សមត្ថកិច្ច​រក​ឃើញ​ជនសង្ស័យ​​ជួញដូរ​គ្រឿងញៀន​ប្រហែល ១០នាក់ ក្នុង​ចំណោម​​មនុស្ស​ជាង ៣០០​នាក់ ចាប់​នៅ រ៉ក់

0:00 / 0:00

សមត្ថកិច្ច អះអាង​ថា ​បាន​រក​ឃើញ​ជន​សង្ស័យ​ជួញ​ដូរ​គ្រឿង​ញៀន​ប្រហែល ១០​នាក់ ក្នុង​ចំណោម​មនុស្ស​ជាង ៣០០​នាក់ ដែល​ឃាត់​ខ្លួន នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​ រ៉ក់ (ROCK) កាល​ពី​​យប់​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៣ កុម្ភៈ។ សង្គម​ស៊ីវិល​ជំរុញ​ឪពុក​ម្ដាយ និង​អ្នក​ពាក់ព័ន្ធ​ឲ្យ​ខិត​ខំ​ជួយ​ជន​មាន​សារធាតុ​ញៀន ដោយ​យក​ទៅ​បន្សាប​សារធាតុ​ញៀន​ តាម​មណ្ឌល​បន្សាប​នានា។

អគ្គលេខាធិការ​នៃ​​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿងញៀន លោក មាស វីរិទ្ធិ ប្រាប់​អាស៊ី​សេរី​ថា មក​ដល់​ពេល​នេះ សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី លើ​ជន​សង្ស័យ​ប្រហែល ១០នាក់ និង​មិន​ទាន់​បញ្ជូន​ទៅ​តុលាការ​ទេ ដោយសារ​នីតិវិធី​បទ​ល្មើស​គ្រឿងញៀន ខុស​ពី​បទល្មើស​ផ្សេង ព្រោះ​សមត្ថកិច្ច​ត្រូវ​បន្ត​ស្រាវជ្រាវ​រក​ប្រភព​ចែក​ចាយ​គ្រឿងញៀន។ ចំណែក​​​មនុស្ស​ជិត ​២០០​នាក់ ផ្សេង​ទៀត ដែល​រក​ឃើញ​ថា ​មាន​ និង​គ្មាន​ផ្ទុក​សារធាតុ​ញៀន ត្រូវ​បង្គាប់​ឲ្យ​ឪពុក​ម្ដាយ ទៅ​ធ្វើ​កិច្ច​សន្យា​ធានា និង​អនុញ្ញាត​ឲ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ។ ឯ​ម្ចាស់​អាជីវកម្ម​​មជ្ឈមណ្ឌល​ក្លឹប​កម្សាន្ត​ រ៉ក់ លោក មាស វីរិទ្ធិ ប្រាប់​ថា សមត្ថកិច្ច​នឹង​អនុវត្ត​តាម​ច្បាប់ ប៉ុន្តែ​មិន​បញ្ជាក់​​វិធាន​ការ​បែប​ណា​ទេ។

ម្ចាស់​អាជីវកម្ម​មជ្ឈមណ្ឌល​ក្លឹប​កម្សាន្ត​ រ៉ក់ គឺ លោក គិត​ ធាង ដែល​គេ​ស្គាល់​ជា​បងប្រុស​របស់​ឧកញ៉ា គិត​ ម៉េង ជា​ឈ្មួញ​រកស៊ី​ច្រើន​វិស័យ​នៅ​កម្ពុជា ហើយ​​ទទួល​បាន​ការ​ជ្រោមជ្រែង​​ពី​លោក ហ៊ុន សែន មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ។ អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ខាង​ភាគី លោក គិត ធាង បាន​ទេ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ដោយ​សារ​លោក​​មិន​លើក​ទូរស័ព្ទ។

ក្នុង​ប្រតិបត្តិការ​ចុះ​ចាប់ និង​ឃាត់​ខ្លួន ជន​សង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ក្លឹប​កម្សាន្ត​រ៉ក់ កាល​ពី​យប់​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ កុម្ភៈ សមត្ថកិច្ច​ឃាត់​ខ្លួន បាន​ចំនួន​ ៣១១នាក់ គ្រឿងញៀន ​ប្រភេទ​ថ្នាំ​គ្រាប់ និង​ប្រភេទ​ទឹក ជាង ៥០​គីឡូក្រាម ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ ១២ និង​កាំភ្លើង​ខ្លី​មួយ​ដើម។ ភាគ​ច្រើន នៃ​អ្នក​ត្រូវ​បាន​​ឃាត់​ខ្លួន ជា​ក្មេង​ជំទង់ មាន​ប្រុស​មាន​ស្រី និង​ មាន​សិស្សសាលា​ផង​ដែរ។ ក្រោយ​ធ្វើតេស្ត​ទឹក​នោម​រួច ភាគច្រើន​សុទ្ធ​តែ​មាន​ផ្ទុក​សារធាតុ​ញៀន។

នាយក​ប្រតិបត្តិ​អង្គការ ខាណា (Khana) លោក ជួប សុខចំរើន ជឿ​ថា ឪពុក​ម្ដាយ និង​អ្នក​ពាក់ព័ន្ធ ប្រាកដ​ជា​បាន​ដឹង​ថា កូន​មាន​ផ្ទុក​សារធាតុ​ញៀន ក្រោយ​ពេល​សមត្ថកិច្ច​ពិនិត្យ​ទឹក​នោម និង​ឲ្យ​ធ្វើ​កិច្ច​សន្យា​ធានា​នោះ។ ដូច្នេះ​ ក្រោយ​ពេល​សមត្ថកិច្ច​ដោះលែង ឪពុក​ម្ដាយ ឬ​អាណាព្យាបាល​ត្រូវ​ជួយ​​ជំរុញ​ពួកគេ​ ទៅ​​បន្សាប​គ្រឿងញៀន។ លោក​ថា មាន​តែ​ការ​ធ្វើ​បែប​នេះ​ទេ ទើប​អាច​ជួយ​ឲ្យ​យុវជន​ទាំង​នោះ ផ្ដាច់​ពី​គ្រឿង​ញៀន​បាន៖ « ប្រសិនបើ​គាត់ ដឹង​ថា កូន​គាត់ សាច់​ញាតិ​គាត់ មាន​ពាក់ព័ន្ធ​គ្រឿង​ញៀន គួរ​តែ​គាំទ្រ និង​បញ្ជូន​ពួកគេ ទៅ​មណ្ឌល​សុខភាព ឬ​ក៏​មន្ទីរ​ពេទ្យ ដែល​មាន​សេវា​ព្យាបាល​ជាង​ ៤​រយ​កន្លែង ហើយ​ខ្ញុំ​ជឿ​ថា គាត់​នឹង​ប្រឹងប្រែង​ហើយ ព្រោះ​នេះ​ជា​រឿង​ទាំង​អស់​គ្នា ហើយ​ជា​រឿង​ទាំងអស់​គ្នា ដែល​ត្រូវ​តែ​មាន​ការ​គាំទ្រ»

របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​គ្រឿងញៀន បង្ហាញ​ថា ករណី​គ្រឿងញៀន​នៅ ឆ្នាំ​២០១៨ មាន ៨.០១៨​ករណី មានការ​ថយ​ចុះ​ជាង​ឆ្នាំ​២០១៧ (៨.១៧៣ ករណី) ជាង ១រយ (១៦៥) ករណី។ ឯ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ក៏​ថយ​ចុះ ១០%ដែរ។ តែ​កើន​ឡើង​បរិមាណ​គ្រឿងញៀន ចាប់​បាន​ច្រើន​ជាង​ឆ្នាំ​២០១៧ បី​ដង (២០១៧ ចាប់​បាន ១៧៣គីឡូ​ក្រាម ឯ​ឆ្នាំ​២០១៨ ចាប់​បាន​ជាង ៥​រយ (៥៣៦,៣៦) គីឡូក្រាម)។ ប៉ុន្តែ​​របាយ​ការណ៍​ពី​​ក្រសួង​សុខាភិបាល​វិញ បង្ហាញ​ថា ឆ្នាំ២០១៨ ​អ្នក​ញៀន​គ្រឿង​ញៀន ​ដែល​ទទួល​ការ​ព្យាបាល​នៅ​មណ្ឌល​បន្សាប​គ្រឿង​ញៀន និង​តាម​សេវា​សុខាភិបាល​សាធារណៈ​ទូទាំង​ប្រទេស មាន​ការ​កើន​ឡើង​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ២០១៧។

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត មិន​ទទួល​ទូរស័ព្ទ​អាស៊ី​សេរី​ទេ នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ប៉ុន្តែ​អះអាង​តាម​សារព័ត៌មាន​ក្នុង​ស្រុក (ភ្នំពេញ​ប៉ុស្តិ៍) ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាម​រយៈ​ ​ជន​សង្ស័យ​ជាង​១០​នាក់ ​ដើម្បី​​​រក​ប្រភព​នាំចូល​គ្រឿង​ញៀន។ បណ្ដាញ​យុវជន ​យល់​ថា ប្រសិន​បើ​សមត្ថកិច្ច​អាច​ចាប់​​​​ឈ្មួញ​ធំ ឬ​មេ​ក្លោង​ថ្នាំ​ញៀន នៅ​មជ្ឈមណ្ឌល​កម្សាន្ត រ៉ក់ បាន នឹង​ទទួល​បាន​ការ​កោត​សរសើរ និង​ជំនឿ​ចិត្ត​ពី​ពលរដ្ឋ។ តែ​បើ​ធ្វើ​មិន​បាន​ទេ ពលរដ្ឋ​នឹង​អស់​ជំនឿ លើ​ការ​បង្ក្រាប​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។