មនុស្ស​ស្លាប់​កើន​ដល់ ១៨នាក់ របួស ២៤នាក់​ករណី​រលំ​​អាគារ​សំណង់គ្មាន​ច្បាប់​អនុញ្ញាត​របស់​ចិន

0:00 / 0:00

កម្មករសំណង់​ដែល​ស្លាប់ កើន​ដល់ ១៨នាក់ ក្នុង​នោះ​មាន​ស្រី ៤នាក់ និង​អ្នក​របួស​ធ្ងន់​ និង​ស្រាល ២៤នាក់ មាន​ស្រី ២នាក់ ក្នងករណីរលំបាក់អាគារកម្ពស់ ៧ជាន់ ស្ថិត​នៅ​ក្នុង​ក្រុង​ព្រះសីហនុ។ អាជ្ញាធរ​អះអាងថា អាគាររលំបាក់នេះ គឺ​ជា​របស់​ជន​​ជាតិ​​ចិន ដែល​​កំពុង​​សាងសង់​​ទាំង​​គ្មាន​​ច្បាប់​​អនុញ្ញាត។ សង្គមស៊ីវិល​យល់ថា អាជ្ញាធរក្នុងខេត្ត​ព្រះសីហនុ និងម្ចាស់អាគារ គួរតែទទួលខុសត្រូវ​ចំពោះមុខច្បាប់​ក្នុង​ករណីនេះ។

អាជ្ញាធរ​​អះអាង​ថា អ្នក​ស្លាប់ និង​អ្នក​របួស​គឺ​ជា​កម្មករ​សំណង់ ដែល​ស្នាក់​នៅ​ក្នុង​ការដ្ឋាន​នោះ។ សាកសព និង​​អ្នក​រង​​របួស​​ត្រូវ​​បាន​​អាជ្ញាធរ​​ទាញ​​យក​​ចេញ​​ពី​​គំនរ​​សំណង់​​បាក់​បែក​​​នោះ ជា​​បន្ត​បន្ទាប់​​​​តាំង​​​ពី​​​ព្រឹក​​ព្រលឹម​​រហូត​​ដល់​​ល្ងាច។ ប្រតិបត្តិការ​កំពុង​បន្ត ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​បន្ថែម​ទៀត ដែលគេសង្ស័យថា កំពុង​ជាប់​នៅ​ក្នុង​គំនរ​អគារ​បែក​បាក់​នោះ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ ឲ្យដឹងថា ករណីរលំបាក់អាគារនេះ គឺកើតឡើងនៅម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា បណ្តាលឲ្យសង្កត់លើកម្មករសំណង់ ដែល​កំពុង​ដេកសម្រាក​នៅក្នុងអាគារនោះ។ អាគារនេះ មានទំហំទទឹង ១៥ម៉ែត្រ និងបណ្តោយ ៣០ម៉ែត្រ និង កំពុងដំណើការសាងសងទើបបានប្រមាណ ៧០ ទៅ ៨០ភាគ​រយ។

អាស៊ីសេរី មិនអាចសុំការឆ្លើយតបពីអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បាន​ទេ​ដោយ​ទូរស័ព្ទ​មិន​អាច​ទាក់ទង។

អាជ្ញាធរខេត្តព្រះសីហនុ និងក្រសួងរៀបចំដែនដី បានអះអាងប្រាប់អ្នកកាសែតក្នុងស្រុកដូចគ្នាថា មូលហេតុ​នៃ​ការបាក់​រលំ​អាគារ​កម្ពស់៧ជាន់​នេះ គឺ​ដោយសារតែ​សាងសង់​ខុស​បច្ចេកទេស ហើយ​​ការសាងសង់នេះ ពុំមាន​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​នោះទេ។ ក្រសួង​រៀបចំ​ដែនដី​ បញ្ជាក់ថា អាជ្ញាធរ ជំនាញបានហាមឃាត់មិនឱ្យសាងសង់ចំនួន ២ដងរួចហើយដែរ ប៉ុន្តែ​ម្ចាស់​​សំណង់​​ជា​ជន​​ជាតិ​​ចិន​មិន​ចូលរួម​សហការ។ អាគារនេះជាប្រភេទសំណង់ធ្វើពីឆ្អឹងដែកសង់បានកម្ពស់ ៧ជាន់។

អាស៊ីសេរីបានព្យាយាមទូរស័ព្ទទៅអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត ជាច្រើនលើក ប៉ុន្តែពុំមានអ្នកទទួល។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខេត្តព្រះសីហនុ បញ្ជាក់​ថា ម្ចាស់​សំណង់​ជា​ជនជាតិ​ចិន​នឹង​អ្នក​ពាក់ព័ន្ធ​បី​នាក់​ផ្សេង​ទៀត ត្រូវ​អាជ្ញាធរ​ឃាត់ខ្លួនបញ្ជួនទៅសាកសួរនៅស្នងការដ្ឋាន​នគរបាល ដើម្បី​ចាត់​ការ​ផ្លូវ​តាម​ច្បាប់។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ (BWTUC) លោក យ៉ាន់ ធី បាន សម្តែង​ក្តី​តក់​ស្លុត ចំពោះ​ហេតុការណ៍​បាក់​អាគារ​បណ្តាល​ឲ្យ​កម្មករ​សំណង់​ស្លាប់ និង​របួសជា ច្រើន​នាក់​នេះ។ លោក​លើក​ឡើង​ថា ហេតុការណ៍​គ្រោះថ្នាក់​បែប​នេះ មិនមែន​ជា​លើក​ទី​មួយ នោះ​ទេ ហើយ​កម្មករ​សំណង់​តែងតែ​រង​គ្រោះ​ជា​ញឹកញាប់ ដែល​បណ្តាល​ឲ្យ​រង​របួស ពិការ និង​រហូត​បាត់បង់​ជីវិត​ជា​ច្រើន​ផង​ដែរ។ លោក​យល់​ថា អាជ្ញាធរ​ជំនាញ ដែល​បណ្តោយ​ឲ្យ​មាន​ការ សាងសង់​សំណង់​អាគារ​ខុស​ច្បាប់ និង​ខុស​បច្ចេកទេស​នេះ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដូច​គ្នា​នឹង​ម្ចាស់​សំណង់ និង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់​ដែរ។

សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ ក៏អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជួយ​សម្រួល​ឲ្យ​ជន​រង​គ្រោះ ទទួល​បាន​សេវា​ពី​បេឡា​ជាតិ​​របប​​សន្តិសុខ​​សង្គម (ប.ស.ស) និង​​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពង្រឹង​វិធានការ​​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព។

ចំណែក​ក្រសួង​ការងារ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ចូលរួម​រំលែក​ទុក្ខ និង​ប្រកាស​ថា​ជន​រង គ្រោះ​ទាំង​អស់ នឹង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​បំផុត​ពីរបេឡាជាតិរបបសន្តិសុខសង្គម។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា កម្មករ​សំណង់​រង​គ្រោះ​ទាំង​នោះ គឺ​ជា​ពលរដ្ឋ​ក្រីក្រ​ចំណាក​ស្រុក​មក​ពី​ខេត្ត​ផ្សេងៗ ដើម្បី​​ធ្វើ​ការ​​សំណង់ ក្នុង​ខេត្ត​ព្រះសីហនុ​ដោយ​ពួក​គាត់​មិន​បាន​ដឹង​​ថា ការដ្ឋាន​សំណង់​នោះ​មាន​ច្បាប់ ឬ​គ្មាន​អនុញ្ញាត​នោះ​ទេ។ អ្នកស្រី​បន្តថា គ្រោះថ្នាក់​ការងារ​នេះ គឺ​​នឹង​​កាន់​​តែ​​ធ្វើ​​ឲ្យ​​ប្រជា​ពលរដ្ឋ​​ធ្លាក់​ខ្លួន​​ក្រីក្រ​​បន្ថែម​ទៀត។ អ្នកស្រី​សម្តែង​ការ​សោក​ស្តាយ​ដែល​អាជ្ញាធរ​ឆ្លើយ​តប​ថា គ្មាន​សមត្ថភាព​បញ្ឈប់​ជន​បរទេស មិន​ឲ្យ​សាងសង់​សំណង់​ដែល​ខុស​ច្បាប់ និង​ខុស​បច្ចេកទេស​បណ្តាល​ឲ្យ​ពលរដ្ឋ​​​របស់​ខ្លួន​ជា​ច្រើន​នាក់​ស្លាប់ និង​រង​របួស។

អ្នកស្រី​បន្ថែម​ថា នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មិន​មែន​មាន​តែ​អាគារ​ដែល​ដួល​រលំ​នេះ​មួយ​ដែល​សាងសង់​​ឡើង​​ដោយ​​គ្មាន​​ច្បាប់​​អនុញ្ញាត​​នោះ គឺ​មាន​សំណង់​អាគារ​ផ្ទះ​ល្វែង​ជា​ច្រើន​ទៀត កំពុង​សាងសង់​​ទាំង​​ខុស​បច្ចេកទេស និង​​​គ្មាន​​ច្បាប់​​អនុញ្ញាត​​ដែរ។ អ្នកស្រីបន្តថា កន្លងមក អាជ្ញាធរ ក៏ទទួលរងការ រិះគន់ខ្លាំងៗ ចំពោះការបណ្តែតបណ្តោយ​​ឲ្យ​​ជន​​ជាតិ​​ចិន​​សាងសង់​​អាគារ​អនាធិបតេយ្យ​​​​បែប​​​​នេះ ប៉ុន្តែអាជ្ញាធរនៅតែគ្មានវិធានការច្បាប់តឹងរ៉ឹងឡើយ ដែល​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។

អ្នកស្រី ជៀប សុធារី បញ្ជាក់ថា កម្មសំណង់ខ្មែរដែលស្នាក់នៅក្នុងការដ្ឋាន​សំណង់​នោះ​មាន​ជាង ៣០នាក់ ខណៈ​មក​ដល់​ល្ងាច​នេះ អាជ្ញាធរ​បាន​រក​ឃើញ​មនុស្ស​ចំនួន ៣០នាក់​ហើយ។

ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បាននាំគ្នាសម្តែងការហួស​ចិត្ត និង​បញ្ចេញ​ប្រតិកម្ម​ជា បន្តបន្ទាប់ចំពោះអាជ្ញាធរ ដែល​បណ្តោយ​ឲ្យ​សំណង​កម្ពស់​ដល់​ទៅ ៧ជាន់ អាច​សាងសង់ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ហើយ​មិន​ហ៊ាន​ចាត់​វិធានការ​ច្បាប់។ ពួក​គេ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ រួម​មាន​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី លោក ចេង ស្រុង លា​​លែង​​ពី​តំណែង ដើម្បី​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ ដោយសារ​តែ​អសមត្ថភាព​ក្នុង​ការ​អនុវត្ត​​ច្បាប់ និង​​បំពេញ​តួនាទី​មិន​បាន​ត្រឹមត្រូវ។

រដ្ឋបាលខេត្ពព្រះសីហនុ ឲ្យដឹងថា អាជ្ញាធរ និងក្រុមគ្រូពេទ្យជំនាញៗ កំពុង​បន្ត​យក​ចិត្ត​ទុក​ដាក់​ជួយ​សង្គ្រោះ​អ្នក​រង​របួស។ ចំពោះ​ជន​រង​គ្រោះ​ដែល​បាត់បង់​ជីវិត រដ្ឋបាល​ខេត្ត​បាន​រៀបចំ​ជា​ក្តារ មឈូស និង​ថវិកា ២លាន​រៀល ជូន​គ្រួសារ​សព​នីមួយៗ ហើយ​អាជ្ញាធរ​កំពុង​ទំនាក់ទំនង​គ្រួសារ​សព ដើម្បី​ដឹក​សព​ទៅ​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី២៣ មិថុនា បញ្ជាក់​ថា ក្នុង​ករណី​ដែលសង្ស័យ​ថាមាន​សាច់​ញាតិ ឬ​មិត្តភក្ដិ បាត់​ក្នុង​ការ​បាក់​អគារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​នោះ អាច​ទាក់ទង​សួរ​បាន​​ តាម​​ទូរស័ព្ទ​លេខ 016 526 520 ឬ 016 321 010៕

អ្នក​របួស​ដែល​ត្រូវ​បាន​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។