សំណង់​អគារ​កំពុង​លេច​រូបរាង​នៅ​តំបន់ឆ្នេរ​ដែល​អាជ្ញាធរ​ក្រុងកែប​ចាក់​ដី​លុប

សកម្មជន​ការពារ​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល ទាមទារ​ដល់​អាជ្ញាធរ​ខេត្ត​កែប​បកស្រាយ​ចំពោះ​សំណង់​អគារ​មួយចំនួន​ដែល​កំពុង​លេច​រូបរាង​ជា​បន្តបន្ទាប់​នៅ​តំបន់ឆ្នេរ​ផ្សារ​ក្ដាម​ដែល​អាជ្ញាធរ​ក្រុងកែប​ចាក់​ដី​លុប​កន្លង​ទៅ​ដោយ​អះអាង​ថា សម្រាប់​រៀបចំ​សួនច្បារ​បម្រើ​ប្រយោជន៍​សាធារណៈ​។ អាជ្ញាធរ​ខេត្ត​កែប​អះអាង​ថា សំណង់​អគារ​ដែល​គេ​កំពុង​សាងសង់​នៅ​ឆ្នេរ​ផ្សារ​ក្ដាម​គឺជា​ភោជនីយដ្ឋាន​ដើម្បី​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរ។

នៅ​មុន​ពេល​ចាក់​ដី​លុប​បំពេញ​ឆ្នេរ​នៅ​តំបន់​ផ្សារ​ក្ដាម ស្ថិតនៅ​កណ្ដាល​ទីក្រុង​កែប អាជ្ញាធរ​ខេត្ត​នេះ​បាន​ប្រកាស​ថា គឺ​ដើម្បី​អភិវឌ្ឍ​រៀបចំ​សួនច្បារ​សម្រាប់​ប្រយោជន៍​សាធារណៈ ដោយ​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​ណាមួយ​សាងសង់​សំណង់​អគារ​ឡើយ​។ ប៉ុន្តែ បច្ចុប្បន្ន​នៅ​តំបន់ឆ្នេរ​ផ្សារ​ក្ដាម​ដែល​អាជ្ញាធរ​បាន​ចាក់​ដី​លុប​នោះ ត្រូវ​បាន​គេ​សាងសង់​អគារ​ជា​បន្តបន្ទាប់ និង​គ្មាន​ការរៀបចំ​សួនច្បារ​ដូច​ការប្រកាស​របស់​អាជ្ញាធរ​ខេត្ត​កែប​ឡើយ។

ក្រុម​សកម្មជន​ការពារ​បរិស្ថាន​រិះគន់​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​កែប​ថា ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ជាមួយ​អ្នក​មាន​អំណាច​រំលោភ​ដី​ឆ្នេរ ដើម្បី​កសាង​សំណង់​អគារ​សម្រាប់​តែ​ប្រយោជន៍​បុគ្គល​អ្នកមាន​លុយ​មាន​អំណាច​តែប៉ុណ្ណោះ។

សកម្មជន​មាតា​ធម្មជាតិ លោក លី ច័ន្ទដារ៉ាវុធ ចាត់ទុក​ទង្វើ​អាជ្ញាធរ​ខេត្ត​កែប​ដែល​បាន​ចាក់​ដី​បំពាន​ឆ្នេរកែប​ក្រោម​ស្លាក​អភិវឌ្ឍ​នេះ​ថា គ្មាន​តម្លាភាព និង​បំភ័ន្ត​ភ្នែក​ប្រជាពលរដ្ឋ ព្រោះ​លោក​ថា ការ​ចាក់​ដី​លុប​បំពេញ​ឆ្នេរ​នៅ​តំបន់​ផ្សារ​ក្ដាម​សម្រាប់​តែ​ផលប្រយោជន៍​ក្រុម​អ្នក​មាន​អំណាច ដើម្បី​សំណង់​អគារ​អាជីវកម្ម​របស់​ពួកគេ​តែប៉ុណ្ណោះ។

លោក លី ច័ន្ទដារ៉ាវុធ ជំរុញ​ដល់​អាជ្ញាធរ និង​រដ្ឋាភិបាល​ឯកបក្ស ផ្សព្វផ្សាយ​ព័ត៌មាន និង​ធានា​តម្លាភាព​អំពី​គម្រោង​អភិវឌ្ឍ​តំបន់ឆ្នេរ​ផ្សារ​ក្ដាម ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​ប្រជា​នេសាទ និង​អាជីវករ​មូលដ្ឋាន​ក្នុង​ការ​ទាញ​បាន​ផលប្រយោជន៍​ពី​ការ​អភិវឌ្ឍ​នេះ។

លោក លី ច័ន្ទដារ៉ាវុធ៖ «​តាមច្បាប់​មិន​តម្រូវ​ឱ្យ​បុគ្គល​ឯកជន​ណា មានកម្ម​សិទ្ធ​នៅ​លើ​ឆ្នេរសមុទ្រ​ទេ​។ អ្វី​គេ​ដែល​គេ​ធ្វើ​នេះ ខ្ញុំ​យល់ថា គឺ​វា​កំពុង​ផ្ទុយ​ពី​ច្បាប់​ហើយ​។ គម្រោង​នេះ​គឺជា​ការ​កុហក​បោកប្រាស់​ទាំងស្រុង​ហើយ​ការ​កុហក​បោកប្រាស់​នេះ​វា​អត់​មាន​ជួយ​អី​ទេ​។ វា​មានតែ​ធ្វើ​ឱ្យ​ពលរដ្ឋ​ចាប់ផ្ដើម​អស់ជំនឿ​ចិត្ត​រដ្ឋាភិបាល​ហើយក៏​ដូចជា​អ្នក​ដែល​ធ្វើការ​ទៅលើ​រឿង​បរិស្ថាន អ្នក​តាមដាន​សង្គម ដូចជា​ខ្ញុំ​ជាដើម​ហ្នឹង ក៏​កាន់តែ​លែង​ជឿជាក់​ទៅលើ​រដ្ឋាភិបាល​ក្នុង​គម្រោង​អភិវឌ្ឍ​នីមួយៗ​ដែរ​។ គឺជា​រឿង​ដដែលៗ​ដែរ​គាត់​តែងតែ​ពោល​ពាក្យ​កុហក​បោកប្រាស់​បែប​ហ្នឹង»។

គណៈកម្មាធិការ​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា កាលពី​ខែសីហា ឆ្នាំ​២០២១ សម្រេច​អភិវឌ្ឍ​ដោយ​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​ដែល​មាន​ទទឹង​ជាង ១​រយ (១៣០) ម៉ែត្រ​បណ្ដោយ​ជិត ៣​ពាន់​ម៉ែត្រ ពោល​គឺ​ស្មើនឹង​ជាង ៣៥​ម៉ឺន ១​ពាន់​ម៉ែត្រការ៉េ (៣៥,១.០០០) ឬ​ស្មើនឹង​ផ្ទៃដី​ទំហំ ៣៥​ហិកតារ (៣៥.១) ដើម្បី​ប្រែ​ក្លាយ​ជា​តំបន់​ដីគោក ដោយ​អះអាង​ថា នឹង​ចាក់​ដី​ខ្សាច់​ពង្រីក​តំបន់ឆ្នេរ​កម្សាន្ត ដាំ​ដើមឈើ រៀបចំ​សួនច្បារ​ជាដើម​។ ការ​ចាក់​ដី​បំពាន​ឆ្នេរ ក្រោម​រូបភាព​អភិវឌ្ឍ​នេះ ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន​រិះគន់​អាជ្ញាធរ​ថា អភិវឌ្ឍ​ខ្វះ​តម្លាភាព បំផ្លាញ​ភោគទ្រព្យ​ជាតិ​ធនធាន​ជីវៈ​ចម្រុះ ខណៈ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​មិនបាន​បង្ហាញ​អំពី​ការសិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន (EIA) នៅ​តំបន់ឆ្នេរ​ផ្សារ​ក្ដាម​នេះ​នៅឡើយ​ទេ។

ក្រោយពី​អាជ្ញាធរ​ខេត្ត​កែប​បានសម្រេច​ចាក់​ដី​បំពេញ​ឆ្នេរ​ផ្សារ​ក្ដាម​តាម​ការ​គ្រោង​ទុក​នោះ មក​ទល់​នឹង​ពេលនេះ​អាជ្ញាធរ​មិន​ចាក់​ដី​ខ្សាច់​ពង្រីក​តំបន់ឆ្នេរ​កម្សាន្ត និង​រៀបចំ​សួនច្បារ​តាម​ការប្រកាស​នោះ​ទេ​។ ផ្ទុយទៅវិញ​នៅ​តំបន់ឆ្នេរ​ដែល​គេ​ចាក់​ដី​លុប​នោះ បែរ​ជា​មាន​បង្គោល​កំណត់​ជា​ដី​ឡូតិ៍ និង​មានការ​សាងសង់​សំណង់​អគារ​ជាដើម។

អ្នកនាំពាក្យ​សាលាខេត្ត​កែប លោក វ៉ោ សុខា ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​ថា សំណង់​អគារ​ដែល​គេ​កំពុង​សាងសង់​នៅ​ឆ្នេរ​ផ្សារ​ក្ដាម គឺជា​ភោជនីយដ្ឋាន និង​កន្លែង​បម្រើ​សេវាកម្ម​ភ្ញៀវ​ទេសចរ​។ អ្នកនាំពាក្យ​រូប​នេះ​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ​ភ្លាមៗ​នៅពេល វិទ្យុ​អាស៊ីសេរី​សួរ​ដេញដោល​អំពី​ការសាងសង់​អគារ​នៅ​តំបន់ឆ្នេរ​ផ្សារ​ក្ដាម​នេះ។

លោក វ៉ោ សុខា៖ «អញ្ចេក​គម្រោង​នេះ​ពាក់ព័ន្ធ​គ្រប់គ្រង​ដោយ​ថ្នាក់​ជាតិ​ក្រសួង​ដែនដី​ប្លង់​អី​នៅ​ក្រសួង​ដែនដី។ សំណង់​វា​សួនច្បារ​ហ្នឹង​សម្រាប់​សាធារណៈ​ទូទៅ​ហើយ កន្លែង​ខ្លះ​ក៏​មាន​សំណង់​អ៊ីចឹង​។ [​ សំណង់​ ] វា​អាច​ជា​ភោជនីយដ្ឋាន មិន​អាច​ជា​សំណង់​អី​រឹងមាំ​ទេ​។ ភោជនីយដ្ឋាន​បម្រើ​វិស័យ​ទេសចរណ៍​មិន​អ៊ីចឹង​។ ភ្ញៀវ​ដើរ​កម្សាន្ត​ហូបចុក​ទៅ​រក​នៅ​ណា​ ? វា​ត្រូវ​កន្លែង​ខ្លះ​មាន​ហាង​អ៊ីចឹង​ហើយ»។

វិទ្យុ​អាស៊ីសេរី​ក៏បាន​ព្យាយាម​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ដែនដី លោក សេង ឡូត ដើម្បី​សុំ​អត្ថាធិប្បាយ​អំពី​រឿង​នេះ​ដែរ ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នកទទួល។

ការ​ចាក់​ដី​បំពាន​ឆ្នេរ ក្រោម​រូបភាព​អភិវឌ្ឍ​នេះ ប្រជាពលរដ្ឋ និង​សកម្មជន​បរិស្ថាន​រិះគន់​អាជ្ញាធរ​ថា អភិវឌ្ឍ​ខ្វះ​តម្លាភាព បំផ្លាញ​ភោគទ្រព្យ​ជាតិ​ធនធាន​ជីវៈ​ចម្រុះ ខណៈ​អាជ្ញាធរ និង​ក្រសួង​ពាក់ព័ន្ធ​មិនបាន​បង្ហាញ​អំពី​ការសិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន (EIA) នៅ​តំបន់ឆ្នេរ​ផ្សារ​ក្ដាម​នេះ​នៅឡើយ​ទេ​។​

អ្នកឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្តកំពត លោក ប៉ែន វុទ្ធា ខកចិត្ត​ចំពោះ​អាជ្ញាធរ​ខេត្ត​កែប​ដែល​គ្មាន​ច្បាស់លាស់​ក្នុង​ការ​អភិវឌ្ឍ​តំបន់ឆ្នេរ​ផ្សារ​ក្ដាម​ក្នុង​គោលដៅ​ដើម្បី​បម្រើ​ប្រយោជន៍​មហាជន​។ លោក​ឱ្យ​ដឹង​ថា បង្គោល​កំណត់​ជា​ដី​ឡូតិ៍​នៅ​តំបន់​ដែល​គេ​ចាក់​ដី​បំពេញ​នោះ អាច​ជា​កម្ម​សិទ្ធ​របស់​អ្នកមាន​លុយ​មានអំណាច។

លោក ប៉ែន វុទ្ធា៖ «ខណៈ​ពេល​ដែល​តំបន់​ដែរ​ពង្រីក​ឆ្នេរ​ត្រូវ​បាន​មើល​ឃើញ​ថា ប្រគល់​ឱ្យ​ក្រុមហ៊ុន​ឯកជន ឬក៏​អ្នកមាន​លុយ​មានអំណាច​មួយចំនួន​មួយ​ភាគ​ដែល​បោះបង្គោល ហើយ​ធ្វើការ​អភិវឌ្ឍ​នេះ​ដែល​វា​មិនមែន​បង្ហាញថា​ជា ឆ្នេរ​សម្រាប់​សាធារណជន​ទូទៅ​ទេ​។ កង្វះ​ព័ត៌មាន​នេះ វា​បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ប្រជាពលរដ្ឋ​គាត់​នឹង​ពិបាកធ្វើ​ការ​ជឿ​ទុកចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​រដ្ឋាភិបាល​ចំពោះ​ការ​អភិវឌ្ឍ​នានា ព្រោះ​មិនបាន​បង្ហាញ​ព័ត៌មាន​ជាក់លាក់​អំពី​ការ​អភិវឌ្ឍ​នេះ​ទៅដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ឱ្យ​បាន​ដឹង​ទេ»។

សកម្មជន​ការពារ​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល ព្រួយបារម្ភ​ថា តំបន់ឆ្នេរ​ផ្សារ​ក្ដាម​ទៅ​ថ្ងៃ​អនាគត​ទំនង​មិន​ខុសគ្នា​ពី​តំបន់ឆ្នេរ​មួយចំនួន​នៅ​ក្រុង​កំពង់សោម​ទេ ដោយសារតែ​ក្រុម​អ្នកមាន​លុយ​មានអំណាច​ឃុបឃិត​គ្នា​ជាមួយ​ក្រុមហ៊ុន​ឯកជន ច្បាម​យក​ដី​ឆ្នេរ ដើម្បី​បង្កើត​ជា​ទីក្រុង​រណប និង​អគារ​បន​ល្បែង​កាស៊ីណូ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។