ព្រះសង្ឃ​​តាម​​បណ្ដា​​វត្តអារាម​​មួយ​​ចំនួន​​ឆាន់​មី​​ជំនួស​​ជា​​បណ្ដើរៗ​ ​និង​​ប្រឈម​​ខ្វះ​​ចង្ហាន់​​នា​​ពេល​​ខាងមុខ​​

ដោយ មាន ឫទ្ធិ
2021-04-19
Share
ព្រះសង្ឃ​​តាម​​បណ្ដា​​វត្តអារាម​​មួយ​​ចំនួន​​ឆាន់​មី​​ជំនួស​​ជា​​បណ្ដើរៗ​ ​និង​​ប្រឈម​​ខ្វះ​​ចង្ហាន់​​នា​​ពេល​​ខាងមុខ​​ ព្រះសង្ឃនៅក្នុងវត្តមួយនៅជនបទបានទទួលតេយ្យទានពីពុទ្ធបរិស័ទខ្មែរ។
រូប៖ ហ្វេសប៊ុក

ព្រះសង្ឃ​ ​អាច​នឹង​ប្រឈម​ខ្វះ​ចង្ហាន់​​ដូច​ប្រជាពលរដ្ឋ​ដែរ​ ​ប្រសិនបើ​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​ បន្ត​អូស​បន្លាយ​ថែមទៀត​ ​ខណៈ​វត្តអារាម​មួយ​ចំនួន​នៅសល់​អង្ករ​ ​មី​ ​ឬ​ត្រីខ​តិចតួច​ប៉ុណ្ណោះ​ សម្រាប់​ធ្វើ​ចង្ហាន់​។​ ​ព្រះសង្ឃ​ដែល​ជួប​បញ្ហា​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដល់​វត្ត​ណា​ដែល​ជួប​បញ្ហា​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។

ព្រះ​ចៅអធិការ​វត្ត​គោក​ខ្ពស់​ ​ស្រុក​ពួក​ ​ខេត្ត​សៀមរាប​ ​ព្រះ​តេជគុណ​ ​ពៅ​ ​ច័ន្ទ​តារា​ ​មាន​ថេរ​ដីកា​ឱ្យ​ដឹង​ថា​ ​ចាប់តាំង​ពី​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​មក​ថ្ងៃ​ខ្លះ​សង្ឃ​ត្រូវ​ដាច់​ចង្ហាន់​ ​បែរ​មក​ឆាន់​មី​ជំនួស​បាយ​។​ ​ព្រះ​តេជគុណ​បន្ត​ថា​ ​វត្ត​ព្រះអង្គ​មាន​ព្រះសង្ឃ​កំពុង​បួស​រៀន​ចំនួន ​៤​៨ ​អង្គ​ ប៉ុន្តែ​សល់​អង្ករ​ក្នុង​វត្ត​ប្រាំ​បាវ​ និង​បាន​ដាំ​បន្លែ​ខ្លះ​ដែរ​។​ ​ព្រះ​តេជគុណ​អង្គ​នេះ​បន្ត​ថា​ ​ក្នុង​ស្ថានភាព​នេះ​ ​វត្ត​អាច​ទប់ទល់​រឿង​ចង្ហាន់​បាន​ ​ប៉ុន្តែ​ចំពោះ​ថវិកា​បង់ថ្លៃ​ភ្លើង​ដែល​វត្ត​ត្រូវ​បង់​ក្នុង​មួយ​ខែ​ជាង​ ៧​០​ ម៉ឺន​រៀល​ ​គឺ​វត្ត​ប្រឈម​គ្មាន​លុយ​បង់​។​ ​ព្រះ​តេជគុណ​យល់ថា​ ​រដ្ឋាភិបាល​ ​គួរ​ជួយ​អន្តរា​គម​ន៏​ ​ឬ​បន្ធូរបន្ថយ​ការ​បង់ថ្លៃ​ភ្លើង​ដល់​វត្តអារាម​៖ «ដាច់​ណឹង​ចង់និយាយ​ថា​ ​ដាច់​ស្បៀង​តែម្ដង​ តែ​ក្នុង​ករណី​មាន​ញាតិញោម​មក​ធ្វើ​ច​ង្ហា​ន់យើង​បាន​មួយ​ពេល​។​ ​ករ​ណី​បន្ទាន់​ គឺ​ស្រុះ​មី​ឆាន់​ ​មាន​មី​ឆាន់​ដែរ​»។

