រដ្ឋាភិបាលកម្ពុជាសម្រេចបន្ធូរបន្ថយបម្រាមធ្វើដំណើរវិញខ្លះហើយ ក្រោយមានប្រតិកម្មច្រើនពីពលរដ្ឋជុំវិញការចេញបម្រាមធ្វើដំណើរនៅក្នុងប្រទេសយ៉ាងទាន់ហន់ កាលពីយប់ថ្ងៃទី០៩ មេសា។
សេចក្តីសម្រេចថ្មីដែលចេញដោយលោក ហ៊ុន សែន នៅថ្ងៃទី១០ មេសានេះ បានចាត់ទុករាជធានីភ្នំពេញ និងខេត្តកណ្តាលជាតំបន់តែមួយ ដែលមិនស្ថិតនៅក្នុងការហាមឃាត់នោះឡើយ មានន័យថា ពលរដ្ឋនៅភ្នំពេញ និងនៅខេត្តកណ្តាលអាចធ្វើដំណើរឆ្លងកាត់ទៅវិញទៅមកបាន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលសម្រេចអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងកាត់រវាងស្រុកមួយទៅស្រុកមួយទៀតនៅក្នុងខេត្តតែមួយ ប៉ុន្តែរក្សាបម្រាមមិនឱ្យធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយទៀតដដែល។
បម្រាមធ្វើដំណើរនៅក្នុងប្រទេសនេះ ក៏ត្រូវបានលើកលែងចំពោះការដឹកជញ្ជូនទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តដឹកសំរាម រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធក្នុងគោលដៅបំពេញការងារ ការដឹកជញ្ជូនកម្មករទៅកាន់រោងចក្រ-សហគ្រាស ព្រមទាំងការធ្វើដំណើររបស់ពលរដ្ឋទៅមន្ទីរពេទ្យ ដើម្បីទទួលបានសេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ត្រឹមមនុស្សចំនួន ៤នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំការយោគយល់ពីពលរដ្ឋ ដោយលោកបញ្ជាក់ថា បទបញ្ជនេះគឺដើម្បីសុវត្ថិភាពជាតិ និងជីវិតប្រជាជន។ លោកអះអាងថា លោកគ្មានជម្រើសអ្វីឱ្យល្អជាងការចេញបទបញ្ជា ហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋនេះឡើយ ដើម្បីបង្ការការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។