ពលករ​ខ្មែរ​ចុះ​ទូក​មួយ​ចំនួន​នៅ​ថៃ​ថា ខ្លួន​មិន​បាន​ទៅ​លេង​បុណ្យ​ចូលឆ្នាំ​ដោយសារ​រវល់​ការងារ

ដោយ ស្ងួន អមរា
2019-02-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អាជ្ញាធរ​ថៃ​ស្នើ​ឱ្យ​កម្មករ​ទូក​នេសាទ​ខ្មែរ​ពាក់​អាវ​ពោង និង​ឈរ​តម្រៀប​គ្នា​ថត​រូប អំឡុង​ពេល​ពួក​គេ​​ចុះ​ត្រួត​ពិនិត្យ​​​តំបន់​កំពង់ផែ ចេញ​ចូល​ក្នុង​ខេត្ត​ត្រាត កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
អាជ្ញាធរ​ថៃ​ស្នើ​ឱ្យ​កម្មករ​ទូក​នេសាទ​ខ្មែរ​ពាក់​អាវ​ពោង និង​ឈរ​តម្រៀប​គ្នា​ថត​រូប អំឡុង​ពេល​ពួក​គេ​​ចុះ​ត្រួត​ពិនិត្យ​​​តំបន់​កំពង់ផែ ចេញ​ចូល​ក្នុង​ខេត្ត​ត្រាត កាល​ពី​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo courtesy of Human Rights Watch

ពលករ​ខ្មែរ​អះអាង​ថា ពួកគេ​ទៅ​ធ្វើ​ការងារ​នៅ​លើ​ទូក​នេសាទ​របស់​ថៃ​មួយ​ចំនួន​ដោយសារ​ជីវភាព​ក្រីក្រ​ខំប្រឹង​ធ្វើការ​ដើម្បី​រក​ប្រាក់​ផ្ញើ​ទៅ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​ខ្មែរ សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ ដោយ​មិនបាន​ត្រឡប់​ទៅលេង​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​នៅ​ខែ​មេសា​ខាងមុខ​នោះ​ទេ។ ពួកគាត់​មានការ​សោកស្ដាយ​ដែល​មិន​អាច​ទៅ​ជួបជុំ​បងប្អូន​នៅ​ក្នុង​ថ្ងៃបុណ្យ​ជាតិ ព្រោះ​ជាប់រវល់​បំពេញការងារ​នៅ​កណ្ដាល​សមុទ្រ ដែល​មិន​អាច​ត្រឡប់​ទៅដល់​ដីគោក​ឱ្យ​បាន​ទាន់​ពេល​ថ្ងៃបុណ្យ​ចូលឆ្នាំ។

ពលករ​ខ្មែរ​មាន​អារម្មណ៍​ក្ដុកក្ដួល​ក្នុង​ចិត្ត ចង់​ទៅ​លែង​ស្រុក​ខ្មែរ​ដើម្បី​បាន​កម្សាន្ត​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុកកំណើត ប៉ុន្តែ​បែរជា​អាក់ខាន​ដោយសារ ថ្ងៃបុណ្យ​ឆ្នាំនេះ​ចំ​វេន​ចុះទូក​ទៅ​យក​ត្រី​នៅ​កណ្ដាល​សមុទ្រ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​ត្រឡប់​មិនទាន់​ថ្ងៃបុណ្យ​ចូលឆ្នាំ។

ពលករ​ម្នាក់​រស់នៅ​ខេត្ត​កំពង់ធំ លោក ហឿន ស រៀបរាប់​ប្រាប់​ឱ្យ​ដឹង​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​២១​កុម្ភៈ​ថា ដោយសារ​ជីវភាព​ក្រីក្រ ជំរុញ​ឱ្យ​លោក​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ធ្វើ​ការ​ជា​ពលករ​នៅ​ប្រទេស​ថៃ និង​បាន​ធ្វើ​ការ​នៅ​​លើ​ទូក​នេសាទ​ក្នុង​ខេត្ត​សមុត្រប្រាកាន ជិត​ទីក្រុង​បាងកក ចំនួន ៧​ឆ្នាំ​ហើយ។​ពលករ​រូប​នេះ​បន្ត​ថា ជា​រៀងរាល់​ឆ្នាំ​លោក​តែងតែ​ត្រឡប់​ទៅលេង​បុណ្យចូលឆ្នាំ​ខ្មែរ​នៅ​ឯ​ស្រុក​កំណើត​មិន​ដែល​ខាន​នោះ​ទេ ប៉ុន្តែ​ឆ្នាំនេះ​ថៅកែ​មិន​អនុញ្ញាត​ឱ្យ​លោក​ឈប់សម្រាក​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ឡើយ ព្រោះ​ត្រូវ​វេន​ចុះទូក​ទៅ​យក​ត្រី​នៅ​កណ្ដាល​សមុទ្រ​ជាប់​ប្រទេស​ម៉ាឡេស៊ី។ លោក​ថា ពលករ​រួមការងារ​នៅ​លើ​ទូក​នេសាទ​មាន​គ្នា​ជាង ១០​នាក់ ត្រូវ​ធ្វើដំណើរ​ផ្សងព្រេង​នៅ​លើ​ទឹកសមុទ្រ​រួមគ្នា ក្នុង​មួយ​ជើងៗ​មាន​រយៈពេល​ប្រមាណ​២០​ថ្ងៃ ទើប​ត្រឡប់​មកដល់​ដីគោក​វិញ ព្រោះ​មាន​ចម្ងាយ​ដល់​ទៅ​ជាង​១​ពាន់​គីឡូម៉ែត្រ​ឯណោះ«ខ្ញុំ​អង្គុយតែ​គិត​ថា គេ​ទៅ​លែង​ស្រុក​មិន​ដឹង​សប្បាយ​យ៉ាងណា​ទេ តែ​ខ្ញុំ​វិញ​អង្គុយ​អើត​មើល​មេឃ​មើល​ផ្កាយ​មើល​ទឹក​សមុទ្រ​នឹង​ឯង ខ្ញុំ​ស្រណោះស្រណោក​ខ្លួន​ដែរ តែ​ធ្វើ​មិច​ព្រោះតែ​ជីវភាព​ក្រីក្រ យើង​ត្រូវតែ​តស៊ូ​ដើម្បី​ជីវភាព​របស់​យើង។ ក្នុង​ចិត្ត​ចង់តែ​ទៅ​នៅ​ខ្មែរ​វិញ តែ​ដោយសារ​ចង់​សន្សំ​លុយ​មួយ​រយៈ​យក​ទៅ​ប្រកប​របរ​ខ្លួនឯង​នៅ​ស្រុក​ខ្មែរ ខ្ញុំ​មិន​ចង់​នៅ​ធ្វើ​ពលករ​ដូច្នេះ​ទេ ព្រោះ​រស់នៅ​មិន​មាន​ការ​ជួបជុំ​គ្រួសារ ព្រោះ​មនុស្ស​គ្រប់រូប​ត្រូវ​មាន​ប្រពន្ធ​កូន គ្មាន​អ្នកណា​ចង់​បែក​ពី​ប្រពន្ធ​កូន​មក​ធ្វើការ​ស្រុក​គេ​ទេ តែ​គ្រាន់តែ​យើង​មិន​ទាន់​មាន​មុខរបរ​អី»

ពលករ​រូប​នេះ​បន្ត​ទៀត​ថា អំឡុង​ពេល​ធ្វើការ​នៅ​លើ​ទូក​កន្លងមក លោក​មិន​ធ្លាប់​ជួប​គ្រោះថ្នាក់​ធំដុំ​នោះ​ទេ ដោយ​គ្រាន់តែ​ពុល​ទឹក​រលក​នៅ​ពេល​ដែល​មាន​ខ្យល់​ខ្លាំង​បក់​បោក​មក​ចំ​ទូក​នេសាទ​របស់​ខ្លួន។ លោក​ថា ពេលនោះ​នឹក​ក្រុម​គ្រួសារ​នៅផ្ទះ ហើយ​ចង់​ឈប់​ធ្វើការ​ត្រឡប់​ទៅ​ខ្មែរ​វិញ​ដែរ ក៏ប៉ុន្តែ​ដោយសារ​ជីវភាព​ខ្វះខាត និង​គ្មាន​ការងារ​ធ្វើ​នៅ​ឯ​ស្រុកកំណើត ក៏​សម្រេចចិត្ត​តស៊ូ​ធ្វើការ​នៅ​លើ​ទូក​រហូត​មក​ទល់​សព្វ​ថ្ងៃ«គ្រោះថ្នាក់​តែ​កើត​មាន​ជារឿយៗ ដែល​យើង​មិន​ដឹង​វា​កើត​នៅ​ណា ជួល​កាល​យប់​ព្រលប់​យើង​ធ្វើ​ការ​មិនបាន​ប្រុងប្រយ័ត្ន​ក៏​របូតដៃ​ធ្លាក់ទឹក​ខ្ញុំ​ឃើញ​កើត​មាន​ច្រើន​ករណី តែ​ចំពោះ​ខ្លួន​ខ្ញុំ​មិន​ធ្លាប់​កើត​មាន​ទេ។ អ្នកខ្លះ​ក៏​ធ្លាក់ទឹក​បាត់​សូន្យ កាល​ពី​មុន​ច្បាប់​មិន​ទាន់​រឹងប៉ឹង​ដូច​សព បាត់​ក៏​បាត់​ចប់​បណ្ដោយ ជួនកាល​យើង​មិន​ដឹង​ថា វា​ធ្លាក់​ដោយ​របៀប​ណា​ទេ ដល់​ព្រឹក​ឡើង​បាន​យើង​ដឹង​ថា​បាត់​មនុស្ស»

ចំណែក​ពលករ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ថៃ​ម្នាក់ទៀត​លោក ជា ខន មាន​ប្រសាសន៍​ថា ការងារ​នៅ​លើ​ទូក​នេសាទ​មិន​ស្រួល​ដូច​ធ្វើការ​ក្នុង​ម៉ាស៊ីនត្រជាក់​នោះ​ទេ ព្រោះ​ធ្វើ​ការ​លំបាក​ត្រូវ​កម្ដៅ​ថ្ងៃ ភ្លៀង​ទទឹក ហើយ​ប្រឈម​នឹង​ពុល​ទឹក​រលក​ជាប្រចាំ ដោយ​មិនសូវ​បាន​ដេកលក់​ស្រួល​ដូច​នៅ​ក្នុង​ផ្ទះ​នោះ​ទេ ព្រោះ​ជា​ការងារ​នៅ​កណ្ដាល​សមុទ្រ​មើល​មិន​ឃើញ​កោះ​ត្រើយ​នោះ​ឡើយ។ លោក​បន្ត​ថា ពេលខ្លះ​ធ្វើការ​មិនបាន​ត្រឡប់​ឡើងគោក​ក្នុង​ប្រទេស​ថៃ​នោះ​ទេ ដោយ​ឈប់សម្រាក​នៅ​ប្រទេស​ម៉ាឡេស៊ី​ក៏​មាន​ដែរ រហូតដល់​ពួកគាត់​ធ្វើការ​យូរ​ទៅ​សុំា​នឹង​ការងារ ដោយ​មិន​ខ្វល់​ពី​ការ​នឿយ​ហាត់​នោះ​ទេ គឺ​ធ្វើយ៉ាងណា​ឱ្យ​តែ​បាន​ប្រាក់​ផ្ញើ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​នៅ​ឯ​ស្រុក​ខ្មែរ។ លោក​ថា ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​មិន​បាន​ត្រឡប់​ទៅលេង​ស្រុកកំណើត​នោះ​ទេ ព្រោះ​ត្រូវ​វេន​ចុះទូក​ទៅ​យក​ត្រី​នៅ​កណ្ដាល​សមុទ្រ«គ្រោះថ្នាក់​តែ​កើត​មាន​ជារឿយៗ ដែល​យើង​មិន​ដឹង​វា​កើត​នៅ​ណា ជួល​កាល​យប់​ព្រលប់​យើង​ធ្វើ​ការ​មិនបាន​ប្រុងប្រយ័ត្ន​ក៏​របូតដៃ​ធ្លាក់ទឹក​ខ្ញុំ​ឃើញ​កើត​មាន​ច្រើន​ករណី តែ​ចំពោះ​ខ្លួន​ខ្ញុំ​មិន​ធ្លាប់​កើត​មាន​ទេ។ អ្នកខ្លះ​ក៏​ធ្លាក់ទឹក​បាត់​សូន្យ កាល​ពី​មុន​ច្បាប់​មិន​ទាន់​រឹងប៉ឹង​ដូច​សព បាត់​ក៏​បាត់​ចប់​បណ្ដោយ ជួនកាល​យើង​មិន​ដឹង​ថា វា​ធ្លាក់​ដោយ​របៀប​ណា​ទេ ដល់​ព្រឹក​ឡើង​បាន​យើង​ដឹង​ថា បាត់។ បើ​កាលពី​សម័យ​មុន​វិញ​ពេល​ទូក​ឡើង​មកដល់​ដីគោក​ម្ដងៗ ពលករ​ខ្មែរ​នាំគ្នា​ដើរ​ផឹកស៊ី​ចាយ​វាយ អើត​មើល​មុខ​គ្នា​មិន​បាន​ទេ គឺ​ដេញ​វាយ​ដេញ​កាប់​គ្នា​ជាប្រចាំ កាល​ពី​មុន​សំបូរ​ពលករ​ខ្មែរ​ចុះទូក​ច្រើន តែ​ឥឡូវ​មិន​សូវ​មាន​ទេ។ និយាយ​ទៅ​បើ​មាន​ការងារ​ល្អៗ​នៅ​ខ្មែរ​ខ្ញុំ​ធ្វើការ​នៅ​ខ្មែរ​ហើយ​បាន​ជួប​ម៉ែឪ​បងប្អូន​ផង ប៉ុន្តែ​ដូច​ដឹង​ស្រាប់​ហើយ​ខាង​ខេត្ត​កំពង់ធំ​ខ្ញុំ គ្រាន់តែ​គេ​រំលោភ​យក​ដី​ខ្លះ​មិន​ហ៊ាន​នៅ​ស្រុក​ទេ ព្រោះ​តវ៉ា​គេ​ចាប់​វាយ​ធ្វើបាប»

លោក​បន្ត​ថា ធ្វើការ​មួយ​ខែ​លោក​បាន​ឡើង​មក​ជួប​ប្រពន្ធ​នៅ​ដីគោក ក្នុង​ខេត្ត​សមុត្រប្រាកាន ប្រហែល​១០​ថ្ងៃ ក៏​ត្រូវ​ចុះទូក​នេសាទ​វិញ ស្ទែរ​តែ​ជា​រៀងរាល់​ខែ ប៉ុន្តែ​ពួកគាត់​មិន​រួញរា​នឹង​ការងារ​នេះ​ទេ ព្រោះ​ធ្វើការ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ សល់​ប្រាក់​ចន្លោះ​ពី ១​ម៉ឺន ៥​ពាន់​ទៅ ២​ម៉ឺន​បាត​ថៃ ឬ​ប្រមាណ ៦៥០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ លោក​ថា ពលករ​ខ្មែរ​ធ្វើការ​លើ​ទូក​នេសាទ​ថៃ​នៅ​តំបន់​ដែល​ពួកគាត់​ធ្វើ​នេសាទ មាន​មិន​តិច​ជាង ២០​នាក់​ទេ ដែល​រវល់​ការងារ​មិន​បាន​ទៅ​លេង​បុណ្យចូលឆ្នាំ​ខ្មែរ​នោះ ព្រោះ​ប្រសិនបើ​ឈប់សម្រាក​គ្មាន​អ្នក​ធ្វើ​ការងារ​ជំនួស ហើយ​អាច​ថៅកែ​បញ្ឈប់​ពី​ការងារ​នាំ​ឱ្យ​លំបាក​ដល់​ក្រុម​គ្រួសារ ដោយសារ​គ្មាន​ប្រាក់​ចំណូល​ផ្ញើ​ទៅ​ឱ្យ​បងប្អូន​ប្រើប្រាស់​នៅ​ស្រុកកំណើត។

ឆ្លើយតប​នឹង​បញ្ហា​នេះ អាស៊ីសេរី​មិន​អាច​សុំ​អត្ថាធិប្បាយ​ពី​មន្ត្រី​ស្ថានទូត​ខ្មែរ ប្រចាំ​ទីក្រុង​បាងកក​ទទួលបន្ទុក​ផ្នែក​ពលករ លោក ចិន សំណាង បាន​នៅឡើយ​ទេ ដោយ​ជំនួយការ​ទទួល​ទូរស័ព្ទ​ជំនួស​ប្រាប់​ថា លោក​ជាប់រវល់​ប្រជុំ«អត់​ទេ​បង​ខ្ញុំ​គ្រាន់តែ​ប្រាប់​ព័ត៌មាន​ផ្សេងៗ ដូចជា​ករណី​ប្រកាន់​សង្គម អី​ផ្សេង បើ​ទាក់ទង​រឿង​ពលករ​ធ្វើការ​ថ្ងៃបុណ្យ​ជាតិ​មិន បាន​ឈប់​សម្រាក​ខ្ញុំ​អត់​ដឹង​ដែរ»

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កេត សុផាន់ ដើម្បី​សាកសួរ​ពី​ក្តី​បារម្ភ​របស់​ពលករ​បាន​នៅឡើយ​ទេ ដោយសារតែ​លោក​មិន​លើក​ទូរស័ព្ទ។ រីឯ​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ខេត្ត​ស្រះកែវ លោក ហ៊ុន សារឿន មានប្រសាសន៍​យ៉ាង​ខ្លី​ថា លោក​មិន​អាច​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ«ព្រោះ​ខ្ញុំ​អត់​មាន​សិទ្ធិ​និយាយ​សូម​អធ្យាស្រ័យ​ផង បង​សួរ​ទៅ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ទៅ​គាត់​ក្ដាប់​បាន​ព័ត៌មាន​ទាំងអស់​នេះ សូម​អធ្យាស្រ័យ​ផង​បង»

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅថា សង់ត្រាល់ (CENTRAL)​លោក មឿន តុលា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា ការ​បង្ខំ​ឱ្យ​ពលករ​ធ្វើការ​នៅ​ថ្ងៃ​បុណ្យជាតិ គឺជា​ការ​រំលោភ​ច្បាប់​ការងារ​របស់​ប្រទេស​ថៃ ព្រោះ​ច្បាប់​ថៃ បាន​កំណត់​ឱ្យ​កម្មករ ឬ​ពលករ ឈប់សម្រាក​នៅ​ថ្ងៃ​បុណ្យជាតិ បើ​ទោះ​បី​ជា​ពួកគេ​ត្រឡប់​ទៅលេង​ស្រុកកំណើត ឬ​មិន​ទៅ​ក៏ដោយ ក៏​ពួកគេ​ត្រូវ​បាន​ឈប់សម្រាក​ដែរ«ទោះជា​យ៉ាងណាក៏ដោយ​នេះ​ជា​ភស្តុតាង​មួយ​ថ្មី​ទៀត ដែល​បង្ហាញ​ថា រដ្ឋាភិបាល​ថៃ​មិន​ទាន់​បាន​អនុវត្ត​អ្វី​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​សហគមន៍​អឺរ៉ុប ពាក់ព័ន្ធ​ការ​កែ​សម្រួល​លក្ខខ័ណ្ឌ​ការងារ​របស់​ពលករ​នៅ​លើ​ទូក​នេសាទ បាន​ពេញលេញ​នៅ​ឡើយ​ទេ កន្លង​មក​យើង​តែងតែ​បាន​លើកឡើង​ពី​បញ្ហា​នេះ ហើយ​យើង​ឃើញ​មានការ​ប្រែប្រួល​ចំនួន ដូច​ថៃ​បាន​ផ្ដល់​សច្ចាប័ន​ទៅលើ​អនុសញ្ញា​ស្ដីពី​ការពារ​សិទ្ធិ​ពលករ​នៅ​លើ​ទូក នេសាទ​ក៏ដោយ ក៏ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង​នៅ​មាន​រឿង​ច្រើន​ទៀត តាំងពី​លក្ខខ័ណ្ឌ​ការងារ លក្ខខ័ណ្ឌ​សុខភាព សុវត្ថិភាព និង​អនាម័យ​នៅ​លើ​ទូក​ជាដើម»

កន្លងមក​ធនាគារ​ពិភពលោក​រាយការណ៍​ថា ប្រទេស​ថៃ​មាន​ចំនួន​កម្មករ​ចំណាកស្រុក​ខ្ពស់​ជាងគេ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​ជិត ៤ លាន​នាក់ (.៧៦) នៅ​ក្នុង​ឆ្នាំ​២០១៥ ក្នុង​នោះ ៥៣ ភាគរយ​មកពី​ប្រទេស​ភូមា ២៦ ភាគរយ​មកពី​ប្រទេស​ឡាវ និង ២១ ភាគរយ​មកពី​កម្ពុជា។ ចំណែក​ទិន្នន័យ​របស់​រដ្ឋាភិបាល​ថៃ​វិញ បង្ហាញ​ថា ពលករ​ចំណាកស្រុក​កម្ពុជា ឡាវ និង​ភូមា​ដែល​បាន​ចុះឈ្មោះ​រួចរាល់​គិត​ត្រឹម​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មាន​ចំនួន​ជិត ២​លាន​នាក់ (.៧២៦.៤១៥) ក្នុង​នោះ​ជិត ៥​ម៉ឺន​នាក់ ចុះឈ្មោះ​ធ្វើការ​ក្នុង​ឧស្សាហកម្ម​នេសាទ។

កន្លងមក​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​គិតគូរ និង​ចាត់វិធានការ​ជាក់លាក់​នានា ដើម្បី​ការពារ និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​របស់​ខ្លួន។

យូមែន រ៉ៃត៍ វ៉ច្ឆ ស្នើ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​ស៊ើបអង្កេត និង​ដាក់ទោស​តាម​ផ្លូវ​ច្បាប់​ចំពោះ​ជន​ណា​ដែល​ទទួលខុសត្រូវ និង​ចូលរួម​ក្នុង​បណ្ដាញ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​ដែល​សហការ​ជាមួយ​ឈ្មួញកណ្ដាល​នៅ​ក្នុង​ប្រទេស​ថៃ​ប្រើប្រាស់​មធ្យោបាយ​ទុច្ចរិត​ដើម្បី​ផ្គត់ផ្គង់​បុរស និង​ក្មេង​ប្រុស​ទៅកាន់​ទូក​នេសាទ​ថៃ។ កម្ពុជា​ត្រូវ​ជួយ​អាជ្ញាធរ​ថៃ​ក្នុង​ការ​កាត់ទោស​អ្នក​ជួញដូរ​មនុស្ស ជួយ​បង្ក​បរិយាកាស​ធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព និង​រិះរក​យុទ្ធសាស្ត្រ​ផ្សេងទៀត​ដើម្បី​កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​ចំពោះ​ពលករ​ចំណាកស្រុក​គ្រប់​ប្រភេទ។

យូមែន រ៉ៃត៍ វ៉ច្ឆ ក៏​ស្នើ​ឱ្យ​កម្ពុជា​ត្រូវ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថៃ​ចាត់វិធានការ​ចំពោះ​ការ​ជួញដូរ​មនុស្ស និង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​លើ​ទូក​នេសាទ​ថៃ ព្រមទាំង​ដាក់ទោស​ទណ្ឌ​ដល់​ម្ចាស់​ទូក និង​មន្ត្រី​ពុករលួយ​ណា ដែល​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ទៅលើ​កម្មករ​ទូក​នេសាទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល