ក្រសួង​អប់រំ​ប្ដូរ​មណ្ឌល​ប្រឡង​បាក់​ឌុប​មួយ​កន្លែង​នៅ​ខេត្ត​កំពត​ដោយសារ​ជំនន់​ទឹកភ្លៀង

0:00 / 0:00

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្ដូរ​មណ្ឌល​ប្រឡង​មួយ​កន្លែង នៅ​សង្កាត់​ក្រាំងអំពិល ទៅ​ដាក់​នៅ​ក្រុង​កំពត​វិញ ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​កំពត ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មណ្ឌល​ប្រឡង។ ទន្ទឹម​នឹង​ការ​ប្រឡង​ទុតិយភូមិ ឬ​បាក់​ឌុប ខិតចូល​មកដល់ អាជ្ញាធរ​តាម​បណ្ដា​ខេត្ត​ខ្លះ បាន​សន្យា​ផ្ដល់​កន្លែង​ស្នាក់នៅ និង​​ ដល់​បេក្ខជន ដែល​មកពី​តំបន់​ឆ្ងាយ និង​ខ្វះ​លទ្ធភាព​ចំណាយ។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា ឱ្យ​ដឹង​ថា ក្នុង​ចំណោម​មណ្ឌល​ប្រឡង​ទាំងអស់ ចំនួន ២០២​មណ្ឌល មានតែ​មណ្ឌល​អនុវិទ្យាល័យ​ក្រាំងអំពិល​មួយ​គត់​ត្រូវ​ប្ដូរ ដោយសារ​រង​ផល​ប៉ះពាល់​ខ្លាំង ពី​ជំនន់​ទឹកភ្លៀង។ អនុវិទ្យាល័យ ហ៊ុន សែន ក្រាំង​អំពិល ស្ថិតនៅ​សង្កាត់​ក្រាំងអំពិល ក្រុង​កំពត។ តាម​គម្រោង​មណ្ឌល​នេះ ត្រូវ​បើក​ឱ្យ​បេក្ខជន​បាក់​ឌុប ផ្នែក​វិទ្យាសាស្ត្រ​សង្គម ចំនួន​១៤​បន្ទប់​ចូល​ប្រឡង នៅ​ថ្ងៃ​ទី​១៨ និង​១៩ សីហា​។ ប៉ុន្តែ​មណ្ឌល​នេះ នឹង​បិទ​ចោល​វិញ ហើយ​សិស្ស​ត្រូវ​ប្រឡង​បាក់​ឌុប​ទាំង​១៤​បន្ទប់​នេះ នឹង​ត្រូវ​ប្ដូរ​ទៅ​មណ្ឌល​សាលារៀន គួង យ៉ុក ស្ថិត​នៅ​ក្នុង​ក្រុង​កំពត​វិញ។

យ៉ាងណា លោក​ថា ក្រសួង​អប់រំ នៅ​បន្ត​តាមដាន​មើល​គ្រប់​មណ្ឌល​ប្រឡង​ទាំងអស់ នៅ​ទូទាំង​ប្រទេស ប្រសិន​បើ​រង​ផល​ប៉ះពាល់​ពី​ករណី​ណាមួយ ក្រសួង​នឹង​ប្រកាស​ផ្លាស់ប្ដូរ​មណ្ឌល​ប្រឡង​ភ្លាម៖ «ក្នុង​ករណី​ចាំបាច់ ក្រសួង​នឹង​សិក្សា​ទៅ​តាម​លទ្ធភាព​ជាក់ស្ដែង។ ទាក់ទង​ទៅ​នឹង​ករណី​លទ្ធភាព​នៃ​ការផ្លាស់ប្ដូរ​មណ្ឌល​ប្រឡង​វិញ គឺ​តាម​នីតិវិធី​របស់​ក្រសួង​អាច​ធ្វើ​បាន​មួយ​ថ្ងៃ មុន​ពេល​ប្រឡង។ មាន​ន័យ​ថា សម័យ​ប្រឡង​ថ្ងៃ​ទី​១៩ សីហា ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៩​នេះ ប្រសិនបើ​នៅ​កន្លែង​ណា ដែល​ចាំបាច់ ក្រសួង​នឹង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ផ្លាស់ប្ដូរ ប្រសិនបើ​មានការ​រង​ឥទ្ធិពល​ពី​ប្រធាន​សក្ដិ​ណាមួយ»។

