កម្មកររោងសិប្បកម្មតម្បាញ ហុង ស៊ីង (Hong Xing) នៅខណ្ឌមានជ័យ ឲ្យដឹងថា មន្ត្រីក្រសួងការងារ ប្រាប់ពួកគាត់ថា មិនទាន់មានដំណោះស្រាយទេ ចំពោះករណីថៅកែជនជាតិចិនរត់ចោលកម្មករ ដោយមិនបានបើកប្រាក់ឈ្នួលឲ្យគ្រប់ចំនួន និងមិនទូទាត់សំណងអតីតភាពនោះ។ ប៉ុន្តែ ក្រសួងការងារសន្យាថា នឹងនាំអាជ្ញាធរមានសមត្ថកិច្ច មកកាត់សោទ្វាររបងរោងសិប្បកម្ម ដើម្បីចូលទៅមើលថា តើមានសម្ភារៈអ្វីខ្លះ អាចលក់ឡាយឡុង សងលុយកម្មករបានគ្រប់ចំនួនដែរទេ។
កម្មការិនីឈ្មោះ តេង ស្រីមុំ ឲ្យដឹងថា មន្ត្រីក្រសួងការងារសន្យាថា នឹងនាំអាជ្ញាធរមកកាត់សោទ្វាររបង នៅថ្ងៃច័ន្ទ ទី៣០ ខែធ្នូ ហើយចូលទៅមើលសម្ភារៈក្នុងទីតាំងសិប្បកម្មទាំងអស់គ្នា។ តែមន្ត្រីក្រសួងការងារប្រាប់កម្មករថា នីតិវិធីបន្ត គឺនៅវែងឆ្ងាយទៀត មិនមែនលក់ឡាយឡុង បានលុយភ្លាមៗ ទេ។ លោកស្រី តេង ស្រីមុំ ថា កម្មករសុំអង្វរអាជ្ញាធរឲ្យជួយសម្រួលនីតិវិធី តាមក្ដីអាណិតអាសូរដល់ក្រុមកម្មករ ឲ្យទទួលបានសំណងឆាប ដើម្បីកម្មករមានប្រាក់យកទៅបង់ថ្លៃផ្ទះជួល និងអាចរកការងារថ្មីធ្វើ ព្រោះកម្មករបានដេកតវ៉ាលើចិញ្ចើមផ្លូវទាំងថ្ងៃទាំងយប់ ជាងកន្លះខែមកហើយ។
កម្មករនៅសិប្បកម្មតម្បាញ ហុង ស៊ីង មានចំនួន ១៩០នាក់ បានប្រមូលផ្ដុំគ្នាតវ៉ា និងដេកយាមលើចិញ្ចើមផ្លូវមុខរោងសិប្បកម្មទាំងថ្ងៃទាំងយប់ តាំងពីថ្ងៃទី៩ ធ្នូមក ដោយសារថៅកែជនជាតិចិន បានចាក់សោទ្វាររបងសិប្បកម្មទុកចោល ដោយមិនដឹងទៅណា និងមិនបានបើកប្រាក់ឈ្នួលឱ្យគ្រប់ចំនួន ព្រមទាំងមិនទាន់បានទូទាត់ប្រាក់សំណងអតីតភាព ប្រាក់បំណាច់ និងអត្ថប្រយោជន៍ផ្សេងទៀតជូនកម្មករនៅឡើយ។
អ្នកសម្របសម្រួលមជ្ឈមណ្ឌលសិទ្ធិមនុស្ស និងការងារ ហៅកាត់ អង្គការ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ប្រាប់ថា នីតិវិធីបន្តតាមផ្លូវច្បាប់ អាចប្រើពេលយូរ ដើម្បីឈានដល់តុលាការចេញដីកាសម្រេចឲ្យលក់ឡាយឡុង។ ប៉ុន្តែលោកថា ជាទូទៅ គណៈកម្មការដោះស្រាយវិវាទគ្រប់មុខសញ្ញារបស់ក្រសួងការងារ អាចជំរុញនីតិវិធីដើម្បីបានលក់ឡាយឡុងបានលឿន ប្រសិនបើគណៈកម្មការនេះ មានឆន្ទៈដោះស្រាយជួយកម្មករ ក្នុងរឿងលក់សម្ភារៈឡាយឡុងទូទាត់សំណង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។