លោក ប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ បានថ្លែងក្នុងពិធីសម្ពោធនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ថា ជំហានទី១នៃការសាកល្បងរថយន្តក្រុងពេលនេះ គឺចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤ ប៉ុន្តែលោកថា បើជំហានសាកល្បងនេះទទួលជោគជ័យ នឹងបន្តគម្រោងនេះឲ្យបានច្រើនថែមទៀតនៅថ្ងៃអនាគត។
តម្លៃសំបុត្ររថយន្តក្រុងជំហានសាកល្បងនេះ មានតម្លៃ ១.៥០០រៀលសម្រាប់មនុស្សម្នាក់។ រថយន្តក្រុងនេះធ្វើដំណើរវិលជុំតាមបណ្ដោយផ្លូវព្រះមុនីវង្ស ចាប់ពីរង្វង់មូលស្តាតចាស់ ឬគល់ស្ពានជ្រោយចង្វារ ឆ្ពោះទៅគល់ស្ពានព្រះមុនីវង្ស ផ្សារច្បារអំពៅ។
លោក ប៉ា សុជាតិវង្ស ស្នើដល់ប្រជាពលរដ្ឋក្នុងក្រុងឲ្យផ្លាស់ប្ដូរទម្លាប់ពីការប្រើប្រាស់យានយន្តផ្ទាល់ខ្លួនឲ្យងាកមកប្រើប្រាស់រថយន្តក្រុងជំនួសវិញនៅថ្ងៃអនាគត ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាកកស្ទះជាដើម៖ «ដោយយើងឃើញថា ប្រព័ន្ធផ្លូវនេះធំទូលាយបង្គួរ ជាផ្លូវដែលមានមនុស្សចរាចរណ៍កកកុញ។ មានអាគារសាធារណៈ និងអាគាររដ្ឋ ព្រមទាំងមានក្រុមហ៊ុនឯកជនជាច្រើន អាចធ្វើឲ្យអ្នកដែលត្រូវប្រើប្រាស់ផ្លូវនេះ ឬធ្វើដំណើរតាមផ្លូវនេះ ហើយនិងធ្វើការដែលមានស្នាក់ការនៅតាមផ្លូវនេះ ងាយស្រួលកាត់បន្ថយការធ្វើចរាចរណ៍ដោយរថយន្ត ឬមធ្យោបាយឯកជន មកប្រើប្រាស់រថយន្តមធ្យោបាយសាធារណៈនេះជំនួសវិញ»។
មន្ត្រីសាលារាជធានីបានបញ្ជាក់ថា រថយន្តក្រុងក្នុងជំហានសាកល្បងនេះ ចេញដំណើរពីម៉ោង ៥ និង ៣០នាទីព្រឹក ដល់ម៉ោង ៨ និង ៣០នាទីយប់។

ប្រជាពលរដ្ឋភាគច្រើនដែលបានធ្វើដំណើរឆ្លងកាត់តាមផ្លូវព្រះមុនីវង្ស នៅព្រឹកថ្ងៃពុធ ទី៥ ខែកុម្ភៈ និងបានឃើញពិធីសម្ពោធបានឲ្យដឹងថា ពួកគាត់មិនបានដឹងពីគម្រោងរបស់សាលារាជធានីដាក់ឲ្យដំណើរការរថយន្តក្រុងជំហានសាកល្បងនេះទេ ប៉ុន្តែពួកគាត់បានថ្លែងថា នឹងគាំទ្រគម្រោងនេះ ព្រោះមានតម្លៃទាប និងមានសុវត្ថិភាពជាងប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន។
លោក ប៉ា សុជាតិវង្ស បានស្នើដល់ថ្នាក់ដឹកនាំនៅតាមខណ្ឌចំនួន ៤ មានមូលដ្ឋានតាមបណ្ដោយផ្លូវព្រះមុនីវង្ស ឲ្យចូលរួមសហការក្នុងដំណើរការសាកល្បងរថយន្តក្រុងជំហានទី១ ឲ្យទទួលបានជោគជ័យ ជាពិសេសមិនអនុញ្ញាតឲ្យរថយន្តចតនៅអមសងខាងផ្លូវព្រះមុនីវង្សទៀតទេ៖ «រយៈពេលនៃការសាកល្បងតែមួយខែទេ ប៉ុន្តែបន្ទាប់ពីសាកល្បងមួយខែហើយ តើត្រូវធ្វើអីទៀត? អ៊ីចឹងក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគ ចាំបាច់ត្រូវតែលោតចូលបន្តចរាចរណ៍ជាអចិន្ត្រៃយ៍តទៅទៀត។ បើគ្រាន់តែសាកល្បងហើយចង់ គឺមិនមានន័យអីទេ។ តែត្រូវតែបន្តឲ្យមានរថយន្តក្រុងនេះធ្វើសកម្មភាពតទៅទៀត»។
មន្ត្រីសាលារាជធានីបានឲ្យដឹងថា ការសាកល្បងរថយន្តក្រុងជំហានទី១នេះ មានរថយន្តក្រុងចំណុះ ៣៥កៅអីមានចំនួន ១០គ្រឿង និងមានចំណតសម្រាប់អ្នកដំណើរ ឬភ្ញៀវចំនួន ៤០កន្លែង នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស។ ក្នុងនោះចម្ងាយពីចំណតមួយទៅចំណតមួយទៀត មានចម្ងាយ ៥០០ម៉ែត្រពីគ្នា។
លោក ប៉ា សុជាតិវង្ស បានឲ្យដឹងថា បើការសាកល្បងរថយន្តក្រុងជំហានទី១ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ទទួលជោគជ័យ សាលារាជធានីនឹងមានគម្រោងដាក់ឲ្យដំណើរការជំហានទី២ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម និងជំហានទី៣ តាមបណ្តោយផ្លូវម៉ៅសេទុង បន្តទៀតនៅថ្ងៃអនាគត។
ចំណតរង់ចាំទាំងទៅនិងមករបស់រថយន្តសម្រាប់អ្នកដំណើរតាមផ្លូវព្រះមុនីវង្ស ក្នុងជំហានសាកល្បងនេះ មានដូចជា៖ ចំណតនៅម្តុំរង្វង់មូលស្តាតចាស់ ចំណតនៅមុខមន្ទីរពេទ្យកាល់ម៉ែត ចំណតនៅមុខក្រសួងព័ត៌មាន ចំណតនៅមុខសាលាពេទ្យ ចំណតនៅម្តុំផ្សារធំថ្មី ចំណតនៅស្តុបសណ្ឋាគារស ចំណតម្តុំមុខវត្តកោះ ចំណតនៅស្តុបពេទ្យចិន ចំណតនៅស្តុបមេភ្លើង ចំណតនៅស្តុបបូកគោ ចំណតនៅមុខក្រសួងរៀបចំដែនដី ចំណតនៅមុខសាលាច្បាប់ ចំណតនៅមុខសាលាបឹងត្របែក ចំណតនៅមុខស្ថានីយឧតុនិយម និងចំណតរង់ចាំនៅស្ពានអាកាសក្បាលថ្នល់ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។