ស្រដៀងគ្នា​នេះ​ដែរ​ ​ព្រះ​ចៅអធិការ​វត្ត​ប៉ាក់​ណាម​ខេត្ត​កណ្ដាល​ ​ព្រះ​តេជគុណ​ ​ញ៉ឺង​ ​ឡេង​ ​មាន​ថេរ​ដីកា​ឱ្យ​អាស៊ី​សេរី​ដឹងកាលពី​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ថា​ ​ពេលនេះ​វត្ត​ប៉ាក់​ណាម​នៅសល់​អង្ករ​និង​មី​បន្តិច​បន្ដួច​សម្រាប់​ឆាន់​ ​ប៉ុន្តែ​ថវិកា​សម្រាប់​ដោះស្រាយបញ្ហា​ទឹក​ភ្លើង​ ​គឺ​វត្ត​គ្មាន​ទេ​។​ ​ព្រះ​តេជគុណ​ ឱ្យ​ដឹង​ថា​ ​ព្រះសង្ឃ​វត្ត​ប៉ាក់​ណាម​មិន​អា​ចចេញ​បិណ្ឌបាត​បានទេ​ ​ចំណែក​ពុទ្ធបរិស័ទ​ពេលនេះ​ក៏​ក​ម្រ​ឃើញ​មក​ធ្វើបុណ្យ​ ឬ ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ដែរ​៖ «មី​អត់​នៅ​ដែរ​ ​ប៉ុន្តែ​បញ្ហា​សំខាន់​គឺ​ការ​ចំណាយ​លើទឹក​ភ្លើង​ ​ឬ​ព្រះសង្ឃ​អាពាធ​ឬ​បច្ច័យ​ប្រើប្រាស់​ក្នុង​វត្ត​គឺ​អត់មាន​»។

រីឯ​ព្រះ​ចៅអធិការ​វត្ត​ត្បែង​ ​ស្រុក​ថ្ព​ង​ ​ខេត្ត​កំពង់ស្ពឺ​ ​ព្រះ​តេជគុណ​ ​សាត​ ​សុភាព​ ​មាន​ថេរ​ដីកា​ដែរ​ថា​ ​ព្រះសង្ឃ​ក្នុង​វត្ត​របស់​ព្រះអង្គ​បាន​ផ្អាក​ចេញ​បិណ្ឌបាត​តាំងពី​មុន​ពេល​ផ្ទុះ​ជំងឺ​កូ​វី​ដ​ទៅទៀត​។​ ​ព្រះអង្គ​ ឱ្យ​ដឹង​ទៀត​ថា​ ​វត្ត​ ​នៅ​មាន​អង្គ​ស្តុក​ទុក​ខ្លះ​ ​ហើយ​ក្នុង​បរិវេណ​វត្ត​ក៏បាន​ដាំ​ត្រកួន​ ​ដាំ​ស្ពៃ​ខ្លះ​សម្រាប់​ទ្រទ្រង់​ដល់​ព្រះសង្ឃ​ចំនួន​ ៥​០​ អង្គ​ ដែល​កំពុង​គង់នៅ​។​ ​ព្រះ​តេជគុណ​ ​បន្ត​ថា​ ​ប្រសិនបើ​វិបត្តិ​ជំងឺ​កូ​វី​ដ​១​៩​អូស​បន្លាយពេល​ប្រមាណ​មួយ​ខែ​ទៀត​ ​វត្ត​ព្រះ​តេជគុណ​អាច​ប្រឈម​ខ្វះ​អង្ករ​៖ «ឥឡូវនេះ​មិនទាន់​ថា​ខ្វះ​ទេ​ ​តែ​បើ​រោគ​កូ​វី​ដ​ហ្នឹង​នៅតែ​បន្ត​អាច​ខ្វះខាត​។​ ​ពេលនេះ​ព្រះសង្ឃ​អាច​ទ្រទ្រង់​បាន​ដោយសារ​បន្លែ​អី​ផ្សេងៗ​ព្រះសង្ឃ​ដាំ​ក្នុង​វត្ត​អីចឹង​ទៅណា​ញោម​»។

ជុំវិញ​រឿង​នេះ​ ​អាស៊ី​សេរី​មិន​អាច​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​ក្រសួងធម្មការ​ ​និង​សាសនា​លោក​ ​សេង​ សុ​មុនី​ ​នៅ​ថ្ងៃ​ទី​១​៩​ ​ខែ​មេសា​ ​បានទេ​ ​ដោយ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​។​ ​ទោះ​យ៉ាងណា​ ​លោក​ធ្លាប់​ឱ្យ​ដឹង​ថា​ ​នៅ​ពេល​ក្នុង​តំបន់​ណា​ជួប​បញ្ហា​ខ្វះខាត​ចង្ហាន់​ ​អាច​ទាក់ទង​ទៅ​អាជ្ញាធរ​ក្នុង​តំបន់​នោះ​ឱ្យ​ជួយ​ដោះស្រាយ​។​

រីឯ​ព្រះ​ប្រធាន​លេខាធិការដ្ឋាន​គណៈ​សង្ឃនាយក​ ​និង​ជា​ព្រះមេ​គណ​រាជធានី​ភ្នំពេញ​ ​ព្រះ​តេជគុណ​ ​ឃឹម​ ​សន​ ​មាន​ថេរ​ដីកា​ឱ្យ​ដឹង​ថា​ ​ព្រះ​តេជគុណ​មិនទាន់​ទទួល​ព័ត៌មាន​ថា​ មាន​វត្ត​ណាមួយ​ដាច់​ចង្ហាន់​នៅឡើយ​ទេ​ ​ប៉ុន្តែ​ព្រះអង្គ​ទទួលស្គាល់​ថា​ ពេលនេះ​វត្តអារាម​ខ្លះ​ ​កំពុង​ជួប​បញ្ហា​ខ្វះខាត​ស្បៀងអាហារ​។​ ​ទោះ​យ៉ាងណា​ ​ព្រះអង្គ​ថា​ ​ស្ថាប័ន​សង្ឃ​មិនទាន់​មាន​គោលការណ៍​ក្នុង​ការ​ជួយសង្គ្រោះ​វត្ត​ដែល​ជួប​បញ្ហា​នេះ​នៅឡើយ​ទេ​ ​ប៉ុន្តែ​ព្រះអង្គ​បាន​ណែនាំ​ទៅ​មេគណ​តាម​វត្ត​ឱ្យ​ចេះ​ជួយ​ចែករំលែក​គ្នា​ត្បិត​ពេលនេះ​ព្រះសង្ឃ​មិន​អា​ចចេញ​បិណ្ឌបាត​បានទេ​៖ «ឱ្យ​ជួយគ្នា​ពេល​ហ្នឹង​ឱ្យ​ពុទ្ធបរិស័ទ​ ​ព្រះ​ចៅអធិការ​គ្រប់​វត្ត​ហ្នឹង​យក​ព្រះទ័យ​ទុកដាក់​ដើម្បី​លៃ​យ៉ាង​ម៉ិ​ច​ខិតខំ​ដោះស្រាយ​ចង្ហាន់​ព្រះសង្ឃ​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន​»។

​បច្ចុប្បន្ន​ ​មាន​វត្ត​ទូទាំង​ប្រទេស​ជាង​ ៥ ​ពាន់​វត្ត​ ​និង​មាន​ព្រះសង្ឃ​ជាង​ ៦ ​ម៉ឺន​អង្គ​។​ ​តាម​ទំនៀមទំលាប់​ខ្មែរ​ព្រះសង្ឃ​តែង​ពឹង​លើ​ចង្ហាន់​ពុទ្ធបរិស័ទ​ប្រគេន​ ​ប៉ុន្តែ​ចាប់តាំង​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១​៩​ ​កាលពី​ថ្ងៃ​ទី​២​០​ ​ខែកុម្ភៈ​ ​កន្លងទៅ​ ​ព្រះសង្ឃ​ភាគច្រើន​ ​ទូទាំង​ប្រទេស​ ​មិន​អា​ចចេញ​បិណ្ឌបាត​បានទេ​។​ ​ចំណែក​ពលរដ្ឋ​ក៏​ពិបាក​នឹង​ទៅ​វត្ត​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ដែរ​។​

ព្រះមេ​គណ​រាជធានី​ភ្នំពេញ​ ​ព្រះ​តេជគុណ​ ​ឃឹម​ ​សន​ ​ស្នើ​ទៅ​ព្រះសង្ឃ​តាម​បណ្ដា​វត្ត​ដែល​មាន​ដី​ទំនេរ​អាច​ដាំចុះ​បន្លែ​ដើម្បី​គ្រាន់​ដោះស្រាយបញ្ហា​នៅ​ពេលនេះ​។​
​ចំណែក​ព្រះសង្ឃ​តាម​វត្តអារាម​នានា​ចង់​ឃើញ​រដ្ឋាភិបាល​ផ្អាក​បង់លុយ​ថ្លៃ​ទឹក​ ​និង​ថ្លៃ​ភ្លើង​ពី​វត្ត​សិន​ដូចដែល​រដ្ឋាភិបាល​បាន​អនុគ្រោះ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វី​ដ​១​៩​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល