រដ្ឋាភិបាល​អូស្ត្រាលី ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ដើម្បី​ពង្រឹង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់

0:00 / 0:00

រដ្ឋាភិបាល​អូស្ត្រាលី ផ្តល់​ការ​គាំទ្រ​ដល់​កម្ពុជា ដើម្បី​ពង្រឹង​សុវត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់ ក្រោយ​ពី​មាន​គ្រោះថ្នាក់​បាក់​រលំ​សំណង់​អគារ សម្លាប់​មនុស្ស​ជា​ច្រើន​នាក់​ជា​បន្ត​បន្ទាប់។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី កាល​ពី​ថ្ងៃ​ទី១៦ ខែកញ្ញា ឲ្យ​ដឹង​ថា​ ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លោក ប៉ាប្លូ កង (Pablo Kang) និង​រដ្ឋលេខាធិការ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ឆាន់ សាផាន បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នេះ ក្នុង​កិច្ច​សហប្រតិបត្តិការ​ពង្រឹង​សុវត្ថិភាព​ការងារ ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ដែលនឹងចាប់អនុវត្តនៅចុងឆ្នាំ២០២១ ខាងមុខ។ មុន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ លោក ប៉ាប្លូ កង (Pablo Kang) ក៏​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ លោក ជា សុផារ៉ា ដើម្បី​ពិភាក្សា​អំពី​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស របស់​អូស្ត្រាលី​ក្នុង​វិស័យ​សំណង់ និង​ទំនាក់ទំនង​ទ្វេភាគី​របស់​ប្រទេស​ទាំង​ពីរ។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ត​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ច​ព្រមព្រៀង​នេះ ជា​ដំបូង អូស្ត្រាលី​នឹង​បង្កើត​គោលការណ៍​ណែនាំ លើ​ផ្នែក​សុខភាព និង​ពង្រឹង​សុវត្ថិភាព ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់ និង​គ្រោះថ្នាក់​នានា នៅ​ការដ្ឋាន​សំណង់។ បន្ថែម​ពី​​នេះ​អ្នក​ជំនាញ​ការ​អូស្ត្រាលី នឹង​ផ្តល់​ការ​ពង្រឹង​សមត្ថភាព​ដល់​ក្រុម​ការងារ​របស់​ក្រសួង​ដែនដី លើ​ការ​ត្រួត​ពិនិត្យ និង​ការ​ពង្រឹង​ស្តង់ដារ​ថ្មី ដើម្បី​ជំរុញ​ការ​យល់​ដឹង និង​ការ​ទទួល​ខុសត្រូវ​របស់​វិស័យ​ឯកជន លើ​ការងារ​សំណង់​នេះ។

កម្មវិធី​គាំទ្រ​របស់​អូស្ត្រាលី​លើ​វិស័យ​សំណង់​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​រយៈ​ពេល ៦ឆ្នាំ ក្នុង​ទឹក​ប្រាក់​ចំនួន​ជិត ៥០លាន​ដុល្លារ​អូស្ត្រាលី (៤៩.៤លាន) ដែល​ស្មើ​នឹង​ជិត ៣៦លាន​ដុល្លារ​អាមេរិក (៣៥.៩៦៩.១២៨)។

ចាប់ពីខែមិថុនាឆ្នាំ២០១៩ ដល់​ដើម​ខែមករា ឆ្នាំ២០២០ មាន​សំណង់​អគារ​ខ្ពស់ៗ កំពុង​សាងសង់​ចំនួន៣ បាន​បាក់​រំលំ​រាប​ដល់​ដី ក្នុង​នោះ កាល​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩ មាន​អគារ​កម្ពស់ ៧ជាន់ នៅ​ខេត្ត​ព្រះសីហនុ បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់ ២៨នាក់​ស្លាប់ និង​របួស ២៦នាក់។ បន្ទាប់​មក នៅ​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៩ មាន​ករណី​បាក់​រលំ​សាលាឆាន់ នៅ​វត្ត​គោកចក ក្នុង​ខេត្ត​សៀមរាប​បណ្ដាល​ឱ្យ​កម្មករ ៣នាក់​ស្លាប់ និង ១៣នាក់​រង​របួស។ ករណី​ចុង​ក្រោយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ គឺ​បាក់​រលំ​អគារ​កម្ពស់ ៧ជាន់ កំពុង​សាងសង់​នៅ​ក្នុង​ខេត្ត​កែប បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់ ៣៦នាក់ និង​របួស ២៣នាក់។

Collapsed_building_in_Preah_Sihanouk_062419.jpg
​អគារ​កម្ពស់ ៧ជាន់ នៅ​ខេត្ត​ព្រះសីហនុ បាក់​រលំ​បណ្ដាល​ឱ្យ​កម្មករ​សំណង់ ២៨នាក់​ស្លាប់ និង​របួស ២៦នាក់ កាល​ពី​ថ្ងៃ​ទី២២ ខែ​មិថុនា ឆ្នាំ២០១៩។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន

ករណី​បាក់​រលំ​សំណង់​ដែល​សាងសង់​ខុស​បច្ចេកទេស និង​ខុស​ច្បាប់​ទាំងនេះ គ្មាន​មន្ត្រី​រដ្ឋាភិបាល​គ្រប់គ្រង​ផ្នែក​សំណង់​ណា​ម្នាក់ ចាប់​ឱ្យ​ទទួល​ខុសត្រូវ និង​ផ្ដន្ទាទោស​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។