លោក យន្ត​ មីន​ ត្រូវ​បញ្ចប់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ ក្នុង​រឿង​អគារ​បាក់​រលំ​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់

ដោយ វ៉ែន សុមេធ
2019-06-24
Share
យន្ត មីន ហ៊ុន សែន គួច ចំរើន លោក យន្ត មីន (ឆ្វេង) ត្រូវ​បញ្ចប់​តំណែង​ពី​អភិបាល​ខេត្ត​ព្រះសីហនុ ហើយ​លោក គួច ចំរើន (ស្ដាំ) នឹង​ត្រូវ​ចូល​កាន់​តំណែង​នេះ​ជំនួស។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន លោក គួច ចំរើន និង​រដ្ឋបាល​សាលាខេត្ត​ព្រះសីហនុ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ សម្រេច​ឱ្យ​លោក យន្ត មីន ចេញ​ពី​តំណែង​អភិបាល​ខេត្ត​ព្រះសីហនុ ក្រោយ​ពី​លោក​សុំ​លា​លែង និង​ទទួល​ស្គាល់​កំហុស​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​នាក់ នៅ​ក្នុង​ហេតុការណ៍​បាក់​រលំ​​សំណង់​អគារ​ចិន​មួយ​កន្លែង ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ។ សង្គម​ស៊ីវិល ​និង​អ្នក​ច្បាប់​សាទរ​ចំណាត់​ការ​នេះ ប៉ុន្តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល បើក​ការ​ស៊ើប​អង្កេត​ស៊ើប​មួយ​ដោយ​ឯករាជ និង​ជឿ​ជាក់​បាន ដើម្បី​ស្វែង​ឲ្យ​ឃើញ​មូល​ហេតុ​ពិត​ប្រាកដ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន​ជាង​៤០​ឆ្នាំ​មក​នេះ នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​មាន​មន្ត្រី​ជាន់​ខ្ពស់​ហ៊ាន​លា​លែង​ចេញ​ពី​តំណែង​ក្រោយ​មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន។

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន សម្រេច​សុំ​លា​ឈប់​ពី​តំណែង ក្រោយ​ពី​មាន​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​ប្រាំពីរ​ជាន់​ ដែល​បណ្ដាល​ឲ្យ​កម្មករ​សំណង​ ២៨នាក់ ស្លាប់ និង​រង​របួស ២៦នាក់ ។

លោក យន្ត មីន បាន​បង្ហោះ​សារ​ក្នុង​ទំព័រ​ហ្វេសប៊ុក​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង និង​សុំ​ការ​អភ័យ​ទោស​ពី​ក្រុម​គ្រួសារ​នៃ​ជន​រង​គ្រោះ​ទាំង​អស់។ លោក យន្ត​ មីន​ ថា ហេតុការណ៍​រលំ​អគារ​នេះ ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក ហើយ​លោក​ក៏​ស្នើសុំ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន លា​ចេញ​ពី​តំណែង​ដែរ។

ក្រោយ​ពី​មាន​ការ​ស្នើ​សុំ​នេះ លោក ហ៊ុន សែន ប្រកាស​នៅ​លើ​ហ្វេសប៊ុក​ថា លោក​យល់​ព្រម​បញ្ចប់​តំណែង​លោក​ យន្ត មីន ចេញ​ពី​តួនាទី​អភិបាល​ខេត្ត​ព្រះសីហនុ។ លោក ហ៊ុន សែន​ និង​លោក ស ខេង សម្រេច​រួម​គ្នា ​ជ្រើស​រើស​យក​អភិបាល​ខេត្ត​កំពង់​ចាម លោក គួច ចំរើន ទៅ​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ព្រះសីហនុ​វិញ បន្ទាប់​ពី​លោក យន្ត មីន បញ្ចប់​ការ​ដឹកនាំ​កម្លាំង​រុករក​មនុស្ស​នៅ​ក្នុង​គំនរ​អគារ​បាក់​រលំ រួច​រាល់​ជា​មុន​សិន។

ជុំវិញ​រឿង​សោកនាដកម្ម​រលំ​បាក់​អគារ​នេះ ក៏​មាន​មតិ​ប្រតិកម្ម​ជាច្រើន​ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ទាមទារ​ឲ្យ​លោក យន្ត មីន ចុះ​ចេញ​ពី​តំណែង​អ្នក​អភិបាល​ខេត្ត​ដែរ។