ចំណែក​អាជ្ញាធរ​តាម​បណ្ដា​ខេត្ត​ផ្សេង​ដូចជា ខេត្ត​ព្រះសីហនុ កំពង់ធំ ព្រៃវែង ស្វាយរៀង ប្រកាស​ថា អាជ្ញាធរ​ខេត្ត​បាន​ត្រៀម​កន្លែង​ស្នាក់នៅ សម្រាប់​បេក្ខជន​ប្រឡង​បាក់​ឌុប មកពី​ទីតាំង​ឆ្ងាយ និង​ខ្វះ​លទ្ធភាព​រួចរាល់​ហើយ។ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ណែនាំ​ឱ្យ​អាណាព្យាបាល និង​សិស្ស​ជួប​ការ​លំបាក កន្លែង​ស្នាក់នៅ​ពេល​ប្រឡង​បាក់​ឌុប ត្រូវ​ទាក់ទង​ទៅ​មន្ត្រី​សាលាខេត្ត ដើម្បី​ទទួល​បាន​ការ​ស្នាក់នៅ ក្នុង​ផ្ទះ​សំណាក់​យីហោ ឡេង ទ្រី ផ្ទះសំណាក់​គ្រូបង្រៀន និង​ផ្ទះសំណាក់​កាកបាទ​ក្រហម ដោយ​ឥត​គិត​ថ្លៃ។ ក្រៅ​ពី​នេះ អាជ្ញាធរ​ខេត្ត ក៏​ធានា​ការ​ចំណាយ​សម្រាប់​ការ​ហូបចុក​នៅ​ថ្ងៃ​ប្រឡង​សម្រាប់​សិស្ស​ក្រីក្រ និង​សន្យា​ផ្ដល់​ម៉ូតូ​មួយ​គ្រឿង លុយ ១​ពាន់​ដុល្លារ ដល់​បេក្ខជន​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ប្រឡង​បាន​និទ្ទេស​ល្អ​បំផុត គឺ និទ្ទេស A​។ នៅ​ខេត្ត​កំពង់ធំ អាជ្ញាធរ​ប្រាប់​ឱ្យ​សិស្ស​ក្រីក្រ ទាក់ទង​អភិបាលស្រុក ដើម្បី​ទទួល​បានការ​ផ្ទះសំណាក់​ស្នាក់នៅ ដោយ​ឥត​គិតថ្លៃ នៅ​កំឡុង​ពេល​ប្រឡង​បាក់​ឌុប។

ចំណែក​រដ្ឋបាល​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង បាន​សហការ​ជាមួយ​មន្ទីរ​ធម្មការ​ខេត្ត ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​បេក្ខជន​ប្រឡង ក្នុង​ពេល​ឡើង​មក​ប្រឡង​បាក់ឌុប។ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត​ព្រៃវែង បាន​សុំ​ព្រះចៅ​អធិការ​វត្ត​នានា ឱ្យ​ទទួល​បេក្ខជន​ប្រឡង​បាក់​ឌុប​ស្នាក់នៅ​។ ចំណែក​ខេត្ត​ស្វាយរៀង បាន​ត្រៀម​ទីតាំង​មន្ទីរ​ធម្មការ​ខេត្ត និង​វត្ត​ចំនួន​១២ ឱ្យ​សិស្ស​ក្នុង​ខេត្ត​ស្វាយរៀង ស្នាក់​នៅ​ពេល​ឡើង​មក​ប្រឡង​បាក់​ឌុប។ ចំណែក​ក្រសួង​ទេសចរណ៍ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អំពាវនាវ​កុំ​ឱ្យ​ផ្ទះសំណាក់​ឡើង​ថ្លៃ នៅ​ថ្ងៃ​ប្រឡង​បាក់​ឌុប​ដែរ។

នៅ​ខេត្ត​កោះកុង អាជ្ញាធរ​ប្រាប់​ឱ្យ​សិស្សានុសិស្ស​ក្រីក្រ​ទៅ​ស្នាក់នៅ ក្នុង​អគារ​រដ្ឋបាល​សាលាខេត្ត​នៅ​ថ្ងៃ​ប្រឡង។ រដ្ឋបាល​ខេត្ត​នេះ សន្យា​ថា នឹង​ផ្ដល់​ជូន​ម៉ូតូ​មួយ​គ្រឿង ដល់​បេក្ខជន​ប្រឡង​បាក់​ឌុប​ណា ដែល​ទទួល​បាន​និទ្ទេស​ល្អ​បំផុត គឺ និទ្ទេស A។

ការ​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ សីហា ដោយ​មាន​បេក្ខជន​ប្រឡង​សរុប​ជាង ១​សែន (១១៩,២១៧) នាក់។ ការ​ប្រឡង​នឹង​បែង​ចែក​ជា​ពីរ​វិញ្ញាសា គឺ​សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។ សិស្ស​ប្រឡង​ផ្នែក​វិទ្យាសាស្ត្រ មាន​ជាង ៤​ម៉ឺន (៤៥,៤១៤)​នាក់ និង​សិស្ស​ប្រឡង​ផ្នែក​វិទ្យាសាស្ត្រ​សង្គម មាន​ចំនួន ជាង ៧​ម៉ឺន (៧៣,៨០៣)​នាក់។

បេក្ខជន​ប្រឡង​បាក់​ឌុប នៅ​រាជធានី​ភ្នំពេញ​ម្នាក់ លោក ទូច ចាន់សុខហៀង ប្រាប់​ថា បេក្ខជន​នៅ​ភ្នំពេញ មិន​លំបាក​កន្លែង​ស្នាក់នៅ ហើយ​លោក បាន​ត្រៀមខ្លួន សម្រាប់​ការ​ប្រឡង​នេះ តាំងពី​៣​ឆ្នាំ​មុន មក​ម្ល៉េះ ពោល​គឺ​តាំងពី​លឺ​ថា ត្រូវ​រឹត​បន្តឹង ការ​ប្រឡង​បាក់​ឌុប​ឡើងវិញ​។ សិស្ស​រូប​នេះ​រំពឹង​ថា នឹង​ទទួល​បាន​និទ្ទេស​ល្អ ពេល​ប្រឡង៖ «ត្រៀមខ្លួន​រួចហើយ​បង។ តែ​គ្រាន់​ថា រាង​ភ័យ​តិចៗ​ដែរ ព្រោះ​អ្វី វា​រាង​កៀក​ដែល​ហើយ​បង​។ បើ​ (​ និយាយ​ )​ ត្រៀមខ្លួន ខ្ញុំ​ត្រៀមខ្លួន​តាំងពី​ថ្នាក់​ទី​១០​មក​បង ព្រោះ​អ្វី​រាង​ខ្លាច​ដែរ​។ ពង្រឹង​ខ្លួន​យើង​ឡើងវិញ ឈប់​បើក​ចម្លង​។ បំប៉ន​ដែរ​បង បំប៉ន​រៀន​គួរ​អ្វី ហើយ​រៀន​ជុំ​គ្នា​ឡើងវិញ ជាមួយ​មិត្តភ័ក្ដិ»។

អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុវាចា ប្រាប់​ថា ថ្វីបើ​ការ​ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំនេះ មិន​ដាក់​ពង្រាយ​អ្នកសង្កេតការណ៍ មកពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទេ តែ​ការ​ប្រឡង​នៅតែ​រឹត​បន្តឹង​ដូច​ឆ្នាំមុន​ដដែល ដើម្បី​ចម្រាញ់​យក​គុណ​ភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។