្នាក់​ ដែល​ត្រូវ​ជាមិត្ត​ភ័ក្រ​របស់​ជន​រងគ្រោះ​​ឈ្មោះ​ វ៉ាង វេង ហ្ស៉ីង​ ( Wang Wenxing) ត្រូវ​បាន​ចាប់​ជំរិត​ក្រោយ​ពី​ជនសង្ស័យមួយ​ក្រុម​​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ជំរិត​ទារប្រាក់​ពី​ក្រុម​គ្រួសារនៅ​ក្នុង​ប្រទេស​ចិន​ចំនួន​៥០​ម៉ឺន​យ័ន​គឺ​ប្រមាណ​ជិត​៧​ម៉ឺន​ដុល្លា តែ​មិន​បាន​សម្រេច​នោះ​ទេ​

លោក​បញ្ជាក់​ថា​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​ ៤​នាក់ ហើយ​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ពី​បទ​សង្ស័យ​ថា​ បង្ខាំង​មនុស្ស​ខុស​ច្បាប់​ដើម្បី​ជំរិត​ទារ​ប្រាក់៕​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។