ចំណែក​អ្នក​ច្បាប់ និង​អង្គការ​សង្គម​ស៊ីវិល ទាមទារ​រដ្ឋាភិបាល​ឱ្យ​ស៊ើប​អង្កេត​ដោយ​ឯករាជ​មួយ ដែល​អាច​ជឿ​ទុក​ចិត្ត​បាន ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​ពិត​ប្រាកដ និង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

មេធាវី​នៃ​ក្រុម​អ្នក​ច្បាប់​សិលា លោក ជូង ជូងី ​ថា​ ការ​សម្រេច​លាឈប់​ពី​តំណែង​នេះ អាច​បង្ហាញ​ថា លោក យន្ត មីន មាន​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ក្នុង​តួនាទី​របស់​ខ្លួន ​ជា​អភិបាល​ខេត្ត​ព្រះសីហនុ។ ប៉ុន្តែ​លោក​ថា ​សោកនាដកម្ម​បាន​កើត​ឡើង​រួច​ទៅ​ហើយ។ លោក ជូង ជូងី យល់​ថា រឿង​ហេតុ​នេះ គឺ​មក​ពី​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ពិត​ប្រាកដ​ ប្រសិន​បើ​អាជ្ញាធរ​រក​ឲ្យ​ឃើញ​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​សាង​សង់​អគារ និង​អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​សាងសង់​តាំង​ដើម​ដំបូង នោះ​ហេតុការណ៍​បាក់​រលំ​អគារ ក៏​មិន​កើត​ឡើង​មាន​ដែរ៖ «ដោយ​សារ​តែ​គ្មាន​អ្នក​ទទួល​ខុស​ទាំង​អ្នក​បច្ចេកទេស​របស់​ក្រុមហ៊ុន និង​ខាង​រដ្ឋ ពាក់ព័ន្ធ​នឹង​សំណង់ និង​គ្មាន​ការ​ទទួល​ខុស​ត្រូវ​បច្ចេកទេស​ពី​អ្នក​នយោបាយ​ ដែល​មាន​អំណាច​លើ​អ្នក​បច្ចេកទេស​ហ្នឹង ទើប​បណ្ដាល​ឲ្យ​សោកនាដកម្ម​ហ្នឹង​កើត​ឡើង។ អ៊ីចឹង! ការ​លា​លែង​តំណែង​របស់​អភិបាល​ខេត្ត​អត់​បាន​ស្ដារ​នូវ​ស្ថានការណ៍​ហ្នឹង​ឡើង​ទេ គឺ​វា​បាន​កើតឡើង​រួច​ទៅ​ហើយ។ ប្រសិន​ការ​លាលែង​តំណែង​របស់​គាត់​ហ្នឹង ស្ដារ​ស្ថានការណ៍​ហ្នឹង​បាន នោះ​គឺ​រួច​អ្វីៗ ទាំង​អស់»

លោក ជូង ជូងី លើក​ឡើង​ថា ស្ថាប័ន​អយ្យការ​ គឺ​ដើរ​តួនាទី​សំខាន់​ក្នុង​រឿង​នេះ ដើម្បី​រក​ឲ្យ​ឃើញ​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ​រលំ​បាក់​អគារ​នេះ ហើយ​ជន​ណា​ខ្លះ ដែល​ពាក់​ព័ន្ធ​នឹង​រឿង​នេះ៖ «សោកនាដកម្ម​កើត​ឡើង​រួច​ទៅ​ហើយ មាន​មនុស្ស​ស្លាប់​ច្រើន ដូច្នេះ​ផ្លូវ​ច្បាប់​អត់​បាន​រួចផុត​ពី​ការ​ទទួល​ខុស​ត្រូវ​ទេ ត្រូវ​មាន​ការ​ស៊ើប​អង្កេត​ពី​សមត្ថកិច្ច។ ជាពិសេស​ព្រះ​រាជអាជ្ញា ត្រូវ​ដើរ​តួ​ជា​តំណាង​រដ្ឋ អនុវត្ត​អំណាច​អាជ្ញា ត្រូវ​ស៊ើប​អង្កេត​ថា តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ដែល​បណ្ដាល​ឲ្យ​បាក់​រលំ​អគារ​ស្លាប់​មនុស្ស​បែប​នេះ។ អ៊ីចឹង! ត្រូវ​យក​អ្នក​នោះ​មក​ទទួល​ទោស​ចំពោះ​មុខ​ច្បាប់។ ហើយ​ចំណែក​ ប្រជា​ពលរដ្ឋ​ដែល​គាត់​រង​គ្រោះ មាន​សិទ្ធិ​ទាមទារ​សំណង​ទៅ​តាម​ទឹក​ចិត្ត​របស់​គាត់​ ដែល​គាត់​យល់​ឃើញ​ថា​ បាត់បង់​សាច់ញាតិ​គាត់ ឬ​សាច់ញាតិ​គាត់​គ្រោះថ្នាក់ គាត់​ត្រូវ​ទទួល​សំណង​ប៉ុន្មាន។ អ៊ីចឹង! អ្នក​ទទួល​ខុស​ត្រូវ​ហ្នឹង ត្រូវ​ទទួល​ខុស​ព្រហ្មទណ្ឌ​ផង និង​ទទួល​ខុស​ត្រូវ​សំណង​ដល់​សាច់ញាតិ​អ្នក​ស្លាប់​ហ្នឹង​ផង»

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា​ការ​លា​លែង​ចេញ​ពី​តំណែង​របស់​លោក យន្ត មីន នៅ​ពេល​នេះ គឺ​ជា​គំរូ​ល្អ​ដល់​មន្ត្រី​ដទៃ​ទៀត​ ក្នុង​ជួរ​រដ្ឋាភិបាល​ ឲ្យ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​កិច្ចការ​របស់​ខ្លួន។ ក្រៅ​ពី​នេះ លោក អំ សំអាត នៅ​តែ​ស្នើ​ដល់​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត និង​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ការ​ពិត​នៅ​ពី​ក្រោយ​ការ​បាក់​រលំ​អគារ​នេះ ដោយសារ​មើល​ឃើញ​មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន។ លោក អំ អាត​ លើក​ឡើង​ជា​សំណួរ​ថា តើ​មាន​​មូលហេតុ​អ្វី​ដែល​បណ្ដោយ​ឲ្យ​​អគារ​នេះ អាច​សាងសង់​បាន​រហូត​ដល់​ទៅ​៧​ជាន់៖ «មាន​ភាព​មិន​ប្រក្រតី​នៅ​ពី​ក្រោយ ​បាន​ជា​អគារ​ហ្នឹង ចេះ​តែ​សង់​បន្ត រហូត​ដល់​មាន​គ្រោះ​ថ្នាក់ ដែល​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​កម្មករ​ដែល​គាត់​អត់​បាន​ដឹង​អី​សោះ​ទៅ​ធ្វើ​ការ។​ ចំណុច​ទាំង​អស់​នេះ​ហើយ​ ដែល​យើង​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ថា​ អ្វី​ដែលនៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​សង់​អគារ​នេះ មូលហេតុ​នៃ​ការ​សង់​អគារ​នេះ ហើយ​អ្នក​ណា​ដែល​ពាក់ព័ន្ធ​ខ្លះ។ បើ​រក​ទៅ​មាន​អំពើ​ពុករលួយ មាន​ខ្នង​បង្អែក ឬ​ក៏​មាន​អ្នក​ទទួល​ផល​ប្រយោជន៍​ពី​ការ​សង់​អគារ​នេះ នឹង​ត្រូវ​អនុវត្ត​ទៅ​តាម​ក្រម​ព្រហ្មទណ្ឌ»

កាល​ពី​ព្រឹក​ម៉ោង៤ទៀបភ្លឺ ​ថ្ងៃ​ទី២២ មិថុនា មាន​ហេតុការណ៍​បាក់​រលំ​សំណង់​អាគារ​ចិន​មួយ​កន្លែង​ក្នុង​ក្រុង​ព្រះសីហនុ​។ ករណី​បាក់​រលំ​អាគារ​នេះ ​ក្រុម​អ្នក​ជួយសង្គ្រោះ​រក​ឃើញ​សាកសព​ខ្លះ​ បាន​ដេក​ស្លាប់​ក្នុង​មុង​ក្រោម​ផ្ទាំង​បេតុង​អគារ​បាក់​សង្កត់​លើ។

អាជ្ញាធរ​ក្រុង​ភ្នំពេញ​សន្យា​ថា នឹង​រក​ឱ្យ​ឃើញ​នូវ​មូលហេតុ​ពិតប្រាកដ នៃ​ការ​បាក់​រលំ​អាគារ​កម្ពស់​៧​ជាន់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​កើន​ឡើង​ដល់ ២៨នាក់ រង​របួស ២៦នាក់ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​ថ្ងៃ​ទី២៤ មិថុនា។

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​ជាបន្ទាន់​មួយ​ នៅ​ចំ​ថ្ងៃ​កើត​ហេតុការណ៍​ បង្គាប់​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រមូល​ផ្ដុំ​កម្លាំង និង​រក​មធ្យោបាយ ​ដើម្បី​ពន្លឿន​ប្រតិបត្តិ​ការ​ស្វែង​រក និង​ជួយសង្គ្រោះ​អ្នក​ដែល​បាន​បាត់​ខ្លួន។ លោក ស ខេង ​បញ្ជាក់​នៅ​ក្នុង​លិខិត​ដដែល​នោះ​ថា ក្រសួង​មហាផ្ទៃ​នឹង​ចាត់វិធានការ​ចំពោះ​មុខ ជំរុញ​ការស្រាវជ្រាវ និង​ស្វែងរក​ឱ្យ​ឃើញ​នូវ​ដើមហេតុ ដែល​នាំ​ឱ្យ​កើតមាន​សោកនាដកម្ម ព្រមទាំង​ចាត់​វិធានការ​លើ​បុគ្គល​ពាក់ព័ន្ធ ដើម្បី​ឱ្យ​មក​ទទួល​ខុស​ត្រូវ​តាម​ច្បាប់។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ព្រលប់​ថ្ងៃ​ទី២៤ មិថុនា​ថា លោក ញឹម វណ្ណដា ត្រូវ​ដក​ពី​តំណែង​ដោយសារ​តែ​ភាព​យឺតយ៉ាវ​នៅ​ក្នុង​ការ​បញ្ជូន​ក្រុម​ជួយ​សង្គ្រោះ​ទៅ​កាន់​ទីតាំង ដែល​មាន​ការ​រលំ​បាក់​អគារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។ លោក ហ៊ុន សែន បញ្ជាក់​ដែរ​ថា លោក គន់ គីម នឹង​ត្រូវ​តែងតាំង​ជា​អនុប្រធាន​ទី១ ជំនួស​លោក ញឹម វ៉ាន់ដា។

លោក ហ៊ុន សែន បញ្ជាក់​ថា ការ​កាយ​អគារ​បាក់​បែក​ស្វែង​រក​អ្នក​រង​គ្រោះ​នេះ ត្រូវ​បាន​បិទ​បញ្ចប់​នៅ​ត្រឹម​រាត្រី​ថ្ងៃ​ទី២៤ មិថុនា ក៏​ប៉ុន្តែ​លោក​អះអាង​ថា ការ​ស៊ើប​អង្កេត​ទៅ​លើ​ការ​សាងសង់​សំណង់​នេះ គឺ​មិន​បញ្ចប់​ឡើយ ដើម្បី​ស្វែង​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បាក់​អគារ​នេះ​បន្ថែម​ទៀត។

លោក ហ៊ុន សែន បាន​ឆ្លើយ​តប​ទៅ​អ្នក​សារព័ត៌មាន​ដែល​ចោទ​សួរ​ថា ជន​ជាតិ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​កម្ពុជា តើ​លោក​នឹង​ដោះ​ស្រាយ​បែប​ណា? លោក ហ៊ុន សែន ឆ្លើយ​ថា សារ​បែប​នេះ ជា​សារ​របស់​ក្រុម​ប្រឆាំង​តែ​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ លោក​នៅ​តែ​សរសើរ​វិនិយោគិន​ចិន​ដដែល ដោយ​អះអាង​ថា ចិន​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា៖ «»

លោក ហ៊ុន សែន បន្ថែម​ថា ចិន​មក​វិនិយោគ​នៅ​កម្ពុជា​នេះ ថែម​ទាំង​មាន​កំណើន​ភ្ញៀវ​ទេសចរ​ចិន ដែល​ជួយ​សម្រួល​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល